ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​ក្នុងស្រុក​កំពុង​រក​វិធីសាស្ត្រ​ប្រកួតប្រជែង​ជាមួយ​ផ្សារ​ទំនើប​បរទេស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​មក​ដល់​នៃ​ផ្សារ​ទំនើប​ល្បី​ៗ​របស់​បរទេស​នៅ​កម្ពុជា កំពុង​តែ​ធ្វើ​ឱ្យ​ផ្សារ​ទំនើប​ក្នុងស្រុក​ធំ​ៗ​ដែល​ធ្លាប់តែ​ទទួល​បានការ​គាំទ្រ និង​ទាក់ទាញ​អតិថិជន​ឈរ​លំដាប់​កំពូល​នៅ​ក្នុង​ប្រទេស បាត់បង់​ប្រជាប្រិយភាព​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ទោះបី​យ៉ាងណា ដើម្បី​ទប់ទល់​នឹង​ការ​ប្រកួតប្រជែង​នេះ ផ្សារ​ទំនើប​ក្នុងស្រុក​ក៏​បាន​រិះរក​វិធីសាស្ត្រ…

រាជធានី​ភ្នំពេញ ៖ ការ​មក​ដល់​នៃ​ផ្សារ​ទំនើប​ល្បី​ៗ​របស់​បរទេស​នៅ​កម្ពុជា កំពុង​តែ​ធ្វើ​ឱ្យ​ផ្សារ​ទំនើប​ក្នុងស្រុក​ធំ​ៗ​ដែល​ធ្លាប់តែ​ទទួល​បានការ​គាំទ្រ និង​ទាក់ទាញ​អតិថិជន​ឈរ​លំដាប់​កំពូល​នៅ​ក្នុង​ប្រទេស បាត់បង់​ប្រជាប្រិយភាព​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ទោះបី​យ៉ាងណា ដើម្បី​ទប់ទល់​នឹង​ការ​ប្រកួតប្រជែង​នេះ ផ្សារ​ទំនើប​ក្នុងស្រុក​ក៏​បាន​រិះរក​វិធីសាស្ត្រ ថ្មី​ៗ និង​កែ​លម្អ​ឡើង​វិញ បើ​ទោះបី​មិន​បាន​ភ្ញៀវ​ត្រឡប់​មក​វិញ​ទាំងមូល​ក៏​ដោយ ។

អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​សប​ភីង សេន​ធ័​រ សូ​រិ​យា បាន​ឲ្យ​ដឹង​ថា មុន​ដំបូង ផ្សារ​សូ​រិ​យា​ត្រូវ​រចនា និង​រៀបចំ​ជា​លក្ខណៈ​បែប​ខ្មែរ កាលនោះ​មិន​ទាន់​មាន​ផ្សារ​ទំនើប​ធំ​ៗ​ចូល​មក​ទេ តែ​ក្រោយ​ពេល​មាន​វត្តមាន​ផ្សារ​ទំនើប​អុ​ី​អន​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្វើ​ឲ្យ​ផ្សារ​សូ​រិ​យា​បាត់​ភ្ញៀវ​អស់​ជា​ច្រើន ។
អ្នកឧកញ៉ា​មាន​ប្រសាសន៍​ថា ៖« ដោយសារ​តែ​មើលឃើញ​ពី​ការ​បាត់បង់​ភ្ញៀវ​បន្តិច​ម្ដង​ៗ ទើប​យើង​បាន​អញ្ជើញ​អ្នកជំនាញ​ផ្នែក​រចនា មក​គូស​ប្លង់​រចនា​ផ្សារ​ឡើង​វិញ ដើម្បី​បង្កើត​ភាព​ទាក់ទាញ​យក​ភ្ញៀវ​ដែល​យើង​បាត់បង់​នោះ​ត្រឡប់​មក​វិញ » ។

អ្នកឧកញ៉ា​បន្ត​ថា ក្នុង​ការ​រចនា និង​កែ​លម្អ​ឡើង​វិញ​នូវ​ផ្សារ​សូ​រិ​យា ក្រុមហ៊ុន​បាន​ចំណាយ​ទឹកប្រាក់​បន្ថែម​ប្រមាណ​៥​លាន​ដុល្លារ​អា​មេ​រិ​ក ពីព្រោះ​បែបបទ​នៃ​ទីផ្សារ និង​ការ​រីក​ចម្រើន​មិន​អាច​ឲ្យ​នៅ​ដដែល​ៗ​បាន​ទេ ។

លោកស្រី ជា សុខ​ហៀ​ក នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន​សូ​រិ​យា សេន​ធ័​រ ភ័ន​ធ៍ បាន​ឲ្យ​ដឹង​ថា ការ​កែ​លម្អ​ផ្សារ​ទំនើប​សូ​រិ​យា​ថ្មី ត្រូវ​បាន​កាត់​បន្ថយ​បរិមាណ​តូប​ជាង​ពាក់កណ្ដាល ដោយ​មិន​មាន​តូប​ច្រើន​ដូច​កាលពីមុន​ទេ ។ លោកស្រី​ថា ៖« នេះ​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​យើង​ក្នុង​ការ​ទាក់ទាញ​ទេសចរណ៍​ខ្មែរ និង​បរទេស ព្រោះ​កាលពីមុន តូប​យើង​រចនា​ឡើង​មាន​ទំហំ​តូច​ៗ តែ​ពេល​នេះ យើង​បាន​រចនា​ធំ​ជាង​មុន ហើយ​យើង​ក៏​បាន​អនុញ្ញាត​ឲ្យ​ផលិតផល​ខ្មែរ​ចូល​ដាក់​តាំង​លក់​ជា​ច្រើន​ប្រភេទ និង​ច្រើន​មុខ​ផង​ដែរ​។ ជាក់ស្ដែង នៅ​ជាន់​ទី​៤​នៃ​ផ្សារ​របស់​យើង មាន​ផលិតផល​ខ្មែរ​ស្ទើរតែ​១០០%​ទៅ​ហើយ»។

លោកស្រី​បន្ត​ថា ការ​កាត់​បន្ថយ​ចំនួន​តូប​នៅ​ក្នុង​ផ្សារ​ទំនើប គឺជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ផ្សារ​ទំនើប​ដែល​ទើប​កែ​លម្អ​ថ្មី​នេះ ពីព្រោះ​បើ​រចនា​ឱ្យ​មាន​តូប​ច្រើន​ដូច​កាលពីមុន គឺ​គ្មាន​កន្លែង​សម្រាប់​ភ្ញៀវ​ដើរ ហើយ​ភ្ញៀវ​ក៏​មាន​អារម្មណ៍​ថា តូច​ចង្អៀត ។ ម្យ៉ាង​ការ​បន្ថយ​ចំនួន​តូប​ឱ្យ​នៅ​តិច​នេះ ក៏​ដើម្បី​ពង្រីក​តូប​នីមួយ​ៗ​ឱ្យ​ធំ​ជាង​មុន​ផង​ដែរ ។ លោកស្រី​និយាយ​ថា ៖«​ក្រៅពី​ផ្សារ​ទំនើប​សូ​រិ​យា យើង​ក៏​មាន​គម្រោង​កែ​លម្អ​ផ្សារ​ទំនើប​សុ​វ​ណ្ណា​ផង​ដែរ ព្រោះ​ដើម្បី​ឱ្យ​ដើរ​ទាន់សម័យ​ទំនើប និង​ការ​ពេញ​និយម​របស់​ប្រជា​ពលរដ្ឋ » ។

លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​ថា ការ​កែ​លម្អ​ផ្សារ​ទំនើប​មួយ​នេះ គឺជា​ការ​ផ្ដល់​នូវ​កញ្ចប់​ទេសចរណ៍​បន្ថែម​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស ដែល​ទស្សនា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ លោក​និយាយ​ថា ៖« បច្ចុប្បន្ន​នេះ ដោយ​សារ​តែ​ស្ថានភាព​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា​កាន់តែ​កើនឡើង កំណើន​ផ្សារ​ទំនើប ផ្សារ​ម៉ាត និង​ផ្សារ​លក្ខណៈ​ខ្នាត​តូច​ជា​ច្រើន​ទៀត បាន​បង្ហាញ​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​រាជធានី​ភ្នំពេញ » ។

លោក​ជំទាវ តឹក រ៉េ​ត​កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងផង​ដែរ​ថា ការ​កែ​លម្អ​ផ្សារ​ទំនើប​បែប​ចាស់​ៗ​មក​ជា​ផ្សារ​ទំនើប​ទាន់សម័យ គឺជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង និង​ទាក់ទាញ​វិនិយោគិន​មក​បណ្ដាក់ទុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង ។ ក្រៅពី​នេះ វា​ក៏​បាន​ផ្ដល់​អត្ថប្រយោជន៍ និង​ការងារ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាន​ច្រើន​ផង​ដែរ ។ បើសិនជា​ផ្សារ​ទំនើប​នោះ​មិន​បាន​កែប្រែ និង​រក្សា​ទុក​សភាព​ដើម​ដដែល វា​មិន​ត្រឹមតែ​បាត់​ភ្ញៀវ​ទេ តែ​វា​ក៏​បាន​បាត់បង់​ឱកាស​ការងារ​សម្រាប់​ពលរដ្ឋ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ