ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចរចា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ចប់​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង​ផ្លូវ​ល្បឿន​លឿន​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ចប់​ការ​ចរចា ហើយ​អាច​នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដែល​វា​នឹង​បញ្ចប់​ការ​ទន្ទឹងរង់ចាំ​ជា​យូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ…

រាជធានី​ភ្នំពេញ ៖ គម្រោង​ផ្លូវ​ល្បឿន​លឿន​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ចប់​ការ​ចរចា ហើយ​អាច​នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដែល​វា​នឹង​បញ្ចប់​ការ​ទន្ទឹងរង់ចាំ​ជា​យូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។

ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល បាន​ថ្លែង​ឲ្យ​ដឹង​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា ការ​ចរចា​ដើម្បី​ឈាន​ទៅ​សាងសង់​ផ្លូវ​ល្បឿន​លឿន ដែល​គ្រោង​ចំណាយ​ប្រាក់​២​ពាន់​លាន​ដុល្លារ បាន​បញ្ចប់​សព្វគ្រប់​អស់ហើយ នៅ​តែ​រង់ចាំ​ការ​ចុះហត្ថលេខា​ដើម្បី​ចាប់ផ្តើម​សាងសង់​ប៉ុណ្ណោះ ។ លោក​បន្ត​ថា ផ្លូវ​ល្បឿន​លឿន​នេះ នឹង​មាន​៤​គន្លង​ពីរ​ទៅ​ពីរ​មក និង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ។

បច្ចុប្បន្ន​ផ្លូវជាតិ​លេខ​៤​ចង្អៀត​ហើយ ហេតុនេះ​ការ​វិនិយោគ​លើ​ផ្លូវ​នេះ​ពិតជា​ដំណោះ​ស្រាយ​ដ៏​ល្អ​សម្រាប់​សម្រួលការ​ដឹក​ជញ្ជូន កាត់​បន្ថយ​ពេលវេលា​លើ​ការ​ធ្វើ​ដំណើរ និង​កាត់​បន្ថយ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន ។ ចំណែក​ខេត្ត​ព្រះ​សីហ​នុ ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ជាតិ​ដ៏​សំខាន់​មួយ ហេតុ នេះ​ការ​សាងសង់​ផ្លូវ​នេះ នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ។

ផ្លូវ​នេះ​មាន​ប្រវែង​១៩០​គីឡូម៉ែត្រ ដែល​តាម​គម្រោង​នឹង​សាងសង់​នៅ​ភាគ​ខាងជើង​ផ្លូវជាតិ​លេខ​៤​ចាស់ ។ វា​ជា​ប្រភេទ​ផ្លូវ​ល្បឿន​លឿន ដែល​មាន​គន្លង​រថយន្ត​អាច​បើកបរ​បាន​ពីរ​ខ្សែ ទាំង​ទៅ​ទាំង​មក ។

លោក វ៉ា ស៊ី​ម​សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ថា ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​មាន​សារសំខាន់​ណាស់ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច និង​សង្គម ព្រោះ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត យើង​ត្រូវ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ច្រើន ដើម្បី​សម្រួលការ​ដឹក​ជញ្ជូន និង​ពាណិជ្ជកម្ម​កម្ពុជា ។

លោក​បន្ត​ថា ៖« វា​ជា​អាយុជីវិត​ជាតិ វា​ជា​ការ​ជំរុញ​សេដ្ឋកិច្ចជាតិ​យើង​ដើម្បី​ឈាន​ទៅ​កាន់​កម្រិត​ថ្មី​មួយ » ។

តាម​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ មិន​អនុញ្ញាត​ឲ្យ​មាន​ផ្លូវ​ឆ្លងកាត់​ច្រើន​ទេ ព្រោះ​វា​ជា​ផ្លូវ​លឿន ហើយ​ផ្លូវ​នេះ​នឹង​មាន​របង ដែល​មិន​ឲ្យ​សត្វពាហនៈ​ឆ្លងកាត់​បាន​ឡើយ ។ នេះ​បើ​តាម​លោក សូ​រិ​យា បញ្ជាក់ ។

ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ថា ចង់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ត្រូវ​តែ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​រាជរដ្ឋាភិបាល​បាន​និង​កំពុង​វិនិយោគ​លើ​វិស័យ​នេះ ប៉ុន្តែ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅ​មាន​កម្រិត​នៅឡើយ ដែល​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​វិស័យ​នេះ​បន្ថែម​ទៀត ព្រោះ​បញ្ហា​ប្រឈម​របស់​កម្ពុជា​បច្ចុប្បន្ន គឺ​ការ​ដឹក​ជញ្ជូន​នៅ​មាន​តម្លៃ​ខ្ពស់ បើ​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ ។

លោក​បន្ត​ថា ៖« យើង​ត្រូវការ​វិនិយោគ​ច្រើន​ថែម​ទៀត ព្រោះ​ការ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ