គួរ​ឱ្យ​សោក​ស្តាយ​ណាស់​ចំពោះ​ព្រឹទ្ធាចារ្យ​ល្ខោនខោលដ៏​ល្បី​ល្បាញ ស៊ិ​ន សា​ម៉ា​ដឹក​ឆូ


រាជធានី​ភ្នំពេញ ៖ លោកយាយ​ព្រឹទ្ធាចារ្យ​និង​អតីត​សិល្ប​ការិនី​ល្ខោនខោល​ដ៏​ល្បីល្បាញ ស៊ិ​ន សា​ម៉ា​ដឹក​ឆូ បាន​ទទួលមរណភាព​ហើយ កាលពី​វេលា​ម៉ោង​១១ និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​វ័យ​៧៧​ឆ្នាំ ដោយ​ជរាពាធ ។

លោកយាយ​ព្រឹទ្ធាចារ្យ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយ​ជីវិត​រស់នៅ​ជាមួយ​សិល្បៈ​ផ្នែក​បុរាណ និង​បាន​ចូលរួម​បណ្តុះបណ្តាល​ក្មេង​ជំនាន់​ក្រោយ​បានជា​ច្រើន​នាក់ ។

មរណភាព​របស់​លោកយាយ​ព្រឹទ្ធាចារ្យ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ បាន​ធ្វើ​ឲ្យ​កូនសិស្ស​ល្ខោន​ខោល​​របស់​លោកយាយ​ក្តុកក្តួល និង​សម្តែង​ក្តី​អាឡោះអាល័យ​យ៉ាង​ខ្លាំង ។ ពួក​គេ​បាន​ចាត់​ទុក​មរណភាព​របស់​លោកយាយ គឺជា​ការ​បាត់បង់​ធនធានមនុស្ស​យ៉ាង​សំខាន់ ក្នុង​ផ្នែក​ល្ខោនខោល ។

ជា​គ្រូ និង​អ្នក​សម្តែង​ល្ខោនខោល​ម្នាក់​លោក​ហង់ ភូមិ​រ៉ា បាន​សម្តែង​ការ​សោកស្តាយ​នៅ​ពេល​ដែល​លោក​បាន​ទទួល​ដំណឹង​ពី​មរណភាព​របស់​ព្រឹទ្ធាចារ្យ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ នា​ពេល​នេះ ។

បើ​តាម​លោក​ហង់ ភូមិ​រ៉ា ថា​ព្រឹទ្ធាចារ្យ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ ជា​សិល្ប​ការិនី​ល្ខោន​ព្រះរាជ​ទ្រព្យ តាំងពី​រជ្ជកាល​ហ្លួង​ស៊ី​សុវត្ថិ មុនី​វង្ស ដោយ​បាន​សិក្សា​ពី​ឃុន ចាស់​ៗ​ក្នុង​វាំង និង​ជា​គ្រូបង្ហាត់​ល្ខោនខោល​ឯកទេស​ស្វា នាង នាយ​រោង យក្ស ហើយ​លោកយាយ​បាន​ជួយ​បណ្តុះបណ្តាល​សិល្បៈ​បុរាណ​មួយ​នេះ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​រាប់​ពាន់​នាក់ ។

អំឡុង​ពេល​មាន​ជំងឺ​ក្រោក​ពី​កន្ទេល​មិន​រួច និង​ជួប​ការ​ខ្វះខាត​នោះ ព្រឹទ្ធាចារ្យ​សិល្បៈ​បុរាណ​វ័យ​៧៧​ឆ្នាំ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ មិន​ហ៊ាន​សុំ​ជំនួយ​ពី​ផ្នែក​ណាមួយ​ឡើយ ព្រោះ​យល់​ថា​លោកយាយ​មិន​មាន​ស្គាល់​នរណា​ទាំងអស់ ។ លោកយាយ​ធ្លាប់​ឲ្យ​ដឹង​ថា​គាត់​ធ្លាប់​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​តិចតួច​ពី​អតីត​កូនសិស្ស និង​សប្បុរសជន​មួយ​ចំនួន ។ ដោយឡែក​ប្រាក់​ចូល​និ​វត្ស​របស់​គាត់​ត្រឹមតែ​៥០​ដុល្លារ មិន​អាច​ទ្រទ្រង់​ការ​ចំណាយ​បាន​ទេ ។

ស្ថានភាព​ជំងឺ​ពុក​ឆ្អឹង និង​ឈឺសន្លាក់​របស់​លោកយាយ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ​មាន​សភាព​ធ្ងន់ មិន​អាច​ក្រោក​ពី​កន្ទេល​បាន ហើយ​គាត់​ព្យាបាល​ដោយ​ថ្នាំ​នៅ​គេហដ្ឋាន​របស់​គាត់ ក្នុង​ដង្ហើម​ជីវិត​ចុង​ក្រោយ ។

ព្រឹទ្ធាចារ្យ​សិល្បៈ​ស៊ិ​ន សា​ម៉ា​ដឹក​ឆូ បាន​ចាប់ផ្ដើម​បង្រៀន​សិស្ស​នៅ​សាលា​វិចិត្រសិល្បៈ​តាំងពី​មាន​វ័យ​៣៤ ឆ្នាំ លើ​ឯកទេស​របាំ​ព្រះរាជ​ទ្រព្យ តួ​នាង ស្វា នាយ​រោង យក្ស និង ចម្រៀង​​បុរាណ ជាដើម ។ ក្រោយមក​គាត់​បាន​ផ្លាស់​ប្ដូរ​បង្ហាត់​ល្ខោនខោល​វិញ ដោយ​គាត់​អះអាង​ថា មិនសូវ​មាន​អ្នក​យល់​ពី​គន្លឹះ​បង្ហាត់​ទេ ធ្វើ​ឱ្យ​សិស្ស​ចេះ​មិន​អស់ ។ កាលពី​នៅ​រស់​លោកយាយ​ធ្លាប់​បាន​ពោល​ពាក្យ​សោកស្ដាយ ដ្បិត​មនុស្ស​ជំនាន់​ក្រោយ​មិនសូវ​មានការ​ចាប់អារម្មណ៍​ពី​ទម្រង់​សិល្បៈ​ទាំងនេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ