ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​1​ឆ្នាំ ពលរដ្ឋ​កម្ពុជា​មាន​តម្រូវការ​លំនៅ​ឋាន​5​ម៉ឺន​ខ្នង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​អះអាង​ថា ក្នុង​១​ឆ្នាំ ពលរដ្ឋ​កម្ពុជា​មាន​តម្រូវការ​លំនៅ​ឋាន​៥​ម៉ឺន​ខ្នង​ជា​មធ្យម​ដើម្បី​រស់នៅ ស្រប​នឹង​កំណើន​វិស័យ​អចលនទ្រព្យ ។ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​អះអាង​ថា ក្នុង​១​ឆ្នាំ ពលរដ្ឋ​កម្ពុជា​មាន​តម្រូវការ​លំនៅ​ឋាន​៥​ម៉ឺន​ខ្នង​ជា​មធ្យម​ដើម្បី​រស់នៅ ស្រប​នឹង​កំណើន​វិស័យ​អចលនទ្រព្យ ។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លើក ឡើង​ក្នុង​ពិធី​សម្ពោធ​បើក​គម្រោង​សាងសង់​បុរី​មួយ​នា​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ ថា តាម​ការ​សិក្សា​របស់​ក្រសួង​អំពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​ឃើញ​ថា ចំនួន​ពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី និង​ទីប្រជុំជន​នៅ​ឆ្នាំ​២០១៤ មាន​ប្រមាណ​៤,៥​លាន​នាក់ ស្មើ​២៧,១% នឹង​បន្ត​កើន​ដល់​៧,៩២ លាន​នាក់ ស្មើ​៤៤% នៅ​ឆ្នាំ​២០៣០ ។

លោក​បញ្ជាក់​ថា ៖« តាម​ទិន្នន័យ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សម្រាប់​រយៈពេល​១៥ ឆ្នាំ (២០១៥-២០៣០) តម្រូវការ​លំនៅ​ឋាន សម្រាប់​តំបន់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ​៨០​ម៉ឺន​លំនៅ​ឋាន ដែល​គិត​ជា​មធ្យម មាន​តម្រូវការ​ប្រមាណ​៥​ម៉ឺន​លំនៅ​ឋាន​ក្នុង​១​ឆ្នាំ​» ។

លោក​បន្ត​ថា តម្រូវការ​លំនៅ​ឋាន​នេះ​បាន​និង​កំពុង​អនុវត្ត​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​រៀបចំ​ដែនដី​ក្នុង​ការ​កសាង​ផែនការ​រៀបចំ​ដែនដី ប្លង់​គោល និង​ផែនការ ប្រើប្រាស់​ដី​គ្រប់​កម្រិត និង​គោលនយោបាយ​ជាតិ ស្តី​ពី​លំនៅ​ឋាន​ឲ្យ​ស្រប​តាម​តម្រូវការ​នៃ​ការ​រីក​លូត​លាស់​ផ្នែក​នគរូបនីយកម្ម និង​កំណត់​តំបន់​ទិស​ដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ពង្រីក​ទីក្រុង តំបន់​ស្នាក់​នៅ ជា​ពិសេស លំនៅ​ឋាន​មាន​តម្លៃ​សមរម្យ​ជូន​មន្ត្រីរាជការ កង​កម្លាំងប្រដាប់អាវុធ និង​ពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម ចំណូល​ទាប និង​ជន​ងាយ​រង​គ្រោះ ដើម្បី​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សមធម៌ ។

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​តែងតែ​ចាត់​ទុក​វិស័យ​ឯកជន គឺជា​ដៃគូ និង​បាន​លើក​កម្ពស់​តួនាទី​វិស័យ​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ។ ដោយឡែក វិស័យ​អចលនទ្រព្យ និង​សំណង់ បាន​ផ្តល់​ការ​អនុគ្រោះ​យ៉ាងច្រើន​ដល់​វិនិយោគិន​បរទេស​ចំពោះ​សិទ្ធិ​លើ​អចលនទ្រព្យ​។ វិស័យ​អចលនទ្រព្យ​បាន​ចូលរួម​សេដ្ឋកិច្ចជាតិ​កម្ពុជា​ក្នុង​រង្វង់​៧% នៅ​ក្នុង​ឆ្នាំ​២០១៧ ។

លោក YAN LILIN អគ្គនាយក​ក្រុម ហ៊ុន​អ​អេ​ហ្វ លើក​ឡើង​ថា ដោយសារ​ឃើញ​កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​មាន​សក្តានុពល​យ៉ាង​ធំធេង​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រីក​ចម្រើន កម្ពុជា​មាន​ប្រពៃណី​ល្អ ជា​ពិសេស មាន​គោលនយោបាយ​វិនិយោគ​បើក​ទូលាយ និង​អនុគ្រោះ​ដល់​វិនិយោគិន​បរទេស លោក​បាន​បោះទុន​វិនិយោគ​លើ​គម្រោង​អគារ​សហ​កម្មសិទ្ធិ​ដែល​ស្ថិត​នៅ​ជាប់​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទំហំ​ទឹកប្រាក់​ប្រហែល​៧០០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប​៧,៧​ហិ​កតា និង​មាន​ផ្ទៃក្រឡា​អគារ​ជិត​៥៦​ម៉ឺន​ម៉ែត្រ​, ប្រភេទ​លំនៅ​ឋាន​មាន​ទំហំ​ចាប់ពី​៥៥.១៣៤​ម៉ែត្រការ៉េ និង​មាន​បន្ទប់​ចាប់​ពី​១​ទៅ​៣​បន្ទប់ ដែល​មាន​ភាព សម​ស្រប​សម្រាប់​ការ​វិនិយោគ និង​រស់នៅ​ផ្ទាល់ខ្លួន។

ការ​អភិវឌ្ឍ​គម្រោង​នេះ ក៏​ស្រប​ទៅ​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្ន​ង​ការ​ផ្ដល់​លំនៅ​ឋាន​ដល់​ប្រជាពលរដ្ឋ និង​ជួយ​លើកតម្កើង​កិត្យានុភាព​ទីក្រុង​ភ្នំពេញ​ផង​ដែរ។

ការ​រីក​ចម្រើន​វិស័យ​សំណង់​នេះ បាន​ធ្វើ​ឲ្យ​សហគ្រាស​អាជីវកម្ម​ក្នុង​វិស័យ​សំណង់​បាន​ចុះបញ្ជី​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​នៅ​មាន​សុពលភាព បាន​កើន ដល់​១.០៣៨​ក្រុមហ៊ុន ក្នុង​នោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​មាន​៤២ និង​ក្រុម​ហ៊ុន​សាងសង់ មាន​៩៩៦ ហើយ​ស្ថាបត្យករ​មាន​ប្រមាណ​ជាង​២.៥០០​នាក់ និង​វិស្វករ​ប្រមាណ​៣​ម៉ឺន​នាក់ ។

គួរ​បញ្ជាក់​ថា ការ​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ឆ្នាំ​២០១៦ ​កន្លង​មក មាន​ប្រមាណ​៥.៥៨០​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​មាន​កំណើន​ប្រមាណ​៦៧,១៥% និង​ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៧ មាន​ប្រមាណ​៦.២៦៧​លាន​ដុល្លារ បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៦ មាន​កំណើន​ប្រមាណ​២៧,៦៨% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ