ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សំណង់​មាន​សុខភាព​ល្អ តែ​ការ​នាំ​ចូល​និង​ផ្គត់ផ្គង់​សម្ភារ​កើន​តិចតួច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​សេដ្ឋកិច្ច និង​វិនិយោគិន​ក្នុង​វិស័យ​សំណង់​មើលឃើញ​ថា បញ្ហា​នយោបាយ​មិន​បាន​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ទេ ហើយ​គម្រោង​សាងសង់​ធំ​ៗ​នៅ​តែ​បន្ត​កើន​ឡើងជា​ហូរហែ ។ ប៉ុន្តែ​អ្នក​រកស៊ី​ខាង​ផ្នែក​នេះ​និយាយ​ថា ការ​នាំ​ចូល និង​លក់​ចេញ​គ្រឿងសំណង់​មាន​កំណើន​តិចតួច​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​សេដ្ឋកិច្ច និង​វិនិយោគិន​ក្នុង​វិស័យ​សំណង់​មើលឃើញ​ថា បញ្ហា​នយោបាយ​មិន​បាន​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ទេ ហើយ​គម្រោង​សាងសង់​ធំ​ៗ​នៅ​តែ​បន្ត​កើន​ឡើងជា​ហូរហែ ។ ប៉ុន្តែ​អ្នក​រកស៊ី​ខាង​ផ្នែក​នេះ​និយាយ​ថា ការ​នាំ​ចូល និង​លក់​ចេញ​គ្រឿងសំណង់​មាន​កំណើន​តិចតួច​ប៉ុណ្ណោះ ។

លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​២២ ធ្នូ ថា ដោយ​មិន​គិត​ពី​ការ​នាំ​ចូល​គ្រឿងសំណង់​ផ្សេង​ៗ ការ​នាំ​ចូល​ស៊ីម៉ងត៍​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។

លោក​បន្ត​ថា នៅ​ឆ្នាំ​២០១៦ ការ​នាំ​ចូល​សរុប​ស្មើ​ប្រមាណ​៨៥​លាន​ដុល្លារ ប្រមាណ​ជា​១​លាន​តោន ខណៈ​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៧ ការ​នាំ​ចូល​ស្មើ​ប្រមាណ​ជិត​៣០​លាន​ដុល្លារ ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន​លក់​គ្រឿងសំណង់ និង​ក្រុមហ៊ុន​ម៉ៅ​ការ​តូច និង​មធ្យម លើក​ឡើង​ថា ដោយសារ​ស្ថានភាព​នយោបាយ​ធ្វើ​ឱ្យ​ការ​សាងសង់​មួយ​ចំនួន​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន ដែល​ធ្វើ​ឱ្យ​គម្រោង​សាងសង់​របស់​ពួក​គេ​ថយ​ចុះ ហើយ​ការ​ប្រើប្រាស់​គ្រឿងសំណង់ ក៏​បាន​ថយ​ចុះ​ជាង​មុន​ផង​ដែរ ។

លោក ស្រឿ​ន ចេក ម្ចាស់​ក្រុមហ៊ុន​សាងសង់ SC Contraction ឱ្យ​ដឹង​ថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គម្រោង​សាងសង់​របស់​លោក​បាន​ធ្លាក់​ចុះ​ជាង​មុន ។ ចំណែក​ការ​ប្រើប្រាស់​សម្ភារ​សំណង់ ក៏​បាន​ថយ​ចុះ​ជាង​កាលពីដើម​ឆ្នាំ​ផង​ដែរ ។ លោក​បន្ត​ថា ពី​មុន ក្នុង​១​ខែ លោក​ត្រូវ​ចំណាយ​លើ​សម្ភារ​សំណង់​ប្រមាណ​៣​ម៉ឺន ទៅ​៤​ម៉ឺន​ដុល្លារ ។ ដោយឡែក នៅ​ចុងឆ្នាំ​នេះ លោក​ចំណាយ​តែ​១​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ដោយសារ​មិនសូវ​មាន​គម្រោង​ច្រើន​ដូច​មុន ។

លោក​បន្ត​ថា ៖« ខ្ញុំ​មើលឃើញ​ថា ចាប់ពី​ខែវិច្ឆិកា ដល់​ខែមេសា គម្រោង​សាងសង់​បាន​កើនឡើង ។ ដោយឡែក នៅ​ឆ្នាំ​នេះ មក​ដល់​ខែធ្នូ​ហើយ ហាក់​មិនសូវ​មាន​ដូច​ឆ្នាំ​មុន​ទេ។ តាម​ខ្ញុំ​គិត គឺ​អាច​មក​ពី​ស្ថានភាព​នយោបាយ និង​ជិត​បោះ​ឆ្នោត ។ ចំពោះ​ខ្ញុំ​ផ្ទាល់ គឺ​មាន​គម្រោង​ខ្សត់​ជាង​មុន » ។

ចំណែក​លោក ហេង សុខ​ឆាយ ប្រធាន​ផ្នែក​គ្រប់គ្រង​ម៉ាក​ផលិតផល និង​លក់ដុំ​នៃ​ក្រុម​ហ៊ុន​ឃី ហួត ជា​ក្រុមហ៊ុន​ផ្គត់​ផ្អង់​គ្រឿងសំណង់​មួយ​នៅ​កម្ពុជា ឱ្យ​ដឹង​ថា បញ្ហា​នយោ​បាយ ពិតជា​បាន​ប៉ះពាល់​ដល់​ការ​លក់ដូរ​របស់​លោក ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ ។ លោក​ថា បើ​ធៀប​នឹង​ឆ្នាំ​២០១៦ នៅ​ឆ្នាំ​២០១៧​នេះ ការ​នាំ​ចូល និង​លក់​ចេញ​បាន​កើនឡើង​តិចតួច​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ថា ការ​កើនឡើង​តិចតួច​នេះ ដោយសារ​គម្រោង​មួយ​ចំនួន​បាន​បញ្ចប់ និង​បញ្ហា​វិបត្តិ​នយោបាយ​ដែល​ធ្វើ​ឱ្យ​គម្រោង​សាងសង់​ខ្លះ​នៅ​ទ្រឹង ហើយ​ខ្លះ​ទៀត​ពិចារណា​​ផ្អាក​សាងសង់​បណ្តោះអាសន្ន ។

លោក ហេង សុខ​ឆាយ បន្ត​ថា ៖«​កាលពីដើម​ឆ្នាំ គម្រោង​មួយ​ចំនួន​គាត់​បញ្ចប់​ការងារ​របស់​គាត់ ហើយ​ដល់​ពាក់កណ្តាល​ឆ្នាំ វា​មាន​វិបត្តិ​នយោបាយ​បន្តិច ។ ដូចនេះ ការ​សាង​សង់​របស់​ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន​រាង​ទ្រឹង និង​ពិចារណា ហើយ​អាច​ធ្វើ​ឱ្យ​យើង​មាន​កំណើន​តិចតួច​នេះ ដោយសារ​គម្រោង​ចាស់​គាត់​ចង់​បញ្ចប់​ឱ្យ​បាន​មុន​ឆ្នាំ​២០១៨»។

លោក​បន្ថែម​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ហាក់​មិនសូវ​ប៉ះពាល់​លើ​ការ​វិនិ​យោគ​ខាង​វិស័យ​អចលនទ្រព្យ​ទេ ដោយសារ​គម្រោង​ធំ​ៗ​ភាគច្រើន​បោះទុន​វិនិយោគ​ដោយ​បរទេស ជា​ពិសេស ប្រទេស​ចិន គឺ​មាន​កម្រិត​ប៉ះពាល់​តិចតួច ។

បើ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេញផ្សាយ​កាលពីដើម​ឆ្នាំ​២០១៧​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៦ គម្រោង​សាងសង់​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប​២.៦៣៦​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប​១៤.៦២០.២២៥​ម៉ែត្រការ៉េ និង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៨.៥៤៣.០៥៨.៣៨៩​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥ ស្មើ​២.៣០៥​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​សរុប​៧.៦៨៦.១១២​ម៉ែត្រការ៉េ និង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៣.៣៣៨.១០៧.២១៨​ដុល្លារ កើនឡើង​១៥៥,៦៨% ។

ដោយឡែក គិត​ត្រឹម​រយៈពេល​១១​ខែ​ឆ្នាំ​នេះ ទុន​វិនិយោគ​វិស័យ​សំណង់​ស្មើ​៨​ពាន់​២​រយ​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១៧៦,៩៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ