ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន​ប្រទេស​​ប្រ៊ុ​យ​​ណេ​​បន្ដ​​ធ្វើ​​ជា​​ប្រធាន​​អាស៊ាន​​ឆ្នាំ​​២០១៣​​បន្ទាប់​ពី​​កម្ពុជា

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១​ និងកិច្ច​ប្រជុំ​កំពូល​​​ពាក់​ព័ន្ធ​​ដទៃ​ទៀត​​បាន​បញ្ចប់​​ហើយ​កាល​ពី​​​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា ​បន្ទាប់ពី​ពិធី​​ប្រគល់​​ញញួរ​ជាប្រធានអាស៊ាន​ដោយសម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​​​ថ្វាយ​ដល់​ព្រះចៅ​ស៊ុល​តង់ ​នៃប្រទេស​ប្រ៊ុយ​ណេ​ ជា​និមិត្ត​រូបនៃការ​ប្តូរ​វេន​​ជាប្រធាន​អាស៊ាន​ជាផ្លូវការ ។​

រាជ​ធានីភ្នំពេញ​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១​ និងកិច្ច​ប្រជុំ​កំពូល​​​ពាក់​ព័ន្ធ​​ដទៃ​ទៀត​​បាន​បញ្ចប់​​ហើយ​កាល​ពី​​​ល្ងាច​ថ្ងៃ​ទី​២០ វិច្ឆិកា ​បន្ទាប់ពី​ពិធី​​ប្រគល់​​ញញួរ​ជាប្រធានអាស៊ាន​ដោយសម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ​​​ថ្វាយ​ដល់​ព្រះចៅ​ស៊ុល​តង់ ​នៃប្រទេស​ប្រ៊ុយ​ណេ​ ជា​និមិត្ត​រូបនៃការ​ប្តូរ​វេន​​ជាប្រធាន​អាស៊ាន​ជាផ្លូវការ ។​

សម្តេច​​​​អគ្គ​មហា​សេនា​បតី​​តេ​ជោ​​ ហ៊ុន​ សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ បាន​​ធ្វើ​សន្និ​សីទ​​​​​សារព័ត៌​មាន​​មួយ​​​នា​​ល្ងាច​​​ថ្ងៃ​ទី​​២០ វិច្ឆិកា ​​ឆ្នាំ​​​២០១២​ ​​បន្ទាប់​ពី​​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​លើក​ទី​​២១​ ​និង​កិច្ច​ប្រជុំ​​​​​ពាក់​ព័ន្ធ​​​​ថា ​ចាប់​ពី​​ថ្ងៃ​ទី​​១៨ ​វិច្ឆិ​​កា ​ដល់​ថ្ងៃ​ទី​​២០ ​វិច្ឆិកា ​ឆ្នាំ​​​២០១២​ ​កម្ពុជា​​មាន​​កិត្តិ​យស​​​​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ និង​ធ្វើ​​​ជា​ប្រធាន​​​​ដឹក​នាំ​កិច្ច​ប្រជុំ​​​​កំពូល​​​​​អាស៊ាន​​លើក​​ទី​​២១​ និង​​​​កិច្ច​ប្រជុំ​​កំពូល​​​​​​​​ពាក់​ព័ន្ធ​​​​ដទៃ​​​ទៀត​​ប្រព្រឹត្ត​​ទៅ​​នៅ​​វិមាន​​សន្តិ​ភាព​​​​ ។​

​ដើម្បី​ពង្រឹង​​​​ និង​ពង្រីក​​សមិទ្ធ​ផល​​​​ដែល​អាស៊ាន​​សម្រេច​​បាន​កន្លង​មក្នុង​​ឋានៈ​​​​​​ជា​​ប្រធាន​​​​អាស៊ាន​​ឆ្នាំ​​​២០១២​​ ដែល​​​​ចំ​ទៅ​​​​នឹង​​ឆ្នាំ​នៃ​​​​​ការ​ប្រារព្ធ​​​ពិធី​​​ខួប​អនុស្សាវរីយ៍​​លើក​ទី​​៤៥​​នៃ​ការ​បង្កើត​​អាស៊ាន​​ផង​ដែរ ​កម្ពុជា​​បាន​​ជ្រើស​រើ​ស​​​​ប្រធាន​​បទ​«​អាស៊ាន​​៖​សហ​គមន៍​​តែ​មួយ ​​វាសនា​តែ​មួយ​» ​​ដើម្បី​​​បង្ហាញ​​ពី​ការ​ប្តេជ្ញា​ចិត្ត​​​​ និង​កិច្ច​​សហ​​ការ​រួម​​របស់​​អាស៊ាន​​ក្នុង​ការ​​កសាង​​សហ​​គមន៍​​អាស៊ាន​​ជា​មហា​គ្រួសារ​​​​​ជិត​ស្និទ​​មួយ​ដែល​​មាន​​ភាព​សុខ​ដុម​​ទាំង​ផ្នែក​​នយោ​​បាយ​​ សន្តិ​សុខ​ ​សេដ្ឋ​កិច្ច​ ​​​សង្គម ​វប្ប​ធម៌​​ ដែល​​ឈរ​លើ​​​គោល​​ការណ៍​​​​នៃ​​វិធាន​ច្បាប់​ ​​​សុខ​សន្តិ​​ភាព​ និង​​ភាព​រឹង​មាំ​​ផ្នែក​សេដ្ឋ​កិច្ច​ ។​

​​សម្តេច​​តេ​ជោ​​​​មាន​​​ប្រ​សាសន៍​បន្ត​​ថា​ ​​សេច​ក្តី​​​​ប្រកាស​​របស់​ប្រធាន​​អាស៊ាន​​ និង​​ឯក​​​សារ​​​​​​​​​​​ដទៃ​ទៀត​​ពាក់​ព័ន្ធ​​នឹង​​​លទ្ធ​ផល​​នៃ​​កិច្ច​​ប្រជុំ​​​​កំពូល​នេះ​ ត្រូវ​បាន​​​រៀប​ចំ​ដោយ​​​​លេខា​ធិការ​​ដ្ឋាន​​នៃ​កិច្ច​ប្រជុំ​​សម្រាប់​​​​ចែក​ជូន​ដល់​​​អស់​លោក​ ​លោក​ស្រី​​​​ទាំង​​​អស់ ។​ ​ដូច្នេះ​​ខ្ញុំ​យល់​​​ថា ​មិ​ន​មាន​​កា​រចាំ​បាច់​​​ធ្វើ​​អត្ថា​ធិប្បាយ​​លំអិត​​​អំពី​​​ខ្លឹម​សារ​​ទាំង​អស់​​​នោះ​ទេ ​តែ​​​​ខ្ញុំ​​សូម​​រំលេច​​​​​តែ​ចំណុច​សំខាន់​​ៗ​មួយ​​​ចំនួន​នៃ​កិច្ច​​ប្រជុំ​​​ដូច​​ត​ទៅ ៖​

​​​១- ​កិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​​​លើក​ទី​​២១ ​​បាន​​ពិ​ភាក្សា​​​ប្រក​ប​ដោយ​​​​ផ្លែ​ផ្កា​​​ ​​ទាំង​​​នៅ​ក្នុង​​កិច្ច​ប្រជុំ​​ពេញ​អង្គ​​ និង​កិច្ច​ប្រជុំ​​​​ចង្អៀត​ ។ ជា​រួម​ ​អង្គ​​ប្រជុំ​​​ផ្តោត​​​ការ​យក​ចិត្ត​ទុក​ដាក់​​ទៅ​លើ​​​ការ​ពិនិត្យ​​ និង​វាយ​តម្លៃ​​​អំពី​​​វឌ្ឍ​​ន​ភាព​​​ដែល​យើង​​សម្រេច​បាន​ និង​ការ​​កំណត់​​នូវ​បញ្ហា​​​ប្រឈម​​ទាំង​ឡាយ ​ដែល​យើង​​ត្រូ​វ​ពុះ​ពារ​ជម្នះ​​នៅ​ក្នុង​​កា​រអនុវត្ត​​​​​ធម្ម​នុញ្ញ​​អាស៊ាន​ ​ផែន​ទី​​​​ចង្អុល​​ផ្លូវ​​​សម្រាប់​​ការ​​កសាង​​សហ​​ ​គមន៍​​​អាស៊ាន​​ផ្អែក​តាម​​សសរ​ស្តម្ភ​​​ទាំង​​៣​ គឺ​សហ​គមន៍​​​នយោ​​បាយ ​​សន្តិ​សុខ​​ ​សហ​គមន៍​​សេដ្ឋ​កិច្ច​ ​និង​ស​​ហ​គមន៍​​សង្គម​​វប្ប​ធម៌​​អាស៊ាន​ ។​

​ជាមួយ​នេះ​ ​ក្នុង​ការ​តាម​ដាន​អនុវត្ត​​របៀប​វារៈ​​​​ក្រុង​ភ្នំ​​ពេញ ​​ដែល​​ថ្នាក់​​ដឹក​នាំ​​​​អាស៊ា​​ន​បាន​​អនុម័ត​​ក្នុង​កិច្ច​ប្រជុំ​​​កំពូល​អាស៊ាន​​លើក​ទី​​២០ ​​​
បា​ន​ស្នើ​​ឱ្យ​រដ្ឋ​​មន្ត្រី​​ពាក់​​ព័ន្ធ​​​ ជា​ពិសេស​​រដ្ឋ​មន្ត្រី​​​​សេដ្ឋ​កិច្ច​​​អាស៊ាន​ ​​ពិចារណា​​​លើ​អនុសាសន៍​​ដែលលើក​​ឡើង​ក្នុង​​របាយ​ការណ៍​​ត្រួត​​​ពិនិត្យ​​​ពាក់​​កណ្តាល​​អាណត្តិ​​នៃ​ការ​អនុវត្ត​​​ផែន​ទី​​ចង្អុ​ល​​​ផ្លូវ​សហ​គមន៍​​សេដ្ឋ​កិច្ច​អាស៊ាន ​ដើម្បី​កំណត់​​​​ឱ្យឃើញ​​​​នូវ​វិស័យ​​អាទិ​ភាព​​​ និង​​អាទិ​ភាព​​​លើ​វិធាន​ការ​​​គោល​នយោ​បាយ​​សម្រាប់​​អនុវត្ត​​​នៅ​មុន​​ឆ្នាំ​​​​២០១៥​ ។​

​​ដោយ​ឡែក ​​​ក្នុង​ការ​អនុវត្ត​​​​ផែន​ការ​​​មេ​ស្តី​ពី​​ការ​ត​ភ្ជាប់​​អាស៊ាន ​​ថ្នាក់​ដឹក​នាំ​​អាស៊ាន​​បាន​ស្នើ​​​ឱ្យ​​រដ្ឋ​មន្ត្រី​​​ហិរញ្ញ​វត្ថុ​​​​​​អាស៊ាន​​ជំរុញ​​ដៃ​គូ​​អាស៊ាន​​​ឱ្យ​ចូល​រួម​​​ចំណែក​​​​ និង​ផ្តល់​​ហិរញ្ញ​​​ប្ប​ទាន​​ដល់​មូល​និធិ​ ហេដ្ឋា​​រចនា​សម្ព័ន្ធ​​​អាស៊ាន ​​សម្រាប់​​ការ​​អនុវត្ត​គម្រោង​​អាទ​ិ​ភាព​​ទាំង​អស់​​​ឱ្យ​បាន​​ទាន់​ពេល​​វេលា​ ។ យើង​​បាន​អនុ​ម័ត​​សេច​ក្តី​​ថ្លែង​ការណ៍​​អាស៊ាន​​ស្តី​ពី​​សិទ្ធិ​​​មនុស្ស​​ និង​បាន​​​ចុះហត្ថ​​លេខា​​​លើ​សេច​ក្តី​​ប្រកាស​​ភ្នំ​ពេញ ។ ​

បន្ថែម​​ពី​លើ​នេះ​ ថ្នាក់ដឹក​នាំ​​​អាស៊ាន​​ក៏​បាន​​អនុ​ម័ត​​លើ​សេច​ក្តី​​ប្រកាស​​រួម​របស់​ថ្នាក់​​ដឹក​នាំ​​នៃ​បណ្តា​​ប្រទេស​អាស៊ាន​​ស្តី​​ពី​ការ​​បង្កើត​​មជ្ឈ​មណ្ឌល​​​​​សកម្ម​​ភាព​​​​កម្ចាត់​មីន​​​ដែលបាន​ឯកភាព​គ្នាបង្កើត​មជ្ឈ​មណ្ឌល​កម្ចាត់មីន​នៅកម្ពុជា ​ព្រម​ទាំង​បាន​អនុម័ត​ផងដែរ​នូវ​ផែន​ការ​សកម្ម​ភាព​នៃកិច្ច​ព្រម​ព្រៀង​​ទី​ក្រុងបាលី​​​លើកទី​៣​ឆ្នាំ​២០១៣​-២០១៧ ។ ​ថ្នាក់​ដឹកនាំ​អាស៊ាន​​​បាន​អនុម័ត​​តែង​តាំង​លោក​ឡេ លុង​មិញ​ជាអគ្គ​​លេខា​ធិការ​អាស៊ាន​សម្រាប់​​អាណត្តិ​​៥​ឆ្នាំ​២០១៣-២០១៧​។ ​ថ្នាក់​ដឹក​នាំ​អាស៊ាន​បាន​សង្កត់​ធ្ងន់​ពីសារ​សំខាន់​ ​និង​ឯក​ភាព​គ្នា​លើកចោល​បន្ថែម​ទៀត​នូវ​តួនាទី​ស្នូល​របស់​អាស៊ាន​ទាំងក្នុងវិស័យ​សេដ្ឋកិច្ច​ ​និង​នយោ​បាយ​ ក្នុងក្រប​ខណ្ឌ​ដែល​មាន​ស្រាប់​ ក្នុងនោះ​រួម​មាន​អាស៊ាន​បូក​១ អាស៊ាន​បូក​បី​ ​វេទិកា​​តំបន់​អាស៊ាន​​ កិច្ចប្រជុំ​កំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ការពារជាតិ​អាស៊ាន​បូក​។

សម្តេច​តេជោ​មានប្រសាសន៍​ថា ​ក្នុង​ការ​ពិភាក្សា​ និង​ផ្លាស់ប្តូរ​យោបល់​ ថ្នាក់​ដឹក​នាំ​អាស៊ាន​បានគាំ​ទ្រ​របាយ​ការណ៍​​ស្តីពី​លទ្ធ​ផល​នៃ​ការ​​ចូលរួម​របស់​កម្ពុជា​ក្នុងឋានៈជាប្រធាន​អា​ស៊ាន​ នៅក្នុង​កិច្ច​ប្រជុំ​កំពូល​​G២០ ដែលបាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឡូ​កូដូស​ ​​ប្រទេស​ម៉ិច​ស៊ិកូ ​កាលពី​ថ្ងៃទី​១៨ -១៩ មិថុនា ​ឆ្នាំ​មុន​​កន្លង​ទៅ​​​ ​។

ចំពោះ​បញ្ហា​សមុទ្រចិន​ខាងត្បូង​ថ្នាក់​ដឹកនាំ​អាស៊ាន​បាន​ឯកភាព​គ្នាបន្ត​ដោះ​ស្រាយ​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន​-ចិន​ដែល​មាន​ស្រាប់​ ។ បន្ថែម​ពី​លើ​នេះ​យើង​បាន​ឯក​ភាព​គ្នា​ផ្តល់សារ​សំខាន់ ​ទៅ​លើ​ការគោរព​ និងការ​អនុវត្ត​បានពេញ​លេញ​និង​មាន​ប្រសិទ្ធ​ភាព​នូវសេចក្តី​​ថ្លែងការណ៍​ស្តីពីការ​ប្រតិ​បត្តិ​របស់​ភាគី​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​DOC ដោយឈរ​លើគោល​​​ការណ៍​ណែនាំ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១១​កន្លង​ទៅ ​ដើម្បី​បង្កើន​ទំនុក​ចិត្ត​ និង​ភាព​ជឿ​ជាក់​​គ្នាទៅវិញ​ទៅមក​។ ​ទន្ទឹម​នឹង​នេះ​ថ្នាក់​​ដឹក​នាំ​អាស៊ាន​បាន​គាំទ្រ​ព្រះរាជាណា​ចក្រ​កម្ពុជា​ថៃ​ក្នុងឋានៈ​ជា​ប្រទេស​សម្រប​សម្រួល​ទំនាក់​ទំនង​​អាស៊ាន​-ចិន​ឱ្យ​បន្ត​ធ្វើការ​ជា​មួយ​ចិន​ដើម្បី​ស្វែង​រក​ឱកាស​សម្រាប់​រៀប​ចំ​ការ​ចរចា​ក្រម​ប្រតិ​បត្តិ​នូវ​សមុទ្រ​ចិន​ខាងត្បូង ​COC​ឱ្យបាន​សម្រេច​​ក្នុង​ពេល​អនាគត ។

អាស៊ាន​ក៏​បាន​បញ្ជាក់​ឡើង​វិញ​ពីការគាំ​ទ្រ​របស់​ខ្លួន​ចំពោះការ​រំសាយ​កម្មវិធី​អាវុធ​នុយ​ក្លេ​អ៊ែរ ​នៅឧបទ្វីប​កូរ៉េ​ដោយ​សន្តិវិធី​ ​ជាពិសេស​ការ​ជំរុញឱ្យចាប់​ផ្តើម​ការចរចា​៦​ភាគី​ឡើង​វិញ​ឱ្យ​បាន​ឆាប់ ។

កិច្ចប្រជុំ​ជាមួយ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ាន​ អង្គ​ប្រជុំ​បញ្ជាក់​អំពី​តួ​នាទី​របស់​ក្រុម​​ប្រឹក្សា​ធុរ​កិច្ច​អាស៊ាន​ដែល​​កំពុង​តែ​ដើរ​តួនាទី​កាន់​តែ​សំខាន់​ឡើង ​ក្នុងការ​លើក​កម្ពស់​សម្រួល​ពាណិជ្ជ​កម្ម​ និងការកែលម្អ​បរិយាកាស​វិនិយោគ​ក្នុង​តំបន់​អាស៊ាន ។

អង្គប្រជុំ​​បាន​​ស្វាគមន៍​​​អនុសាសន៍​នៃរបា​យ​ការណ៍​អង្កេត​ស្រាវ​ជ្រាវ​ឆ្នាំ​២០១១-​ឆ្នាំ​២០១២ ស្តី​ពី​ការ​ប្រកួតប្រជែង​របស់​អាស៊ាន​ និងបាន​ឯក​ភាព​គ្នា​លើ​តម្រូវ​ការយុទ្ធសាស្ត្រ​ថ្មី​ៗ​ដើម្បី​ទាក់​ទាញ​វិស័យ​ឯ​កជន​ និងសហ​គ្រាស​ធុន​​តូច​និង​មធ្យម ។

កិច្ចប្រជុំ​កំពូល​អាស៊ាន​​-ចិន​លើក​ទី​១៥​ថ្នាក់​ដឹក​នាំ​អាស៊ាន​-ចិន​បាន​ឯក​ភាព​គ្នា​ ជំរុញ​​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ និង​ឱ្យ​បាន​​ទាន់​ពេល​វេលា​​​​នូវ​ផែនការ​សកម្ម​ភាព​២០១១-២០១៥​ដើម្បី​អនុវត្ត​សេចក្តី​ថ្លែងការណ៍​ស្តីពី​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​​អាស៊ាន-ចិន សម្រាប់​សន្តិ​ភាព​​ និង​វិបុល​ភាព​ ។ ​ទន្ទឹម​នេះ ថ្នាក់​ដឹក​នាំ​អា​ស៊ាន​បាន​ស្វា​គមន៍​ចំពោះ​​ការ​​បន្ត​គាំ​ទ្រ​​របស់​ចិន​ទាំង​បច្ចេក​ទេស​ និង​ហិរញ្ញ​វត្ថុ​​សម្រាប់​​ការ​​កសាង​សហគមន៍​អា​ស៊ាន និង​ត​ភ្ជាប់​អា​ស៊ាន​ ជា​ពិសេស​កា​រ​គាំ​ទ្រ​​ចំពោះ​របៀប​វា​រៈ​​​ក្រុង​ភ្នំពេញ​។

យើង​បាន​កត់​សម្គាល់​​ពី​សារ​សំខាន់​នៃ​ពិធី​សារ​​​ទី​៣ ដែល​ចាំ​បាច់​​ត្រូវ​ធ្វើ​វិសោធ​ន​កម្ម​ក្នុង​ក្រប​ខណ្ឌ នៃ​កិច្ច​ព្រម​ព្រៀង​​ស្តី​​ពី​សហ​ប្រតិបត្តិ​ការ​​សេដ្ឋ​កិច្ច​​ទូ​លំ​ទូ​លាយ និង​​​ពិ​ធី​សារ​​​សម្រាប់​រួម​បញ្ចូល​​វិធាន​​ការ​កាត់​បន្ថយ​​របាំង​បច្ចេក​​ទេស​​ពី​ពាណិជ្ជ​កម្ម​ និង​ភូត​​គាម​អនា​ម័យ​នៅ​​​ក្នុង​កិច្ច​ព្រម​ព្រៀង​​ស្តី​ពី​ពាណិជ្ជកម្ម​​សម្រាប់​បើក​​​​​ផ្លូវ​បន្ថែម​ដល់​អា​ស៊ាន​​ និង​ដើម្បី​ឈាន​ទៅ​សម្រេច​គោល​ដៅ​​ពាណិជ្ជ​កម្ម​ទេ្វ​ទិស​​អាស៊ាន និង​ចិន​ ចំនួន​៥០០​ពាន់​​លាន​ដុល្លារ​​អា​មេរិក ​និង​ការ​បង្កើន​ការ​វិនិយោគ​ផ្ទាល់​ពី​ចិន​ដល់​កម្រិត​​១០​ពាន់​លាន​ដុល្លារ​អា​មេរិក​ ព្រម​ទាំង​លំហូរ​វិនិយោគ​ទេសចរណ៍​ទៅ​វិញ​ទៅ​មក​កើន​ឡើង​រហូត​ដល់​១៥​លាន​នាក់​នៅ​ឆ្នាំ​២០១៥ ។ ថ្នាក់​ដឹក​នាំ​អា​ស៊ាន​​ចិន​បាន​ពិភាក្សា​គ្នា​ប្រកប​ដោយ​​​ផ្លែ​ផ្កា​​ និង​បាន​ពង្រីក​នូវ​សេចក្តី​ប្រកាស​សរុប​​ស្តី​ពី​ការ​គោរព​​ខួប​អនុស្សាវរីយ៍​​១០​ឆ្នាំ នៃ​សេចក្តី​ថ្លែង​ការណ៍​​​​ស្តី​ពី​ការ​ប្រ​តិ​បត្តិ​រប​ស់​ភាគី​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​ក្នុង​ទិស​ដៅ​​ញញាក់​​សា​​ជា​ថ្មី​ពី​ការ​ប្តេ​ជ្ញា​​ចិត្ត​របស់​អា​ស៊ាន​-​ចិន ​លើ​គោល​ការណ៍​ទាំង​ឡាយ​​​​ តាម​រយៈ​ការ​ជំរុញ​​ការ​​អនុវត្ត​​នូវ​វិធាន​ការ​សំខាន់​​ៗ​មួយ​ចំនួន​រួម​បញ្ចូល​ទាំងការ​ធ្វើ​រួម​គ្នា​ឈាន​ទៅ​រក​ការ​អនុម័ត​ក្រម​ប្រតិ​បត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយឈរ​លើ​មូលដ្ឋាន​កុងសង់​ស៊ីស​ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ដើម្បី​លើក​​កម្ពស់​សន្តិ​ភាព​ ស្ថិរ​ភាព​ មិត្ត​ភាព​ ការ​ជឿ​ទុក​ចិត្ត​គ្នា​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​​តំបន់​ ។

កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ និង​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ ហើយ​នៅ​ឆ្នាំ​២០១៣​ ប្រធាន​អាស៊ាន​ត្រូវ​បាន​ប្រគល់​ទៅ​ប្រទេស​ប្រ៊ុយ​ណេ​ដារូ​សាឡឹម ។ នៅ​ពេល​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​២១​ សម្តេច​អគ្គ​​មហា​សេនាបតី​តេជោ​ហ៊ុន សែន នាយក​​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​ជា​​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២​បាន​ថ្វាយ​ញញួរ​ជានិមិត្ត​រូប​ប្រធាន​អាស៊ាន​ទៅ​ព្រះ​ចៅ​ស៊ុល​តង់​នៃ​ប្រទេស​ប្រ៊ុយ​ណេ​​ ដែល​ត្រូវ​ធ្វើ​ជា​ប្រធាន​អាស៊ាន​បន្ត​ពី​កម្ពុជា ៕