នាំ​គ្នា​ដាំ​បន្លែ​ឲ្យ​បាន​ច្រើន ចៀសវាង​ការ​ធ្វើការ​ចំណាកស្រុក


ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ចុះ​ជួប​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ ជាមួយ​កសិករ​អ្នក​ដាំ​បន្លែ​នៅ​ភូមិ​កោះ​ពាម​រាំង ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ ខេត្តព្រៃវែង​។ នា​ឱកាស​នោះ ឯកឧត្តម ជា សុ​មេធី បាន​ជំរុញ​លើកទឹកចិត្ត​ដល់​កសិករ​ដាំ​បន្លែ​គ្រប់​ប្រភេទ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត សម្រាប់​នាំ​ទៅ​កាន់​ទីផ្សារ​នានា​ក្នុង​ខេត្ត និង​ទៅ​ទីក្រុង​ភ្នំពេញ ដែល​របរ​នេះ វា​អាច​ឱ្យ​យើង​អាច​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ចៀសវាង​ការ​ធ្វើការ​ចំណាកស្រុក ដែល​អាច​ជួប​ហានិភ័យ​ខ្ពស់ ព្រមទាំង​នៅ​ឆ្ងាយ​ពី​ផ្ទះ និង​គ្រួសារ​។ ជាមួយ​គ្នា​នេះ​ដែរ​ឯកឧត្តម បាន​ណែនាំ​ដល់ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ឲ្យ​ជួយ​បណ្តុះបណ្តាល​កសិករ បន្ថែម​ទៀត ទាក់ទង​ទៅ​នឹង​ផ្នែក​បច្ចេក និង​ជួយ​រក​ទីផ្សារ ដើម្បី​រក្សា​តម្លៃ​បន្លែ​ឲ្យ​មាន​ស្ថិរភាព ហើយ​ត្រូវ​លើកទឹកចិត្ត​កសិករ​ឲ្យ​ដាំ​បន្លែ​ណា​ដែល​គ្មាន​សារធាតុ​គីមី​ផង​ដែរ​។

បើ​តាម​ការ​លើក​ឡើង​របស់​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា កសិករ​នៅ​ស្រុក​ពាម​ជរ បច្ចុប្បន្ន​បាន និង​កំពុង​ដាំ​បន្លែ​នៅ​លើ​ផ្ទៃដី​ជាង ៨០០​ហិ​កតា ដែល​មាន​បន្លែ​ចំនួន​១៦​មុខ និង​បាន​នាំ​ចេញ​ទៅ​លក់​ទៅ​កាន់​ទីផ្សារ​នានា​ក្នុង​ខេត្ត និង​ទៅ​រាជធានី​ភ្នំពេញ ហើយ​ក៏​បាន​នាំ​ចេញ​ទៅ​ខេត្ត​ផ្សេង​ៗ​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ខាង​មន្ទីរ ក៏​បាន​ជួយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​កសិកម្ម ដល់​ពលរដ្ឋ​ក្នុង​ការ​បង្កបង្កើន​ផល​ថែម​ទៀត​ផង​។ លោក ចាន់ សា​វៀន កសិករ​ដាំ​បន្លែ និង​មាន​ទីលំនៅ​ភូមិ​ពាម​រាំង ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ ការ​ដាំ​បន្លែ​របស់​ពួក​គាត់ គឺ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​ការ​ដាំ​ស្រូវ បើ​ប្រៀបធៀប​ទំហំ​ដី​ប៉ុនគ្នា​។

លោក​បន្ត​ថា សម្រាប់​បន្លែ​ស្ពែ​១​ហិ​កតា អាច​លក់​បានជា​មធ្យម ៣០​លាន រៀល ហើយ​បើ​យើង​ទូទាត់​ថ្លៃ​ចំណាយ​ទៅ គឺ​អាច​ចំណេញ​បានជា​មធ្យម​ចាប់ពី ១០​លាន​រៀល ទៅ ២០​លាន​រៀល ក្នុង​មួយ​ឆ្នាំ អាស្រ័យ​លើ​ការ​ថែទាំ​គួប​ផ្សំ​នឹង​បច្ចេកទេស​។ ក្នុង​នោះ​លោក​ក៏​បាន​ថ្លែង​អំណរ​អរគុណ​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត​ព្រៃវែង ដែល​បាន​លើកទឹកចិត្ត​ដល់​កសិករ និង​បាន​ជំរុញ​ឲ្យ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ធ្វើការ​បង្រៀន​បណ្តុះបណ្តាល​អំពី​បច្ចេកទេស ធ្វើ​ឲ្យ​ដំណាំ​ទទួល​បាន​ទិន្នផល​ខ្ពស់ រីឯ​គុណភាព​ក៏​ល្អ​ប្រសើ​បាន​ប្រាក់​ចំណូល​ប្រចាំ​គ្រួសារ ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​មានការ​ងារ​ធ្វើ កាត់​បន្ថយ​ចំណាកស្រុក​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ