ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​បានជា​ប្រជាជន​ថៃ​ចូល​ចិត្ត ទិញ​បន្លែ​ព្រៃរបស់​ខ្មែរ​ទៅ​បរិភោគ?

6 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ អាជីវករ​ខ្មែរ​លក់ដូរ​នៅ​លើ​ច្រក​ទ្វា​អានសេះ ខេត្តព្រះវិហារ ព្រំដែន​កម្ពុជា​-​ថៃ​កំពុង​កាក់កប ចំពោះ​ជំនួញ​ផ្សិត​ឈើ ឬ​ផ្សិត​រងា​លក់​ទៅ​ឲ្យ ប្រជាជន​ថៃ យក​ទៅ​ធ្វើ​ជា​ម្ហូបអាហារ​ដែល​ជា​អាហារ​ដ៏​ពេញ​និយម ពួក​គេ​បរិភោគ​ក្នុង​រដូវ​លំហើយ​នេះ…

ខេត្តព្រះវិហារ ៖ អាជីវករ​ខ្មែរ​លក់ដូរ​នៅ​លើ​ច្រក​ទ្វា​អានសេះ ខេត្តព្រះវិហារ ព្រំដែន​កម្ពុជា​-​ថៃ​កំពុង​កាក់កប ចំពោះ​ជំនួញ​ផ្សិត​ឈើ ឬ​ផ្សិត​រងា​លក់​ទៅ​ឲ្យ ប្រជាជន​ថៃ យក​ទៅ​ធ្វើ​ជា​ម្ហូបអាហារ​ដែល​ជា​អាហារ​ដ៏​ពេញ​និយម ពួក​គេ​បរិភោគ​ក្នុង​រដូវ​លំហើយ​នេះ ។

អ្នក​យក​ព័ត៌មាន​លើ​ផ្សារ​ច្រក​ទ្វា​អានសេះ​អ្នកស្រី​ថន ស្រី​មុំ បាន​លើក​ឡើង​ថា នៅ​ក្នុង​រដូវ​លំហើយ ឬ​រដូវ​ធ្លាក់ទឹក​សន្សើម​ចន្លោះ​ពី​ខែវិច្ឆិកា​ដល់​ខែមករា​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រៃ​ភ្នំ​នៃ​ខេត្តព្រះវិហារ ពិសេស​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ បាន​នាំ​គ្នា​បេះ​ផ្សិត​ឈើ នេះ​មក​លក់​ឲ្យ​អាជីវករ​ខ្មែរ ដែល​កំពុង​លក់ដូរ​នៅ លើ​ផ្សារ​ច្រក​ទ្វា​អានសេះ បន្ទាប់​មក​អាជីវករ​នៅ​ទីនោះ​បាន​លក់​បន្ត​ឲ្យ​ទៅ​ប្រជាជន​ថៃ ដែល​ចូល​ទៅ​លេង​ច្រក​ទ្វា​អានសេះ រៀងរាល់ថ្ងៃ បើក​ច្រក​ទ្វា​ក្នុង​១​ស​ប្តា​ហ៍​មាន​៣​ថ្ងៃ ។ អ្នកស្រី​បន្ត​ថា ប្រជាជន​ថៃ​បាន​ពេញ​និយម​ជាមួយនឹង​បន្លែ​ធម្មជាតិ​របស់​ខ្មែរ នឹង​បាន​នាំ​គ្នា​សម្រុកចូល​មក​ទិញ​បន្លែ​ព្រៃរបស់​ប្រជាជន​ខ្មែរ ទៅ​តាម​រដូវ​នីមួយ​ៗ ជាក់ស្តែង​រដូវ​លំហើយ​នេះ អាជីវករ​ខ្មែរ​មាន​បន្លែ​ព្រៃ​ដូច​ជា ផ្សិត​ឈើ ឬ​ហៅ​ម្យ៉ាងទៀត​ថា​ផ្សិត​រងា ផ្លែ​កន្ទួតព្រៃ និង​កសិផល​កសិកម្ម ផ្សេង​ៗ​ទៀត​ជា​ច្រើន​មុខ ។

អាជីវករ​ដដែល​លើក​ឡើង​ថា តម្លៃ​ផ្សិត​ឈើ​ដែល​លក់​ទៅ​ឲ្យ​ប្រជាជន​ថៃ​ក្នុង​១​គីឡូក្រាម​ថ្លៃ​៣៥​ទៅ​៤០​បាត ដោយ​ក្នុង​មួយ​ថ្ងៃ អាជីវករ​ម្នាក់​ៗ​អាច​លក់​ផ្សិត​នេះ បាន​រហូត​ដល់​១០០​គីឡូក្រាម ទៅ​១៥០​គីឡូក្រាម នឹង​ទទួល​បាន​ប្រាក់​ចំណេញ បាន​ច្រើន​គួរសម សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។
អ្នកស្រី​ជៀម សុធា ជា​អាជីវករ​ខ្មែរ​ក៏​បាន​លើក​ឡើង​ថា ក្រៅពី​បន្លែ​ព្រៃ​ផ្សិត​ឈើ​ប្រជាជន​ថៃ​ក៏​នៅ​ពេញ​និយម​ជាមួយនឹង​ផ្លែ​កន្ទួតព្រៃ ផ្លែ​ស្រម៉ ចុង​ព្រិច ចុង​ផ្តៅ និង​ដំណាំ​កសិកម្ម ដូច​ជា ដំឡូង ស្វាយ ល្ពៅ ត្រឡាច ព្រោះ​ពួក​គេ​ជឿជាក់​ថា បន្លែ​របស់​ខ្មែរ​ទាំង​អស់នេះ សុទ្ធតែ​ធម្មជាតិ​ពិត​ៗ ពុំ​មាន​លាយឡំ និង​សារធាតុ​គីមី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ ។

ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ​រស់ ហៀ​ម បាន​ប្រាប់​ថា មូលហេតុ​ដែល​ប្រជាជន​របស់​ពួក គេ​ចូល​ចិត្ត​បរិភោគ​បន្លែ​ព្រៃ​ដែល​អាជីវករ​ខ្មែរ​យក​មក​លក់​លើ​ច្រក​ទ្វា​អានសេះ​នេះ មិនមែន​នៅ​ប្រទេស​ថៃ​ពុំ​មាន​បន្លែ​ព្រៃ ដូច​កម្ពុជា​នោះ​ទេ តែ​នៅ​ប្រទេស​ថៃ​តាម​តំបន់​ព្រៃ​ភ្នំ ជនបទ ប្រជាជន​ពុំ​អាច​ដើរ​រក​បេះ​បន្លែ​ព្រៃ នៅ​ក្នុង​ព្រៃ​បាន​នោះ​ទេ ព្រោះ​នៅ​គ្រប់​ព្រៃ​សម្បូរ ទៅ​ដោយ គ្រាប់​មីន ទើប​ប្រជាជន​មិន​ហ៊ាន​ចូល​ព្រៃ​បេះ​បន្លែ​ព្រៃ ខ្លាច​ប៉ះពាល់​អាយុជីវិត ។

សូម​បញ្ជាក់​ថា ក្នុង​មួយ​ថ្ងៃ អាជីវករ​ទាំងអស់​ដែល​លក់ដូរ​នៅ​ទីនោះ អាច​លក់​ផ្សិត​ឈើ​នេះ បាន​ចន្លោះ​ពី​៥ ទៅ​៦​តោន ក្នុង​១​ថ្ងៃ អោយទៅ​ប្រជាជន​ថៃ នឹង​កសិផល​ជា​ច្រើន​មុខ​ទៀត មាន​ដូច​ជា ស្វាយ ល្ពៅ ដំឡូង​ជាដើម ។

គួរ​រំឭក​ថា ច្រក​ទ្វា​អានសេះ​ខេត្តព្រះវិហារ​ព្រំដែន​កម្ពុជា​ថៃ​នេះ ពុំ​ទាន់​ក្លាយជា​ច្រក​អន្តរជាតិ​នៅឡើយ​ទេ ដោយ​បច្ចុប្បន្ន​ច្រក​នេះ​បើក​ឲ្យ​ដំណើរការ​៣​ថ្ងៃ ក្នុង​១​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ដោយ​គិត​ចាប់ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ពុធ សម្រាប់​ឲ្យ​ប្រជាជន​ទាំង​ពីរ​ធ្វើការ​ដោះ​ដូរ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ