ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​កីឡា​ដែល​មាន​សក្តានុពល និង​ពេញ​និយម​ខ្លាំង​នៅ​កម្ពុជា​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់ថា វិស័យ​កីឡា​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ បន្ទាប់​ពី​កីឡា​ទាំងនោះ​ចាប់ផ្ដើម​ពង្រីក​សកម្ម​ភាព​​របស់​ខ្លួន​តាម​រយៈ​ការ​បណ្ដុះបណ្ដាល និង​ការប្រកួត​ស្វែងរក​ជើង​ខ្លាំង​ជា​ប្រចាំ​ធ្វើ​ឱ្យ​មាន​ធន​ធាន​កីឡាករ​-​កីឡាការិនី​ល្អ​ៗ​កើតឡើង​ច្រើន ។ ទោះបី​យ៉ាងណា ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់ថា វិស័យ​កីឡា​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ បន្ទាប់​ពី​កីឡា​ទាំងនោះ​ចាប់ផ្ដើម​ពង្រីក​សកម្ម​ភាព​​របស់​ខ្លួន​តាម​រយៈ​ការ​បណ្ដុះបណ្ដាល និង​ការប្រកួត​ស្វែងរក​ជើង​ខ្លាំង​ជា​ប្រចាំ​ធ្វើ​ឱ្យ​មាន​ធន​ធាន​កីឡាករ​-​កីឡាការិនី​ល្អ​ៗ​កើតឡើង​ច្រើន ។

ទោះបី​យ៉ាងណា ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំងអស់ គេ​កត់សម្គាល់​ឃើញ​មាន​តែ​ប្រភេទ​កីឡា​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​មាន​សក្ដានុពល និង​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​មហាជន​តាម​រយៈ​ការ​ដណ្ដើម​បាន​មេដាយ​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ និង​មាន​មហាជន​ស្រឡាញ់​ចូល​ចិត្តច្រើន បើ​ទោះជា​អ្នកលេង​កីឡា​ទាំងនោះ​មិន​ចង់​ប្រឡូក​ជា​អាជីព​ក្ដី ។ ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​និងពេញ​និយម​ខ្លាំង​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​មាន​៖

+ កីឡា​តេ​ក្វា​ន់​ដូ ៖ ក្នុង​ចំណោម​ប្រភេទ​កីឡា​ដែល​កំពុង​ពេញ​និយម​ខ្លាំង​នៅ​កម្ពុជា គេ​ចាត់​ទុក​កីឡា​តេ​ក្វា​ន់​ដូ​មាន​សក្ដានុពល​ខ្លាំង​ប្រចាំឆ្នាំ​២០១៧​នេះ ដោយ​កីឡា​នេះ​កាន់​តែ​មានការ​ទទួលស្គាល់​ចាប់តាំងពី​កីឡាការិនី ស៊ន សៀវ​ម៉ី បាន​ក្លាយជា Super Star ធ្វើ​ឱ្យ​ប្រភេទ​កីឡា​មួយ​នេះ​មានការ​ចាប់អារម្មណ៍​ចង់​ហាត់​ពី​ក្មេង​ៗ និង​យុវវ័យ​ច្រើន​ឡើង ។

តាំងពី​ឆ្នាំ​២០១៤ ដែល​ស៊ន សៀវ​ម៉ី ឈ្នះ​មេដាយមាស​ពិភពលោក​ហើយ​បាន​ក្លាយជា​តារា​ស្ព​ត​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ឱ្យ​ក្រុមហ៊ុន​ធំ​ៗ​ផង​នោះ​បាន​កតសម្គាល់​ឃើញ​​ថា ប្រភេទ​កីឡា​មួយ​នេះ​ទទួល​បានការ​យកចិត្តទុកដាក់​ខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​ថ្នាក់​ដឹក​នាំ​កំពូល​រាជរដ្ឋាភិបាល ក្រសួង​អប់រំ យុវ​ជន និង​កីឡា គណៈ​ក​មា្ម​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ជា​ពិសេស​មហាជន ដែល​ស្រឡាញ់​ការ​ហ្វឹកហាត់​ដើម្បី​សុខភាព និង​ការពារ​ខ្លួន។

ក្នុង​មួយ​រយៈ​ចុង​ក្រោយ គេ​ឃើញ​ក្លិប​តេ​ក្វា​ន់​ដូ​តូច​ធំ​មាន​សិស្ស​ចូល​ហ្វឹកហាត់​ច្រើន​ឡើង​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​គ្រាន់តែ​ក្លិប​របស់​ស៊ន សៀវ​ម៉ី មួយ​ក៏​មាន​សិស្ស​ច្រើន​ដល់​ថ្នាក់​រក​ពេល​បង្ហាត់​អត់​ទាន់​ផង ។

+ កីឡាបាល់ទាត់ ៖ ទោះបី​កីឡាបាល់ទាត់​មិន​មាន​សក្ដានុពល​ក្នុង​ការ​ដណ្ដើម​ពាន​លើ​ឆាក​អន្តរជាតិ​ក៏​គេ​មើលឃើញ​សន្ទុះ​គាំទ្រ​កីឡា​មួយ​នេះ​មិន​មានការ​ថមថយ​នោះ​ឡើយ ដោយសារ​តែ​ក្រៅពី​មានការ​កកើត​ឡើង​ក្រុមបាល់ទាត់​អាជីព​ច្រើន​ក្រុម ក៏​មាន​ក្រុម​មិន​អាជីព​លេច​ឡើង​ច្រើន​ផង​ដែរ ខណៈ​ដែល​ក្មេង​ៗ និង​យុវវ័យ​ស្ទើរតែ​៨០​ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់អារម្មណ៍​កីឡា​មួយ​នេះ ។

តាម​រយៈ​កីឡាករ ចាន់ វ​ឌ្ឍ​នា និង​កីឡាករ​លេចធ្លោ​មួយ​ចំនួន​បាន​ក្លាយជា Super Star គឺ​រឹតតែ​ធ្វើ​ឱ្យ​កីឡា​មួយ​នេះ​មានការ​លេចធ្លោ​មិនធម្មតា ដោយ​អាច​និយាយ​បាន​នេះ​ជា​កីឡា​ដែល​មាន​អ្នកគាំទ្រ​ច្រើន​ជាងគេ​ក្នុង​ចំណោម​អ្នក​ចូល​ចិត្ត​កីឡា​នៅ​ទូ​ទាំង​ប្រទេស​នោះ​ផង ។ មក​ទល់​នឹង​ពេល​នេះ កីឡាបាល់ទាត់​នៅ​តែ​បន្ត​នាំមុខ​លើ​ប្រភេទ​កីឡា​ផ្សេងៗ ដោយ​អ្នក​ចូល​ហ្វឹកហាត់​ដើម្បី​ក្លាយ​ខ្លួន​ជា​កីឡាករ​បាល់​ទាត់​អាជីព​មាន​ប្រាក់ខែ​ខ្ពស់​ព្រោះតែ​មានការ​ចាប់អារម្មណ៍​ផ្ដល់​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​ឯកជន​ធំ​ៗ​នោះ​ផង ។

កាលពីមុន​កីឡាបាល់ទាត់​គឺ​គ្រាន់តែ​ត្រូវ​គេ​បង្កើត​លេង​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​រាល់ថ្ងៃ​បាន​ក្លាយជា​ការ​ស្រូប​យក​ចំណូល​តែ​ម្ដង ជា​ពិសេស​អ្នកមាន​ថ្វី​ជើងល្អ ហើយ​ត្រូវ​បាន​ក្រុម​ធំៗ​ក្នុងស្រុក​ប្រជែង​គ្នា​ទិញ​យក និង​មាន​កីឡាករ​កម្ពុជា​មួយ​ចំនួន​ត្រូវ​បាន​ក្រុម​នៅ​ក្រៅប្រទេស​ដូច​ជា​ម៉ា​ឡេ​ស៊ី និង​ថៃ​ជាដើម​ចុះ​កុងត្រា​យក​ទៅ​លេង​ឱ្យ​ក្លិប​គេ​ថែម​ទៀត​ផង ។

+ កីឡាប្រដាល់ ៖ ក្នុង​ចំណោម​កីឡា​ដែល​មានការ​ចាប់អារម្មណ៍​លើសលប់ កីឡា​ប្រដាល់​រីក​ផុស​មិន​ចាញ់​កីឡាបាល់ទាត់​នោះ​ទេ ដោយសារ​តែ​បណ្ដា​សង្វៀន​របស់​ទូរទស្សន៍​ច្រើន​ឡើង​មាន​លុយរៀប​ចំការ​ប្រដាល់​បាន​ច្រើន​សង្វៀន ហើយ​មាន​តម្រូវ​ការ​អ្នក​ប្រដាល់​ច្រើន​ខុស​ពី​មុន ធ្វើ​ឱ្យ​អ្នក​ប្រដាល់​ដែល​មាន​ថ្វីដៃ​ស្ទើរតែ​រក​ពេល​សម្រាក​អត់​បាន ព្រោះតែ​មានការ​ផ្គូផ្គង ។

នៅ​ក្នុង​វិស័យ​នេះ គេ​ឃើញ​លេច​ចេញ​នូវ​ក្លិប​ប្រដាល់​ច្រើន​ឡើង​ក្នុង​ឆ្នាំ​២០១៧ ដោយ​កីឡាករ​ក្មេង​ៗ​ក៏​លេចមុខ​មិន​តិច​ដែរ ទើប​គេ​ឃើញ​សង្វៀន​របស់​ទូរទស្សន៍​នានា អាច​ដំណើរការ​ទៅ​បាន​ដោយ​មិន​ភ័យ​រឿង​ដាក់​កីឡាករ​ដដែល​ៗ​ឱ្យ​ប្រកួត ។

បើ​ទោះជា​មាន​បណ្ដា​ក្លិប​ខ្លះ​ថ្ងូរ​ថា ពិបាក​រក​អ្នកមាន​បំណង​ចង់​ក្លាយជា​អ្នក​ប្រដាល់​តាម​ការ​ចង់បាន ក៏​ធនធាន​កីឡាករ​ថ្មី​ៗ​នៅ​តែ​មាន​កំណើន ហើយ​កីឡាករ​ទាំងនោះ​បាន​ត្រាំ​ត្រែង​នៅ​ក្នុង​សង្វៀន​ក្នុង​រយៈពេល​យូរ​រហូត​បាន​ក្លាយជា​កីឡាករ​ល្អ​នោះ​ផង ដោយ​សារ​​តែ​ប្រដាល់​សព្វថ្ងៃ​មិនមែន​ប្រដាល់​លេង​ៗ​ដូច​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ទេ ព្រោះ​ឡើង​រេញ​ម្ដង​ៗ​បាន​លុយ​ច្រើន ។

ជាក់ស្ដែង​កីឡាករ រឿង សោ​ភ័​ណ្ឌ និង​កីឡាករ​មួយ​ចំនួន​មិន​ត្រឹមតែ​មាន​រថយន្ត​ជិះ​ខុស​ពី​ពេល​មុន​នោះ​ទេ គឺ​ពួក​គេ​ថែម​ទាំង​អាច​សន្សំ​លុយ​ពី​ការ​ប្រដាល់​យក​ទៅ​បន្ត​ការ​សិក្សា​​ថ្នាក់​មហាវិទ្យាល័យ ទៅ​បើក​ក្លិប​ផ្ទាល់ខ្លួន​ក្នុង​ពេល​នឿយណាយ និង​អាច​បើក​អាជីព​ផ្ទាល់ខ្លួន​ដូច​ជា​កីឡាករ​សែន រ៉ា​ឌី ជាដើម ដោយ​មិន​ភ័យ​រឿង​ឈប់​ប្រកួតរ​ត់ទៅ​ស៊ីឈ្នួល​គេ​ដូច​កីឡាករ​ល្បី​ៗ​ជំនាន់​មុន​ផង​ដែរ​។

+ កីឡា​ប្រណាំង​ម៉ូតូ ៖ ក្នុង​ឆ្នាំ​២០១៧​នេះ គេ​កត់​សម្គាល់ថា កំណើន​នៃ​ការ​ស្ទុះ​ឡើង​របស់​​កីឡាករ​ប្រណាំង​ម៉ូតូ​មានការ​ប្រែប្រួល ជា​ពិសេស​ចាប់តាំងពី​មាន​ទីលានប្រណាំង​ម៉ូតូ​​ធំ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ម្ដុំ​វត្ត​ឃ្មួ​ញ​ក្នុង​ខណ្ឌ​សែន​សុខ ។

កាលពីមុន កីឡា​មួយ​នេះ​ត្រូវ​គេ​ឃើញ​មាន​សភាព​រាយ​ប៉ាយ និង​មិនសូវ​មើល​ដឹង​ពី​កម្លាំង​ប៉ុន្មាន​ទេ ប៉ុន្តែ​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៧​មក មានការ​រាយការណ៍​ថា កីឡាករ​ប្រណាំង​ម៉ូតូ​កើន​ដល់​ជាង​៣០០​នាក់ ដោយ​មិន​ទាន់​រាប់​បញ្ចូល​អ្នក​មិន​អាជីព​នោះ​ផង។

ដ្បិតថា​ចំនួន​នេះ​មិន​ច្រើន​ធៀប​នឹង​កីឡា​ប្រណាំង​ម៉ូតូ​នៅ​ប្រទេស​ជិតខាង ប៉ុន្តែ​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ណាស់​ដែរ​ក្នុង​ពេល​ដែល​កម្ពុជា​ត្រូវ​គេ​ដឹង​ថា​មិនសូវ​មានការ​និយម​លើ​កីឡា​ប្រភេទ​នេះ​ផង ស្រាប់តែ​មានការ​ប្រកាស​ថា​មាន​ជាង​៣០០​នាក់​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​កីឡា​អាជីព បន្ទាប់​ពី​មានការ​បើក​ប្រកួត​ជើងឯក​ប្រណាំង​ម៉ូតូ​លើក​ដំបូង​កាលពី​ពាក់កណ្ដាល​ឆ្នាំ ។

មក​ទល់​ពេល​នេះ ទីលាន​ដែល​បាន​លេចឡើង​បាន​ទាំង​បើក​ការ​បង្ហាត់បង្ហាញ​ធ្វើ​ឱ្យ​ធនធាន​អ្នក​ប្រណាំង​ម៉ូតូ​កើនឡើង​តែ​ក្នុង​រយៈពេល​ខ្លី ។

+ កីឡា​ប្រណាំង​កង់ ៖ រឹតតែ​មានការ​រីក​ចម្រើន​បើ​ទោះជា​កម្ពុជា​នៅ​មិន​ទាន់​មាន​កីឡា​ករ ​ឬ​កីឡាការិនី​ណា​ម្នាក់​ដណ្ដើម​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ ។ ជា​រៀងរាល់ថ្ងៃ គេ​ឃើញ​មហាជន​ដែល​ស្រឡាញ់​សុខភាព​ច្រើន​ឡើង​បាន​ចាប់​អាជីព​ជា​អ្នក​ជិះ​កង់​តាម​ដងផ្លូវ ដោយ​ក្នុង​ពេល​មានការ​បើក​ប្រកួត​ម្ដង​ៗ មាន​អ្នកចូលរួម​ជិះ​កង់​រហូត​ដល់​រាប់រយ​នាក់​បង្ហាញខ្លួន ធ្វើ​ឱ្យ​គេ​មើលឃើញ​ពី​សន្ទុះ​រីក​ចម្រើន ។

ក្នុង​ឆ្នាំ​២០១៧​នេះ កីឡា​ជិះ​កង់​នៅ​តែ​មាន​សន្ទុះ​រីក​ធំ ដោយសារ​តែ​មាន​មហាជន​ច្រើន​ឡើង​គាំទ្រ ។

+ កីឡា​រាំ​ហាត់ប្រាណ ៖ កីឡា​នេះ​ក៏​នៅ​តែ​មានការ​ពេញ​និយម​ផង​ដែរ បើ​ទោះជា​ធៀប​នឹង​អំឡុង​ប៉ុន្មាន​ឆ្នាំ​មុន​មានការ​ថយ​ចុះ​ជាង​មុន ដោយសារ​តែ​មនុស្ស​ដែល​ស្រឡាញ់​សុខ​ភាព​ងាក​ទៅ​ហាត់ប្រាណ​ក្នុង​ក្លិប​ដែល​មាន​ផាសុកភាព​ជា​ជំនួស ។

មហាជន​ច្រើន​នាក់​នៅ​តែ​គាំទ្រ​កីឡា​នេះ ហើយ​បាន​ចូលរួម​រាំ​ហាត់ប្រាណ​ដោយ​មិនដឹង​សកម្មភាព​ទាំងនោះ​គឺជា​ប្រភេទ​កីឡា​មួយ​នោះ​ផង ។

+ កីឡា​ប៉េតង់ ៖ ប្រភេទ​កីឡា​នេះ​ក៏​មាន​សក្តានុពល​ណាស់​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​អ្នកស្រី​កែ ឡេ​ង និង អ៊ុ​ក ស្រី​មុំ ដណ្ដើម​បាន​មេដាយ​ច្រើន​ឡើង​ធ្វើ​ឱ្យ​កម្ពុជា​មាន​កិត្តិយស​លើ​ឆាក​អន្តរជាតិ ។

កីឡា​នេះ​ដ្បិតថា​មាន​ក្លិប​ទទួល​បង្វឹក​ក្មេង​ៗ​ទូលំ​ទូលាយ តែ​ក៏​មានការ​លើកទឹកចិត្ត​នៅ​តាម​សាលារៀន​នានា ដើម្បី​ឱ្យ​បុគ្គលិក​របស់​ខ្លួន​បាន​ហ្វឹកហាត់​ដើម្បី​ពង្រីក​សក្ដានុពល​ផង​ដែរ ។ កីឡា​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សក្ដានុពល​ខ្លាំង ដោយសារ​តែ​បញ្ជូន​ឱ្យ​ចេញ​ប្រកួត​នៅ​ក្រៅប្រទេស​លើក​ណា​ក៏​ឈ្នះ​មេដាយ​បើ​មិន​តិច​ក៏​ច្រើន​មក​វិញ​ដែរ ។

ក្រៅពី​ប្រភេទ​កីឡា​ដែល​សក្ដានុពល និង​ពេញ​និយម​ខាងលើ កីឡា​ផ្សេង​ទៀត ដូច​ជា​ល្បុក្កតោ យុទ្ធ​ក្រម​ខម ហែល​ទឹក កា​រ៉ា​តេ​ដូ បាល់ទះ និង​ប្រដាល់​ដាក់​ទ្រុង​ជាដើម ក៏​មាន​សន្ទុះ​​ឈាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ គ្រាន់តែ​មិន​ទាន់​មាន​សក្ដានុពល​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយសារ​តែ​ខ្វះ​ការ​គាំទ្រ​ពី​មហាជន ។

កីឡា​ខ្លះ​គឺ​មាន​សកម្ម​ភាព​តែ​ពេល​បើក​ប្រកួត​ម្ដង​ៗ​តែ​ក្រៅពី​នោះ​គឺ​ស្ងាត់​ដូច​ចោរលួច​សេះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ