រយៈពេល​6​ខែ​ដំបូង​ វាយនភ័ណ្ឌ​កម្ពុជា​មាន​អ្នកបញ្ជា​ទិញ​ហើយ


រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​មានការ​ព្រួយបារម្ភ​លើ​វិស័យ​កាត់ដេរ​ក្នុង​​រះរាជាណាចក្រ​កម្ពុជា គ្រា​ដែល​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បាន​ព្រមាន​ព្យួរ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ តែបើ​តាម​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម និង​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា ហៅ​កាត់​ថា (GMAC) បាន​បញ្ជាក់​ថា ផលិតផល​វាយនភ័ណ្ឌ​កម្ពុជា មាន​អ្នកបញ្ជា​ទិញ​រួច​ហើយ​នៅ​ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ធំ​របស់​កម្ពុជា គឺជា​ផលិតផល​ក្នុង​វិស័យ​វាយនភ័ណ្ឌ ដូចនេះ កម្ពុជា​បាន​បន្ត​ស្វះ​ស្វែងរក​ទីផ្សារ​អន្តរជាតិ​ផ្សេង​ទៀត ដើម្បី​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​វិស័យ​មួយ​នេះ​កាន់តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត ។

លោក​បន្ត​ថា ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​សំណើ​ទៅ​រាជរដ្ឋាភិបាល​ដើម្បី​ឲ្យ​បង្កើន​ទំនាក់ទំនង​បន្ថែម​ជាមួយ​បណ្ដា​ប្រទេស​អ្នកបញ្ជា​ទិញ​ធំ​ៗ​បន្ថែម​ទៀត ។

លោក​មាន​ប្រសាសន៍​ថា ៖« ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ផលិតផល​វាយនភ័ណ្ឌ​របស់​កម្ពុជា​យើង​មាន​អ្នកបញ្ជា​ទិញ​រួចរាល់​ហើយ ដូចនេះ យើង​មិន​មានការ​ព្រួយបារម្ភ​ណា​មួយ​ចំពោះ​មុខ​ទេ ហើយ​យើង​នឹង​ជំរុញ​ឲ្យ​ការ​ផលិត​របស់​យើង​កាន់តែ​មាន​ភាព​ទូលំ​ទូលាយ និង​ប្រកបដោយ​គុណភាព​សម្រាប់​ផ្ដល់​ជូន​អ្នកបញ្ជា​ទិញ​របស់​យើង » ។

លោក​ឧកញ៉ា វ៉ា​ន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​ទាំងមូល​នេះ ការ​នាំ​ចេញ​ផលិតផល​វាយនភ័ណ្ឌ​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​កំណើន​ប្រមាណ​៨% ដែល​ជា​លទ្ធផល​មួយ​គួរ​ឲ្យ​កោតសរសើរ ។ ដោយឡែក នៅ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ នៅ​ពាក់កណ្ដាល​ឆ្នាំ​ដំបូង វិស័យ​មួយ​នេះ នឹង​មាន​ភាពល្អ​ប្រសើរ​ដដែល ព្រោះ​អ្នកបញ្ជា​ទិញ​នៅ​ក្រៅ​ប្រទេស​បាន​បញ្ជា​ទិញ​រួច​ហើយ ។

លោក​បន្ដ​ថា ៖« នៅ​ក្នុង​អំឡុង​ខែមីនា ដល់​ខែឧសភា យើង​មានការ​បញ្ជា​ទិញ​ច្រើន​ពី​ក្រៅប្រទេស ហើយ​យើង​នឹង​ខិតខំ​ផលិត​ជូន​អ្នកបញ្ជា​ទិញ​របស់​យើង​ឲ្យ​បាន​ទាន់​ពេល​វេលា ក៏​ប៉ុន្តែ​នៅ​ឆមាស​ទី​២ ឆ្នាំ​២០១៨ យើង​មិន​ទាន់​មានការ​បញ្ជា​ទិញ​នៅឡើយ​ទៅ​លើ​ផលិតផល​វាយនភ័ណ្ឌ ។ ទោះជា​យ៉ាងណា យើង​នៅ​តែ​មាន​ក្តី​រំពឹង​ថា វិស័យ​កាត់ដេរ​កម្ពុជា នឹង​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ពេញ​មួយ​ឆ្នាំ​២០១៨ » ។

លោក​ឧកញ៉ា​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០១៨​ខាង មុខ​នេះ នៅ​មិន​ទាន់​ដឹង​ថា មានការ​នាំ​ចេញ​បាន​ប៉ុន្មាន​ទេ ក៏​ប៉ុន្តែ​នៅ​ក្នុង​ពេញ​មួយ​ឆ្នាំ​២០១៧​នេះ ការ​នាំ​ចេញ ក៏​ដូច​ជា​ការ​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៧,៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​កំណើន​៧​ទៅ​៨% ធៀប​នឹង​ឆ្នាំ​២០១៦ ។ ទន្ទឹម​នឹង​នោះ​ដែរ កម្ពុជា​ក៏​បាន​ស្វះ​ស្វែងរក​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​វិស័យ​វាយនភ័ណ្ឌ ។ ជាក់ស្ដែង កាលពី​ពេល​ថ្មី​ៗ​នេះ កម្ពុជា​បាន​ដាក់​សំណើ​ទៅ​បណ្ដា​ប្រទេស​សហគមន៍​អាស៊ី​អឺរ៉ុប ដែល​មាន​ប្រទេស​៥ ដើម្បី​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ចេញ ។

លោក​ឧកញ៉ា​បន្ថែម​ថា បើសិនជា​មានការ​អនុគ្រោះ​ពន្ធ​ពី​បណ្ដា​ប្រទេស​ទាំង​៥ ក្នុង​សហ​គមន៍​អាស៊ី​អឺរ៉ុប​នោះ វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​កម្ពុជា ព្រមទាំង​នាំ​វិនិយោគិន​បរទេស​បន្ថែម​ទៀត​មក​បណ្ដាក់ទុន ជា​ពិសេស វា​នឹង​ផ្ដល់​ការងារ​បន្ថែម​ដល់​ពលរដ្ឋ​កម្ពុជា​ផ្ទាល់​តែ​ម្ដង ។

សូម​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​បញ្ជា​ទិញ​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក Walmart បាន​ផ្ញើ​លិខិត​មួយ​ទៅ​កាន់​រដ្ឋមន្ត្រីក្រសួង​ការងារ ពី​ការ​រំពឹង​ទុក​របស់​ខ្លួន លើ​ការ​បញ្ជា​ទិញ​ផលិតផល​ពី​កម្ពុជា ។

នៅ​ក្នុង​លិខិត​នោះ​បាន​បញ្ជាក់​ថា កម្ពុជា គឺជា​ប្រភព​ទីផ្សារ​ចម្បង​របស់​ខ្លួន ។ ក្រុមហ៊ុន​ដ៏​ធំ​មួយ​នេះ​បាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨ ខ្លួន​សង្ឃឹមថា នឹង​ចាប់ផ្ដើម​នាំ​ចូល​ផលិតផល​ធ្វើ​ដំណើរ (Travelling Bags) ដូច​ជា កាបូប និង​វ៉ាលិស ជាដើម ។

ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា កំណើន​នៃ​ការ​នាំ​ចេញ​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា អាស្រ័យ​​លើ​បរិយាកាស​ពាណិជ្ជកម្ម​រឹង​មាំ​មួយ ។ ស្ថិរភាព ភាព​អាច​ព្យាករ​បាន និង​នីតិរដ្ឋ បង្កើត​ជា​មូលដ្ឋាន​មួយ​នៃ​ការ​ចូលរួម​ធ្វើ​ពាណិជ្ជកម្ម​នៅ​ជុំវិញ​ពិភពលោក និង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Walmart ប្ដេជ្ញា​ចិត្ត និង​វិនិយោគទុន​ក្នុង​វិស័យ​ទីផ្សារ​រយៈពេល​យូរអង្វែង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ