ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​ជល់​មាន់​២​ទីតាំង ឃាត់ខ្លួន​មនុស្ស​១០​នាក់​មាន់គក​៥​ក្បាល

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ និង​នគរបាល​ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ធ្វើការ​បង្ក្រាប​សង្វៀន​ជល់​មាន់​២​ទីតាំង​ផ្សេង​គ្នា ដែល​មាន​បង្កប់​ល្បែង​អាប៉ោង​នៅ​ក្នុង​នោះ​ផង​ដែរ ដោយ​បាន​ចាប់ខ្លួន​ក្រុម​អ្នក​ញៀន ល្បែង​ខាងលើ​នោះ​ចំនួន​១០​នាក់ ព្រមទាំង​ដកហូត​បាន​មាន់​ជល់​៥​ក្បាល…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ផ្នែក​អន្តរាគមន៍ និង​នគរបាល​ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ធ្វើការ​បង្ក្រាប​សង្វៀន​ជល់​មាន់​២​ទីតាំង​ផ្សេង​គ្នា ដែល​មាន​បង្កប់​ល្បែង​អាប៉ោង​នៅ​ក្នុង​នោះ​ផង​ដែរ ដោយ​បាន​ចាប់ខ្លួន​ក្រុម​អ្នក​ញៀន ល្បែង​ខាងលើ​នោះ​ចំនួន​១០​នាក់ ព្រមទាំង​ដកហូត​បាន​មាន់​ជល់​៥​ក្បាល រួម​ជាមួយ​ម៉ូតូ និង​រថយន្ត​មួយ​ចំនួន​ទៀត ។ បន្ទាប់​មក​កម្លាំង​បាន​នាំ​អ្នក​ញៀន​ល្បែង​ខាងលើ ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ហើយ​ការ​ចាប់ខ្លួន​នោះ​គឺ​ធ្វើ​ឡើង ក្នុង​ខណៈ​ដែល ក្រុម​អ្នក​ញៀន​ល្បែង​ខាងលើ​កំពុង​ជួបជុំ​គ្នា​ជល់​មាន់ និង​ចាក់​អាប៉ោង ដោយ​ដាក់​ភ្នាល់​លុយរាប់​ពាន់​ដុល្លារ​។ ប្រតិបត្តិការ​ខាងលើ​នោះ​បាន​ចាប់ផ្ដើម​ធ្វើ​ឡើង តាំងពី​វេលា​ម៉ោង​១១ និង​២៥​នាទី​ព្រឹក រហូត​ដល់​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៧ ដែល​ទីតាំង​ទី​១ ស្ថិត​នៅ​ក្នុង​ព្រៃ​ស្ថិត​នៅ​ក្នុងភូមិ​អន្លង់​ស្វាយ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​បាន​គេ​ដឹង​ថា​ម្ចាស់ ទីតាំង​គឺ​តារាចម្រៀង​ម្នាក់ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ទេ​។

ចំណែក​ទីតាំង​ទី​២ នៅ​ចំណុច​ដី​វាល​ស្ថិត​នៅ ខាងក្រោយ​រោងចក្រ​កាត់ដេរ សាន់​ស្កា​យ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ម្ចាស់​សង្វៀន​នោះ​ទេ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់ និង​អាប៉ោង​ទី​១ របស់​តារាចម្រៀង​ម្នាក់​នោះ​កម្លាំង​ធ្វើការ​ចាប់ ខ្លួន​មនុស្ស​បាន​ចំនួន​៥​នាក់ និង​មាន់​ជល់​ចំនួន​៣​ក្បាល ហើយ​កម្លាំង​បាន​ធ្វើការ​រុះរើ​សង្វៀន​នោះ​ចោល​តែ​ម្ដង ចំណែក​តារាចម្រៀង ដែល​ជា​ម្ចាស់​សង្វៀន​មួយ​នេះ មិន​ត្រូវ​បាន​ចាប់ខ្លួន​បាន​នោះ​ទេ​បាន​គេចខ្លួន​រួច ហើយ​ទីតាំង​មួយ​នេះ​មាន​មនុស្ស​ចូល​ទៅ​លេង យ៉ាង​ពពាក់ពពូន និង​មានការ​ចាក់​ភ្នាល់​មួយគូ​ៗ​រាប់​ពាន់​ដុល្លារ​។ ចំណែក​អាប៉ោង និង​បៀ​វិញ​ក៏ បាន​ចាក់​ក្នុង​មួយ ដៃ​ៗ​រាប់​សែន​រាប់​រៀល​ដែរ​។ ម្យ៉ាង​អ្នក​ដែល​ចូល​ចិត្ត​ខាង​លេង​មាន់​គឺ​ពួក​គេ​មាន​មាន់​ជល់​ពូជ​ល្អ​ៗ យក​ទៅ​ប្រយុទ្ធ​គ្នា​ហើយ​អ្នក​ឈ្នះ បាន​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ​លាន់ឮ កងរំពង​រាល់ថ្ងៃ មិន​ខ្លាចញញើត​ទៅ​នឹង​ច្បាប់​ហាមឃាត់​ឡើយ ចំណែក​អ្នក​ចូល​ចិត្ត​លេងបៀ អាប៉ោង​បាន​នាំ​គ្នា​ចូល​ទៅ​លេង​រហូត​ភ្លេច​បាយ​ភ្លេច​ទឹក និង​មិន​បាន​គិត​ពី​ការងារ​រកស៊ី​នោះ​ទេ ហើយ​មាន​អ្នកខ្លះ​ត្រូវ​ប្រពន្ធ​ទៅ​ជេរ ដល់​កន្លែង​នោះ​ក៏​នៅ​តែ​មិន​ឈឺក្បាល​ទៀត​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទីតាំង​សង្វៀន​នេះ បាន​បើក​លេង​យូរ​មក​ហើយ​ដែរ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​មួយ​នេះ​មិន​បាន​ហ៊ាន​រាយការណ៍ ជូន​ថ្នាក់លើ​ឲ្យ​បាន​ដឹងផង​ទេ ហាក់​មានការ​ខ្លាចញញើត​ចំពោះ​អំណាច ឬ​ត្រូវ​ថ្នាំ​សណ្ដំ​របស់​ម្ចាស់​សង្វៀន​មួយ​នេះ​។ ប៉ុន្តែ​ទោះជា​គ្មាន​ការ​រាយការណ៍​ឲ្យ​ដឹង​ក៏​ដោយ ប៉ុន្តែ​កម្លាំង​នគរបាល​ខាងលើ​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​មាន​ប្រជាពលរដ្ឋ​ដែល​មានការ​ស្អប់ ខ្ពើម​ចំពោះ​ល្បែងស៊ីសង​ខុសច្បាប់​ខាងលើ បាន​លួច​រាយការណ៍​ជូន​កម្លាំង​ឲ្យ​ជួយ​ចុះ​ទៅ​បង្ក្រាប​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម​កម្លាំង​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប ហើយ​ពេល​ទៅ​ដល់​ឃើញ​មាន​មនុស្ស​រាប់រយ​នាក់​កំពុង​លេង​នៅ​ទីនោះ ហើយ​បាន​នាំ​គ្នា​រត់ គេចខ្លួន​យ៉ាង​ប្រសេចប្រសាច ដោយ​កម្លាំង​ឃាត់​បាន​តែ​៥​នាក់ រួម​ជាមួយ​មាន់​ជល់​៣​ក្បាល រួម​ជាមួយ​ម៉ូតូ និង​រថយន្ត​មួយ​ចំនួន​ប៉ុណ្ណោះ​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ដោយឡែក​សង្វៀន​ជល់​មាន់ និង​វង់​អាប៉ោង​ទី​២ ស្ថិត​នៅ​នៅ​ចំណុច​ដី​វាល​ស្ថិត​នៅ ខាងក្រោយ រោងចក្រ​កាត់ដេរ​យីហោ សាន់​ស្កា​យ ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ហើយ​កម្លាំង​បាន​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​៥​នាក់ រួម​ជាមួយ​មាន់គក​២​ក្បាល និង​ម៉ូតូ​មួយ​ចំនួន ហើយ​សង្វៀន​មួយ​នេះ គឺជា​សង្វៀន​ចល័ត ដែល​មាន​មនុស្ស​ចូល​លេង​ច្រើន ដែល​ពួក​គេ​លេង​តាម បែប​ឆក់កណ្ដៀត មិនមែន​លេង​ជាប់​រាល់ថ្ងៃ​នោះ​ទេ ដោយ​១​ថ្ងៃ ឬ​២​ថ្ងៃ​លេង​កន្លែង​នឹង ហើយ​១​ថ្ងៃ ឬ​២​ថ្ងៃ​ទៀត​ប្ដូរ​ទៅ​លេង​កន្លែង ផ្សេង​ទៀត​។

ការ​ចល័ត​បែប​នេះ​គឺ​ដើម្បី​គេច​ចេញពី​ការ​តាម​ចាប់ខ្លួន​របស់​នគរបាល ហើយ​អ្នកខ្លះ ក៏​ឈ្នះ​បាន​លុយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​អ្នកខ្លះ​ទៀត​ក៏​ចាញ់​អស់​គូទ​ខោ អស់ទាំង​លុយ​ទាំង​ម៉ូតូ ប៉ុន្តែ​ទោះបីជា​ពួក​គេ​ខិតខំ​ចល័ត​ម្ដង​ទៅ​នេះ ម្ដង​ទៅ​នោះ​បែប​ណា​ក្ដី ក៏​មិន​អាច​គេច​ផុត​ពី​ក្រសែភ្នែក​របស់​កម្លាំង​នគរបាល​បាន​ដែរ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​បានដឹង ក៏​លួច​រាយការណ៍​ជូន​កម្លាំង​ឲ្យ​ចុះ​ទៅ​បង្ក្រាប​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពី​មុន​សង្វៀន​ជល់​មាន​នីមួយ​ៗ​បើ​បើក​លេង​ហើយ​គឺ​គេ​រៀបចំ​ស្អាត និង​ត្រឹមត្រូវ​ណាស់ ហើយ​តែងតែ មាន​បង្កប់​ល្បែង​អាប៉ោង​បៀរ​នៅ​ក្នុង​នោះ មិន​ដែល​ខាន​ឡើយ មិនតែប៉ុណ្ណោះ​អ្នក​បង្កើត​សង្វៀន និង​ទីតាំង​ល្បែងស៊ីសង​នោះ ប្រមូល​លុយ​តុង​រាប់រយ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ៗ រីកមុខ​រីក​មាត់​ខ្លាំង​ណាស់​។

ប៉ុន្តែ​ចំពោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ជា​ពិសេស​នគរបាល មិន​បាន​ទុក​ឲ្យ​ល្បែងស៊ីសង​បែប​នេះ ដំណើរការ​នៅ​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​នោះ​ឡើយ តែងតែ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ មិន​អាច​បើក​លែង​នៅ​នឹង​មួយ​កន្លែង​បាន​ទេ ក៏​បាន​បែកគំនិត​ខ​ល​ទាក់ទង​គ្នា ណាត់ជួប​គ្នា​ជល់​បែប​ឆក់កណ្ដៀត និង​ចាក់​អាប៉ោង​បែប​ឆក់កណ្ដៀត​ដែរ ដោយ​ម្ដង​លេង​នៅ​កន្លែង​នេះ​និង​ម្ដង​ទៅ​លេង​កន្លែង​នោះ មិន​ពិតប្រាកដ​ឡើយ​។ ពួក​គេ​មិនមែន​ញៀន​ត្រឹមតែ​ការ​សប្បាយ​ធម្មតា​ទេ តែ​បាន​បង្កើត​ល្បែងស៊ីសង​ឡើង ធ្វើ​ជា​មុខរបរ​រកស៊ី​ប្រចាំ​ថ្ងៃ​តែ​ម្ដង​។ ដោយឡែក​កម្លាំង​នគរបាល​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជាប់​ជា​ប្រចាំ​ដែរ ហើយ​ឲ្យ​តែ​បានដឹង​ច្បាស់​ពី​ទីតាំង​គឺ​ចុះ​ទៅ​បង្ក្រាប និង​ចាប់​ដោយ​គ្មាន​ការ​យោគយល់​ឡើយ ព្រោះ​បទល្មើស​ផ្សេង​ៗ​មាន​ដូច​ជា​ចោរលួច ឆក់​ប្លន់ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ជាដើម​បាន​កើត​ចេញពី​ល្បែងស៊ីសង​នេះឯង​៕
https://youtu.be/s-Sn3sdIL6E

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ