ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដាប់​ភាគី​3​នាក់​និយាយ ក្រោយ​ជំនួប​សងសឹក រឿ​ម វណ្ណៈ និង​ភុ​ន សោ​ភ័​ណ្ឌ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ធ្នូ ត្រូវ​បាន​បញ្ចប់​យ៉ាង​សោះកក្រោះ​លាយឡំ​ដោយ​ការ​ខកចិត្ត​បំផុត​សម្រាប់​អ្នកគាំទ្រ និង​កីឡាករ​រឿ​ម វណ្ណៈ ខ្លួនឯង បន្ទាប់​ពី​ជើង​ខ្លាំង​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើងឯក​រង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នា​ពេល​កន្លង​មក​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ ទីបំផុត ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ធ្នូ ត្រូវ​បាន​បញ្ចប់​យ៉ាង​សោះកក្រោះ​លាយឡំ​ដោយ​ការ​ខកចិត្ត​បំផុត​សម្រាប់​អ្នកគាំទ្រ និង​កីឡាករ​រឿ​ម វណ្ណៈ ខ្លួនឯង បន្ទាប់​ពី​ជើង​ខ្លាំង​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើងឯក​រង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​នា​ពេល​កន្លង​មក​រូប​នេះ ប៉ះ​ប្រកួត​ជាមួយ​ដៃគូ​ចាស់​ជា​ថ្មី គឺ កីឡាករ ភុ​ន សោ​ភ័​ណ្ឌ ហើយ​បាន​ត្រឹមតែ​លទ្ធផល​ស្មើ​យ៉ាង​វេទនា បើ​ធៀប​នឹង​ការ​ប្រកួត​កាលពី​លើក​មុន​ៗ​នោះ ។

នេះ​ជា​ជំនួប​លើក​ទី​៣​របស់​ពួក​គេ ក្នុង​ពេល​ដែល​២​លើក​មុន គឺ ភុ​ន សោ​ភ័​ណ្ឌ ជា​អ្នក​មាន​ប្រៀប ដោយសារ​តែ​គេ​បាន​ឈ្នះ​ម្ដង និង​ស្មើ​ម្ដង រហូត​ដល់​ថ្នាក់​គណៈកម្មការ​ប្រដាល់​សម្រេច​ឱ្យ​រឿ​ម វណ្ណៈ ឡើង​សងសឹក​ស្របគ្នា​ដែល​មានការ​កត់​សម្គាល់ថា កីឡា​ករ​ម្ខាង​ទៀត​មានការ​ធ្លាក់ដៃ​ជាង​មុន ប៉ុន្តែ​ចុង​ក្រោយ​កីឡាករ​រឿ​ម វណ្ណៈ បែរជា​បាន​ត្រឹម​ស្មើ​ទាំង​ចាញ់​ប្រៀប​គូប្រកួត​ដាច់​តែ​ម្ដង ។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ពេញ​រយៈពេល​៥​ទឹក ម្នាក់​ៗ​បាន​កត់សម្គាល់​ឃើញ​ថា កីឡាករ​រឿ​ម វណ្ណៈ ទទួលលទ្ធផល​មិន​ខុស​ពី​ការ​ប្រកួត​កាលពី​កីឡាករ​រូប​នេះ ប៉ះ​ភុ​ន សោ​ភ័​ណ្ឌ លើក​ទី​១​នោះ​ទេ បើ​ទោះជា​លទ្ធផល​គ្រានោះ​គឺ​រឿ​ម វណ្ណៈ ចាញ់​ពិន្ទុ ហើយ​ការ​ប្រកួត​នា​គ្រានេះ គឺ​បាន​ស្មើ​ពិន្ទុ​ក្រោយ​បញ្ចប់​៥​ទឹក ។

ហេតុផល​ដែល​មានការ​លើក​ឡើង​បែប​នេះ គឺ​ដោយសារ​តែ​គេ​បានឃើញ​រឿ​ម វណ្ណៈ ចាញ់​ប្រៀប​គូប្រកួត​ដាច់​ដោយ​មាន​ទាំង​អ្នកខ្លះ​យល់​ថា ការ​ចាប់កំហុស​កីឡាករ ភុ​ន សោ​ភ័​ណ្ឌ គឺជា​ការ​យិ​ត​យោង​ការ​បាក់មុខ​របស់​រឿ​ម វណ្ណៈ នោះ​ផង ។ គិត​ពី​ប្រវត្តិ​នៃ​ការ​ប៉ះ​គ្នា​កាលពី​លើក​ទី​១ កីឡាករ ភុ​ន សោ​ភ័​ណ្ឌ គឺជា​អ្នក​នាំមុខ​ដោយ​ជ័យជម្នះ ក្នុង​ពេល​ដែល​លើក​ទី​២​អ្នក​ទាំង​ពីរ​ទទួល​បាន​ត្រឹម​ស្មើ តែ​លទ្ធផល​ស្មើ​ពិន្ទុ​នៅ​ក្នុង​ពេល​នោះ​គេ​អាច​និយាយ​បាន​ថា​ល្អ​ជាង​លើក​នេះ​ឆ្ងាយ​ណាស់ ដោយសារ​តែ​ក្នុង​ពេល​នោះ រឿ​ម វណ្ណៈ និង​ភុ​ន សោ​ភ័​ណ្ឌ ពិតជា​រក​ចំណុច​ចាញ់​ឈ្នះ​គ្នា​អត់​បាន​មែន ។

ងាក​មក​កាន់ការ​ប្រកួត​ដែល​ទើប​បញ្ចប់​ជា​លើក​ទី​៣​នេះ​វិញ កីឡាករ រឿ​ម វណ្ណៈ មិនមែន​ឡើង​មក​សងសឹក​នោះ​ទេ ដោយសារ​តែ​ការ​ប្រកួត​ទាំងមូល គឺ​មើលទៅ​ចាញ់​ប្រៀប​ដាច់​ឆ្ងាយ​តែ​ម្ដង​បើ​ធៀប​នឹង​លទ្ធផល​ដែល​គេ​ធ្លាប់​ទទួល​បាន​ស្មើ​ដូច​គ្នា​កាលពី​លើក​មុន ។ ស្ថិត​ក្នុង​ទឹក​ទី​១ គេ​ឃើញ​កីឡាករ​ទាំង​២​ប្រដំប្រសង​គ្នា​រក​ចំណុច​ឈ្នះ​ចាញ់​មិនឃើញ​នោះ​ទេ គឺ​រហូត​ដល់​ទឹក​ទី​២​ទើប​គេ​ឃើញ​ឱកាស​ឈ្នះ​ប្រៀប​ចាប់ផ្ដើម​លេច​ឡើង​ទៅ​លើ​កីឡាករ​បង្គោល​ក្រហម​ភុ​ន សោ​ភ័​ណ្ឌ ។

យ៉ាងណាមិញ នៅ​ទឹក​ទី​៣ និង​ទឹក​ទី​៤ កីឡាករ រឿ​ម វណ្ណៈ ត្រូវ​គូប្រកួត​វាយ​ត្រូវ​ឡើង​ទក់​សាច់​តែ​ម្ដង ដោយ​អ្នកគាំទ្រ​ភាគច្រើន​បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា ឱកាស​សងសឹក​របស់​គេ​សម្រាប់​ការ​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥​នេះ គឺ​នឹង​ខាតដើម​ខាតចុង​នោះ​ផង ។ នៅ​ក្នុង​អំឡុង​ទឹក​ទី​៤​នោះ កីឡាករ​រឿ​ម វណ្ណៈ ក៏​ត្រូវ​គេ​ឃើញ​វាយ​ថែម​ទៅ​លើ​គូប្រកួត​មួយ​ដៃ​ពេញ​ទំហឹង​បណ្ដាល​ឱ្យ​ភុ​ន សោ​ភ័​ណ្ឌ មាន​បំណង​ធ្វើ​សន្លប់​ដើម្បី​ចាប់កំហុស​ទៅ​លើ​គូប្រកួត ប៉ុន្តែ​ដោយសារ​តែ​ខាង​គណៈកម្មការ​មិន​មានការ​ចាប់កំហុស​ចំពោះ រឿ​ម វណ្ណៈ ទើប​ការ​រាប់​មួយ​លើក​របស់​ភុ​ន សោ​ភ័​ណ្ឌ ក្លាយជា​ការ​កាត់​ពិន្ទុ​ទៅ​វិញ ដោយ​ខាង​គណៈកម្មការ​បាន​អះអាង​ថា សម្រេច​កាត់​ពិន្ទុ​ដោយសារ​តែ​កីឡាករ​រូប​នេះ​ធ្វើ​ស្ទីល​ដេក​ដួល​រមួល​ផ្សំ​គ្រេច ដែល​មិន​សមជា​ទឹកចិត្ត​កីឡាករ ។

ឈាន​ដល់​ទឹក​ទី​៥ អ្នក​ទាំង​ពីរ​អត់​មាន​វាយ​គ្នា​ស្ទើរតែ​ពេញ​មួយ​ទឹកតែ​ម្ដង ដោយសារ​តែ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​ហត់​រៀងខ្លួន ហើយ​អាច​និយាយ​បាន​ថា​លែង​មាន​កម្លាំង​ស៊ូ ។ ការ​ប្រកួត​នេះ ត្រូវ​គេ​មើលឃើញ​ថា កីឡាករ​បង្គោល​ក្រហម ភុ​ន សោ​ភ័​ណ្ឌ នឹង​ឈ្នះ​១០០​ភាគរយ ដោយសារ​តែ​ការ​ប្រកួត​៥​ទឹក​គេ​ឈ្នះ​៣​ទឹក​ពេញ ហើយ​ជា​លទ្ធផល​ដែល​ឈ្នះ​ដោយ​បច្ចេកទេស​យ៉ាង​ល្អ​តែ​ម្ដង ជា​ពិសេស​គឺ​កម្លាំង​វាយ​ម៉ាត់​របស់​គេ គឺ​សឹងតែ​មិន​មាន​មួយ​ស្នៀត​ណាមួយ​ដែល​វាយ​មិន​ត្រូវ​គោលដៅ​ទៅ​លើ​ផ្ទៃមុខ​រឿ​ម វណ្ណៈ ឡើយ ។

ទោះបី​យ៉ាងណា គណៈកម្មការ​បាន​សម្រេច​ឱ្យ​អ្នក​ទាំង​ពីរ​ស្មើគ្នា ដោយ​យោង​លើ​ហេតុ​ផល​ថា កីឡាករ ភុ​ន សោ​ភ័​ណ្ឌ មាន​ចេតនា​ស៊ី​ឡាក​ដើម្បី​ចាប់កំហុស​ទៅ​លើ​គូប្រកួត​ក្នុង​ពេល​ថែម​ខុស​បច្ចេកទេស ទើប​កីឡាករ ភុ​ន សោ​ភ័​ណ្ឌ និង​អ្នកគាំទ្រ​ក៏​ទទួលយក​ការ​សម្រេច​នោះ ។ យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​មើលឃើញ​ថា កីឡាករ រឿ​ម វណ្ណៈ ទទួល​បាន​លទ្ធផល​ស្មើ​លើក​នេះ​ទាំង​អាម៉ាស់ ដោយសារ​តែ​លោក​រមែង​ព្យាយាម​វាយ​ថែមខុស​បច្ចេកទេស​ទៅ​លើ​គូប្រកួត​នៅ​ពេល​ដឹង​ថា​មិន​អាច​ចូល​ចុះ ។

អ្នក​កត់សម្គាល់​ដដែល​នោះ​ថែម​ទាំង​លើក​ឡើង​ថា ជា​សំណាង​របស់រឿ​ម វណ្ណៈ ដោយ​សារ​តែ​គណៈកម្មការ​ចិត្តល្អ​មិន​ចាប់កំហុស​បែរជា​ទម្លាក់​កំហុស​ទៅ​លើ​កីឡាករ ភុ​ន សោ​ភ័​ណ្ឌ ដែល​ត្រូវ​ចោទ​ថា​ចង់​ធ្វើ​សន្លប់​ស៊ី​ឡាក​ទៅ​វិញ​នោះ​ដែល​ការ​កាត់ក្ដី​បែប​នេះ​ត្រូវ​បាន​អ្នកខ្លះ​អះអាង​ថា ជា​ការ​យិ​ត​យោង​កុំឱ្យ​កីឡាករ​រឿ​ម វណ្ណៈ រង​ការ​អាម៉ាស់​ធ្ងន់​ជាង​នេះ ។

កីឡាករ រឿ​ម វណ្ណៈ មិន​អាច​សុំ​ការ​បញ្ជាក់​បាន​ទេ​ជុំវិញ​ការ​លើក​ឡើង​ថា​លោក​ទទួល​បាន​លទ្ធផល​ស្មើ​ដោយសារ​តែ​មានការ​បិទ​ភ្នែក​បិទ​ច្រមុះ​ពី​គណៈកម្មការ ជា​ពិសេស​គឺ​លោក​អាជ្ញាកណ្ដាល ប៉ុន្តែ​យោង​តាម​ការ​ទទួលស្គាល់​របស់​លោក​នៅ​ចំពោះ​គូកន គឺ​លោក​ពិតជា​បាន​វាយ​ថែម​ទៅ​លើ​គូប្រកួត​ម្ដងម្កាល​ប្រាកដ​មែន ដោយសារ​តែ​លោក​ខឹង​ចិត្ត​រឿង​វាយ​មិន​ចូល​ទៅ​លើ​ភុ​ន សោ​ភ័​ណ្ឌ នៅ​ក្នុង​ថ្ងៃ​នោះ ។

លោក​ថា ខឹង​ចិត្ត​ចំពោះ​ខ្លួនឯង​យ៉ាង​ខ្លាំង ដែល​ខំ​ហ្វឹកហាត់​មុន​ឡើង​រេញ​ណាស់​ដែរ ប៉ុន្តែ​លើកជើង​ក៏​ប៉ះ​លើកដៃ​ក៏​ប៉ះ ហើយ​ធ្វើ​ឱ្យ​លោក​កើត​អារម្មណ៍​មួរ​ម៉ៅ និង​ចង់​ឈប់​ប្រកួត​ព្រោះតែ​ធ្វើ​មិនសូវ​បាន​ដូច​ចិត្ត ។ លោក​បាន​ចាត់​ទុក​លទ្ធផល​ដែល​ខ្លួន​ជួប​ប្រទះ​ថា​ជា​ករណី​ស៊យ ដែល​អាច​បណ្ដាល​មក​ពី​គូប្រកួត​ដឹង​ខ្យល់​ក្នុង​ការ​វាយ​ចេញ​របស់​ខ្លួន ទើប​ធ្វើ​ឱ្យ​លោក​ទប់​ជំហរ​ប្រកួត​មិន​បាន​ល្អ ហើយ​ចេះ​តែ​ថែម​ជ្រុលជ្រួស​ម្ដងម្កាល​ទៅ​លើ​បង្គោល​ក្រហម ។

យ៉ាងណា​ក៏​ដោយ​លោក​ថា ការ​លើសលស់​របស់​ខ្លួន​មិន​ដល់​ថ្នាក់​បណ្ដាល​ឱ្យ​គូប្រកួត​ចង់​សន្លប់​នោះ​ទេ ទើប​លោក​យល់​ថា​ការ​មិន​ចាប់កំហុស​លោក ហើយ​បែរជា​ងាក​ទៅ​កាត់​ពិន្ទុ​កីឡាករ​ម្ខាង​ទៀត​វិញ​គឺជា​រឿង​សម​ស្រប​។

លោក​បាន​ហៅ​លទ្ធផល​ស្មើ​នៅ​ក្នុង​ថ្ងៃ​នោះ​ថា ជា​រឿង​ហេង​របស់​ខ្លួន ប៉ុន្តែ​លោក​ក៏​អះអាង​ថា​មិន​ចង់បាន​លទ្ធផល​បែប​ហ្នឹង​នោះ​ដែរ ក្នុង​ពេល​កន្លង​មក លោក​ក៏​មិន​ចង់បាន​លទ្ធផល​ស៊ី​ឡាក​ណាមួយ​ដើម្បី​មុខមាត់ ។

ងាក​ទៅ​កាន់​កីឡាករ ភុ​ន សោ​ភ័​ណ្ឌ ឯណោះ​វិញ លោក​ថា​មិន​មាន​បញ្ហា​នោះ​ទេ បើ​ទោះជា​លោក​ត្រូវ​ឈ្នះ ហើយ​ស្រាប់តែ​ខាង​គណៈកម្មការ​ឱ្យ​លោក​ត្រឹម​ស្មើ ដោយសារ​តែ​ហេតុ​កាត់​ពិន្ទុ​ចំពោះ​លោក​ដែល​ត្រូវ​រាប់​ម្ដង​ក្នុង​ទឹក​ទី​៤ ។ លោក​ថា ការ​ប្រកួត​នៅ​ក្នុង​ពេល​នោះ កីឡាករ រឿ​ម វណ្ណៈ បាន​ថែម​ខុស​បច្ចេកទេស​មក​លើ​លោក​ច្រើន​ដង ប៉ុន្តែ​ការ​វាយ​ត្រូវ​មួយ​ដៃ​ដែល​បណ្ដាល​ឱ្យ​លោក​ត្រូវ​រាប់​នៅ​ក្នុង​ពេល​នោះ គឺ​ពិតជា​មាន​កម្លាំង​ខ្លាំង​មែន មិនមែន​លោក​ធ្វើ​ពុត​ហើយ​ចង់​ចាប់កំហុស​គូប្រកួត​នោះ​ទេ ។

លោក​ថា ទទួលយក​លទ្ធផល​ដោយសារ​តែ​ការ​មើលឃើញ​របស់​គណៈកម្មការ​គឺ​អាច​វាយតម្លៃ​ថា​លោក​មិន​ឈឺ​ហើយ​ធ្វើ​ពុត ដែល​ផ្ទុយ​ពី​អ្វី​ដែល​លោក​បាន​ទទួល ។ លោក​ប្រកាស​ត្រៀមខ្លួន​ជួប​ប្រកួត​គ្រប់ពេល ដោយ​មិន​ខ្លាច​ចំពោះ​ការ​ប៉ះ​គ្នា​ជាមួយនឹង​រឿ​ម វណ្ណៈ នោះ​ទេ ព្រោះ​លោក​ដឹង​ពី​កម្លាំង និង​បច្ចេកទេស​របស់​កីឡាករ​រូប​នេះ​គ្មាន​សល់​ចន្លោះ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ទទួលស្គាល់​ថា កីឡាករ រឿ​ម វណ្ណៈ ពិតជា​មាន​កន្លែង​ខ្លះ​វាយ​មិន​ស្ដាប់​លោក​អាជ្ញាកណ្ដាល ប៉ុន្តែ​លោក​ថា ការ​វាយ​ខុស​បច្ចេកទេស​បន្តិចបន្តួច វា​មិន​ដល់​ថ្នាក់​ធ្វើ​ឱ្យ​កីឡាករ ភុ​ន សោ​ភ័​ណ្ឌ ចង់​សន្លប់ និង​ឈាន​ដល់​រាប់​៨​នោះ​ទេ ទើប​លោក​យល់​ថា ទ​ង្វើ​បែប​នេះ​គឺជា​កំហុស​ទៅ​វិញ ដែល​លោក​ក៏​ត្រូវ​តែ​គាំទ្រ​ឱ្យ​កាត់​ពិន្ទុ ។

លោក​ថា ការ​ប្រកួត​ទាំងមូល​គឺ​រឿ​ម វណ្ណៈ ចាញ់​ដាច់ ប៉ុន្តែ​ដោយសារ​តែ​ភុ​ន សោ​ភ័​ណ្ឌ ព្យាយាម​ស៊ី​ឡាក​ចង់​ចាប់កំហុស​គូប្រកួត ទើប​បណ្ដាល​ឱ្យ​គណៈកម្មការ​សម្រេច​ឱ្យ​ស្មើ បើ​ទោះជា​លោក​ក៏​ទទួលស្គាល់​លទ្ធផល​ស្មើ​ដែល រឿ​ម វណ្ណៈ ទទួល​បាន​លើក​នេះ គឺ​រាង​មិនសូវ​សម​បន្តិច​ក្ដី ។ លោក​ប្រកាស​ថា នឹង​ចាត់ចែង​ឱ្យ​កីឡាករ​ទាំង​ពីរ​សងសឹក​គ្នា​ជា​ថ្មី ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​ការ​ជួប​គ្នា​លើក​ក្រោយ អ្នក​ណា​នឹង​ឈ្នះ​ដោយ​កិត្តិយស ។ លោក​ថា កីឡាករ​រឿ​ម វណ្ណៈ អាច​ទប់​កំហឹង​ដែល​ធ្លាប់​វាយបំបាក់​ទៅ​លើ​គូប្រកួត​មិន​បាន​នៅ​ក្នុង​ពេល​នោះ ទើប​ចេះ​តែ​ចង់​ថែម​បើ​ទោះជា​គណៈកម្មការ​បាន​ធ្វើ​សញ្ញា​មិន​ឱ្យ​ប្រកួត​បន្ត​ក្ដី ។

យ៉ាងណាមិញ លោក​មិន​ទាន់​ច្បាស់​ថា នឹង​ដាក់​ឱ្យ​គូ​នេះ​ប្រកួត​សងសឹក​គ្នា​នៅ​ក្នុង​ពេល​ណា​ឱ្យ​ប្រាកដ​នោះ​ទេ ក្នុង​ពេល​ដែល​កីឡាករ ភុ​ន សោ​ភ័​ណ្ឌ និង​រឿ​ម វណ្ណៈ ក៏​មិនមែន​ទំនេរ​ស្រួល​ផ្គូផ្គង​តាម​ការ​រៀបចំ ដែល​អាច​ចង់​ដាក់​ពេល​ណា​ក៏​បាន​នោះ ។

លោក​ថា អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​គឺ​ទាមទារ​ពេលវេលា ហើយ​ក៏​ត្រូវការ​ទុក​ពេល​ឱ្យ​អ្នក​ទាំង​ពីរ​ហ្វឹកហាត់​ត្រៀមខ្លួន​ឱ្យ​បាន​ម៉ត់ចត់​ទាំង​សងខាង​ផង​ដែរ មិន​អាច​កីឡាករ​ម្ខាង​មាន​ពេល​គ្រប់គ្រាន់ ហើយ​កីឡាករ​ម្ខាង​ទៀត​ជាប់​ប្រកួត​នៅ​សង្វៀន​ផ្សេង ហើយ​ចេះ​តែ​បង្ខំ​ឱ្យ​ប្រកួត​គ្នា​ជា​ថ្មី​បាន​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ