ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិយាកាស​នយោបាយ​មិន​រារាំង​កំណើន​វិស័យ​លំនៅ​ឋាន​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បរិយាកាស​នយោបាយ​មិន​រារាំង​ដល់​ការ​វិនិយោគ​ក្នុង​វិស័យ​លំនៅ​ឋាន​ទេ ដោយ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​នៅ​តែ​មាន​សញ្ញា​ល្អ​ប្រសើរ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ យោង​តាម​ក្រុមហ៊ុន VTRUST Appraisal ដែល​បាន​សិក្សា​ពី​ទីផ្សារ​លំនៅ​ឋាន…

រាជធានី​ភ្នំពេញ ៖ បរិយាកាស​នយោបាយ​មិន​រារាំង​ដល់​ការ​វិនិយោគ​ក្នុង​វិស័យ​លំនៅ​ឋាន​ទេ ដោយ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​នៅ​តែ​មាន​សញ្ញា​ល្អ​ប្រសើរ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

យោង​តាម​ក្រុមហ៊ុន VTRUST Appraisal ដែល​បាន​សិក្សា​ពី​ទីផ្សារ​លំនៅ​ឋាន និង​ខុន​ដូ បាន​បង្ហាញ​នា​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ​ថា នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ គម្រោង​វិនិយោគ​ផ្ទះ​ផ្ទាល់​ដី និង​ខុន​ដូ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ចំនួន​លំនៅ​ឋាន​ទាំងនោះ​បាន​កើនឡើង​សរុប​២​សែន​ផ្ទះ​និង​យូ​នី​ត ខណៈ​ឆ្នាំ​មុន​មាន​ត្រឹម​ប្រមាណ​១​សែន​ផ្ទះ និង​យូ​នី​ត​ប៉ុណ្ណោះ ។

លោក ហ៊ឹ​ម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន VTRUST Appraisal បាន​លើក​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ​ថា ការ​សាងសង់​ផ្ទះ​ផ្ទាល់​ដី និង​ខុន​ដូ​បាន​កើនឡើង ដោយ​ឆ្នាំ​២០១៧​នេះ​មាន​ជាង​២​សែន​ផ្ទះ និង​យូ​នី​ត​។ លោក​បន្ត​ថា ការ​ដាក់​លក់​ថ្មី​ក្នុងឆ្នាំនេះ ក៏​បាន​កើនឡើង​ផង​ដែរ ដោយ​អត្រា​លក់​ចេញ​មាន​ចំនួន​រហូត​ដល់​ជាង​១​ម៉ឺន​៣​ពាន់​ផ្ទះ ខណៈ​ឆ្នាំ​២០១៦ បាន​ដាក់​លក់​ត្រឹមតែ​១​ម៉ឺន​២​ពាន់​ផ្ទះ​ប៉ុណ្ណោះ ។

លោក​មាន​ប្រសាសន៍​ថា ៖« ភាគច្រើន​នៃ​ការ​វិនិយោគ​ផ្ទះ​ជាប់​ដី​ជា​ប្រភេទ​ផ្ទះល្វែង ធ្វើ​ឡើង​ដោយ​អ្នក​វិនិយោគ​ក្នុងស្រុក​ផ្ទាល់ ខណៈ​ការ​វិនិយោគ​លើ​ប្រភេទ​ខុន​ដូ​ភាគច្រើន វិនិយោគ​ដោយ​ជនបរទេស » ។ លោក​បន្ថែម​ថា ៖« បញ្ហា​នយោបាយ​នៅ​ម្ពុ​ជា​មិន​ប៉ះ​ពាល់​ដល់​ការ​វិនិយោគ​លើ​វិស័យ​លំនៅ​ឋាន​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គម្រោង​ផ្គត់ផ្គង់​លើ​វិស័យ​នេះ បែរជា​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​២០១៦​ទៅ​ទៀត ហើយ​គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​គម្រោង​ណាមួយ​ផ្អាក​ដំណើរការ​សាងសង់​ទេ ដោយ​មាន​ត្រឹមតែ​ការ​យឺតយ៉ាវ​បន្តិចបន្តួច ហើយ​ការ​សាងសង់​នៅ​តែ​បន្ត » ។

លោក​បន្ត​ថា ទោះបីជា​មានការ​កើនឡើង នូវ​ការ​ផ្គត់ផ្គង់​ទាំង​ប្រភេទ​ផ្ទះ​ជាប់​ដី និង​ផ្ទះ​វីឡា​ និង​ខុន​ដូ​ក្ដី ប៉ុន្តែ​តម្រូវការ​មាន​ភាព​ខុស​ប្លែក​ពី​គ្នា​រវាង​ប្រភេទ​ផ្ទះ​ទាំង​ពីរ ដោយ​អតិថិ​ជន​ពេញ​និយម​ចំពោះ​ផ្ទះ​ផ្ទាល់​ដី ជា​លក្ខណៈ​ផ្ទះល្វែង​ដែល​មាន​តម្លៃ​សមរម្យ ជាង​ផ្ទះ​វីឡា​មាន​តម្លៃ​ថ្លៃ ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែង​ថា ការ​វិនិ​យោគ​​លំនៅ​ឋាន​នៅ​តែ​ល្អ​ប្រសើរ ហើយ​ការ​ទិញ​លក់​លំនៅ​ឋាន​តាម​បុរី​នានា​បាន​កើនឡើង​ប្រមាណ​១០%​ក្នុងឆ្នាំនេះ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ លោក​បន្ត​ថា បរិយាកាស​នយោបាយ​មិន​បាន​ជះ​ឥទ្ធិពល​ដល់​ការ​ទិញ​លក់​លំនៅ​ឋាន​តាម​បុរី​នានា​ទេ ។

យោង​តាម​មន្ត្រី​ក្រសួង​រៀបចំ​ដែល​ដី នគ​រូប នី​យ​កម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្នុង​១​ឆ្នាំ​ៗ ប្រជាពលរដ្ឋ​មាន​តម្រូវការ​លំនៅ​ឋាន គិត​ជា​មធ្យម​៥​ម៉ឺន​ខ្នង​ផ្ទះ​ដែល​ស្រប​តាម​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​កំពុង​កើនឡើង ។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ លើក ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ កន្លង​មក​ថា ៖« តាម​ការ​សិក្សា​របស់​ក្រសួង​អំពី​ក្របខ័ណ្ឌ​យុទ្ធ​សា ស្ត្រ អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​ឃើញ​ថា ចំនួន​ប្រជាជន​រស់នៅ​ក្នុង​រាជធានី ក្រុង និង​ទីប្រជុំ ជន​នៅ ឆ្នាំ​២០១៤ មាន​ចំនួន​ប្រមាណ​៤,៥​លាន​នាល់ ត្រូវជា​២៧,១% នឹង​បន្ត​កើន​ដល់​៧,៩២​លាន​នាក់​ត្រូវជា​៤៤% ឆ្នាំ​២០៣០ ។

លោក​បាន​បញ្ជាក់​ថា ៖« តាម​ទិន្នន័យ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សម្រាប់​រយៈពេល​១៥ ឆ្នាំ​(២០១៥-២០៣០)​តម្រូវការ​លំនៅ​ឋាន សម្រាប់​តំបន់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ​៨០​ម៉ឺន​ខ្នង​ផ្ទះ ដែល​គិត​ជា​ធ​ម្យ​ម​មាន​តម្រូវការ​ប្រមាណ​៥​ម៉ឺន​ខ្នង​ផ្ទះ​ក្នុង​១​ឆ្នាំ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ