ខេត្តកំពង់ចាម ៖ សកម្មភាពបង្ក្រាបគ្រឿងញៀនកំពុងត្រូវបន្តការយកចិត្តទុកដាក់ពីមួយថ្ងៃទីមួយថ្ងៃ ទាំងនៅតំបន់ត្រើយខាងលិចនិងត្រើយខាងកើតទន្លេមេគង្គ ធ្វើឡើងដូចជាភ្លៀងរលឹមដោយមិនដកថយនោះទេ ។ ជាក់ស្តែង កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០១១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានចាប់ជនសង្ស័យចំនួន២នាក់ រស់នៅឃុំក្រែក ស្រុកពញាក្រែក ដោយបានដកហូតថ្នាំញៀន១កញ្ចប់តូច និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ ។
តាមប្រភពពីលោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្ត ទទួលផែនកណ្តាលយុត្តិធម៌បានឱ្យដឹងថា ជនទាំង២នាក់ដែលត្រូវបានចាប់ខ្លួននោះ ១-ឈ្មោះជុំ ធារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ២-ឈ្មោះចែម ចាន់ថា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។ ប្រភពបន្តថា ដើមហេតុដំបូងមានប្រជាពលរដ្ឋបានមកសំណូមពរដល់សមត្ថកិច្ចឱ្យនាំ ខ្លួនយុវជនឈ្មោះម៉ៅ សុគឿន អាយុ២០ឆ្នាំ រស់នៅភូមិក្រែកត្បូង ឃុំក្រែក ស្រុកពញាក្រែក មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ព្រោះតែញៀនថ្នាំកែមិនកើត។ ដោយមានសំណូមពរបែបនេះ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បាននាំយុវជនរូបនោះបញ្ជូនទៅដាក់នៅមជ្ឈមណ្ឌលស្តារនីតិសម្បទា ។ ប៉ុន្តែមុនពេលដែលបាននាំទៅនោះ គឺបានសួរនាំយុវជនឈ្មោះសុគឿន រកមូលហេតុដែលបណ្តាលឱ្យរូបគេធ្លាក់ខ្លួនបែបនេះ ដោយបានប្រាប់ថា «ថ្នាំញៀនគឺបានទិញពីបុរសឈ្មោះធារិទ្ធ រស់នៅឃុំក្រែក ស្រុកពញាក្រែក» ។
នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ មីនា សមត្ថកិច្ចបានបើកប្រតិបត្តិការចាប់បានជននេះ ដោយដកហូតបានថ្នាំញៀន១កញ្ចប់ ជញ្ជីង១ និងឈានទៅចាប់បានជនសង្ស័យចែកចាយថ្នាំញៀនម្នាក់ទៀតឈ្មោះចាន់ ថា ឃើញមានថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះជុំ ធារិទ្ធ ដែលធ្លាប់ជាប់ពន្ធនាគារខេត្ត រយៈពេល៨ខែ ពីបទទិញម៉ូតូចោរបានឆ្លើយសារភាពថា រយៈពេលកន្លងមក រូបគេធ្លាប់បានទិញថ្នាំញៀនពីជនជាតិវៀតណាមធ្វើការនៅកាស៊ីណូមួយនៃច្រកត្រពាំងផ្លុង ស្រុកពញាក្រែក ក្នុង១ហ៊ុនតំលៃ៥០ដុល្លារ ក្រៅពីនេះបានទិញពីបុរសម្នាក់ទៀតនៅភូមិ៥៥ មូលដ្ឋានចំការកៅស៊ូក្រែក សម្រាប់យកទៅចែកចាយឱ្យក្មេងៗ និងទុកប្រើផ្ទាល់ខ្លួនមួយចំណែក។ នៅម៉ោង១១ព្រឹកថ្ងៃទី ១៤ មីនា រូបគេបានទៅទិញថ្នាំញៀនពីឈ្មោះម៉ូត រស់នៅភូមិ-ឃុំជាមួយគ្នា ក្នុង១កញ្ចប់តម្លៃ២០ដុល្លារ រហូតមកដល់ម៉ោង៣និង៣០នាទីរសៀលត្រូវបានសមត្ថកិច្ចមកចាប់ខ្លួនតែម្តង ។ លោកវរសេនីយ៍ឯកជឹម សេងហុង ស្នងការរងនគរបាលខេត្តបានបញ្ជាក់ថា នារសៀលថ្ងៃទី១៦ មីនា ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ និងសុំដីកាតាមចាប់អ្នកលក់ថ្នាំញៀន បន្តទៀតមកផ្តន្ទាទោសឱ្យខាងតែបាន ៕
ចែករំលែកព័តមាននេះ