ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដាក់​សំណើសុំ​ការ​ចរចា​បើក​ទីផ្សារ​តា​ង៉ែ​ន​នៅ​ប្រទេស​ចិន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី យឹ​ម ឆៃ​លី និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ដើម្បី​ជំរុញ​ការ​ស្វែងរក​ទីផ្សារ និង​បញ្ចប់់​នូវ​ការ​ចរចា​រវាង​កម្ពុជា​និង​ចិន ដែល​ធ្លាប់​បាន​ពិភាក្សា​កន្លង​មក ហើយនឹង​ដាក់​សំណើសុំ​ថ្មី គឺ​បើក​ទីផ្សារ​អនាម័យ និង​ភូតគាម​អនាម័យ​លើ​ផ្លែ​តា​ង៉ែ​ន​នៅ​ប្រទេស​ចិន ។

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម មាន​ប្រសាសន៍​ថា ប្រតិភូ​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន កាល​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៧​នេះ ដើម្បី​ជំរុញ​ការ​ស្វែងរក​ទីផ្សារ និង​បញ្ចប់​ការ​ចរចា​ដែល​កម្ពុជា​ធ្លាប់​បាន​ពិភាក្សា​ជាមួយ​ចិន ព្រម​ទាំង​​ជំរុញ​ការ​ដាក់​ស្នើ​សុំ​បើក​ទីផ្សារ​ថ្មី​បន្ថែម​ដូច​ជា ផ្លែ​តា​ង៉ែ​ន ។

លោក​បណ្ឌិត​បញ្ជាក់​ថា ៖« កន្លង​មក រឿង​តា​ង៉ែ​ន​នេះ យើង​ពុំ​ទាន់​ធ្លាប់​និយាយ​ជាមួយ​ចិន​នៅឡើយ​ទេ ហើយ​ខាង​សហគមន៍​តា​ង៉ែ​ន ពួក​គាត់​ក៏​មិនសូវ​សហការ​ផ្តល់​ព័ត៌មាន​ឱ្យ​យើង​ដើម្បី​រៀបចំ​ឯកសារ​យក​ទៅ​ចរចា​ជាមួយ​ភាគី​អ្នកបញ្ជា​ទិញ​សោះ » ។

បើ​តាម​លោក​បណ្ឌិត ការ​ចងក្រង ឬ​រៀបចំ​បាន​ល្អ​អំពី​ស្ថានភាព​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) នេះ វា​មាន​សារសំខាន់​ដើម្បី​យក​ទៅ​បង្ហាញ​ភាគី​ចិន​វាយតម្លៃ​ថា ចិន​ចង់​ទិញ​ដែរ​ឬទេ និង​វាយតម្លៃ​ពី​ហានិភ័យ ព្រោះ​ចិន​ត្រួតពិនិត្យ​តឹងរ៉ឹង​មុន​នឹង​អនុញ្ញាត​ឱ្យ​ផលិតផល​អ្វីមួយ​ចូល​ប្រទេស ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន មាន​ប្រសាសន៍​កន្លង​​មក​ថា បញ្ហា​អនាម័យ និង​ភូតគាម​អនាម័យ​នេះ ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ បាន​រៀបចំ​របាំង​ខុស​ៗ​គ្នា ប្រទេស​ខ្លះ​មាន​របាំង​មិន​ស្រួចស្រាល​ទេ ពិសេស​ប្រទេស​អាស៊ាន​ទាំង​១០ ប៉ុន្តែ​គេ​ព្រមាន​នូវ​ផលិតផល​ណា​ដែល​គ្មាន​សុវត្ថិភាព មុន​នឹង​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​ណាមួយ ។ តួយ៉ាង ប្រទេស​ចិន​ទាមទារ​ឲ្យ​ត្រួតពិនិត្យ​ច្បាស់លាស់​ណាស់​មុន​នឹង​នាំ​ចូល​ផលិតផល​ផ្សេង​ៗ​។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​ពី​បទ​ពិសោធន៍​ជូរ​ចត់​នៃ​ប្រទេស​ចិន​ដែល​គេ​ផលិត​ចំណី​អាហារ​​ក្នុង​ប្រទេស​របស់​គេ គឺ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​ផលិត​នូវ​សារធាតុពុល ដែល​ធ្វើ​ឱ្យ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ច​ត្តា​ឡី​ស័ក (​ការ​បង្ការ ឬ​ការពារ​) របស់​ចិន ជា​ពិសេស អគ្គនាយកដ្ឋាន​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត ។ អីចឹង បានជា​មានការ​តឹងតែង​ណាស់​មុន​នឹង​នាំ​ចេញ និង​នាំ​ចូល​ផលិតផល​កសិកម្ម ឬ​ផលិតផល​ផ្សេង​ទៀត ដែល​ត្រូវ​បាន​កែ​ច្នៃ​ពី​ប្រទេស​ដើម » ។

« ខ្ញុំ​បាន​ជជែក​ដេញដោល ជ្រៅជ្រះ​ណាស់​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ។ ខ្ញុំ​រហូត​ដល់​ជ្រុល​មាត់​​ថា ថ្នាក់​បច្ចេកទេស​នៃ​ការ​ពិនិត្យ​នៅ​ទី​នេះ ហេតុ​អ្វី​មានការ​តឹងតែង​យ៉ាងនេះ ។ ពេល​នោះ គេ​ក៏​សុំ​ទោស​មក​ខ្ញុំ ។ គេ​ថា មិន​បាន​ទេ នេះ​គឺជា​ច្បាប់​របស់​ប្រទេស​គេ » ។

នេះ​ជា​ការ​បញ្ជាក់​ពី​លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន ​លោក ស្រេង ស្រៀ​ង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សហគមន៍​មៀន​ប៉ៃលិន មាន​ប្រសាសន៍​ថា កន្លង​មក មានការ​នាំ​ចេញ​មៀន​ប៉ៃលិន​​ទៅ​ប្រទេស​ថៃ ប៉ុន្តែ​មិន​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​ចិន​ដោយ​ផ្ទាល់​ទេ ទើប​ធ្វើ​ឱ្យ​កសិ​ករ​ជួប​ផល​ប៉ះពាល់​ដូច​ជា បង់ខាត​ទៅ​លើ​ច្រកព្រំដែន ការ​ដឹក​ជញ្ជូន និង​ការ​ប្រែប្រួល​តម្លៃ​មៀននៅ​លើ​ទីផ្សារ​។ នៅ​ថ្ងៃ​ខាង​មុខ ប្រសិនបើ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​អាច​ចរចា​បើក​ទីផ្សារ​បាន​នៅ​ចិន​ជា​ផ្លូវការ វា​នឹង​អាច​ជួយ​ដល់​កសិករ​ដាំ​មៀនបាន​នៅ​ទូ​ទាំង​ប្រទេស ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម កម្ពុជា​មាន​ផ្ទៃដី​ដាំ​មៀន​ប៉ៃលិន​ប្រមាណ​៨.៨១៦​ហិ​កតា ក្នុង​នោះ​ខេត្ត​ប៉ៃលិន​មាន​៤០%, បាត់ដំបង​៤០%, កំពត​៨%, និង​​ពោធិ៍សាត់​៣% ។ ដោយឡែក ខេត្ត​ផ្សេង​ៗ​មាន​ផ្ទៃដី​ដាំ​ដុះ​ក្នុង​ភាគរយ​តិចតួច ។ នៅ​ឆ្នាំ​២០១៦-២០១៧ កម្ពុជា​អាច​ប្រមូល​ផល​មៀន​ប៉ៃលិន​បាន​ប្រមាណ​១៩.២១៨​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ