ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ស្ត្រី​អ្នកលក់​មាស​និយាយ​ពី​ចោរ​ពេល​ភ្ជង់​កាំភ្លើង​គាត់

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជន​មិន​ស្គាល់​មុខ​ម្នាក់​ដែល​មាន​កាន់​កាំភ្លើងខ្លី​ក្នុង​ដៃ​ផង បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អ្នកលក់​មាស ប្ដូរ​លុយ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៤:២៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៧​ធ្នូ នៅ​ខាងត្បូង​ផ្សារណាត់ ដែល​មាន​យីហោ​ផ្ទះ ​«៧៤» ​ស្ថិត​ក្នុង​ក្រុម​ទី​២៤ ភូមិ​២០​ឧសភា…

ខេត្តបាត់ដំបង​៖ ជន​មិន​ស្គាល់​មុខ​ម្នាក់​ដែល​មាន​កាន់​កាំភ្លើងខ្លី​ក្នុង​ដៃ​ផង បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​អ្នកលក់​មាស ប្ដូរ​លុយ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៤:២៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៧​ធ្នូ នៅ​ខាងត្បូង​ផ្សារណាត់ ដែល​មាន​យីហោ​ផ្ទះ ​«៧៤» ​ស្ថិត​ក្នុង​ក្រុម​ទី​២៤ ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ប៉ុន្តែ​មិន​បាន​សម្រេច​ទេ​ដោយសារ​ម្ចាស់ផ្ទះ​ប្រតាយប្រតប់​ដណ្ដើម​កាំភ្លើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល តែ​មិន​រំខាន​ដល់​សមត្ថកិច្ច​ដែល​យាម​តាម​គោលដៅ​នៅ​ជុំវិញ​ផ្សារ​នោះ​ទេ​។

សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ​គង់ សុខ​ថា ស្រី​អាយុ​៤១​ឆ្នាំ ជា​អាជីវករ​លក់​មាស​ដូរ​លុយ​ដែល​មាន​យីហោ​ផ្ទះ ​«៧៤» ​ដែល​ស្ថិត​នៅ​ខាងត្បូង​ផ្សារណាត់​បាត់ដំបង​។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជនសង្ស័យ​ពាក់មួក​សុវត្ថិភាព ជិះ​ម៉ូតូ​ម៉ាក​Zoomer ព​ណ៌ខ្មៅ​-​ទឹកក្រូច​ គ្មាន​ស្លាក​លេខ​ទេ​ ។ ជន​នេះ​បាន​ឈប់​ម៉ូតូ​នៅ​ចិញ្ចើមថ្នល់​រួច​ចុះ​ដើរ​ចូល​ទៅ​ភ្ជង់​ម្ចាស់ផ្ទះ​គំរាម​យក​លុយ​តែ​ម្ដង​។ ប៉ុន្តែ​ត្រូវ​ស្ត្រី​រង​គ្រោះ​និង​កូនប្រុស​ចាប់​កាំភ្លើង​នោះ​ប្រតាយប្រតប់​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ធ្វើ​ឲ្យ​ចោរ​មិន​អាច​ប្លន់​បាន​សម្រេច​ក៏​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ភ្លាម​ៗ​ដែរ តែ​គ្រប់​សកម្មភាព​របស់​ខ្មាន់កាំភ្លើង​នេះ ត្រូវ​ថត​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ម្ចាស់ផ្ទះ និង​កាមេរ៉ា​សុវត្ថិភាព​អ្នក​នៅ​ក្បែរ​ខាង​នោះ​។

បើ​តាម​បំភ្លឺ​ពី​ស្ត្រី​រង​គ្រោះ​ឈ្មោះ​គង់ សុខ​ថា បាន​ប្រាប់​សមត្ថកិច្ច​ថា ជន​នោះ​បាន​ចូល​ទៅ​រក​ដូរ​លុយ ហើយ​ស្រប​ពេល​នេះ​ស្រាប់តែ​ដក​ថង់​ខ្មៅ ដែល​មាន​កាំភ្លើងខ្លី​ផង​ភ្ជង់​គាត់ ​គំរាម​យក​លុយ​តែ​ម្ដង​។ គាត់​និយាយ​ថា ខ្មាន់កាំភ្លើង​នោះ ​បាន​ភ្ជង់​កាំភ្លើង​បង្ខំ​ឲ្យ​គាត់​យក​លុយ​ច្រក​ក្នុង​ថង់​ខ្មៅ​ឲ្យ​វា តែ​ពេល​នោះ​គាត់​និង​កូនប្រុស​ក៏​ចាប់​កាំភ្លើង​ជាប់​ប្រតាយប្រតប់​គ្នា​តែ​ម្ដង​ ។ ជន​រង​គ្រោះ​បញ្ជាក់​ថា ចោរ​នោះ​ប្លន់​មិន​បាន​សម្រេច​ទេ ដោយសារ​មានការ​ភ្ញាក់ផ្អើល ហើយ​ជន​នោះ​ក៏​រត់ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។

សូម​បញ្ជាក់​ថា ផ្ទះ​លក់​មាស និង​ដូរ​លុយ​នេះ នៅ​ជាប់​ផ្លូវ​ខាងត្បូង​ផ្សារណាត់ ដែល​មាន​កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​យាម​តាម​គោលដៅ​ការពារ​សន្តិសុខ​ជុំវិញ​ផ្សារ​នេះ គ្រប់ពេលវេលា​។ ប៉ុន្តែ​ពេល​ត្រូវ​ចោរប្លន់​ក្បែរ​គោលដៅ​សមត្ថកិច្ច​ប្រហែល​៣០​ម៉ែត្រ​ទាំង​ថ្ងៃ បែរជា​សមត្ថកិច្ច​មិន​អាច​បង្ក្រាប​បាន រហូត​បណ្ដោយ​ឲ្យ​ខ្មាន់កាំភ្លើង​ជិះ​គេច​ខ្លូ​ន​បាន​ដោយសារ​សុវត្ថិភាព​។ បើ​តាម​សាក្សី​បាន​និយាយ​ថា ក្រោយ​ធ្វើ​សកម្មភាព​ខ្មាន់កាំភ្លើង​នោះ បាន​ជិះ​ម៉ូតូ​ត្រឡប់​កាត់មុខ​គោលដៅ​យាមកាម​របស់​សមត្ថកិច្ច រួច​បត់​តាម​ផ្លូវ​លេខ​២​កន្លះ​ឆ្ពោះទៅ​ទិស​ខាងត្បូង​។ ប៉ុន្តែ​បន្តិច​ក្រោយមក​គេ​ឃើញ​សមត្ថកិច្ច​បាន​ជិះ​តាម​ខ្មាន់កាំភ្លើង​នោះ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល តែ​បាត់​តំណឹង​ទាំង​ចោរ បាត់​ទាំង​សមត្ថកិច្ច​ឈឹង​ទៅ​។

ជុំវិញ​ករណី​ចោរ​ថ្លើមធំ​ធ្វើ​សកម្មភាព​ប្លន់​ទូ​មាស​ទាំង​ថ្ងៃ​ចំ​កណ្ដាល​ក្រុង​នេះ លោកប៉ា​ង ហៀ​ង អធិការ​ក្រុង​បាត់ដំបង បាន​បំភ្លឺ​ថា នៅ​ជុំវិញ​ផ្សារណាត់​នោះ​ពិតជា​មាន​កម្លាំង​សមត្ថកិច្ច​យាម​តាម​គោលដៅ​មែន​។ លោក​ថា គោលដៅ​នៅ​ខាងលិច និង​ខាងជើង​ផ្សារ​គឺ​កម្លាំង​របស់​អធិការ​ក្រុង រីឯ​នៅ​ប៉ែក​ខាងត្បូង​ផ្សារ​ក្បែរ​កន្លែង​កើតហេតុ គឺ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ផង កម្លាំង​នគរបាល នៃ​ស្នងការ​ខេត្ត​ផង​។

ប៉ុន្តែ​លោក​អធិការ​រូប​នេះ​បាន​បញ្ជាក់​ដូច្នេះ​ថា ក្រោយ​កើតហេតុ​ភ្លាម​ៗ គឺ​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ចោរ​នោះ​ដែរ តែ​បាន​បាត់ដាន ពេល​ដល់​ផ្លូវបំបែក​ក្បែរ​ធនាគារ​អេ​ស៊ី​លី​ដា ដែល​មាន​មនុស្ស​ច្រើន​។ លោកប៉ា​ង ហៀ​ង បាន​បញ្ជាក់​បន្ថែម​អំពី​សកម្មភាព​ជនសង្ស័យ​នោះ​ថា បើ​តាម​ការ​សួរនាំ​ជន​រង​គ្រោះ និង​ពិនិត្យ​សកម្មភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព កាំភ្លើងខ្លី​ដែល​ជនសង្ស័យ​ប្រើប្រាស​អាច​ជា​កាំភ្លើង​ជ័រ មិនមែន​កាំភ្លើង​ពិត​ប្រា​ដក​ទេ​។ ដោយឡែក​មុខសញ្ញា​ជនសង្ស័យ​នេះ បើ​តាម​លោក​អធិការ​បាន​ប្រាប់​ថា រហូត​ដល់​ពេល​នេះ​យើង​មិន​ទាន់​មាន​តម្រុយ​នៅឡើយ​ទេ​។

ប៉ុន្តែ​លោក​ឧត្ត​សេនីយ​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ដែល​ចុះ​ដល់​ទិ​តាំង​កើតហេតុ​ដែរ បាន​ប្រាប់​ថា មុខសញ្ញា​ជនសង្ស័យ​អាច​ជា​មនុស្ស​នៅ​ក្នុង​ខេត្ត មិនមែន​មក​ពី​ក្រៅ​ទេ ហើយ​បើ​ពិនិត្យ​លើ​សកម្មភាព​ជន​នេះ ទំនង​ក៏​ជា​មុខសញ្ញា​ថ្មី​ដែរ ហើយ​លោក​ក៏​សង្ស័យ​ដែរ​ទៅ​លើ​កាំភ្លើងខ្លី​ដែល​ជន​នោះ​ប្រើប្រាស ដែល​មិនមែន​ជា​កាំភ្លើង​ពិត​។ ទោះជា​យ៉ាងណា​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​ល់​ករណី​នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ