ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​នៅ​ផ្សារ​ក្ដាម​ត្អូញត្អែរ​លក់​មិនសូវ​ដាច់​ក្នុង​ថ្ងៃ​បុណ្យ​សមុទ្រ

6 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​មក​ទស្សនា​កម្សាន្ដ​យ៉ាងច្រើន ប៉ុន្ដែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ នៅ​ផ្សារ​ក្ដាម​ឯណេះ​វិញ ហាក់​ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​ទិញ​ម្ហូបអាហារ​ទេ បើ​ទោះជា​អាជ្ញាធរ​មិន​មានការ​បិទផ្លូវ​ក៏​ដោយ ។…

ខេត្ត​កែប ៖ ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​មក​ទស្សនា​កម្សាន្ដ​យ៉ាងច្រើន ប៉ុន្ដែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ នៅ​ផ្សារ​ក្ដាម​ឯណេះ​វិញ ហាក់​ពុំ​សូវ​មាន​អ្នក​ចាប់អារម្មណ៍​ទិញ​ម្ហូបអាហារ​ទេ បើ​ទោះជា​អាជ្ញាធរ​មិន​មានការ​បិទផ្លូវ​ក៏​ដោយ ។

បើ​តាម​អាជីវករ​លក់​ក្ដាម និង​ម្ហូបអាហារ​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃនេះ ពួក​គាត់​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​មក​ទិញ​ម្ហូបអាហារ ឬ​វត្ថុ​អនុស្សាវរីយ៍​នៅ​ផ្សារ​នេះ​ច្រើន ។ ផ្ទុយ​ទៅ​វិញ ហាក់បីដូចជា​មិនសូវ​មាន ព្រោះ​អ្នក​មក​ចូលរួម​លេង​បុណ្យ​សមុទ្រ​ភាគច្រើន​បាន​ប្រមូលផ្តុំ​គ្នា​នៅ​តែ​កន្លែង​រៀបចំ​ព្រឹត្តិការណ៍ ។

អាជីវករ​លក់​ម្ហូបអាហារ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​នៅ​កន្លែង​តាំងពិព័រណ៍​មាន​ស្ដង់​លក់​ម្ហូបអាហារ​ច្រើន ដូច្នេះ ភ្ញៀវ​សម្រុក​ទៅ​ទីនោះ អីចឹង​ហើយ បានជា​នៅ​ផ្សារ​ក្ដាម​លក់​អត់​ដាច់ ។

កញ្ញា​និយាយ​ថា ៖« ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ មាន​ស្ដង់​លក់​ម្ហូបអាហារ ផលិត​ផល​ក្នុងស្រុក និង​នាំ​ចូល​ច្រើន ។ ដូច្នេះ អ្នក​មក​ចូលរួម​លេង​សប្បាយ​មិនសូវ​មក​ទិញ​ចំណីអាហារ​នៅ​ផ្សារ​នេះ​ទេ » ។

បើ​ទោះបីជា​ម្ហូបអាហារ​លក់​មិនសូវ​ដាច់ ប៉ុន្ដែ​បើ​តាម​អ្នកលក់​ក្ដាម​វិញ​អះអាង​ថា ភ្ញៀវ​បាន​មក​ទិញ​ក្ដាម​ច្រើន​គួរសម រកតែ​ក្ដាម​លក់​អត់​បាន ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ខ្យល់​ខ្លាំង​ពេក អ្នកនេសាទ​អត់​ហ៊ាន​ចុះទូក ហើយ​ណាមួយ​ដល់​រដូវ​ច្រូតកាត់​ទៀត ។

អ្នក​នាង​ណា​វី អ្នកលក់​ក្ដាម​នៅ​ផ្សារ​នេះ​បាន​និយាយ​ថា ៖« ក្ដាម​ទាំង​អស់នេះ ខ្ញុំ​ទិញ​ពី​ឆ្នេរ​អង្កោល ។ ចំណែក​អ្នកនេសាទ​នៅ​ទី​នេះ​អត់​មាន​ចុះទូក​ទេ ព្រោះ​ខ្យល់​ពេក ហើយ​ណាមួយ បងប្អូន​នៅ​ទី​នេះ​រវល់​ច្រូតកាត់​ទៀត អីចឹង​ហើយ​បានជា​មាន​ក្ដាម​តិចតួច​សម្រាប់​ភ្ញៀវ ។ ទោះបី​យ៉ាងណា តម្លៃ​គឺ​មិន​ថ្លៃ​ទេ អាច​ថា​លើស​២​ទៅ​៣​ពាន់​រៀល​ហ្នឹង»។

កញ្ញា កាន់ មុំ អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ បាន​ឲ្យ​ដឹង​ដែរ​ថា ភ្ញៀវ​ទេសចរ​ដែល​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ឃើញ​មាន​ច្រើន ប៉ុន្ដែ​ពួក​គាត់​មិនសូវ​ទិញ​ផលិត​ផល ឬ​វត្ថុ​អនុស្សាវរីយ៍​ទេ ដោយសារ​ពួក​គាត់​ភាគច្រើន​ជា​អ្នក​មក​ពី​តាម​ខេត្ត ខុស​ពី​ថ្ងៃ​បុណ្យ​ជាតិ អាច​លក់ដាច់​ច្រើន​វិញ ព្រោះ​វា​ជា​ថ្ងៃ​ឈប់​សម្រាក ហើយ​ភ្ញៀវ​ភាគច្រើន​មក​ពី​រាជធានី​ភ្នំពេញ ។

ម្ចាស់​ស្តង់​លក់​ម្ហូបអាហារ និង​ភេសជ្ជៈ​ក្នុង​ស្ដង់​ពិព័រណ៍​នៅ​ឯ​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា ៖« ឆ្នាំ​នេះ លក់ដាច់​គ្រាន់បើ ពិសេស​នៅ​ពេល​យប់ ព្រោះ​មាន​អ្នក​មក​ដើរ​កម្សាន្ត​ច្រើន ។ ចំណែក​ពេល​ថ្ងៃ ពួក​គាត់​សុទ្ធតែ​ជាប់រវល់​ធ្វើការ និង​ភាគច្រើន​ពេល​ថ្ងៃ មាន​តែ​ក្មេង​ដែល​គាត់​ដើរ​មើល​នេះ មើល​នោះ​ប៉ុណ្ណោះ » ។

នេះ​គឺជា​លើក​ទី​៦ នៃ​ពិធីបុណ្យ​សមុទ្រ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ខេត្ត​កែប ក្រោម​ប្រធាន​បទ «​ឆ្នេរសមុទ្រ​បៃតង ៖ អនាគត គឺ​បច្ចុប្បន្ន​» ក្រោម​ពាក្យស្លោក «​និរន្តរភាព​ទេសចរណ៍​សម្រាប់​ការ​អភិវឌ្ឍ​» ចាប់ពី​ថ្ងៃ​ទី​២២-២៤ ខែធ្នូ ឆ្នាំ​២០១៧ ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ កន្លង​មក សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ នៅ​ទឹកដី​ខេត្ត​កែប​នេះ វា​ជា​ឱកាស​មួយ​ដ៏​ល្អ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ មិន​ត្រឹមតែ​ខេត្ត​កែប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស ក្នុង​នោះ ក៏​ជា​ឱកាស​មួយ​សម្រាប់​ជួបជុំ និង​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​ផ្សេង​ៗ​តាម​រយៈ​ស្តង់​ពិព័រណ៍​នានា​ផង​ដែរ ។

សម្តេច​តេ​ជោ​ថ្លែង​ថា ៖« ទេសចរ​នាំ​មក​នូវ​ការងារ​ធ្វើ ទេសចរ​នាំ​មក​នូវ​ប្រាក់​ចំណូល និង​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាជន​កាន់តែ​មាន​ភាពល្អ​ប្រសើរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ