ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បន្ដ​ជំរុញ​ការ​អនុវត្ត​ពាណិជ្ជកម្មតាម​អេ​ឡិច​ត្រូ​និក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​កាន់តែ​មាន​ភាព​រលូន និង​រហ័ស​នោះ ក្រសួងពាណិជ្ជកម្ម​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក ឬ​ហៅ​ថា E-Commerce ។ លោក…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឲ្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​កាន់តែ​មាន​ភាព​រលូន និង​រហ័ស​នោះ ក្រសួងពាណិជ្ជកម្ម​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​មានការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក ឬ​ហៅ​ថា E-Commerce ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​តាម​អេ​ឡិច​ត្រូ​និក E-Commerce នេះ មិនមែន​មាន​តែ​កម្ពុជា​ទេ ពោល​គឺ​លើ​ពិភពលោក​ទាំងមូល​កំពុង​តែ​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​ជំរុញ​ការ​ធ្វើ​ជំនួញ​តាម​អេ​ឡិច​ត្រូ​និក ព្រោះ​នៅ​ថ្ងៃ​អនាគត ការ​ធ្វើ​ពាណិជ្ជកម្ម​នឹង​ត្រូវធ្វើ​ទៅ​តាម​អេ​ឡិច​ត្រូ​និក​ភាគច្រើន ដោយ​នឹង​កាត់​បន្ថយ​នូវ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជួប​ផ្ទាល់​។ លោក​ថា ៖« ដើម្បី​ធ្វើ​ឲ្យ​ពាណិជ្ជ​កម្ម​តាម​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រលូន និង​កាន់តែ​មាន​ប្រសិទ្ធភាព​នោះ កម្ពុជា​បាន​ស្នើ​សុំ​មិត្ត​ជប៉ុន​ឲ្យ​ជួយ​ជ្រោមជ្រែង​ក្នុង​កិច្ចការ​មួយ​នេះ » ។

លោក​បន្ត​ថា ប្រទេស​ជប៉ុន​បាន​ត្រៀម​ថវិកា​ចំនួន​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ជួយ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​កិច្ចការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក ហើយ​កម្ពុជា ជា​ប្រទេស​ដំបូង​គេ​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​បាន​ស្នើ​សុំ​ឱ្យ​ជប៉ុន​ជួយ​អភិវឌ្ឍន៍ និង​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក នេះ ។ ដូចនេះ លោក​ជឿជាក់​ថា កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​ពី​ជប៉ុន​នៅ​ពេល​ឆាប់​ៗ​នេះ ដើម្បី​ជំរុញ​ពាណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក ។ លោក​ថា ៖« ខ្ញុំ​បាន​ស្នើ​រួច​ហើយ​ទៅ​ប្រទេស​ជប៉ុន ដើម្បី​ឲ្យ​គេ​ទម្លាក់​ថវិកា​មក​ជួយ​កែប្រែ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ដល់​កម្ពុជា ហើយ​ពេលវេលា​ណាមួយ​នោះ យើង​មិន​ទាន់​ដឹង​នៅឡើយ​ទេ គឺ​យើង​នឹង​រង់ចាំ​ការ​សម្រេច​របស់​ភាគី​ជប៉ុន » ។

លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​បន្ថែម​ថា កម្ពុជា​តែងតែ​ឈានមុខ​គេ​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​លើ​ការ​ស្នើ​សុំ​មូលនិធិ​ដើម្បី​អភិវឌ្ឍន៍​នៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ឲ្យ​បាន​ល្អ​ប្រសើរ ។ ដូចនេះ ទើប​កម្ពុជា​តែង​ទទួល​បាន​ជោគជ័យ​រាល់​គម្រោង ដែល​ជា​ជំនួយ​មូលនិធិ​ពី​បណ្ដា​ប្រទេស​រីក​ចម្រើន​នានា ។

បើ​តាម​យុទ្ធសាស្ត្រ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ធ្នូ បាន​បង្ហាញ​ថា ក្រសួង​នឹង​បញ្ចប់សេចក្តី​ព្រាង​ប្រកាស​ស្តី​ពី​ការ​ចុះបញ្ជី​លើ​ការ​បកប្រែ ផ្ទេរ​ភាគ​ហ៊ុន​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម រៀបចំ​ប្រកាស​ស្តី​ពី​ការ​លុបឈ្មោះ​ក្រុមហ៊ុន​ចេញពី​បញ្ជីពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម និង​ការងារ​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក ដើម្បី​កាត់​បន្ថយ​នូវ​ការ​ជួប​ជជែក​ផ្ទាល់​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម ។

លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក​ផ្ដល់​អត្ថប្រយោជន៍​ច្រើន ដល់​ពាណិជ្ជករ និង​លើកមុខ​មាត់​ប្រទេស​ជាតិ​ផង​ដែរ ។ ជាក់ស្ដែង ពាណិជ្ជករ​ដែល​ត្រូវការ​ស្នើ​សុំ​ចុះបញ្ជី​ក្រុមហ៊ុន ឬ​ស្នើ​សុំ​អ្វីមួយ គឺ​មិន​ចាំបាច់​មក​កាន់​ការិយាល័យ​ក្រសួង ឬ​ត្រូវការ​ជួប​ជាមួយ​មន្ត្រី​ពាណិជ្ជកម្ម​ទៀត​ឡើយ ។

ការ​ធ្វើ​បែប​នេះ បាន​កាត់​បន្ថយ​ការ​ចំណាយ​ក្រៅផ្លូវការ​មួយ​ចំណែក​ទៅ​មន្ត្រី​ពាណិជ្ជ​កម្ម ជា​ពិសេស ក៏​បាន​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រដាស​ស្នាម​មួយ​ចំនួន​ផង​ដែរ ហើយ​ទាំងនេះ​គឺជា​ការ​ចូលរួម​ចំណែក​សន្សំ​សំចៃ​ជាមួយ​ក្រសួង​ស្ថាប័ន ។

លោក​បន្ត​ថា ក្រសួងពាណិជ្ជកម្ម​នឹង​ខិតខំ​ជំរុញ​ឲ្យ​ការងារ​ធ្វើ​ពាណិជ្ជកម្ម​តាម​អេ​ឡិច​ត្រូ​និក​កាន់តែ​ទូលំទូលាយ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​កាន់តែ​មាន​លក្ខណៈ​ទំនើប និង​ដើរ​ឲ្យ​ទាន់​ប្រទេស​រីក​ចម្រើន​នៅ​លើ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ