ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាណិជ្ជករ អាជីវករ តែង​យក​ដើម​គ្រី​ស្ទ​ស្មាស់​សម្រាប់​ទាក់ទាញ​អតិថិជន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុណ្យ​គ្រី​ស្ទ​ស្មាស់ ឬ​បុណ្យ​ណូអែល បាន​មក​ដល់​ទៀត​ហើយ ។ នៅ​អំឡុង​ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ គេ​សង្កេត​ឃើញ​មានការ​រៀបចំ​តាំង​ដើម​គ្រី​ស្ទ​ស្មាស់​តូច​ធំ​យ៉ាង​ស្រស់​ស្អាត​នៅ​មុខ​សណ្ឋាគារ ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ បុណ្យ​គ្រី​ស្ទ​ស្មាស់ ឬ​បុណ្យ​ណូអែល បាន​មក​ដល់​ទៀត​ហើយ ។ នៅ​អំឡុង​ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ គេ​សង្កេត​ឃើញ​មានការ​រៀបចំ​តាំង​ដើម​គ្រី​ស្ទ​ស្មាស់​តូច​ធំ​យ៉ាង​ស្រស់​ស្អាត​នៅ​មុខ​សណ្ឋាគារ ក្រុមហ៊ុន ផ្សារ​ទំនើប បណ្ណាគារ និង​ហាង​លក់​ទំនិញ​នានា រួម​ជាមួយនឹង​កាដូ​ជា​ច្រើន ។

ពិធីបុណ្យ​ប្រពៃណី​លោក​ខាងលិច​នេះ បាន​ក្លាយជា​បុណ្យ​ពេញ​និយម​មួយ​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ មិន​ថា​តែ​អ្នក​កាន់សាសនា​គ្រី​ស្ទ​នោះ​ទេ​ដែល​ប្រារព្ធ​ពិធីបុណ្យ​នេះ យុវវ័យ​ភាគច្រើន​ដែល​ជា​ពុទ្ធសាសនិក​ក៏​នាំ​គ្នា​អបអរសាទរ​បុណ្យ​នេះ​ផង​ដែរ ។ រីឯ​នៅ​តាម​សាលា​អន្តរជាតិ​មួយ​ចំនួន​ទៀត​វិញ ក៏​មាន​ប្រារព្ធ​ពិធីបុណ្យ​នេះ ដោយ​ឱ្យ​កូនសិស្ស​ពាក់មួក​ដូច​តា​ណូអែល ព្រមទាំង​លេង​ចាប់​កាដូ​ជាដើម ។

ដោយសារ​តែ​ពិធីបុណ្យ​នេះ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​សង្គម​កម្ពុជា ទើប​កន្លែង​មួយ​ចំនួន បាន​យក​ឱកាស​នេះ​ជា​ការ​ប្រូ​ម៉ូ​សិន ដោយ​ដាក់​តាំង​ដើម​គ្រី​ស្ទ​ស្មាស់ និង​ហាង​ខ្លះ​មាន​ចាក់​បទ​ចម្រៀង​ដើម្បី​ទាក់ទាញ​ភ្ញៀវ និង​លក់​បញ្ចុះតម្លៃ​ទៀត​ផង ។

ភាព​ស្រស់​ស្អាត​នៃ​ដើម​គ្រី​ស្ទ​ស្មាស់ ជា​ពិសេស​នៅ​ពេល​រាត្រី​ដែល​រំលេច​នូវ​ភ្លើងពណ៌​ជា​ច្រើន​បាន​ធ្វើ​ឱ្យ​ហាង ឬ​អគារ​នោះ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អតិថិជន ។ ដើម​គ្រី​ស្ទ​ស្មាស់​ត្រូវ​បាន​គេ​រចនា​ស្រ​ដៀង​ៗ​គ្នា និង​មាន​ទំហំ​តូច​ធំ អាស្រ័យ​តាម​ការ​ចំណាយ​របស់​ម្ចាស់​ហាង និង​ស្ថានភាព​ទីតាំង ។

មាន​កម្ពស់​ប្រហែល​ជាង​២​ម៉ែត្រ ដើម​គ្រី​ស្ទ​ស្មាស់​១​ដើម​មាន​ពណ៌​បៃតង និង​មាន​អក្សរ​ខ្សែ​ភ្លើងពណ៌​ដាក់​រាយ​ពីលើ បាន​ឈរ​យ៉ាង​ស្រស់​ស្អាត អម​ដោយ​កាដូ​តូច​ធំ​ចម្រុះ​ពណ៌​នៅ​គល់ ត្រូវ​ម្ចាស់​ផ្សារ​ទំនើប​សិន​ត្រល ដាក់​តាំង​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​អតិថិ​ជន ។ អតិថិជន​ដែល​បាន​មក​ទិញ​សម្ភារ​មិន​ភ្លេច​ចាប់អារម្មណ៍​មុនគេ​ពេល​ចូល​មក​ដល់ ហើយ​ងាក​ទៅ​មើល​ដើម​គ្រី​ស្ទ​ស្មាស់​នេះ ជា​ពិសេស​កូន​ក្មេង ខណៈ​អ្នកខ្លះ​ថែម​ទាំង​ថតរូប​ដើម្បី​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ទៀត​ផង ។

បុគ្គលិក​ផ្នែក​គិតលុយ​នៅ​ផ្សារ​ទំនើប​សិន​ត្រល កញ្ញា កណ្ណិកា ដែល​កំពុង​ឈរ​គិតលុយ​ឱ្យ​ភ្ញៀវ​បានឱ្យ​ដឹង​ថា ម្ចាស់​ផ្សារ​ទំនើប​នេះ​បាន​ទិញ​ដើម​គ្រី​ស្ទ​ស្មាស់​មក​ដាក់​តាំងពី​ចុង​ខែ​វិច្ឆិកា ។ ជា​រៀង​រាល់​ឆ្នាំ ម្ចាស់​ផ្សារ​តែងតែ​តុបតែង​វា ដើម្បី​ដាក់​តាំង​លម្អ និង​ទាក់​ទាញ​អតិថិជន ។

កញ្ញា​សម្បុរ​ស វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ថា ៖« វា​ដល់​រដូវ​គ្រី​ស្ទ​ស្មាស់ ជា​ធម្មតា គេ​តុបតែង​ហើយ ។ វា​ជា​ទម្លាប់​របស់​ផ្សារ ហើយ​កាដូ​នេះ​ដាក់​ដើម្បី​គួប​ផ្សំ​ជាមួយ​ដើម​ណូអែល ព្រោះ​អី​បុណ្យ​នេះ​មានការ​ចាប់​កាដូ » ។

បើ​ទោះជា​វា​ចំណាយ​លុយ​ទៅ​លើ​ដើម​គ្រី​ស្ទ​ស្មាស់ និង​កាដូ​បន្តិច​មែន តែ​នារី​គិតលុយ​វ័យក្មេង​វ័យ​រូប​នេះ​បានឱ្យ​ដឹង​ថា វា​បាន​ជួយ​ទាក់ទាញ​អតិថិជន​ឱ្យមក​ទិញ​ទំនិញ​បាន​គ្រាន់​ជាង​មុន​ផង​ដែរ ។

កញ្ញា កណ្ណិកា បាន​ប្រាប់​បន្ថែម​ថា ៖« វា​អាច​ទាក់ទាញ​អតិថិជន​បាន​ខ្លះ ព្រោះ​អី​ភ្ញៀវ​មក​គាត់​ឃើញ​អីចឹង គាត់​ចាប់អារម្មណ៍​ដែរ ឃើញ​យើង​តុបតែង​ស្អាត ហើយ​ជួនកាល គាត់​យក​កូន​មក​ថតរូប​ទុកជា​អនុស្សាវរីយ៍​ទៀត​ផង » ។

នៅ​រៀង​រាល់​ដើមខែ​ធ្នូ ពិធីបុណ្យ​ណូអែល ឬ​បុណ្យ​គ្រី​ស្ទ​ស្មាស់ ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក ចាប់ផ្ដើម​ប្រារព្ធ​ជា​បន្តបន្ទាប់ ដើម្បី​អបអរសាទរ​ថ្ងៃកំណើត​ព្រះ​យេស៊ូ​វ​គ្រី​ស្ទ និង​យក​ឱកាស​ជូនពរ និង​ជូន​កាដូ​អនុស្សាវរីយ៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ រីឯ​នៅ​កម្ពុជា​វិញ ក្រៅពី​នៅ​ព្រះ​វិហារ​របស់​គ្រី​ស្ទ​សាសនា នៅ​តាម​សាលា ឬ​កន្លែង​មួយ​ចំនួន គេ​នាំ​គ្នា​ប្រារព្ធ​យ៉ាង​សប្បាយ​រីករាយ ហើយ​វា​ក៏​ជា​ពេល​ដែល​មាន​ប្រ​ម៉ូ​សិន​លក់ទំនិញ​ផង​ដែរ ។

ដោយឡែក នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហាក់​កំពុង​ទទួល​បានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ដែល​បាន​មក​ទទួលទាន​អាហារ និង​ភ្ញៀវ​បរទេស​មក​ជួល​បន្ទប់​ស្នាក់​នៅ ដោយ​មាន​ទាំង​អ្នក​ឈរ​ឱ្យ​គេ​ថត និង​អ្នក​ស៊ែ​ល​ហ្វ៊ី (Selfie) ផង​ដែរ ។

អ្នក​ទទួលភ្ញៀវ​នៅ​សណ្ឋាគារ​នេះ បានឱ្យ​ដឹង​ថា សណ្ឋាគារ​ហ្គ្រី​ន​ផា​លេស បាន​ដាក់​តាំង​ដើម​គ្រី​ស្ទ​ស្មាស់​នេះ​តាំងពី​ដើមខែ​ធ្នូ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ ខណៈ​ដែល​សណ្ឋាគារ​នេះ ភាគច្រើន​សុទ្ធតែ​ជា​ភ្ញៀវ​បរទេស ។

អ្នក​ទទួលភ្ញៀវ​វ័យ​ជាង​២០​ឆ្នាំ​រូប​នេះ និយាយ​ថា ៖« ខ្ញុំ​សង្កេត​ឃើញ​ភាគច្រើន​ភ្ញៀវ​ចូល​ចិត្ត ព្រោះ​អី​ជិត​ដល់​ថ្ងៃ​អីចឹង ភាគច្រើន​គាត់​មក​ថត​ស៊ែ​ល​ហ្វ៊ី​ជាមួយ​គ្នីគ្នា​គាត់​ជា​ហូរហែ»។

កំពុង​ឈរ​ថតរូប​ជាមួយ​មិត្តភក្តិ​២-៣​នាក់ យុវតី​ទាំង​៣​មើលទៅ ពួក​គេ​ហាក់​ចាប់​អារម្មណ៍​នឹង​ដើម​គ្រី​ស្ទ​ស្មាស់​នេះ ។

កញ្ញា ឌី​ណា យុវតី​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​៣ បាន​និយាយ​ទាំង​សើច​តិច​ៗ​ថា ៖« ឃើញ​វា​ស្អាត ក៏​នាំ​មិត្តភក្តិ​ថត​លេង​ទៅ ទុក​មើល ហើយ​អាច​នឹង​យក​ទៅ​ផុស​លេង​នៅ​លើ​ហ្វេ​ស​ប៊ុ​ក » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ