ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ឱ្យ​ប្រយ័ត្ន ជាមួយ​ឥទ្ធិពល​ព្យុះ «​គឹ​ម​ប៊ិ​ន​» មក​លើ​កម្ពុជា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ឥទ្ធិពល​របស់​ព្យុះ​តឹ​ម​ប៊ិ​ន​(TEMBIN)​មក​លើ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ត្រូវ​បាន​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ធ្នូ​ថា បន្ទាប់​ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ឃើញ​ថា ​៖ ព្យុះ​ទី​២៧​ឈ្មោះ តឹ​ម​ប៊ិ​ន បាន​វិ​វត្ត​ខ្លួន​ទៅ​ជា​ព្យុះ​ទី​ហ្វុ​ង​កំរិត​ទី​១…

រាជធានី​ភ្នំពេញ ៖ សេចក្តីជូនដំណឹង​បន្ថែម​ស្តី​ពី​ឥទ្ធិពល​របស់​ព្យុះ​តឹ​ម​ប៊ិ​ន​(TEMBIN)​មក​លើ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ត្រូវ​បាន​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ធ្នូ​ថា បន្ទាប់​ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក​ឃើញ​ថា ​៖ ព្យុះ​ទី​២៧​ឈ្មោះ តឹ​ម​ប៊ិ​ន បាន​វិ​វត្ត​ខ្លួន​ទៅ​ជា​ព្យុះ​ទី​ហ្វុ​ង​កំរិត​ទី​១ ។

យោង​តាម​ការ​ព្យាករណ៍​បាន​បង្ហាញ​ថា​៖ ១-​ព្យុះ​តឹ​ម​ប៊ិ​ន​នឹង​ធ្វើ​ដំណើរ​មក​ដល់​ឆ្នេរ​ប្រទេស​វៀតណាម​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ធ្នូ រួច​បន្តដំណើរ​មក​កាន់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​ក្នុង​ប្រទេស​វៀតណាម ។២-​ព្យុះ​តឹ​ម​ប៊ិ​ន​នឹង​មាន​ឥទ្ធិពល​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​បង្ក​ឱ្យ​មាន​ខ្យល់​បក់​បោក​ខ្លាំង លាយឡំ​ជាមួយ​ភ្លៀង​ខ្លាំង​នៅ​លើ​ផ្ទៃសមុទ្រ​និង​តំបន់ឆ្នេរ ព្រមទាំង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​ក្របខណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ។

សេចក្តី​ប្រកាស​នេះ​ ក៏​បាន​សូម​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ និង​បាន​អំពាវនាវ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ពិសេស​​ចំពោះ​បងប្អូន​ប្រជា​នេសាទ​គួរ​ផ្អាក​សកម្មភាព​ចាប់ពី​ល្ងាច​ថ្ងៃ​ទី​២៥ ធ្នូ រហូត​ដល់​ស្ថានភាព​អា​កាស​ធាតុ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ។ ដោយឡែក​ប្រទេស​ដែល​កំពុង​ប្រឈម​មុខ​នឹង​ឥទ្ធិពល​ព្យុះ​នេះ ​គឺ​ប្រទេស​​វៀតណាម​ដែល​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុង​ហូ​ជី​មិ​ញ​ឱ្យ​ដឹង​ថា តាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ នៅ​ភាគ​ខាងត្បូង​វៀតណាម​អាជ្ញាធរ​កំពុងធ្វើការ​ជម្លៀស​ប្រជាជន​យ៉ាង​បន្ទាន់ សរុប​ប្រមាណ​ជិត​១​លាន​នាក់​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព ខណៈ​ព្យុះ​ទី​ហ្វុ​ង តឹ​ម​ប៊ិ​ន (Tembin) កំពុង​តែ​សំដៅ​មក ក្រោយ​ពី​បាន​សម្លាប់​ប្រជាជន​ហ្វី​លី​ន​អស់​ប្រមាណ​២០០​នាក់ កាលពី​ស​ប្តា​ហ៍​មុន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី​ន​ហួរ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ធ្នូ ។

តាម​ប្រភព​ព័ត៌មាន​នេះ​បាន​បន្ត​ទៀត​ថា ក្នុង​សង្កាត់ Can Gio ទីក្រុង​ហូ​ជី​មិ​ញ​តែ​មួយ ប្រជាជន​សរុប​ជាង​៥,០០០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​ចេញ ខណៈ​ដែល​ខេត្ត Bav Lieu មនុស្ស​រហូត​ដល់​ទៅ ៣៦៦,​០០០​នាក់ ត្រូវ​បាន​ជម្លៀស ។ បន្ថែម​ពី​នេះ​ខេត្ត Ba Ria Vung Tau, Ca Mau, Soc Trang និង​Hau Giang នៅ​ភាគ​ខាងត្បូង សរុប​ចូល​គ្នា​មាន​ប្រជាជន​ជិត​១​លាន​នាក់​ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទីតាំង​មាន​សុវត្ថិភាព ។មានការ​កត់​សម្គាល់ថា​កាលពី​ឆ្នាំទៅ​ព្យុះ​ទី​ហ្វុ​ង​លី​ន​ដា​(Linda)​បាន​បណ្តាល​ឱ្យ​មនុស្ស​រហូត​ដល់​៣,០០០​នាក់​ស្លាប់ និង​បាត់​ខ្លួន ។ នៅ​ឆ្នាំ​២០១៧​នេះ ព្យុះ​កំណាច​ចំនួន​១៥​ហើយ​បាន​វាយប្រហារ​វៀតណាម​ដោយ​បាន​ផ្តាច់ជីវិត​មនុស្ស​៣៨៦​នាក់ និង​ខូចខាត​សេដ្ឋកិច្ច​អស់​ប្រមាណ​២.៦​ពាន់​លាន​ដុល្លារ ។

ទាក់ទិន​និង​ព្យុះ​ទី​ហ្វុ​ង​TEMBIN​ដែល​បាន​វាយប្រហារ​ប្រទេស​ហ្វ៊ី​លី​ពី​ន​កាលពី​យប់​ថ្ងៃ​ទី​២៣ ធ្នូ តុល្យការ​នៃ​ការ​បាក់​ដី និង​ទឹកជំនន់​បណ្តាល​ឱ្យ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​២០០​នាក់ ។ ចំណែក​មនុស្ស​ជា​ច្រើន​សិប​នាក់​ទៀត​ត្រូវ​បាត់​ខ្លួន​ក្រោយ​ពេល​ព្យុះ​TEMBIN វាយប្រហារ​លើ​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន ហើយ​បណ្តាល​ឱ្យ​មាន​​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​តំបន់​នោះ​ចាប់តាំងពី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ មក ។ក្រុមប្រឹក្សា​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន​កំពុង​តែ​ប្រមូល​ព័ត៌មាន​ទាំងឡាយ ដែល​ទាក់ទិន​ដល់​តំបន់​រង​ការ​រាតត្បាត​ដោយ​ព្យុះ ។ អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​នេះ លោកស្រី ROMINA MARASIGAN ថ្លែង​នា​ពេល​មុន​នេះ​ថា ក្រុមប្រឹក្សា​ទទួល​បាន​ព័ត៌មាន​ក្រៅផ្លូវការ​ទាំងឡាយ​ដែល​ថា មនុស្ស​៧៥​នាក់​ស្លាប់ ហើយ​៥៨​នាក់​បាត់​ខ្លួន​ក្នុង​តំបន់ ។

មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​ទឹកជំនន់​នាំ​ចូល​ទៅ​ក្នុង​សមុទ្រ ព្រោះ​ទឹកជំនន់​មាន​សភាព​ខ្លាំងក្លា​ជា​ពិសេស​មក​ពី​ទឹកសមុទ្រ​ជោរ​ខ្លាំង ។ លោក LUIS OCHOTORENA អ្នក​ទទួលខុសត្រូវម្នាក់​របស់​ភ្នាក់ងារ​ជួយ​សង្គ្រោះ​និយាយ​ថា មនុ​ុ​ស្សទាំង​ឡាយ​ពុំ​សូវ​ចាប់អារម្មណ៍​ចំពោះ​ការប្រកាស​អាសន្ន ព្រោះ​ពួក​គេ​គិត​ថា ព្យុះ​នោះ​​គ្រាន់តែ​ជា​ព្យុះ​ខ្សោយ​មួយ​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​វា​បង្ក​ឱ្យមាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​បំផុត ។ វិ​សម្ពាធ​មួយ​ដែល​មាន​ខ្យល់​បោកបក់​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បាន​រំកិល​ឆ្ពោះទៅ​ទិស​ខាងលិច​សំដៅ​សមុទ្រ ហើយ​ត្រូវ​ចេញ​ផុត​ពី​ហ្វ៊ី​លី​ពី​ន​នា​ថ្ងៃ​ទី​២៥ ធ្នូ ។

នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ឧតុនិយម​ជាតិ​ហ្វ៊ី​លី​ពី​ន ។ក្នុង​១​ឆ្នាំ​ៗ​មាន​ព្យុះ​ទី​ហ្វុ​ង​គិត​ជា​មធ្យម​ប្រមាណ​ជា​២០​បាន​វាយប្រហារ​លើ​ហ្វ៊ី​លី​ពី​ន ។ មុន​នេះ​ព្យុះ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤៦​នាក់​រួច​ហើយ​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ភាគ​កណ្តាល​ប្រទេស​នេះ ។ កាលពី​ឆ្នាំ​២០១៣ មហា​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ HAIYAN បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដល់​ទៅ​៨.០០០​នាក់ ហើយ​ធ្វើ​ឱ្យ​មនុស្ស​២០០.០០០​គ្រួសារ​បាត់បង់​ទីជម្រក ៕ សហការី