ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រី​វ័យ​ជំទង់៣នាក់​វេច​សម្ពាយ​រត់ចោលផ្ទះ​ព្រោះខឹង​​ឪពុកម្តាយ​​ធ្វើបាប

15 ឆ្នាំ មុន

ខេត្ត​បាត់ដំបង​ ៖ ​ក្មេងស្រី​​អាយុ​ក្រោម​​​១៥​ឆ្នាំ​ចំនួន​​៣នាក់ បានចាកចេញពីផ្ទះ​ដោយ​មាន​បង្វេច​​ជាប់ខ្លួន​ផង​ ជិះកង់​ពីស្រុក​មោងឫស្សី ​មក​កាន់​ក្រុង​បាត់ដំបង​ដោយគ្មាន​​គោលដៅ ។ ពួក​នាងអះអាង​ថា ​ដោយសារ​ទ្រាំ​ទ្រ​នឹង​ការ​ធ្វើ​ទារុណ​​កម្ម​ពី​ឪពុក​ម្តាយ​​របស់ពួកនាង​មិន​បាន ​ពេលដែលពួក​​នាង​​ខក​ខាន​មិន​បានចូលរៀន​ប៉ុន្មាន​ថ្ងៃ ។​

ក្មេង​​ស្រីទាំង​៣នាក់​នេះ​ត្រូវបាន​គេប្រទះ​ឃើញ​​នៅ​​ខាង​ក្រោយស្នងការ​ដ្ឋាន​ខេត្ត​បាត់​ដំបង​​ ក្នុងសង្កាត់​​រតនៈ ក្រុង​​​បាត់ដំបង ​កាលពី​វេលាម៉ោង​​​៥​និង​​​១៥​នាទីល្ងាច​ថ្ងៃទី​​២៥ មីនា ​ខណៈ​ដែល​​ពួកនាង​ជិះកង់​​ស្វែង​រក​​សុំ​ផ្ទះ​អ្នក​ភូមិ​ស្នាក់​នៅ​​បណ្តោះអាសន្ន ។​ ក្មេងស្រី​​ទាំង​​៣នាក់ ​១-ឈ្មោះ​​​សុខេន ស្រីល័ក្ខ អាយុ​​​១៤​ឆ្នាំ ​នៅភូមិ​​​រាម​​គន់ ឃុំ​​គារ ​២-​​ឈ្មោះ​​ភៀង ​បុប្ផា ​អាយុ​១៤​ឆ្នាំ ​រស់នៅ​ភូមិ​ពោធិ៍១ ឃុំ​គារ ​៣-ឈ្មោះ​​ធិ សំនៀង អាយុ​​​១៥​ឆ្នាំ ​នៅ​ភូមិ​​កន្សៃ​បន្ទាយ ឃុំ​​​​មោង ស្រុក​មោង​​ឫស្សី។ ពួកនាងរៀន​​នៅអនុវិទ្យាល័យ​​មោង​ឫស្សី ។​

ក្មេងស្រីទាំង​​៣នាក់នេះ​បាន​ពោល​ដូចគ្នា​ថា ​ពួកនាង​សុទ្ធតែ​ត្រូវ​ឪពុកម្តាយ​​វាយដំ ​ពេល​ដែល​​ពួកនាង​​ខកខាន​មិនបានចូលរៀន​​ម្តង​ម្កាល ។ ពួក​នាង​​ខ្លាច​ការ​ធ្វើទារុណ​កម្ម​​​មិនឈប់ឈរ​បែបនេះ ​ខ្លាំង​ណាស់ ទើប​​សម្រេច​ចិត្ត​រត់ចេញ​​​ពីផ្ទះ​មក​កាន់ក្រុង​បាត់​ដំបង ​​ដើម្បី​​​រកការងារធ្វើ​​វិញ​ ​តែ​នាង​មិន​មាន​ស្គាល់​​គេទេ ។ ពួកនាង​និយាយ​ថា ​ពួក​នាង​​មកនេះ ​មានការ​​ព្រួយបារម្ភ​​ខ្លាច​​គេ​បោក​​យកទៅលក់ ។ ​​ពួក​នាង​ចង់ត្រឡប់​​ទៅផ្ទះវិញ ​តែខ្លាច​​​​ឪពុកម្តាយ​​​របស់​នាង​ធ្វើ​​​​បាបទៀត ​និង​បាន​​​ស្នើ​​ឱ្យសមត្ថ​កិច្ច​​​ជួយអន្តរាគមន៍​​​ផង ។​

ពួកនាង​ជិះកង់​​២គ្រឿង ​ហើយ​សមត្ថកិច្ច​​​នៃការិយាល័យ​​នគរបាល​ប្រឆាំងការជួញដូរ​​​មនុស្ស​​ និងការពារ​​អនីតិជន​កំពុងធ្វើ​ការ​សាកសួរ​​​ពីដំណើររឿង​របស់​​ពួក​នាង តែយើង​​មិនទាន់​បាន​ទំនាក់ទំនងទៅ​​អាណាព្យាបាល​របស់ពួកនាង​​នៅ​ឡើយទេ ដើម្បីជ្រាប​​ពីករណីនេះ ។ ការសម្រេច​ចិត្ត​​របស់​​ក្មេងស្រី​​ទាំង​​៣​​នាក់​នេះ​ពិត​​ជា​គួរ​ឱ្យ​​​ភ្ញាក់ផ្អើល​​ពេកណាស់ ដែលនាំគ្នា​​រត់​ចោល​ផ្ទះបែប​​នេះ ​ដោយមិនខ្លាច​​ពី​ផល​លំបាក​​​នានា​​មក​លើ​ខ្លួន​ ។ សំណាង​ណាស់ដែល​ពួក​នាង​ត្រូវ​បានសមត្ថ​កិច្ច​​រក្សាការពារ ៕​