រាជធានីភ្នំពេញ ៖ រថយន្តម៉ាកតូយ៉ូតាទ្រីតុន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-8811 បានបើកបោលបុកជញ្ជាំងផ្ទះល្វែងលេខ១៣៩Eo ផ្លូវលេខ២០៨ ស្ថិតក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ កាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១៦ មីនា ២០១១ បណ្តាលឱ្យបែកកញ្ចក់ទ្វារដែក និងរថយន្តខូចខាតផ្នែកខាងមុខធ្ងន់ ។
សាក្សីដែលឃើញហេតុការណ៍បាននិយាយឱ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកតូយ៉ាតា ទ្រីតុន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-8811 បើកក្នុងល្បឿនលឿនតាមបណ្តោយផ្លូវលេខ៥១ ពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់កែងផ្លូវលេខ២០៨ បានចាក់កួរបត់ឆ្វេងទៅទិសខាងលិច ស្រាប់តែជ្រុលចង្កូតឡើងលើចិញ្ចើមផ្លូវបោលបុកជញ្ជាំងផ្ទះល្វែងថ្មទាំងកម្រោលលាន់គ្រាំងទៅមុខលែងរួច ។ បន្តិចក្រោយមក
ឃើញបុរសម្នាក់បើកទ្វាររថយន្តចេញមកទាំងទឹកមុខស្លេកស្លាំង ប៉ុន្តែពុំមានរងរបួសនោះទេ ។ អ្នកបើកបររថយន្តត្រូវបានគេស្គាល់ឈ្មោះឃីញ ថន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧៥ មហាវិថីព្រះមុនីវង្ស ខណ្ឌ៧មករា សមត្ថកិច្ចបានបញ្ជាក់ថា បុរសនោះគ្រាន់តែជាកម្មករបម្រើការងារនៅផ្ទះខាងលើប៉ុណ្ណោះ ។
បុរសឈ្មោះឃីញ ថន បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ថៅកែបានឱ្យយករថយន្តទៅលាង ហើយក្រោយពីលាងរួច រូបគេក៏បើកចេញ គោលបំណងទៅផ្ទះ លុះមកដល់ចំណុចខាងលើក៏វាក់នឹងអ្នកជិះកង់ពីមុខ ទើបយកចង្កូតមកខាងឆ្វេងដៃជ្រុលឡើងលើចិញ្ចើមបុកផ្ទះល្វែងថ្មបណ្តាលឱ្យបែកកញ្ចក់ និងទ្វារដែក រីឯរថយន្តរងការខូចខាតផ្នែកខាងមុខធ្ងន់ និងផ្ទុះពោងការពារសុវត្ថិភាពទាំងពីរ ៕
ចែករំលែកព័តមាននេះ