ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​ពី​កណ្ដាល​ក្រុង​ឆ្ពោះទៅ​ព្រ​លាន​យន្ដហោះ នឹង​ដំណើរការ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហើប​ថា ខ្សែ​រថភ្លើង​ថ្មី​ចេញពី​ស្ថានីយ​រា​ជាយ​ស្ម័​យាន​ក្រុងភ្នំពេញ ឆ្ពោះទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នឹង​បើក​ដំណើរការ​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ខណៈ​ដែល​ក្បាល​រថភ្លើង​ចំនួន​៣ កំពុង​ផលិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បង្ហើប​ថា ខ្សែ​រថភ្លើង​ថ្មី​ចេញពី​ស្ថានីយ​រា​ជាយ​ស្ម័​យាន​ក្រុងភ្នំពេញ ឆ្ពោះទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នឹង​បើក​ដំណើរការ​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ខណៈ​ដែល​ក្បាល​រថភ្លើង​ចំនួន​៣ កំពុង​ផលិត​នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក គ្រោង​នឹង​មក​ដល់​កម្ពុជា​នៅ​ខែមីនា ឆ្នាំ​២០១៨ ។

ថ្លែង​ក្នុង​ពិធី​បើក​កន្លែង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា នា​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ម្សិលមិញ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ខ្សែ​រថភ្លើង​នេះ នឹង​ចាក​ចេញពី​ចំណត​រាជា​យ​ស្ម័​យាន ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នឹង​បើក​ដំណើរការ​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ​នេះ ហើយ​អ្វី​ដែល​កាន់​ពិសេស ខ្សែ​រថភ្លើង​នេះ​នឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥត​គិតថ្លៃ​ក្នុង​រយៈពេល​៣​ខែ ។

ខ្សែ​រថភ្លើង​ធុន​ស្រាល​នេះ ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន Toll Railway ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា​គិត ម៉េ​ង ។

លោក​បណ្ឌិត វ៉ា​ន់ វ៉ា​ត អ្នកឯកទេស​ផ្នែក​នគរូបនីយកម្ម បាន​ថ្លែង​ថា ការ​មាន​រថភ្លើង​ថ្មី​មួយទៀត ជា​ការ​ជួយ​សម្រួល​បញ្ហា​ចរាចរណ៍ ដែល​កំពុង​កកស្ទះ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​​វា​ជួយ​លើកកម្ពស់​សោភ័ណ​ភាព​ក្នុង​ទីក្រុង​ផង​ដែរ ។ លោក​បន្ត​ថា ការ​វិនិយោគ​បែប​នេះ មិន​ត្រឹមតែ​ផ្តល់​ផល​ចំណេញ​ដល់​បញ្ហា​ចរាចរណ៍​ទេ តែ​ក៏​រួមចំណែក​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។

លោក​បន្ត​ថា ៖« វា​ផ្តល់​ជម្រើស​ថ្មី​នៃ​ការ​ធ្វើ​ដំណើរ និង​ធ្វើ​ឲ្យ​លំហូរ​ចរាចរណ៍​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​ទៀត ជា​ជាង​ការ​ប្រមូល​ម្តុំ​នៅ​តែ​លើ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ដែល​កំពុង​តែ​កកស្ទះ​ចរាចរណ៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ » ។

ក្រៅពី​សមិទ្ធផល​មួយ​នេះ ក៏​មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​គ្រោង​នឹង​បញ្ចប់ ហើយ​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​ផង​ដែរ ដូច​ជា គម្រោង​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​ពី​ព្រែក​ព្នៅ ឆ្ពោះទៅ​ក្រុង​តា​ខ្មៅ​ជាដើម ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ថ្លែង​ថា​កម្ពុជា​មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ធំ​ៗ​ជា​ច្រើន មាន​ទាំង​កំពុង​ដំណើរការ​, គម្រោង​ត្រៀម​នឹង​បញ្ចប់ និង​គម្រោង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ​២០១៨ ដែល​ជា​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​ទេស​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« គម្រោង​សំខាន់​ៗ​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​របស់​កម្ពុជា បាន​និង​កំពុង​ដំណើរការ​, គ្រោង​បញ្ចប់ និង​អនុវត្ត​បន្ត ដូច​ជា ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ខេត្តកំពត នឹង​បើក​ការដ្ឋាន​ពង្រីក​ពី​២​ទៅ​៤​គន្លង (៧០​គីឡូម៉ែត្រ​ពី​ចោម​ចៅ​ទៅ​) ដោយសារ​សេដ្ឋកិច្ច​រីក​ចម្រើន​, ផ្លូវជាតិ​លេខ​១១ នឹង​ពង្រីក​ពី​អ្នក​លឿង​ទៅ​ដល់​ផ្លូវជាតិ​លេខ​៧, ផ្លូវ​ក្រវាត់ក្រុង​ទី​២​កំពុង​ធ្វើ និង​បញ្ចប់​ការ​ចរចា​ផ្លូវ​ក្រវាត់ក្រុង​ទី​៣​បន្ថែម ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ និង​ស្ពាន​ស្ទឹង​ត្រង់ ឆ្លងទន្លេ​មេគង្គ កំពុង​តែ​សាងសង់ » ។

ចំណែក​ផ្លូវជាតិ​លេខ​៥ ពី​ខេត្តបាត់ដំបង​ទៅ​ស្វាយ​ស៊ី​សុ​ផុ​ន ពង្រីក​ពី​២​ទៅ​៤​គន្លង ហើយ​ពី​ស៊ី​សុ​ផុ​ន​មក​ព្រែក​ក្តាម ពង្រីក​ពី​២​ទៅ​៤​គន្លង​ដែរ​។ ផ្លូវជាតិ​លេខ​៥​ទាំងមូល ចាប់​ពី​ភ្នំពេញ​ទៅ​ដល់​ទល់ដែន​កម្ពុជា​-​ថៃ ពង្រីក​ពី​២​ទៅ​៤​គន្លង ដោយសារ​ផ្លូវ​មួយ​ខ្សែ​នេះ ជា​ផ្លូវ​របស់​អាស៊ាន​ល្បឿន​លឿន​លេខ​១ ។ ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង និង​ទៅ​ប្រទេស​វៀតណាម ខាង​ក្រុមការងារ​របស់ JICA កំពុង​សិក្សា​ធ្វើ​ផ្លូវ​ល្បឿន​លឿន​ធ្វើ​ជា​៤​គន្លង ពី​ភ្នំពេញ​ទៅ​បា​វិត ។ មួយទៀត នៅ​ភ្នំពេញ ខាង JICA កំពុង​សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស AGT គ្មាន​អ្នកបើកបរ ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ដ​ថា ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ បាន​ចរចា​ចប់​សព្វគ្រប់​អស់ហើយ ត្រៀម​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​ទៅ​ក្រុមហ៊ុន​វិនិយោគ​ដែល​បាន​ដាក់​ទុន​ប្រហែល​២​ពាន់​លាន​ដុល្លារ ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ថែម​ថា ៖« ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត យើង​សង្ឃឹមថា នឹង​បញ្ចប់​​សព្វគ្រប់​នៅ​ត្រឹម​ឆ្នាំ​២០១៨ រវាង​ផ្លូវដែក​កម្ពុជា និង​ប្រទេស​ថៃ ។ លើស​ពី​នេះ មាន​ផ្លូវ​ត​ភ្ជាប់​ពី​ខេត្តបាត់ដំបង​ចុះ​មក​ខេត្តកោះកុង ដើម្បី​ត​ភ្ជាប់​មក​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ក្រុងព្រះសីហនុ សម្រាប់​ដឹក​កសិផល​កម្ពុជា ។ ម្យ៉ាងទៀត គម្រោង​សាងសង់​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ក្រុងព្រះសីហនុ​ថ្មី​មួយទៀត មានទឹក​ជ្រៅ​រហូត​ដល់​ជាង​១៤​ម៉ែត្រ ដែល​អាច​ឱ្យ​កប៉ាល់​បរទេស​ធំ​ៗ៩៣% ចូល​ចត​ដឹក​ទំនិញ​មក​លក់​នៅ​កម្ពុជា និង​ដឹក​កសិផល​ពី​កម្ពុជា​ទៅ​លក់​នៅ​បរទេស ដែល​ត្រៀម​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២០ » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ