ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​កា.ប់​ដី​ត​បណ្តាញ​អគ្គិសនី ទទួល​បាន​កម្រៃ​ខ្ពស់​ជាង​កម្មករ​សំណង់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី ឬ​ខ្សែ​កា​ប្លិ៍​នៅ​តាម​អគារ​នា​ពេល​បច្ចុប្បន្ន បាន​ចូលរួម​ចំណែក​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ក្នុងស្រុក ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ បើ​ទោះបី​ការងារ​នេះ​ផ្លាស់​ប្តូរ​ទីតាំង​ជាង​ផ្នែក​ផ្សេង​ៗ​ក្តី ។ តម្លៃ​ទីផ្សារ​កម្លាំង​ពលកម្ម​របស់​កម្មករ​កាប់​ដី​ត​បណ្តាញ​អគ្គិសនី​នេះ គឺ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ជាង​កម្មករ​សំណង់…

រាជធានី​ភ្នំពេញ ៖ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី ឬ​ខ្សែ​កា​ប្លិ៍​នៅ​តាម​អគារ​នា​ពេល​បច្ចុប្បន្ន បាន​ចូលរួម​ចំណែក​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ក្នុងស្រុក ទទួល​បាន​ប្រាក់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ បើ​ទោះបី​ការងារ​នេះ​ផ្លាស់​ប្តូរ​ទីតាំង​ជាង​ផ្នែក​ផ្សេង​ៗ​ក្តី ។ តម្លៃ​ទីផ្សារ​កម្លាំង​ពលកម្ម​របស់​កម្មករ​កាប់​ដី​ត​បណ្តាញ​អគ្គិសនី​នេះ គឺ​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់​ជាង​កម្មករ​សំណង់ ដែល​គ្មាន​ជំនាញ​ដូច​គ្នា ។

បើ​តាម​កម្មករ​កាប់​ដី​ត​ណា្ត​ញ​អគ្គិសនី ដែល​បាន​ធ្វើ​ការងារ​នេះ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ បាន​និយាយ​ថា ទីផ្សារ​ការងារ​កាប់​ដី​ត​បណ្តាញ​វា​សម្បូរ​គួរសម ព្រោះ​មាន​អគារ​សាងសង់​ថ្មី​ៗ​ដែល​ត្រូវ​ត​ភ្ជាប់​បណ្តាញ​ចូល​ទៅ​ក្នុង​អគារ​ដូច​ជា ខ្សែភ្លើង​ឬ​ខ្សែ​កា​ប្លិ៍ ដើម្បី​បម្រើ​ដល់​ដំណើរការ​របស់​ក្រុមហ៊ុន ។

លោក ប៉ិ ពុំ កម្មក​រូប​នេះ​បាន​បញ្ជាក់​ថា ៖ « សព្វ​ថ្ងៃនេះ ទីផ្សារ​តម្លៃ​កម្លាំង​ពលកម្ម​សម្រាប់​​កម្មករ​កាប់​ដី​ត​បណ្តាញ គឺ​បាន​ប្រាក់​កម្រៃ​ពី​៤​ម៉ឺន​ទៅ​៦​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ​ទៅ​តាម​ជំនាញ ហើយ​ប្រាក់​កម្រៃ​ដែល​ទទួល​បាន​នេះ បើ​ប្រៀបធៀប​វា​ខ្ពស់​ជាង​កម្មករ​សំណង់ ។ លើស​ពី​នេះ ការងារ​កាប់​ត​បណ្តាញ មិនសូវ​មាន​ហានិភ័យ​ដូច​កម្មករ​សំណង់​ទេ » ។

លោក​លើក​ឡើង​ថា ប្រាក់​កម្រៃ​ដែល​ទទួល​បាន​ពី​ការងារ​មួយ​នេះ ក្រៅពី​ការ​កាត់​ចំណាយ​ប្រចាំ​ថ្ងៃ និង​ថ្លៃ​ជួល​ផ្ទះ​ហើយ លោក​នៅ​សល់​ល្មម​គួរសម វា​មិនសូវ​ឱ្យ​គ្រួសារ​ពិបាក​ទេ ប៉ុន្តែ​បើ​ឱ្យ​មាន​ជា​ដុំ​កំភួន​ដូច​គេ វា​មិន​មាន​ទេ គ្រាន់តែ​បាន​ធូរ​ជាង​គ្រួសារ​ដែល​មាន​ចំណូល​តិចតួច ។

លោក ខាន់ ប៊ុ​ន​ថន ក៏​ជា​កម្មករ​កាប់​ដី​ត​បណ្តាញ​អគ្គិសនី​មួយ​រូប​ទៀត​ដែល​ទើបតែ​ចូល​ធ្វើការ​បាន​ប៉ុន្មាន​ថ្ងៃ លើក​ឡើង​ថា ការងារ​កាប់​ដី​ត​ភ្ជាប់​បណ្តាញ​ក្នុង​១​ថ្ងៃ គឺ​ទទួល​បាន​ប្រាក់​កម្រៃ​កម្លាំង​ពលកម្ម​ចំនួន​៤​ម៉ឺន​រៀល ហើយ​ការងារ​នេះ​ស្រួល​ក៏​មិន​ស្រួល ពិបាក​ក៏​មិន​ពិបាក​ដែរ បើ​ប្រៀបធៀប​នឹង​ការងារ​ដែល​លោក​ធ្លាប់​ធ្វើ​កន្លង​ទៅ ។

លោក សៅ សុភាព ប្រធាន​ការដ្ឋាន​សំណង់​នៃ​ក្រុមហ៊ុន MKC ធ្លាប់​បានឱ្យ​ដឹង​ថា ជាង​ធម្មតា​ទទួល​បាន​ប្រាក់​កម្រៃ​២​ម៉ឺន​រៀល​, ជាង​ជំនាញ ៣​ម៉ឺន​ទៅ​៣​ម៉ឺន​៦​ពាន់​រៀល រហូត​ដល់​៥​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ផ្អែក​ទៅ​តាម​អ្នក​មានបទពិសោធន៍​ការងារ​ជាក់ស្តែង ។

ចំណែក​លោក រឿ​ន ថៃ​ស្រេង ប្រធាន​ការដ្ឋាន​សាងសង់​នៃ​ក្រុមហ៊ុន MDH ឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ កម្មករ​គ្មាន​ជំនាញ​បាន​និង​កំពុងធ្វើការ​នៅ​ក្នុង​គម្រោង​របស់​លោក គឺ​ទទួល​បាន​ប្រាក់​កម្រៃ​២​ម៉ឺន​៥​ពាន់​រៀល និង​ជាង​មាន​ជំនាញ បាន​ចាប់ពី​៤​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។

លោក ចាន់ សា​រំ កម្មករ​ជាង​ពុម្ព​បានឱ្យ​ដឹង​ថា ក្នុង​១​ថ្ងៃ លោក​អាច​ទទួល​កម្រៃ​ពី​៣​ម៉ឺន​៦​ពាន់​ទៅ​៤​ម៉ឺន​រៀល គិត​តាម​ថ្ងៃ​ថែម​ម៉ោង​។ ជាក់ស្តែង ក្នុង​១​ខែ​ក្រោយ​ពី​កាត់​ការ​ចំណាយ​​ផ្សេង​ៗ លោក​អាច​នៅ​សល់​ប្រាក់​ជាង​៤០​ម៉ឺន​រៀល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ។

យោង​តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឆ្នាំ​២០១៦​បង្ហាញ​ថា វិស័យ​សំណង់​បាន​បង្កើត​ការងារ​ជា​ច្រើន​ប្រភេទ​ដល់​ពលរដ្ឋ គិត​ជា​មធ្យម​ប្រមាណ​១៩​ម៉ឺន​ទៅ​២០​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ ក្នុង​នោះ​រាជធានី​ភ្នំពេញ មាន​កម្មករ​ប្រមាណ​១៤​ម៉ឺន ទៅ​១៥​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ ។ កម្លាំង​ពលកម្ម​អាច​ប្រែប្រួល​ទៅ​តាម​ទំហំ​ការងារ​ជាក់ស្តែង​នៅ​តាម​ការដ្ឋាន​សំណង់ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ បរិមាណ​កម្លាំង​ពលកម្ម​កើនឡើង​៣៣,៣៣% ។

របាយការណ៍​ដដែល​បញ្ជាក់​ថា ៖« តាម​រយៈ​ការ​ស្រាវជ្រាវ តម្លៃ​ពលកម្ម​សម្រាប់​កម្មករ​គ្មាន​ជំនាញ ក្នុង​១​ខែ​ទទួល​បាន​១២០​ទៅ​២០០​ដុល្លារ​, កម្មករ​មាន​ជំនាញ និង​មេជាង ក្នុង​១​ខែ​ទទួល​បាន​៣០០​ទៅ​៤៥០​ដុល្លារ និង​វិស្វករ ស្ថាបត្យករ និង​អ្នកជំនាញ​ផ្សេង​ទៀត ក្នុង​១​ខែ​ទទួល​បាន​ចាប់ពី​៣៤០​ទៅ​២.៥០០​ដុល្លារ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ