ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ណែនាំ​មន្ទីរ​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ពង្រឹងគុណភាព​ផលិតផល និង​សេវា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០១៧​ចូល​២០១៨ ចាប់ពី​ថ្ងៃ​ទី​៣០-៣១ ខែធ្នូ ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​១ ខែមករា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០១៧​ចូល​២០១៨ ចាប់ពី​ថ្ងៃ​ទី​៣០-៣១ ខែធ្នូ ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៨ ក្រសួងទេសចរណ៍​បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​ឲ្យ​អនុវត្ត​នូវ​គោលការណ៍​សំខាន់​ៗ​ចំនួន​៤​ចំណុច ។

យោង​តាម​សារាចរ​ណែនាំ ក្រសួង​បាន​ក្រើនរំឭក​ឲ្យ​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​សាលា​រាជធានី​-​ខេត្ត និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់​សាធារណៈ ភាព​ស្អាត និង​រៀបចំ​ទី​ចំណត​ជូន​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​តាម​គោលដៅ​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​នានា ។

ទន្ទឹម​នឹង​នោះ ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត សហការ​ជាមួយ​មន្ទីរ និង​ផ្នែក​ពាក់ព័ន្ធ​នានា​ត្រូវ​អប់រំ​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​បរិស្ថាន ភាព​ស្អាត អនាម័យ និង​សុវត្ថិភាព​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ពិសេស​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន និង​រមណីយដ្ឋាន​ទេសចរណ៍ ។

ជាមួយ​គ្នា​នេះ មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ថែរក្សា​ភាព​ស្អាត អនាម័យ និង​បរិស្ថាន ដោយ​លុប​បំបាត់​ការ​ចោល​សំរាម និង​កាក​សំណល់​ផ្សេង​ៗ ជា​ពិសេស​បញ្ឈប់​ការ​បោះ​សំរាម និង​ក្រដាស​ជូត​មាត់​នៅ​ក្រោម​តុ ដោយ​ត្រូវ​ជំនួស​​វិញ​ដោយ​កន្សែង​ត្រជាក់ ឬ​ម្ចាស់​ហាង​ត្រូវ​ចាត់​មនុស្ស​ដើម្បី​យក​សំរាម​ដែល​គេ​បោះចោល​ដាក់​ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ ។ គប្បី​ធានា​ឲ្យ​បាន​នូវ​ការ​ថែរក្សា​ភាព​ស្អាត អនាម័យ​នៅ​តាម​បង្គន់​អនាម័យ​សាធារណៈ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន និង​រមណីយ​ដ្ឋាន​នានា និង​ណែនាំ​បុគ្គលិក​បម្រើ​ការងារ​ត្រូវ​តែ​ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ និង​ផ្តល់​បដិសណ្ឋារកិច្ច​ល្អ​ចំពោះ​ភ្ញៀវ​ទេសចរ ។

ក្រសួង​ក៏​បាន​ក្រើនរម្លឹក​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ត្រូវ​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​របស់​ខ្លួន លើកកម្ពស់​នូវ​គុណភាព សេវាកម្ម ភាព​ស្អាត និង​អនាម័យ​ម្ហូបអាហារ​។ ទន្ទឹម​នឹង​នោះ ក្រសួងទេសចរណ៍​បាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ មេត្តា​កុំ​ដំឡើង​តម្លៃ​សេវាកម្ម និង​ផលិតផល ដោយ​រក្សា​តម្លៃ​ឲ្យ​បាន​សមរម្យ ។ រាល់​សេវា​ស្នាក់​នៅ និង​តម្លៃ​ម្ហូបអាហារ ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​តារាង​តម្លៃ ដើម្បី​ឲ្យ​ភ្ញៀវ​បាន​ជ្រាប​ជា​មុន ជៀសវាង​ការ​កំណត់​តម្លៃ​ហួសហេតុ ។ ករណី​មិន​អនុវត្ត​តាម​តារាង​តម្លៃ ដែល​បាន​កំណត់ និង​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ឬ​សេវាកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។

ក្រសួងទេសចរណ៍​ក្នុង​ចំណុច​ទី​៤ ក៏​បាន​ណែនាំ​ដល់​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​សាលា​រាជធានី​-​ខេត្ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូច​ជា សារ​ព័ត៌​មាន វិទ្យុ និង​ទូរទស្សន៍ ដើម្បី​ផ្សព្វផ្សាយ​ស្ព័ត​អប់រំ​ទេសចរណ៍ និង​ចលនា​ប្រឡង​ប្រណាំង «​ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​» ឲ្យ​កាន់តែ​ទូលំទូលាយ​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ