រាជធានីភ្នំពេញ ៖ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SMEs) សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជានឹងឈានទៅបង្កើតធនាគារថ្មីមួយទៀតសម្រាប់ផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម ដោយចាប់ផ្តើមពីដើមទុន១០០លានដុលា្លរ ។
សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងជំនួបជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នៅរោងចក្រតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២០ ធ្នូ កន្លងមក ។
គម្រោងបង្កើតធនាគារថ្មីមួយទៀតនេះ គឺដើម្បីបង្កើនការផលិតក្នុងស្រុកបម្រើសេចក្តីត្រូវការប្រជាពលរដ្ឋ និងជំរុញការនាំចេញ ព្រមទាំងបង្កើនឱកាសការងារកាន់តែច្រើនទៀតសម្រាប់ប្រជាពលរដ្ឋ ក្នុងនោះក៏រួមចំណែកដោះស្រាយភាពអត់ការងារធ្វើផងដែរ។
សម្តេចតេជោ បានមានប្រសាសន៍បន្ថែមថា ៖« យើងមានធនាគារមួយហើយ គឺធនាគារអភិវឌ្ឍន៍ជនបទសម្រាប់ដោះស្រាយបញ្ហាឥណទានទៅលើជនបទ ក៏ប៉ុន្តែដំណាក់កាលនេះ គឺជាដំណាក់កាលរីកលូតលាស់នៃបញ្ហាទាក់ទងជាមួយឧស្សាហកម្មធុនតូច និងមធ្យម ដែលផ្តល់នូវតម្លៃបន្ថែមសម្រាប់ការកែច្នៃនូវវត្ថុធាតុដើម ក្នុងស្រុក ជាមួយនឹងការធ្វើសេដ្ឋកិច្ចផ្សេងៗក្នុងកម្រិតតូចតាច ក៏ប៉ុន្តែវានឹងដោះស្រាយការងារធ្វើ វានឹងដោះស្រាយបញ្ហាតម្រូវការក្នុងស្រុក វានឹងកាន់តែប្រកួតប្រជែង ដើម្បីនាំចេញទៅក្រៅប្រទេស យើងនឹងដាក់ដើមទុនដើម្បីឈានទៅបង្កើតនូវធនាគារសម្រាប់ផ្តល់ឥណទានជូនសហគ្រាសធុនតូច និងមធ្យម » ។
បើទោះបីជាមិនទាន់សម្រេចជាផ្លូវការពីរាជរដ្ឋាភិបាល ប៉ុន្តែសម្តេចបានអះអាងថា នឹងបង្កើតធនាគារនេះឱ្យទាល់តែបាន ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ៖« នាយករដ្ឋមន្ត្រី តែនិយាយបែបនេះហើយ មិនអាចដកថយបានទេ » ។
សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជាមានប្រមាណ៥៣ម៉ឺនសហគ្រាស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឯកជន និងអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ចាប់តាំងពីដើមឆ្នាំ១៩៩០ ។ សហគ្រាសធុនតូច គឺជាសហគ្រាសដែលមានកម្លាំងពលកម្មចាប់ពី១០នាក់ រហូតដល់៤៩នាក់ ជាមួយដើមទុនចាប់ពី១ម៉ឺនដុល្លាររហូតដល់១៩,៩ម៉ឺនដុល្លារ ។ រីឯសហគ្រាសធុនមធ្យម គឺជាសហគ្រាសដែលមានកម្លាំងពលកម្មចាប់ពី៥០នាក់ រហូត១៩៩នាក់ ជាមួយដើមទុនចាប់ពី២០ម៉ឺនដុល្លារ រហូតដល់ជិត១លានដុល្លារ ។
វិស័យមួយនេះមិនត្រឹមតែបង្កើតការងារដល់យុវជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ ប្រសិនបើវិស័យនេះដួល អត្រាគ្មានការងារធ្វើនឹងកើនឡើង ហើយក៏បានរាំងស្ទះកំណើនសេដ្ឋកិច្ចផងដែរ ។ ដើម្បីចូលរួមលើកស្ទួយវិស័យនេះ SMEs ក៏ត្រូវការផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា ICT ផងដែរ ។
ថ្លែងក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅឯក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២០ ធ្នូ លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា រាជរដ្ឋាភិបាល តាមរយៈក្រសួងដែលជាសេនាធិការ ក៏កំពុងខិតខំជួយជំរុញឲ្យ SMEs ទទួលបានសុខភាពល្អ ដើម្បីបង្កើតការងារ ប្រាក់ចំណូល និងឱកាសផងដែរ ។
លោករដ្ឋលេខាធិការថ្លែងថា ៖« ការងាររបស់ SMEs មិនមែនធ្វើតែម្នាក់ឯងបានទេគឺយើងបានធ្វើការជាអន្តរក្រសួង ដោយមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងពាណិជ្ជកម្ម ដែល៤ក្រសួងនេះ នឹងធ្វើការទៅលើវិស័យ SMEs ហើយដោយសារតែ SMEs ជាអ្នកបង្កើតការងារ និងត្រូវការជំនាញបន្ថែម ដូច្នេះ យើងក៏ត្រូវធ្វើការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ ដែលនឹងចាប់ផ្ដើមអនុវត្តរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៨តទៅ ហើយដូចសម្តេចតេជោបានលើកឡើងពីព្រឹកមិញ (ព្រឹកថ្ងៃទី២០ ធ្នូ) ហើយថា នឹងវិនិយោគ១០០លានដុល្លារលើ SMEs ដែលជាដំណោះស្រាយថ្មីមួយជួយគាំទ្រដល់វិស័យនេះ » ។
លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រុមហ៊ុន Emerging Markets Consulting (EMC) បានប្រាប់ថា ការបង្កើតធនាគារសម្រាប់ SMEs ទំនងមិនមែនជាដំណោះស្រាយសមស្របទេ ។ ដោយសារកម្ពុជាមានធនាគារអភិវឌ្ឍន៍ជនបទស្រាប់ រដ្ឋគួរពង្រឹងប្រសិទ្ធភាពរបស់ធនាគារមួយនេះជាការចាំបាច់ ។ បើរាជរដ្ឋាភិបាលមិនអាចកែលម្អ ឬពង្រឹងប្រសិទ្ធភាពរបស់ធនាគារអភិវឌ្ឍន៍ជនបទនោះទេ ការបង្កើតធនាគារថ្មីមួយទំនងជាគ្មានផលប្រយោជន៍អ្វីជាដុំកំភួនទេ ។ ផ្ទុយទៅវិញ មានតែចំណាយថវិកាជាតិប៉ុណ្ណោះ ។
លោកបន្តថា ៖« បញ្ហាដ៏ធំរបស់យើង គឺសមត្ថភាពប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ និងប្រឈមមុខនឹងការឈប់ផ្តល់នូវលក្ខខណ្ឌអនុគ្រោះដល់ការនាំចេញទៅទីផ្សារអឺរ៉ុប » ។ តែយ៉ាងណា លោកថា បើចង់ជួយដល់ SMEs គួរមានដើមទុន១ពាន់លានដុល្លារ ។
ទោះជាបែបនេះក្តី សម្តេចតេជោបានបញ្ជាក់ថា ការបង្កើតធនាគារដើម្បីជួយដល់ SMEs នេះ គឺពង្រឹងសមត្ថភាពរបស់ SMEs ធ្វើឱ្យកម្ពុជាអាចជួយខ្លួនឯងបាន មិនពឹងផ្អែកលើគេ ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា៖ « យើងមិនត្រូវរស់ដោយការដកដង្ហើមពីនេះពីនោះទេ ពិភពលោកចំណុះឱ្យគ្នាទៅវិញទៅមក មានទៅមានមក យើងនាំទំនិញពីគេ យើងក៏នាំទំនិញយើងទៅកាន់ប្រទេសរបស់គេ » ។ កន្លងមក សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានជួបបញ្ហាប្រឈមជាច្រើន ដែលនាំឱ្យសហគ្រាសទាំងនោះឈានទៅដល់ការបិទទ្វារអាជីវកម្ម ។
លោក ង៉ែត ជូ បានពន្យល់ថា ការបិទទ្វារអាជីវកម្មមានកត្តាច្រើន ប៉ុន្តែកត្តាចម្បងៗរួមមាន ការនិយមធ្វើអាជីវកម្មតាមគ្នាដោយខ្វះចំណេះដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រង ថ្លៃដើមអាជីវកម្មមានកម្រិតខ្ពស់ និងខ្វះការច្នៃប្រឌិត ដែលជាបច្ច័យនាំឲ្យមានការប្រកួតប្រជែងលើតម្លៃខ្លាំង ។
លោកគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យសហគ្រាសមានលំនឹង និងនិរន្តរភាព អ្នកគ្រប់គ្រងអាជីវកម្មគួរពង្រឹងសមត្ថភាពក្នុងការធ្វើផែនការអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ ។
កន្លងមក មន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ធ្លាប់បានលើកឡើងថា មូលហេតុធំៗចំនួន៤ ដែលបណ្ដាលឲ្យសហគ្រាសធុនតូច និងមធ្យម (SMEs) របស់យើងមិនសូវទៅមុខ គឺមានកត្តាសំខាន់ៗដូចជា ៖
១-បញ្ហាអភិបាលកិច្ច ថ្លៃភ្លើងថ្លៃជាងគេ បើប្រៀបធៀបនៅក្នុងតំបន់ និងបញ្ហាផ្សេងទៀត។
២-បញ្ហាទីផ្សារ និងអតិថិជន គឺមានការពិបាកក្នុងការប្រមូលលុយពីអតិថិជន និងការប្រកួតប្រជែងកើនឡើងខ្ពស់ ។
៣-បញ្ហាខ្វះធនធានមនុស្ស ។
៤-បញ្ហាផលិតផល និងសេវា គឺតម្លៃវត្ថុធាតុដើមចេះតែកើនឡើង តែផលិតបានហើយលក់បានថោក ៕
ចែករំលែកព័តមាននេះ