ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​កែប​នឹង​ធ្វើ​ជា​គំរូ​ទី​1​ក្នុង​ការ​អនុវត្ត​មិន​ឱ្យ​មាន​សំរាម​នៅ​ក្រោម​តុ

6 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ ក្នុង​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ដែល​ជា​ថ្ងៃ​ទី​១ នៃ​មហា​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២​នៃ​ខេត្ត​កែប មន្ត្រី​មន្ទីរ​បរិស្ថាន យុវជន​ស្ម័គ្រចិត្ត​ស្រឡាញ់​សន្តិភាព…

ខេត្ត​កែប ៖ ក្នុង​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ដែល​ជា​ថ្ងៃ​ទី​១ នៃ​មហា​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២​នៃ​ខេត្ត​កែប មន្ត្រី​មន្ទីរ​បរិស្ថាន យុវជន​ស្ម័គ្រចិត្ត​ស្រឡាញ់​សន្តិភាព ក្រុម​កាយ​រិ​ទ្ធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កែប និង​បណ្ដា​ខេត្ត​ផ្សេង​ៗ​មិន​តិច​ជាង​១​ពាន់​នាក់ ដឹកនាំ​ដោយ លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​ដើរ​រើស​សំរាម​នៅ​តាម​តំបន់ឆ្នេរ សួនច្បារ និង​តាម​ស្ដង់​ផលិតផល​ជុំវិញ​ខេត្ត ដែល​សកម្មភាព​នេះ​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​រៀបចំ​រហូត​ដល់​ថ្ងៃ​បញ្ចប់​នៃ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ។

លោក សោម ពិសិដ្ឋ បាន​លើក​ឡើង​ថា សំរាម មិន​ត្រឹមតែ​មិន​ឲ្យ​មាននៅ​តាម​ហាង សណ្ឋាគារ ឬ​តាម​ភោជនីយដ្ឋាន​ប៉ុណ្ណោះ​ទេ គឺ​មិន​ឲ្យ​មាន​គ្រប់​ទីកន្លែង​ទាំងអស់ បើ​សិនជា​អ្នក​ទាំងអស់​នាំ​គ្នា​ចាប់ផ្ដើម​ចូលរួម​អនុវត្ត ។

លោក​អភិបាលរង​ថ្លែង​ថា ៖« កែប​នឹង​ក្លាយជា​ខេត្ត​គំរូ​ទី​១ ក្នុង​ការ​អនុវត្ត​មិន​ឲ្យ​មាន​សំរាម​នៅ​ក្រោម​តុ ហើយ​ខាង​យុវជន​យើង​បាន​និង​កំពុង​តែ​ចាប់ផ្ដើម​ណែនាំ​ទៅ​ដល់​អាជីវករ និង​ម្ចាស់​ហាង មិន​ឲ្យ​មាន​សំរាម ឬ​ក្រដាស​នៅ​ក្រោម​តុ​ឡើយ » ។

លោក​បន្ត​ថា ៖« ទាក់ទង​នឹង​ការ​អនុវត្ត​នៃ​គោលការណ៍​មិន​ឲ្យ​មាន​សំរាម​នៅ​ក្រោម​តុ​នេះ គឺ​ខេត្ត​មិនមែន​ទើបតែ​អនុវត្ត​នៅ​ពេល​នេះ​ទេ កន្លង​មក យើង​បាន​ផ្សព្វផ្សាយ ហើយ​ក៏​មាន​ភោជនីយដ្ឋាន​មួយ​ចំនួន​បាន​អនុវត្ត​ដែរ ព្រោះ​វា​ជា​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​នៅ​តាម​ភោជនីយដ្ឋាន​របស់​គាត់ ប៉ុន្តែ​យើង​នៅ​តែ​ធ្វើការ​ផ្សព្វផ្សាយ​វា​ជា​បន្តបន្ទាប់​ទៀត »។

លោក សោម ពិសិដ្ឋ បាន​បន្ថែម​ថា បើសិនជា​ពួក​គាត់​នាំ​គ្នា​អនុវត្ត​រៀបចំ​ផែនការ​មួយ​ច្បាស់លាស់ ខេត្ត​នឹង​ក្លាយជា​គំរូ​ទី​១ ក្នុង​ការ​មិន​ឲ្យ​មាន​សំរាម​ក្រោម​តុ ហើយ​បើ​នៅ​តែ​មិន​អនុវត្ត ខេត្ត​នឹង​មាន​វិធានការ ឬ​ដាក់​ពិន័យ​ចំពោះ​ម្ចាស់​ហាង ឬ​រី​ស៊​ត​នោះ ។

គួរ​រំលឹក​ដែរ​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ មាន​ស្ដង់​លក់​ផលិតផល និង​ម្ហូបអាហារ​ប្រមាណ​ជាង​៥០០​ស្ដង់ ដែល​បាន​ដាក់​តាំង​បង្ហាញ និង​លក់​ផលិតផល​របស់​ខ្លួន ។

យោង​តាម​ក្រម​ប្រតិបត្តិ​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​ស្អាត ត្រូវ​អនុវត្ត​នូវ​គោលការណ៍​គំរូ​សំខាន់​ៗ​ចំនួន​៣​រួម​មាន ៖

១-​សម្រាប់​បញ្ជីរាយនាម​មុខម្ហូប ៖ ត្រូវ​សរសេរ​ជា​៣​ភាសា​យ៉ាងតិច រួម​មាន ភាសា​ខ្មែរ​នៅ​ខាង​មុខ ឬ​ពីលើ និង​ភាសា​អង់គ្លេស​នៅ​បន្ទាប់ ឬ​បន្ទាត់​ខាងក្រោម ហើយ​ភាសា​បរទេស​ទី​៣​នៅ​បន្ទាប់​ទៀត អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​អតិថិជន​របស់​អាជីវ​កម្ម ។ ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​បរិវេណ ឬ​ទីតាំង​ដែល​ងាយ​មើលឃើញ ។ ត្រូវ​បញ្ជាក់​ពី​គ្រឿងផ្សំ និង​ព័ត៌មាន​ផ្សេង​ៗ​បន្ថែម​ទៀត​ដែល​ចាំបាច់​សម្រាប់​ជា​មូលដ្ឋាន​ពិចារណា​ជ្រើសរើស​ដោយ​ភ្ញៀវ ។ ត្រូវ​បញ្ជាក់​តម្លៃ​ឲ្យ​បាន​ជាក់លាក់ និង​ប្រើប្រាស់​តម្លៃ​តាម​ជម្រើស​​បន្ថែម​ផ្សេង​ៗ​ដែល​មាន ។

២-​បង្គន់​អនាម័យ ៖ ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ​ស្រប​តាម​ស្ដង់ដា​បង្គន់​សាធារណៈ​កម្ពុជា ដែល​យ៉ាង​ហោច​ណាស់​ពុំ​មាន​ក្លិន​មិនល្អ និង​ធ្វើការ​បែងចែក​រវាង​បង្គន់​ប្រុស និង​ស្រី ដោយ​មាន​ដាក់​សាប៊ូ​លេង​ដៃ ។ ត្រូវ​ចាត់​ឲ្យ​មាន​បុគ្គលិក​ប្រចាំការ​ដើម្បី​លាង​សម្អាត​ជា​ប្រចាំ ។

៣-​បញ្ហា​អនាម័យ​នៅ​តុ​អាហារ ៖ ត្រូវ​ក្រាល​កម្រាលតុ​អាហារ និង​ត្រូវ​ផ្លាស់​ប្តូរ​កម្រាល​ឲ្យ​បាន​ញឹកញាប់ ជៀសវាង​ប្រើ​កម្រាល​ប្រឡាក់ ឬ​មាន​ក្លិន​មិនល្អ ជាដើម ។ ត្រូវ​មាន​ធុងសំរាម​ដាក់​តាម​តុ​នីមួយ​ៗ និង​ត្រូវ​លាង​សម្អាត​រាល់ថ្ងៃ ។ មិន​ត្រូវ​លើកទឹកចិត្ត​ផ្ដល់​ក្រដាស​ជូត​មាត់​ជូន​ភ្ញៀវ​ឡើយ ដោយ​ត្រូវ​ផ្ដល់​នូវ​កន្សែង​ជំនួស​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ