ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​អះអាង​ពី​ផល​ចំណេញ​ និង​សម្បូរ​ទីផ្សារ ទោះបី​តម្លៃ​ស្ពៃ​ធ្លាក់​ទាប​ (មាន​វីដេអូ)

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កសិករ​ប្រមាណ​ជាង​២០% ដែល​និយម​ដាំ​ដំណាំ​ស្ពៃជើងទា នៅ​ក្នុង​ឃុំ​បួរ ស្រុក​ភ្នំព្រឹក បាន​អះអាង​ថា ពួក​គាត់​នៅ​តែ​អាច​សល់​ប្រាក់​ចំណេញ និង​ងាយស្រួល​រក​ទីផ្សារ មិន​សល់​ស្អុយ​ចោល​ពេញ​ចម្ការ​ដូច​ឆ្នាំ​មុន…

ខេត្តបាត់ដំបង ៖ កសិករ​ប្រមាណ​ជាង​២០% ដែល​និយម​ដាំ​ដំណាំ​ស្ពៃជើងទា នៅ​ក្នុង​ឃុំ​បួរ ស្រុក​ភ្នំព្រឹក បាន​អះអាង​ថា ពួក​គាត់​នៅ​តែ​អាច​សល់​ប្រាក់​ចំណេញ និង​ងាយស្រួល​រក​ទីផ្សារ មិន​សល់​ស្អុយ​ចោល​ពេញ​ចម្ការ​ដូច​ឆ្នាំ​មុន ទេ បើ​ទោះជា​តម្លៃ​ស្ពៃជើងទា​ក្នុងឆ្នាំនេះ​ធ្លាក់​ថ្លៃ​ទាប​ជាង​ឆ្នាំ​មុន​បន្តិច​ក្ដី ។

លោក ផាត ផា ជា​កសិករ​មួយ​រូប​ដែល​ដាំ​បន្លែ​នេះ បាន​និយាយ​ថា ឆ្នាំ​នេះ តម្លៃ​ស្ពៃ​ជើង​ទា ហាក់​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន​បន្តិច ប៉ុន្តែ​កសិករ​មិន​ខាតបង់​ទេ ។ លោក​ប្រាប់​ថា លោក​មាន​ដី​សម្រាប់​ដាំ​ដំណាំ​ស្ពៃ​ជាង​១​ហិ​កតា តែ​មិនមែន​ដាំ​តែ​ស្ពៃជើងទា​មួយ​មុខ​ទេ គឺ​មាន​ដាំ​​ស្ពៃក្ដោប និង​ស្ពៃ​ផ្កា​ផង​ដែរ ប៉ុន្តែ​ពេល​នេះ កសិករ​បាន​ចាប់ផ្ដើម​ប្រមូល​ផល​ស្ពៃជើង​ទា​មុនគេ ។

កសិករ​វ័យ​៤៥​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា ៖« កាលពី​ឆ្នាំ​មុន​ក្នុង​ខែ​នេះ តម្លៃ​ស្ពៃជើងទា​១​គីឡូ​ក្រាម​ថ្លៃ​១​ពាន់​រៀល ប៉ុន្តែ​ពេល​ខ្លះ​រក​ម៉ូយ​ទិញ​មិន​បាន​ទេ ។ ចំណែក​ឆ្នាំ​នេះ​វិញ តម្លៃ​ស្ពៃជើងទា ១​គីឡូក្រាម​ថ្លៃ​តែ​៧០០​រៀល​ប៉ុណ្ណោះ តែ​សម្បូរ​ម៉ូយ​ចាំ​ទិញ​ច្រើន ហើយ​ក៏​មិន​ទាន់​មាន​កសិករ​ណា​សល់​ស្ពៃ​ក្នុង​ចម្ការ​ដូច​ឆ្នាំ​មុន​ដែរ »​។

កសិករ​ម្នាក់​ទៀត លោក អ៊ា​ម ប៊ុ​ន​សាន អាយុ​៣៨​ឆ្នាំ បាន​រៀបរាប់​ដែរ​ថា នៅ​ឆ្នាំ​នេះ មិនមែន​មាន​តែ​កសិករ​ក្នុង​ឃុំ​បួរ​ទេ​ដែល​ដាំ​ស្ពៃ​កសិករ​មក​ពី​តាម​បណ្ដា​ស្រុក​ផ្សេង ក៏​បាន​មក​ជួល​ដី​ដាំ​ស្ពៃ​នៅ​ក្នុង​ឃុំ​បួរ​ផង​ដែរ ។ លោក​ថា កសិករ​ម្នាក់​ៗ​មាន​ដំណាំ​ស្ពៃ​ចម្រុះ​នេះ​រហូត​ដល់​ជាង​១​ហិ​កតា ប៉ុន្តែ​ស្ពៃជើងទា​ឆ្នាំ​នេះ​មិនសូវ​ល្អ​ទេ ដូច្នេះ​ទើប​លក់​បាន​តម្លៃ​ទាប​ជាង​ឆ្នាំ​មុន ។

លោក​ប៊ុ​ន​សាន អះអាង​ថា ៖« ពិតមែនតែ​តម្លៃ​ថោក​ជាង​ឆ្នាំ​មុន​បន្តិច ប៉ុន្តែ​សម្បូរ​ម៉ូយ​ចាំ​ទិញ និង​ទៅ​ចូល​ដឹក​ដល់​ចម្ការ​តែ​ម្ដង »​។ បើ​តាម​លោក​ធ្លាប់​ដាំ​ស្ពៃជើងទា​កន្លង​មក នៅ​លើ​ផ្ទៃដី​១​រៃ លោក​អាច​លក់​បាន​ប្រាក់​ជាង​៣​លាន​រៀល ហើយ​កាត់កង​ថ្លៃដើម គឺ​សល់​ប្រាក់​ចំណេញ​ជាង​ពាក់កណ្ដាល​ដែរ ប៉ុន្តែ​ឆ្នាំ​នេះ បើ​ទោះជា​ធ្លាក់​ថ្លៃ ក៏​កសិករ​មិន​ខាត​ដែរ ។

ជុំវិញ​ការ​លើក​ឡើង​របស់​កសិករ​ខាងលើ លោក កើត ចិន្តា មេឃុំ​បួរ ស្រុក​ភ្នំព្រឹក មាន​ប្រសាសន៍​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​នៅ​ក្នុង​ឃុំ​បួរ​ហាក់​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ដំណាំ​ស្ពៃ ។ បច្ចុប្បន្ន កសិករ​នៅ​ក្នុង​ឃុំ​របស់​លោក​ប្រមាណ​២០% បាន​នាំ​គ្នា​សម្រុក​ដាំ​ដំណាំ​ស្ពៃ​គ្រប់​ប្រភេទ បន្ទាប់​ពី​ប្រមូល​ផល​ស្រូវ ដំឡូង និង​ពោត​រួចរាល់ ។

ប៉ុន្តែ​លោក​មេឃុំ​បាន​ទទួលស្គាល់​ដែរ​ថា ឆ្នាំ​នេះ តម្លៃ​ស្ពៃជើងទា​ពិតជា​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន​មែន ។ លោក​ថា ៖«​ឆ្នាំ​នេះ ដំណាំ​ស្ពៃ​របស់​កសិករ​មិនសូវ​ល្អ​ទេ នេះ​បើ​តាម​លោក​ចុះ​ពិនិត្យ​ជាក់ស្ដែង ហើយ​ជួប​បញ្ហា​សត្វល្អិត​ទៀត » ។

លោក កើត ចិន្តា បន្ត​ថា បើ​តាម​របាយការណ៍​ក្នុងឆ្នាំនេះ កសិករ​នៅ​ក្នុង​ឃុំ​បួរ​បាន​ដាំ​ដំណាំ​ស្ពៃ​គ្រប់មុខ​នៅ​លើ​ផ្ទៃដី​ចន្លោះ​ពី​៣០ ទៅ​៤០​ហិ​កតា ប៉ុន្តែ​អ្វី​ដែល​កសិករ​ប្រឈម​បំផុត​នោះ គឺ​បញ្ហា​ប្រភព​ទឹក​ស្រោចស្រព ។

លោក​បញ្ជាក់​ថា ៖« ដំណាំ​កសិកម្ម​នៅ​ក្នុង​ឃុំ​បួរ គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រភព​ទឹកអូរ​ធម្មជាតិ ព្រោះ​ក្នុង​ឃុំ​ទាំងមូល​គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​ជា​ប្រភព​ទឹក​ប្រើប្រាស់​ទេ»​។

លោក​មេឃុំ​យល់​ថា បើ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ កសិករ​នៅ​ក្នុង​ឃុំ​នេះ​អាច​បង្កបង្កើន​ផល​តាម​រយៈ​ការ​ដាំ​ដំណាំ​កសិកម្ម​វិល​ជុំ​បាន​ច្រើន​រដូវ​ណាស់ ។ លោក​ក៏​បាន​អំពាវនាវ និង​សំណូមពរ​សុំ​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​ត្រួតពិនិត្យ និង​ដោះស្រាយ​ប្រព័ន្ធ​ស្រោចស្រព​នេះ​ផង ដើម្បី​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​បាន​បង្កបង្កើន​ផល​តាម​រយៈ​ការ​ដាំ​ដំណាំ​វិល​ជុំ សម្រាប់​រក​ចំណូល​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ