ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចជារឿងតែមួយទេករណីនេះ? ក្រោយស្លា.ប់២ របួសធ្ងន់១

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​២​នាក់​ស្លាប់ និង​ម្នាក់​ទៀតបាន​​រង​របួសធ្ងន់ ​កើត​ឡើង​​ក្នុង​ករណី​២​ផ្សេង​ៗ​គ្នា ក៏​ប៉ុន្តែ​ប្រភព​ខ្លះ​​និយាយ​ថា អាច​ជា​​រឿង​ទាក់ទងគ្នា​តែ​​មួយ ។ សេចក្តីរាយការណ៍​បន្ត​ថា…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មនុស្ស​២​នាក់​ស្លាប់ និង​ម្នាក់​ទៀតបាន​​រង​របួសធ្ងន់ ​កើត​ឡើង​​ក្នុង​ករណី​២​ផ្សេង​ៗ​គ្នា ក៏​ប៉ុន្តែ​ប្រភព​ខ្លះ​​និយាយ​ថា អាច​ជា​​រឿង​ទាក់ទងគ្នា​តែ​​មួយ ។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​ទី​១ គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ធ្នូ នេះ ស្ថិតលើ​ផ្លូវលំ ​ផ្ទះ​លេខ​០១ ឃុំ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​ពី​មាន​ជន​​​​មិន​ស្គាល់​មុខ​៥​នាក់ជិះម៉ូតូ​មក ​​ព្រួត​វាយសម្លាប់​នៅមុខផ្ទះ បណ្តាលឱ្យ​ម្នាក់​ស្លាប់ ម្នាក់​រងរបួសធ្ងន់ ។ ​ជន​រង​គ្រោះ​ដែលស្លាប់​​មាន​​ឈ្មោះ​សឿង សូ​រិ​យា អាយុ​២៨​ឆ្នាំ  ជា​អ្នក​លី​សែង មានស្រុក​កំណើត​នៅ​ខេត្តព្រៃ​វែង រីឯ​​​ម្នាក់​ទៀត ​ឈ្មោះ​សុ​វ៉ា​ន់​ណា​ក់ អាយុ​២៥​ឆ្នាំ របួសធ្ងន់ ជា​គ្រូបង្រៀន មានស្រុក​កំណើត​នៅ​ខេត្តបាត់​ដំបង ។

ទាក់ទិន​ករណី​នេះ គឺ​ត្រូវបាន​សង្ស័យ​អាច​ផ្តើម​ចេញ​​ពី​រឿង​គំនុំ ព្រោះ​កាលពី​វេលា​​​ប្រហែល​០៤​រសៀល​ថ្ងៃ​ទី​២៥ ធ្នូ​ ក្រោយ​ពី​ឈ្មោះ​សឿង សូ​រិ​យា (អ្នកស្លាប់​) ជិះ​ម៉ូតូ​ទៅ​យកប្រពន្ធ​មក​ពី​ផ្សារ​ទៅ​ផ្ទះវិញ​ ក៏​ត្រូវ​ក្រុម​អ្នក​​ផឹកស៊ី​ បាន​គប់​ដប​ទឹក​សុទ្ធ​ពីលើ​ខ្លួន ហើយ​ក៏​បាន​ជិះម៉ូតូ​ត្រឡប់​ទៅ​សួរនាំ​​ក្រុម​ទាំងនោះវិញ​ថា (ហេតុ​អី​ក៏​គប់​ដប​ទឹក​សុទ្ធលើ​ខ្លួនចឹង​​) ប៉ុន្តែ​​ពេលនោះ មិន​មាន​កើត​​​​ហិង្សា​អ្វី​នោះ​ទេ ។ លុះដល់​វេលា​កើតហេតុ ខណៈ​ជន​រង​គ្រោះ​​កំពុង​ឈរ​​មុខ​ផ្ទះ​ជួល​​នោះ ស្រាប់តែ​លេចមុខ​ក្រុម​​ជិះម៉ូតូ​​មកឈប់​ព្រួត​វាយ​ពួក​គេ ​បណ្តាលឱ្យ​​មាន​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួសធ្ងន់តែម្តង​ ​ហើយ​​ក្រុម​ទាំងនោះ​​ជិះ​​គេចខ្លួន​​​អស់​​ទៅ ។

ដោយឡែក ករណី​ទី​២​ គឺ​យុវជន​ម្នាក់​ឈ្មោះ​ធឿ​ន បុរី ហៅ​រាក់ អាយុ​១៧​ឆ្នាំ ត្រូវ​បាន​​ម្តាយ​ប្រទះ​ឃើញ​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​វីឡា​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​-​ឃុំ​ខាងលើ (​ដូច​ករណី​ទី​១) បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ​ដែល​ករណី​នេះ មាន​​អ្នក​ខ្លះ​និយាយ​​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នេះ ​គឺជា​ក្រុម​​ផឹកស៊ី​គប់​ដប​ទឹក​សុទ្ធ (​ជា​ភាគី​ម្ខាង​) ។

បើ​តាម​ស្តី​ម្តាយ​ជន​រង​គ្រោះ​ថា កាលពី​វេលា​ម៉ោងជាង​១២​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ធ្នូ កូនប្រុស​គាត់ (​ជន​រង​គ្រោះ​)បានដើរ​​ត្រឡប់​ពី​ផឹកស៊ី​​ក្នុងភូមិ​​​មកផ្ទះវិញ ​ហើយ​ឃើញ​​មាន​​​របួស​ក្បាល ។  គាត់​បាន​​សួរ​ទៅ​កូនប្រុស​គាត់​​ថា មានរឿង​អី? កូនប្រុស​គាត់​ឆ្លើយ​ថា មិន​អី​​ទេ ហើយ​​ឃើញ​​កូន​ដើរ​ចូល​​ទៅ​ក្នុង​បន្ទប់​ដេក​​បាត់​​ទៅ​ ។ លុះដល់​ម៉ោង​០៩​ព្រឹក មិនឃើញ​កូនប្រុស​​ងើបពីដេក​ ទៅ​​រក​មើល ស្រាប់តែ​​​ប្រទះ​ឃើញ​ស្លា​ប់​តែ​ម្តង ។

ទាំង​២​ករណី​នេះ ​សមត្ថកិច្ច​កំពុង​សង្ស័យ​​ថា អាច​ជា​រឿង​​តែ​មួយផ្តើម​ចេញ​ពីរឿងគំនុំ គ្រាន់តែ​​ជា​​ភាគីម្ខាង​​​ៗតែប៉ុណ្ណោះ  ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ។

អត្ថបទសរសេរ ដោយ