ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ​រីក​ចម្រើន​នៃ​បណ្ដាញ​​សង្គម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​កើនឡើង​នៃ​បណ្តាញ​ទំនាក់ទំនង​សង្គម ស្រប​នឹង​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​ផ្តល់​នូវ​គុណ​សម្បត្តិ​​ច្រើន និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ចេះ​ប្រើប្រាស់ ចំណេញ​ទាំង​ពេលវេលា និង​ថវិកា ។ លោក…

រាជធានី​ភ្នំពេញ ៖ ការ​កើនឡើង​នៃ​បណ្តាញ​ទំនាក់ទំនង​សង្គម ស្រប​នឹង​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃនេះ ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​ផ្តល់​នូវ​គុណ​សម្បត្តិ​​ច្រើន និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​ចេះ​ប្រើប្រាស់ ចំណេញ​ទាំង​ពេលវេលា និង​ថវិកា ។

លោក ហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មាន​ប្រសាសន៍​ថា ៖« កាលណា​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ធ្វើ​ឱ្យ​កាន់តែ​ចំណេញ​ពេលវេលា ។ បើ​និយាយ​​ពី​ការ​លក់ទំនិញ​តាម​អន​ឡាញ គ្រាន់តែ​កុម្ម​ង់ ឬ​ទិញ​ទំនិញ​គេ​នឹង​ដឹក​ជញ្ជូន​ដល់​ផ្ទះ ធ្វើ​ឱ្យ​ពលរដ្ឋ​ចំណេញ​ពេលវេលា តែបើ​គាត់​ជិះ​ទៅ​ទិញ​ផ្ទាល់​អាច​ស្ទះចរាចរណ៍ ឬ​ចំណាយពេល​រង់ចាំ​ជាដើម ។ ប៉ុន្តែ​បើ​គាត់​យក​ពេលវេលា​ទាំងនេះ​ទៅ​ធ្វើ​អ្វី​ផ្សេង វា​ចំណេញ​ច្រើន » ។

លោក​បញ្ជាក់​ថា ៖« កាលណា​យើង​ធ្វើ​អ្វី​កាន់តែ​លឿន​នោះ នឹង​ធ្វើ​ឱ្យ​យើង​ចំណេញ​ខាង​សេដ្ឋកិច្ច​កាន់តែ​លឿន » ។

តាម​ស្ថាបនិក​របស់​ក្រុមហ៊ុន Codingate មាន​ប្រសាសន៍​ថា ពេល​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​នៅ​កម្ពុជា​មាន​ស្ថិរភាព ល្បឿន​លឿន និង​ចំណាយ​តិច ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន បាន​ត​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម ហើយ​រាល់​ការ​ទំនាក់ទំនង​ទាំងនេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​មានឱកាស​បង្កើត​អាជីវកម្ម​បាន ។

លោក សុខ សុភមង្គល ស្ថាបនិក​ក្រុមហ៊ុន Codingate មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​​កំពុង​តែ​អភិវឌ្ឍន៍ ដូចនេះ ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា និង​បណ្តាញ​ទំនាក់ទំនង អាច​ជា​ឱកាស​មួយ​ចាប់ផ្តើម​អាជីវកម្ម និង​ចំណាយ​ដើមទុន​តិច​នៅ​ពេល​ចេះ​បច្ចេកវិទ្យា ។ លើស​ពី​នេះ ធ្វើ​ឱ្យ​ការ​ផ្សព្វផ្សាយ​ផលិតផល​នៅ​តាម​បណ្តាញ​សង្គម​ដូច​ជា ហ្វេ​ស​ប៊ុ​ក​មាន​ប្រសិទ្ធភាព និង​ដឹង​ពី​ចំនួន​អតិថិជន​ដែល​ចាប់អារម្មណ៍​ទៅ​លើ​ផលិតផល​បាន ខុស​ប្លែក​ពី​ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ ឬ​កាសែត​កន្លង​មក ។

លោក​លើក​ឡើង​ថា ៖« ការ​ប្រើប្រាស់​បណ្តាញ​សង្គម វា​ផ្តល់​នូវ​គុណសម្បត្តិ​ច្រើន​ជាង​គុណវិបត្តិ សម្រាប់​ប្រើប្រាស់​សព្វថ្ងៃ ។ ប្រ​សិន នៅ​ក្នុង​បណ្តាញ​សង្គម មិត្តភក្តិ​របស់​យើង គាត់​ចែករំលែក​នូវ​ព័ត៌មាន​ល្អ​ៗ​ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម ការ​សិក្សា ឬ​សកម្ម​ភាព​ចូលរួម​សង្គម អាច​ឱ្យ​យើង​រៀនសូត្រ​តាម​រយៈ​នេះ​បាន តែបើ​មិត្តភក្តិ​របស់​យើង​ចូល​ចិត្ត​ចែករំលែក​តែ​ព័ត៌មាន​អវិជ្ជមាន អីចឹង វា​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​គិត និង​ការ​សម្រេចចិត្ត​ទៅ​លើ​រឿង​អ្វីមួយ​បាន » ។

ទាក់ទង​នឹង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​សព្វ​ថ្ងៃនេះ លោក ឡាយ សុខ​ហេង សាស្ត្រាចា​រ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ប្រសាសន៍​ថា ៖« ព័ត៌មាន​ដែល​ចែកចាយ​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​មាន​ច្រើន មាន​ទាំង​ព័ត៌មាន​ផ្លូវការ និង​ក្រៅផ្លូវការ ។ ជា​ទូទៅ​ខ្ញុំ​មើលឃើញ​ថា ការ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះ វា​ផ្តល់​នូវ​គុណសម្បត្តិ​ច្រើន​ជាង​គុណវិបត្តិ » ។

លោក​បន្ត​ថា ៖« ក្នុង​ករណី​ការ​ចែករំលែក​ព័ត៌មាន​ផ្លូវការ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម នឹង​ធ្វើ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ផលិតផល និង​សេវាកម្ម​ទាក់ទង​នឹង​វិស័យ​ហិរញ្ញវត្ថុ និង​ងាយស្រួល​ក្នុង​ការ​សម្រេចចិត្ត​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ