ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ចិន​នឹង​កើន​ដល់​1​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​អះអាង​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​មាន​ចំនួន​១​លាន​នាក់ ឈរ​នៅ​លំដាប់​លេខ​១ ។ លោក ឆាយ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​អះអាង​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​មាន​ចំនួន​១​លាន​នាក់ ឈរ​នៅ​លំដាប់​លេខ​១ ។

លោក ឆាយ ឃុន​ឡុ​ង អគ្គនាយករង​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​នៃ​ក្រសួង​ទេស​ចរណ៍ បាន​មាន​ប្រសាសន៍​ថា ចំនួន​ទេសចរ​ចិន​មក​កាន់​កម្ពុជា អាច​កើនឡើង​ដល់​១​លាន​នាក់​នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ ដោយ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ចំណោម​ទេសចរ​បរទេស ដែល​បាន​មក​ដល់​កម្ពុជា​ប្រមាណ​ជិត​៥​លាន​នាក់ ។

លោក​បន្ត​ថា ដើម្បី​សម្រេច​បាន​គោលដៅ នៃ​កំណើន​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ចិន​នេះ គឺ​បន្ទាប់​ពី​មានការ​ផ្តល់​ទំនុកចិត្ត និង​សម្រួល​ទៅ​លើ​សេវា​ទេសចរណ៍​របស់​កម្ពុជា ដើម្បី​ឆ្លើយ​តប​តម្រូវការ​របស់​ទេសចរ​ចិន​នៅ​តាម​ច្រក​ចេញចូល និង​តំបន់​ទេសចរណ៍​នានា​ដូច​ជា តំបន់​សៀមរាប​អង្គរ តំបន់ឆ្នេរ​សមុទ្រ តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​ទេស​ចរណ៍វប្បធម៌​បៃតង​ផ្សេង​ៗ​ទៀត​។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​កម្ពុជា និង​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២០ ធ្នូ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក ឆាយ ឃុន​ឡុ​ង បាន​បញ្ជាក់​ថា ៖« រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ខិតខំ​ទាក់ទាញ​នូវ​ទេសចរ​ចិន តាម​រយៈ​បង្កើន​មគ្គុទ្ទេសក៍​ទេសចរណ៍ ចុងភៅ​ចម្អិន​អាហារ អ្នកបកប្រែ អ្នកបម្រើ​ផ្នែក​សេវា​ភោជនីយ​ដ្ឋាន សណ្ឋាគារ និង​ផ្នែក​ទីផ្សារ ជាដើម » ។

លោក​បន្ត​ថា ផែនការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ពី​ប្រទេស​ចិន នឹង​លើស​គោលដៅ​ដែល​បាន​រំពឹង​ទុក​ចំនួន​២​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០២០ បន្ទាប់​ពី​បើក​ការ​ហោះហើរ​ត្រង់​នៅ​តំបន់​ទេសចរណ៍​មួយ​ចំនួន​នៃ​ប្រទេស​ចិន និង​កម្ពុជា និង​កិច្ច​ខិតខំ​ទាក់ទាញ​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​វិស័យ​ទេសចរណ៍ ។ លោក​ថា វិស័យ​ទេសចរណ៍​កម្ពុជា​បាន​រីក​ចម្រើន​ប្រកបដោយ​និរន្តរភាព ។

លោក​បាន​បន្ត​ថា ប្រទេស​កម្ពុជា​នឹង​ប្ដេជ្ញា​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​បែប​បៃតង ដែល​ជា​គោលដៅ​ទេសចរណ៍​បែប​វប្បធម៌ និង​ធម្មជាតិ​ប្រកប​ទៅ​ដោយ​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​មក​លេង​នៅ​តាម​តំបន់​នានា​កាន់តែ​ច្រើន​កុះករ​បន្ថែម​ទៀត ។ តំបន់​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះ​រួម​មាន ៖ ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក និង​ឆ្នេរសមុទ្រ ដែល​សុទ្ធសឹងតែ​ជា​តំបន់​ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

លោក​បាន​បញ្ជាក់​ថា ៖« ជា​ការ​ពិត នៅ​ថ្ងៃ​អនាគត ទេសចរណ៍​កម្ពុជា​មិន​អាច​កាត់​ផ្ដាច់​ពី​ទេសចរណ៍​ចិន​បាន​ឡើយ ដោយសារ​តែ​ប្រទេស​កម្ពុជា​និង​ចិន គឺ​មាន​ចំណងមិត្តភាព​គ្នា​ជា​យូរអង្វែង​ណាស់​មក​ហើយ ទើប​ធ្វើ​ឲ្យ​ប្រ ទេស​កម្ពុជា​មាន​អ្នក​វិនិយោគ​ចិន​មក​ធ្វើកា​រវិ​និ​យា​គ​កាន់តែ​ច្រើន​ទៅ​ៗ » ។

លោក​បន្ត​ថា កម្ពុជា​គាំទ្រ​ចំពោះ​ការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់ និង​វិ​ថី ដែល​ជា​ក្របខ័ណ្ឌ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​រដ្ឋាភិបាល ហើយ​កម្ពុជា​សង្ឃឹមថា នយោបាយ​នេះ​នឹង​អាច​ជួយ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​នៅ​តាម​ផ្លូវ​សូត្រ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោកស្រី ពូ​លៀវ យ៉ា​ន់ (Puliu Yan) ប្រធាន​គណៈកម្មការ​ទេសចរណ៍​ចិន​ប្រចាំ​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ជំរុញ​កំណើន​ទេសចរណ៍​ទ្វេភាគី​បន្ថែម​មួយ​កម្រិត​ទៀត ខណៈ​ចំនួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី មាន​រហូត​ដល់​៦០​លាន​នាក់ ព្រមទាំង​មាន​តំបន់​ទេសចរណ៍វប្បធម៌​បៃតង​ច្រើន​ផង​ដែរ ។

លោកស្រី​បន្ដ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការអភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ និង​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ចិន​ឆ្នាំ​២០១៦-២០២០។

លោកស្រី​ក៏​បាន​លើក​ឡើង​ដែរ​ថា វិស័យ​ទេសចរណ៍ ក៏​ជា​សសរស្ដម្ភ​មួយ​ដ៏​សំខាន់​នៃ​ការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​សម្រាប់​ខេត្ត​ហ៊ូ​ប៉ី​ផង​ដែរ​។ វិស័យ​ទេសចរណ៍​នៅ​ទូ​ទាំង​ខេត្ត​បាន​ពង្រីក​នូវ​វិសាលភាព​សម្រាប់​ការ​ចំណាយ​ការ​អភិវឌ្ឍ​មាន​ភាព​នឹងនរ ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ និង​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ ហើយ​ទាំងនេះ​សុទ្ធសឹងតែ​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​វិស័យ ទេសចរណ៍ ។

សូម​បញ្ជាក់​ថា ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ជំរុញ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​កម្ពុជា និង​ខេត្ត​ហ៊ូ​ប៉ី ភាគី​កម្ពុជា​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ដើម្បី​ជំរុញ​កំណើន ទេសចរ​ចិន​មក​កាន់​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ខេត្ត​ហ៊ូ​ប៉ី ឲ្យ​មាន​កំណើន​ថែម​ទៀត បន្ទាប់​ពី​មានការ​ហោះហើរ​ត្រង់​តាំងពី​ឆ្នាំ​២០១២​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ