ត្រី​ត្រូវ​ជាង​២​ម៉ោង​រួច​ស្ងប់​ទៅ​វិញ ដោយសារ​អាកាសធាតុ​ប្រែប្រួល


ខេត្តកំពង់ឆ្នាំង ៖ ត្រី​ប្រហុក​ចាប់ផ្តើម​ត្រូវ នៅ​ព្រឹក​ថ្ងៃ​៨ កើត ខែបុស្ស ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ នេះ​នៅ​ចំណុច​ភូមិ​កំពង់​ប្រសាទ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច​។ ចំណែក​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង ក៏​ត្រូវ​ត្រី​ប្រហុក​ដូច​ជា​គ្នា​ដែរ ជាមួយ​គ្នា​នេះ​ដោយ​មាន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី​បាន​នាំ​គ្នា​សំដៅ​ទៅ​ទីតាំង ណា​ដែល​ជិត​លំនៅ​ដ្ឋា​ន ដើម្បី​ធ្វើ​ត្រី​ប្រហុក​រៀង​ៗ​ខ្លួន​។ សម្រាប់​នៅ​មាត់​កំពង់ទឹក ភូមិ​កំពង់​ប្រសាទ​វិញ ប្រជាពលរដ្ឋ​មក​ពី​តំបន់​ស្រុកលើ​មាន ឃុំ​ចោ​ង​ម៉ោង ឃុំ​ក្បាលទឹក និង​ឃុំ​ជៀប ស្រុក​ទឹកផុស ក៏​បាន​នាំ​គ្នា​មក​ធ្វើ​ត្រី​ប្រហុក​ដែរ​។ ក្រៅពី​ប្រជាពលរដ្ឋ នៅ​ខេត្តកំពង់ឆ្នាំង​ក៏​មាន​ប្រជាពលរដ្ឋ​មក​ពី​ខេត្តកណ្តាល និង​ខេត្តកំពង់ស្ពឺ ក៏​បាន​ធ្វើ​ត្រី​ប្រហុក​នៅ​ចំណុច​ភូមិ​កំពង់​ប្រាសាទ​ដែរ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​ត្រី​ប្រហុក​មាន​តម្លៃ​ប្រហាក់ប្រហែល​ឆ្នាំ​មុន​ដែរ ប៉ុន្តែ​ខុស​ត្រង់​ថា ត្រី​ប្រហុក​ឆ្នាំ​នេះ​ល្អជា​ឆ្នាំ​មុន​។ សម្រាប់​ត្រី​តូច​១​គីឡូក្រាម​ថ្ងៃ​១២០០​រៀល ត្រី​ធំ​បន្តិច​១​គីឡូ ២០០០​ទៅ​២៥០០​រៀល ត្រី​ច្រកែង និង​ត្រី​ឆ្វៀត សម្រាប់​ធ្វើ​ផ្អក ១​គីឡូក្រាម​ថ្ងៃ​៤០០០​រៀល​។

បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ បាន​បញ្ជាក់​ថា គាត់​ធ្វើ​ប្រហុក​បាន​៦០​គីឡូក្រាម ហើយ​តែ​មិន​ទាន់​ត្រឡប់​ទៅ​វិញ​ទេ ព្រោះ​មួយ​ឆ្នាំ​គ្រួសារ​គាត់​ត្រូវការ​ប្រហុក ១០០​គីឡូក្រាម ខ្លះ​ទៀត​ថា ធ្វើ​តែ​៥០​គីឡូក្រាម ចំណែក​ខ្លះ​ទៀត​ទើប​មក​ដល់​ប្រាប់​ថា ឆ្នាំ​នេះ​គាត់​ត្រូវធ្វើ​ត្រី​ប្រហុក​ទុក​ឲ្យ​បាន​ច្រើន ព្រោះ​ទុក​សម្រាប់​ដូរ​ស្រូវ​នៅ​រដូវប្រាំង​ជាដើម​។ ជាមួយ​គ្នា​នេះ​ដែរ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា​៖ ត្រី​ប្រហុក​បាន​ចាប់ផ្តើម​ត្រូវ​រាយ​ប៉ាយ តាំងពី​១​កើត ខែបុស្ស ប៉ុន្តែ​មិន​ច្រើន​ទេ ហើយ​ត្រី​ទើបបាន​ចាប់ផ្តើម​ត្រូវ​ខ្លាំង នៅ​ម៉ោង​ប្រហែល​៩​ព្រឹក ថ្ងៃ​ទី​២៥ ខែធ្នូ នេះ ប៉ុន្តែ​ត្រូវ​បាន​តែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ បាន​ឈប់​ត្រូវ​ទៅ​វិញ​ដោយសារ​មេឃងងឹត​អាប់អួរ បើសិន​ថ្ងៃស្អែក (៩​កើត ខែបុស្ស​) មេឃ​ស្រឡះ​ល្អ ត្រី​នឹង​ត្រូវ​ច្រើន​ជាង​នេះ​។

លោក​បាន​បញ្ជាក់​ថា ក្នុង​មង​បណ្តែត​មួយ​ខ្សែ ដែល​ប្រជាពលរដ្ឋ​បណ្តែត​ក្នុង​១​ជើង បាន​ពី​៤០​ទៅ​៥០​គីឡូក្រាម ក្នុង​រយៈពេល​ជាង​២​ម៉ោង ដែល​ត្រី​ត្រូវ​ខ្លាំង​នេះ ហើយ​ប្រជាពលរដ្ឋ បណ្តែត​បាន​តែ​ម្នាក់​២​ឬ​៣​ជើង ត្រី​ក៏​ស្ងប់​ទៅ​វិញ​ដោយសារ​អាកាសធាតុ​ប្រែប្រួល​។ ជាមួយនឹង​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​ទិស​ទី មក​ធ្វើ​ត្រី​ប្រហុក​នេះ​ដែរ លោក ន​ន ស៊ី​ណាត អធិការ​ស្រុក​កំពង់ត្រឡាច បាន​ឲ្យ​ដឹង​ថា ដើម្បី​រក្សា​សុវត្ថិភាព​ប្រជាពលរដ្ឋ​មក​ធ្វើ​ប្រហុក លោក​បាន​ចាត់​កម្លាំង​សមត្ថកិច្ច​នគរបាល​ចេញ​ល្បាត និង​សហ​ការណ៍​ជាមួយ​ប្រជា​ការពារ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឈរជើង​តាម​គោលដៅ រួម​នឹង​បាន​ដាក់​កម្លាំង​រៀបចំ​សណ្តាប់ធ្នាប់​ដើម្បី​សម្រួល​ចរាចរណ៍ មិន​ឲ្យ​កកស្ទះ​តាម​ចំណុច​ដែល​មាន​ប្រជាពលរដ្ឋ​ច្រើន ។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​មក​ធ្វើ​ត្រី​ប្រហុក​ដោយ​រទេះគោ សូម​ប្រុង​ប្រយ័ត្ន​សត្វ​គោ ក្របី​របស់​ខ្លួន កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ព្រោះ​ការពារ​វា​ប្រសើរ​ជាង​ការ​បាត់បង់​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ