ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​នាំ​គ្នា​​​​​​ភ្លូក​ទឹក​ភ្លូក​ដី​ទៅ​លេង​​​​​​ទឹក​ជ្រោះ​ដំណាក់​ស្តេច ទោះ​ផ្លូវ​លំបាកក៏ដោយ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រមណីយដ្ឋាន​ទឹកជ្រោះ​ដំណាក់​ស្តេច ឬ​ទឹកជ្រោះ​សែន​មនោ​រម្យ មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រង្វង់​មូល​គោព្រៃ ស្ថិត​នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​ទឹកធ្លាក់​ច្រើន​ដំណាក់…

ខេត្តមណ្ឌលគិរី ៖ រមណីយដ្ឋាន​ទឹកជ្រោះ​ដំណាក់​ស្តេច ឬ​ទឹកជ្រោះ​សែន​មនោ​រម្យ មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រង្វង់​មូល​គោព្រៃ ស្ថិត​នៅ​ភូមិ​ជ្រៃ​សែន សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី មាន​ទឹកធ្លាក់​ច្រើន​ដំណាក់ អម​ទៅ​ដោយ​សម្រស់​ព្រៃ​ព្រឹក្សា​ដ៏​ល្អ​ឯក​ដែល​មាន​ទឹកធ្លាក់​ខួប​ប្រាំ​វស្សា ។

ទឹកជ្រោះ​នេះ​ជាទី​សោយ​ក្រយា​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ កាល​ដែល​ទ្រង់​ទើប​បង្កើត​ខេត្តមណ្ឌលគិរី ដំបូង​ហើយ​មាន​ព្រះរាជ​ដំណាក់​នៅ​ជិត​ទីនោះ ទើប​ជាប់​ឈ្មោះ​«​ទឹកជ្រោះ​ដំណាក់​ស្តេច​» ។

ម​គ្គុ​ទេស​ទេសចរ​នៅ​ក្រុង​សែន​មនោ​រម្យ​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ភ្ញៀវ​ទេសចរណ៍​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​១០០% បាន​ទៅ​ទស្សនា​នៅ​ទឹក​ជ្រោះ​ដំណាក់​ស្តេច ឬ​ទឹកជ្រោះ​សែន​មនោ​រម្យ ពោល​គឺ​គ្មាន​ភ្ញៀវ​ណា​ម្នាក់​ដែល​រំលង​រមណីយដ្ឋាន​ដ៏​ស្រល់​ស្អាត​នេះ​ទេ ។

ទោះជា​យ៉ាងណា​ក្តី​ផ្លូវ​ជាង​១​គីឡូម៉ែត្រ​ក្នុង​ចម្ងាយ​សរុប​ជាង​៧​គីឡូម៉ែត្រ ចូល​ទៅ​កាន់​ទឹកជ្រោះ​ដំណាក់​ស្តេច ឬ​ទឹកជ្រោះ​សែន​មនោ​រម្យ បាន​ខូចខាត​ស្ទើរ​មិន​អាច​ធ្វើ​ដំណើរ​កើត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ខណៈ​ទីធ្លា​នៅ​ជិត​មាត់ជ្រោះ​ក៏​មាន​សភាព​ក្រហេងក្រហូង​ពិបាក​ចត​យានយន្ត​គ្រប់​ប្រភេទ​។ ចំណែក​ខ្យូ​ស​សម្រាប់​ភ្ញៀវ​អង្គុយ​លេង ក៏​ខូច​គ្មាន​សល់ ថែម​ទាំង​មានព្រៃ​ដុះ​ព័ទ្ធ​ជុំ​ជិត ។ ដោយឡែក​ផ្លូវ​ដើរ​ចុះ​ទៅ​លេង​ទឹក​នៅ​ផ្នែក​ខាងក្រោម​ក៏​មិន​មានការ​សាងសង់​ឲ្យ​ភ្ញៀវ​ដើរ​ចុះ​ស្រួល​នោះ​ដែរ ។

បើ​យោង​តាម​របាយការណ៍​ដែល​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ថា មាន​ភ្ញៀវ​ទេសចរ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ តែ​តំបន់​រមណីយដ្ឋាន​ជា​ច្រើន​មិន​ទាន់​មានការ​អភិវឌ្ឍ​ល្អ​ទេ សូ​ម្បី​ផ្លូវ​ធ្វើ​ដំណើរ​ក៏​ពិបាក​ចេញចូល ហើយ​នៅ​កន្លែង​ខ្លះ​មិន​ទាន់​មាន​ស្លាក ឬ​សញ្ញា​សម្រាប់​សម្គាល់​តំបន់​ភូមិសាស្ត្រ​រមណីយដ្ឋាន​គ្រប់គ្រាន់​នៅឡើយ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ឲ្យ​ដឹង​កាលពី​ពេល​កន្លង​ទៅ​ថា ភ្ញៀវ​ទេសចរ​បាន​កើនឡើង​ប្រមាណ​២២,៨៣% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៦ ។

លោក​ថា រយៈពេល​នៃ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​២​ដល់ទី​៤ ខែវិច្ឆិកា​នោះ ភ្ញៀវ​ទៅ​លេង​សរុប​ចំនួន​១៣.៧៧២​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន​២៩៦​នាក់ ។

របាយការណ៍​នោះ​គឺ​បញ្ជាក់​ពី​ការ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី និង​បាន​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​មាន​ភាពល្អ​ប្រសើរ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ពី​ការ​រីក​ចម្រើន​នៅ​តាម​តំបន់​កម្សាន្ត​ធម្មជាតិ​ដែល​ខេត្ត​មួយ​នេះ​មាន គឺ​នៅ​មាន​កម្រិត​នៅឡើយ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​រអ៊ូរទាំ​ថា ពិបាក​ទៅ​​លេង​នៅ​លើក​ក្រោយ​ទៀត​ណាស់ ។

អ្នកទេសចរ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី បាន​ស្នើរ​ដល់​អាជ្ញាធរ​ខេត្ត​ពិនិត្យ​​មើល​ពី​ភាព​អវិជ្ជមាន​នៅ​តាម​តំបន់​រមណី​ដ្ឋា​ន​ក្នុង​ខេត្ត​ផង ដោយ​ណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​យកចិត្តទុកដាក់​អភិវឌ្ឍ​រមណីយដ្ឋាន​នានា ដើម្បី​ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​លេង​ខេត្តមណ្ឌលគិរី​កាន់តែ​ច្រើន ដើម្បី​ភាព​រីក​ចម្រើន​ក្នុង​ខេត្ត​តំបន់​ភ្នំ​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ