រាជធានីភ្នំពេញ ៖ កាលពីព្រលប់ថ្ងៃទី៣០ មីនា ប៉ូលិសខណ្ឌ៧មករា បានចាប់ឃាត់ខ្លួនយុវជនម្នាក់ពីបទចែកចាយគ្រឿងញៀននៅចំណុចលើដំបូលផ្ទះជាន់ទី៦ ទល់មុខអតីតសណ្ឋាគារសេរីភាពតាមបណ្តោយមហាវិថីកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ដោយដកហូតបានម្សៅម៉ាទឹកកក១កូនកញ្ចប់តូច គិតជាប្រាក់មិនដល់១០ដុល្លារផង ។ យុវជនជាប់ចោទឈ្មោះតន់ សុវណ្ណារ័ត្ន អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១៤៣ ជាន់ទី៦ ខាងលើនោះ ។
ការបង្ក្រាបក្នុងលក្ខណៈទ្រុងទ្រាយតូចមួយនេះ នគរបាលខណ្ឌ៧មករា ឱ្យដឹងថា គឺជាការស៊ើបអង្កេតរបស់សមត្ថកិច្ច ដោយដឹងថា យុវជនឈ្មោះតន់ សុវណ្ណារ័ត្ន ជាឈ្មួញកណ្តាលគ្រាន់តែទទួលថ្នាំញៀនតិចតួចនោះសម្រាប់យកទៅលក់ឱ្យមនុស្សផ្សេងទៀត ដើម្បីបានប្រាក់ទិញបាយហូបប្រចាំថ្ងៃប៉ុណ្ណោះទេ ។ ដូចចម្លើយជនជាប់សង្ស័យដែរថា មុនសមត្ថកិច្ចចាប់ខ្លួនមានមនុស្សប្រុសជនជាតិយួនម្នាក់បានយកម្សៅថ្នាំញៀន១កញ្ចប់តូចនេះមកប្រគល់ឱ្យគេ ហើយបានប្រាប់ថា បន្តិចទៀតមានគេទៅទទួលយក។ ក្រោយពីយួនម្នាក់នោះប្រគល់ថ្នាំញៀនចុះទៅបាត់បន្តិច មានមនុស្សម្នាក់ឡើងទៅយកម្សៅថ្នាំញៀនពីគេមែន តែពេលគេទៅដល់ត្រូវសមត្ថកិច្ចទៅដល់ដែរ ហើយបានចាប់ខ្លួនគេតែម្តង ចំណែកមនុស្សម្នាក់ដែលបម្រុងឡើងទៅយកថ្នាំញៀននោះបានគេចខ្លួនតាមប្រឡោះឃ្លៀកសមត្ថកិច្ចបាត់ ។
ជនសង្ស័យបាននិយាយថា រូបគេត្រូវប៉ូលិសធ្វើធ្នាក់ចាប់ខ្លួនក្នុងអំពើចែកចាយគ្រឿងញៀន ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចបានដកហូតវត្ថុតាងនៅដៃជនសង្ស័យមិនអាចប្រកែកបានឡើយ ដូច្នេះគេនឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីកាត់ទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ