ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​រយៈពេល​3​ថ្ងៃ ទទួល​បាន​ចំណូល​25​លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អះអាង​ថា ប្រជាពលរដ្ឋ​បាន​ចំណាយ​ប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ​ចូលរួម​កម្សាន្ដ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ។ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អះអាង​ថា ប្រជាពលរដ្ឋ​បាន​ចំណាយ​ប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ​ចូលរួម​កម្សាន្ដ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ម្សិលមិញ​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ ដែល​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២ ដល់​២៤ ធ្នូ កន្លង​មកនេះ មាន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ទៅ​ទស្សនា​កម្សាន្ត​ចំនួន​ប្រមាណ​៥០​ម៉ឺន​នាក់ ហើយ​ពួក​គេ​ចំណាយ​ប្រាក់​ក្នុង​ម្នាក់​គិត​ជា​មធ្យម​៥០​ដុល្លារ​អា​មេ​រិ​ក ដែល​ស្មើនឹង​ប្រមាណ​២៥​លាន​ដុល្លារ ។

លោក​បន្ត​ថា ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​នេះ មានការ​ចូលរួម​ពី​អាជីវករ ប្រតិបត្តិ​ករ​ទេសចរណ៍​ជាង​៥០០​ស្តង់ ក្នុង​នោះ​ស្តង់​លក់​ផលិតផល​ក្នុងស្រុក​មាន​ជាង​៣០០​ស្តង់ និង​ស្តង់​ផលិតផល​ថៃ​មាន​ជិត​២០០​ស្តង់ ។

លោក​បន្ត​ថា ៖« ការ​ចំណាយ​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​មាន​ចំនួន​ច្រើន ប៉ុន្តែ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ក៏​បាន​ទទួល​ចំណូល​ច្រើន​ផង​ដែរ​ពី​ការ​ឧបត្ថម្ភ​នានា » ។

ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប គឺជា​ការ​ប្រារព្ធ​លើក​ទី​៦ ជុំ​ទី​២ បន្ទាប់​ពី​កម្ពុជា​បាន​ដាក់​បញ្ចូល​ឆ្នេរសមុទ្រ​ទៅ​ក្នុង​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក​កាលពី​ឆ្នាំ​២០១២ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ ពិតជា​មាន​សារសំខាន់​ណាស់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពី​សមុទ្រ និង​ចូលរួម​ថែរក្សា​បរិស្ថាន​សមុទ្រ​ឲ្យ​បាន​ស្អាត និង​និរន្តរភាព ពិសេស​ជា​ការ​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​តំបន់ឆ្នេរ​ទៅ​កាន់​ពិភពលោក ឲ្យ​បាន​ស្គាល់​ច្រើន​ថែម​ទៀត ។

លោក​បន្ត​ថា ៖« ពិធី​នេះ​ក៏​ជា​ការ​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​សហគមន៍​ជុំវិញ​តំបន់​នោះ ដោយ​ពួក​គេ​អាច​លក់​ផលិតផល​របស់​ពួក​គេ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ»។

លោក​បន្ថែម​ថា ៖« វិស័យ​ទេសចរណ៍​ជា​វិស័យ​ស្នូល​មួយ​ក្នុង​ការ​បង្កើត​សកម្មភាព​សេដ្ឋ​កិច្ច ដោយ​ភ្ញៀវ​ទេសចរ​ទៅ​ដល់​ទីណា សកម្មភាព​សេដ្ឋកិច្ច​បាន​បង្កើត​ឡើង​នៅ​ទីនោះ»។

អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​នីមួយ​ៗ​ពង្រឹង​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ​ប្រសើរ​ដល់​ភ្ញៀវ​ទេសចរ ពិសេស​បង្កើត​ឲ្យ​មាន​ផលិតផល​សម្រាប់​លក់​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ព្រោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ពេល​ពួក​គេ​ទៅ​ទស្សនា​នៅ​ខេត្ត​ណា​មួយ ពួក​គេ​តែងតែ​ចង់​ទិញ​ផលិតផល ដែល​សម្គាល់​អត្តសញ្ញាណ​របស់​ជនជាតិ​នោះ​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ ។

សម្តេច​បន្ត​ថា ជាមួយ​គ្នា​នេះ សូម​បង្កើត​ឲ្យ​មាន​ខ្សែក្រវាត់​បៃតង តាម​រយៈ​ការ​ដាំ​បន្លែ ការ​​ចិញ្ចឹមសត្វ និង​ផលិតផល​នានា ដើម្បី​ផ្គត់ផ្គង់​ភោជនីយដ្ឋាន និង​សេវាកម្ម​ម្ហូបអាហារ​នានា ដែល​មាន​តម្រូវការ​ជា​ប្រចាំ​នូវ​ផលិតផល​ទាំងនោះ និង​បាន​អំពាវនាវ​ឲ្យ​អ្នក​វិនិ​យោគ​លើ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នានា​គាំទ្រ​ផលិតផល​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ