ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹកនឹង​ចាប់ផ្តើម​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា ការ​ធ្វើ​ដំណើរ​តាម​កាណូត​ចេញពី​តំបន់​ភាគ​ខាងជើង​ក្រុងភ្នំពេញ​ទៅ​កាន់​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល នឹង​ចាប់ផ្តើម​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ។ លោក វ៉ា…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ថ្លែង​ថា ការ​ធ្វើ​ដំណើរ​តាម​កាណូត​ចេញពី​តំបន់​ភាគ​ខាងជើង​ក្រុងភ្នំពេញ​ទៅ​កាន់​ក្រុង​តា​ខ្មៅ ខេត្ត​កណ្តាល នឹង​ចាប់ផ្តើម​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ។

លោក វ៉ា ស៊ី​ម​សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​ខាងលើ​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​​ថ្ងៃ​ទី​២៥ ធ្នូ ថា បច្ចុប្បន្ន នាយកដ្ឋាន​ជំនាញ​នានា​កំពុង​រៀបចំ​ផែនការ​នេះ ព្រោះ​តាម​អ្វី​ដែល​លោក​ទេស​រដ្ឋមន្ត្រី​ចង់បាន គឺ​ធ្វើ​យ៉ាងណា ឲ្យ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ដំណើរ​ការ​បាន មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ​។ លោក​បន្ត​ថា នាយកដ្ឋាន​ជំនាញ​កំពុង​សិក្សា​ពី​ការ​ធ្វើ​កាណូត​ដឹក​ជញ្ជូន​នៅ​ក្នុងស្រុក ជា​ជាង​ទិញ​កាណូត​នាំ​ចូល​ពី​ប្រទេស​ជិតខាង ព្រោះ​វា​មាន​ភាព​ស្មុគស្មាញ​ច្រើន​លើ​បែបបទ និង​នីតិវិធី​នានា ។

លោក​បន្ត​ថា តាម​គម្រោង ក្រសួង​រៀបចំ​កំពង់​ផែ​ចំនួន​១៨​ទីតាំង ដោយ​ចេញពី​តំបន់​ព្រែក​ព្នៅ មក​កាន់​ក្រុង​តា​ខ្មៅ ប៉ុន្តែ​ជំហាន​ដំបូង ធ្វើ​តែ​២​ទៅ​៣​កំពង់​ផែ​សិន ដើម្បី​ដំណើរ​ការ​សាកល្បង ។

ទោះជា​យ៉ាងណា លោក វ៉ា ស៊ី​ម​សូ​រិ​យា មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទំហំ​ថវិកា​ត្រូវ​ចំណាយ​សម្រាប់​វិនិយោគ​ក្នុង​គម្រោង​នេះ​ទេ ។

លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ក្រសួង​មាន​កញ្ចប់​ថវិកា​មួយ​ចំនួន​រួច​ហើយ ដើម្បី​រៀបចំ​កំពង់​ផែ​តូច​ៗ ធ្វើ​ជា​ចំណត​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ចេញពី​តំបន់​ព្រែក​ព្នៅ ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ លោក​បន្ត​ថា ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹកនឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ និង​ការ​កកស្ទះ​ចរាចរណ៍ ព្រោះ​វា​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​មួយទៀត ដែល​ក្រសួង​កំពុង​គិតគូរ ។

លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម បាន​ថ្លែង​ថា បច្ចុប្បន្ន យើង​មាន​កាណូត​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​ហើយ ប៉ុន្តែ​ភាគច្រើន​ជា​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​កម្សាន្ត ប៉ុន្តែ​នេះ​ជា​គម្រោង​ដឹក​ជញ្ជូន​ធម្មតា ដែល​វា​ជា​ការ​ផ្តល់​ជម្រើស​ធ្វើ​ដំណើរ​ផ្សេង​ទៀត​ដល់​អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​គោលដៅ​ទាំងនោះ ។

លោក​បន្ត​ថា ៖« ទោះជា​យ៉ាងណា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក មាន​បញ្ហា​ប្រឈម​ច្រើន​ជាង​ផ្លូវគោក ។ ហេតុនេះ ការ​រៀបចំ​កំពង់​ផែ​ឲ្យ​បាន​ល្អ និង​គិតគូរ​ពី​សុវត្ថិភាព​មាន​សារសំខាន់​ណាស់ ដើម្បី​បញ្ចៀស​ហានិភ័យ​នានា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ