ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ហិរញ្ញវត្ថុ​បកស្រាយ​ពី​ភាព​ខុស​គ្នា​រវាង​ការ​ជួញដូរ Bitcoin និង​ឧបករណ៍​និ​ស្ស​ន្ទ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ មានការ​យល់​ច្រឡំ​ពី​ការ​ជួញដូរ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល (Bitcoin) និង​ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ខណៈ​វិស័យ​ហិរញ្ញវត្ថុ​មួយ​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា និង​បាន​ប្រកាស​ជួញដូរ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ផង​ដែរ ។ លោក…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ មានការ​យល់​ច្រឡំ​ពី​ការ​ជួញដូរ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល (Bitcoin) និង​ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ខណៈ​វិស័យ​ហិរញ្ញវត្ថុ​មួយ​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា និង​បាន​ប្រកាស​ជួញដូរ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ផង​ដែរ ។

លោក Lawrence Kook អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​មួយ​រូប បាន​ឲ្យ​ដឹង​ថា Bitcoin និង​ឧបករណ៍​និ​ស្ស​ន្ទ​មាន​ភាព​ខុស​គ្នា​ដាច់​ស្រឡះ​។ Bitcoin ជា​ទស្សនៈ​មួយ​ទាក់ទង​នឹង​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​ថ្មី ដែល​ត្រូវ​បាន​ណែនាំ​ទៅ​កាន់​ពិភពលោក ដូច​ជា កុំព្យូទ័រ និង​បច្ចេក​វិទ្យា​ឌី​ជី​ថ​ល​ជាដើម ដែល​ទទួល​បាន​ប្រជាប្រិយភាព​ជុំវិញ​ពិភពលោក ។ Bitcoin គ្មាន​ផលិតផល​អ្វី​ជាក់លាក់​ជា​គោល​ឡើយ ខណៈ​ឧបករណ៍​និ​ស្ស​ន្ទ​មាន​ផលិតផល​ជា​គោល​ពិតប្រាកដ​ដូច​ជា ទ្រឹស្តី​សេដ្ឋកិច្ច​ស្ដី​ពី​ការ​ផ្គត់ផ្គង់ និង​តម្រូវការ ។

នាយក​ក្រុមហ៊ុន Golden FX Link Cambodia រូប​នេះ​បាន​និយាយ​ថា ៖« ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​គោលបំណង​ការពារ​ហានិភ័យ​ដោយ​ក្រុម​ពាណិជ្ជករ ដើម្បី​ជៀសវាង​ការ​ប្រែប្រួល​ថ្លៃ​ខ្ពស់ ក្នុងអំឡុងពេល​នៃ​ភាព​មិន​ច្បាស់លាស់​នៃ​ស្ថានភាព​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​ជាដើម ។ ដោយឡែក Bitcoin គឺជា​ផលិតផល​ដែល​មាន​ហានិភ័យ​ខ្ពស់​មួយ ហើយ​មាន​វត្តមាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ។ ដូច​យើង​ឃើញ​ពី​ប៉ុន្មាន​ខែ​មុន ថ្លៃ Bitcoin បាន​បង្ហាញ​ការ​ប្រែប្រួល​យ៉ាង​ខ្លាំង»។

លោក​បន្ត​ថា កាលពី​ឆ្នាំទៅ មាន​ប្រទេស​មួយ​ចំនួន និង​អ្នកវិភាគ​ជំនាញ​ៗ​ជា​ច្រើន​បាន​ប្រាប់​ផង​ដែរ​ថា យើង​ទាំងអស់​គ្នា​គួរតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​ភាព​ស្របច្បាប់ និង​ដំណើរការ​របស់​វា ព្រមទាំង​ពិចារណា​ថា តើ​យើង​គួរតែ​ចាត់​ទុក Bitcoin ជា​ការ​វិនិ​យោគ ឬ​ផលិតផល​មាន​ហានិភ័យ​ខ្ពស់ ។ ថ្មី​ៗ​នេះ រដ្ឋាភិបាល​ចិន​បាន​ហាមឃាត់​រាល់​សកម្មភាព Bitcoin ទាំងអស់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ហើយ​បាន​ចាត់​ទុក​វា​ជា​ឧបករណ៍ ឬ​ការ​វិនិយោគ​ខុសច្បាប់​។

លោក​បន្ថែម​ថា បើ​ទោះបីជា Bitcoin អាច​ត្រូវ​បាន​ជួញដូរ​ពី​កន្លែង​ផ្សេង​ៗ​គ្នា​ទូ​ទាំង​ពិភពលោក ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពេញលេញ​ក៏​ដោយ តែ​មានកម្ម​វិធី​មួយ​ដែល​គេ​ហៅ​ថា blockchain បាន​ជួយ​ដំណើរការ​ប្រតិបត្តិ​រួម​ទាំង​ការ​ផ្ទេរ ឬ​ផ្តល់​សិទ្ធិ​ជា​ម្ចាស់ Bitcoin​។ បច្ចុប្បន្ន​នេះ ការ​ជួញដូរ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​បង្កើត​តម្លៃ​ទីផ្សារ ឬ​ក្រុម​ហ៊ុន​ជួញដូរ Bitcoin តែ​ម្តង ។ លោក​ថា ៖« មាន​កត្តា​ជា​ច្រើន​ដែល​អ្នក​ជួញដូរ Bitcoin គួរតែ​យល់​ដឹង​ដូច​ជា បញ្ហា​សន្ទនីយ៍​សាច់ប្រាក់ ការ​ការពារ​ពី​ពួក​ហែក​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត (Hackers) ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​ដែល​អាច​ផ្គត់ផ្គង់​ដល់​តម្រូវការ​នា​ពេល​អនាគត ភាព​ស្របច្បាប់​នៃ​យុត្តាធិការ​ផ្សេង​ៗ​គ្នា ដែល​ជា​ចំណុច​គួរ​ពិចារណា​ចម្បង​ៗ​ក្នុង​ពេល​ជួញដូរ Bitcoin » ។

លោក​បញ្ជាក់​ថា សេចក្តី​ប្រកាស​ថ្មី​ៗ របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ច្បាស់​ណាស់​ថា នឹង​ប៉ះពាល់​ដល់​ការ​ជួញដូរ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល ហើយ​ចំពោះ​បញ្ហា​នេះ​ដែរ លោក​ជឿ​ថា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា នឹង​មិន​នៅ​ស្ងៀម​ទេ ។ លោក​ថា ៖« ចាប់ពី​ឆ្នាំ​២០១៦ គណៈ​កម្មការ​មូល​ប​ត្រ​កម្ពុជា (SECC) បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ជំរុញ​ការ​ជួញ​ដូរ​ឧបករណ៍​និ​ស្ស​ន្ទ រួម​ទាំង​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន​សម​ភាគី​​កណ្តាល (CCPs) ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​មិន​ត្រឹមតែ​ដឹកនាំ​ប្រទេស​កម្ពុជា​ឈាន​​ទៅ​មុខ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដឹកនាំ​ប្រទេស​ជិតខាង​យើង ក្នុង​ការ​វិនិយោគ​យ៉ាង​សម្បូរ​បែប​សម្រាប់​អ្នក​វិនិយោគ​ជា​សាធារណៈ​ទាំងអស់ » ។

គួរ​បញ្ជាក់​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​ដែរ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​មិន​ទទួល​ស្គាល់​​ការ​ជួញដូរ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល (Bitcoin) នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ព្រមាន​ថា បើសិនជា​មាន​បញ្ហា​អ្វី​នៅ​ថ្ងៃ​ខាង​មុខ ធនាគារជាតិ​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ហានិភ័យ​ដែល​កើតឡើង​ដោយសារ​រូបិយប័ណ្ណ​ឌី​ជី​ថ​ល​មួយ​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ