ទិន្នន័យប្រៀបបានជារូបិយប័ណ្ណដ៏មានតម្លៃសម្រាប់ក្រុមហ៊ុនជាច្រើន ។ អ្នកប្រើប្រាស់កាន់តែច្រើនក៏ចាប់ផ្តើមដឹងពីតម្លៃនៃភាពឯកជនរបស់ពួកគេដែរ ។ ដូច្នេះ វាពិតជាសំខាន់ណាស់សម្រាប់ក្រុមហ៊ុនក្នុងការប្រមូលទិន្នន័យពីអ្នកប្រើប្រាស់របស់ខ្លួន ដោយគ្មានការរំលោភសិទ្ធិ ។
នៅពេលចេញ iOS 10 ក្រុមហ៊ុនApple បានប្រកាសថា ពួកគេកំពុងតែសាកល្បងប្រព័ន្ធប្រមូលទិន្នន័យអ្នកប្រើប្រាស់ ឈ្មោះថា Differential Privacy ។ ប្រព័ន្ធនេះអនុញ្ញាតឲ្យក្រុមហ៊ុនអាចប្រមូលទិន្នន័យពីអ្នកប្រើប្រាស់បានយ៉ាងច្រើន ទាំងដែលមិនដឹងពីអត្តសញ្ញាណរបស់ពួកគេ ។
ដូច្នេះ មានន័យថា Apple មិនអាចដឹងពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ណាម្នាក់ឡើយ ប៉ុន្តែ Apple មានទិន្នន័យដែលអាចឲ្យធ្វើការសិក្សាជាចង្កោមបាន ។
កាលពីឆ្នាំ២០១៦ Apple បានប្រើប្រាស់ប្រព័ន្ធនេះដើម្បីប្រមូលទិន្នន័យពី Keyboard ក្នុង iOS 10 និងពីកម្មវិធី Notes ។ ប៉ុន្តែបន្ទាប់ពីមើលឃើញភាពជោគជ័យលើ iOS 10 មក ក្រុមហ៊ុននេះបានពង្រីកការប្រមូលទិន្នន័យពីប្រព័ន្ធ iOS កាន់តែច្រើន និងពីកម្មវិធីជាច្រើនបន្ថែម រួមទាំង Safari ជាដើម ។
ហេតុអ្វីបានជា Apple ត្រូវការទិន្នន័យទាំងនេះ ? តើទិន្នន័យទាំងនេះនឹងយកទៅប្រើប្រាស់សម្រាប់ធ្វើអ្វី ? ទិន្នន័យទាំងនេះអនុញ្ញាតឲ្យ Apple ឆ្លើយតបយ៉ាងលឿនទៅនឹងនិន្នាការថ្មីៗរបស់អ្នកប្រើប្រាស់ និងផ្តល់បទពិសោធន៍កាន់តែល្អតាមដែលអាចធ្វើបាន។
ឧទាហរណ៍ ទិន្នន័យដែលប្រមូលបានពីការប្រើប្រាស់ Emoji ក្នុងភាសាខុសៗគ្នា ឬព័ត៌មានទាក់ទងនឹងនិន្នាការថ្មីៗដែលបង្កឲ្យមានពាក្យថ្មី ដូចជា Despacito គឺអាចនឹងលោតឡើងកាន់តែញឹកញាប់នៅពេលអ្នកចុចលើក្តារ Keyboard ៕
ចែករំលែកព័តមាននេះ