រាជធានីភ្នំពេញ ៖ ខណៈដែលផ្លែស្វាយកែវរមៀតកំពុងមានទីផ្សារទាំងការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ បែរជាមានបញ្ហាមួយយ៉ាងធំ ធ្វើឲ្យកសិករភាគច្រើននៅតែមិនទាន់យល់ច្បាស់អំពីការផលិតឱ្យមានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភាគីបញ្ជាទិញ ជាពិសេសគឺការនាំចេញបានតិច ហើយមានឧបសគ្គច្រើនទាំងបច្ចេកទេសថែទាំ និងបញ្ហាភូតគាមអនាម័យ ។
លោក ទូច សាម៉េត កសិករម៉ៅដើមស្វាយនៅស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា ៖ «សព្វថ្ងៃនេះ ឲ្យតែផ្លែស្អាត ទីផ្សារអត់បញ្ហាទេ ប៉ុន្ដែអ្វីដែលយើងកំពុងតែឆ្ងល់នោះ គឺទិន្នផលវាតិចពេក ទោះបីប្រើថ្នាំសម្លាប់ដង្កូវយ៉ាងណា ក៏មិនបាត់ដែរ មិនដឹងថាមកពីអាកាសធាតុ ឬក៏ការប្រើប្រាស់បច្ចេកទេសមិនត្រឹមត្រូវ » ។
លោកបន្តថា ៖« ប្រើថ្នាំដែរ តែវាអត់ងាប់ ប្រហែលជាខ្ញុំមើលងាយសត្រូវពេក ទើបស្វាយខ្ញុំទទួលបានផលតិចដូចនេះ ខណៈស្វាយកំពុងមានហាងឆេង » ។ ស្វាយឥឡូវ គឺលក់បាន១គីឡូ១ពាន់រៀល តែសម្រាប់លោក គឺម៉ៅបានប្រហែលជា៤ពាន់ដុល្លារទេ ព្រោះផ្លែបានតិច ហើយអត់សូវស្អាតទៀត ប៉ុន្តែនៅមានឈ្មួញគាត់មករកជាហូរហែ តែលោកគ្មានស្វាយគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ ។
លោក កាក់ ឡា ម្ចាស់ចម្ការស្វាយនៅស្រុកដងទង់ ខេត្តកំពត បានប្រាប់ថា បញ្ហាដង្កូវគឺវាមានតាមខែ អាចថាមកពីអាកាសធាតុក៏ថាបាន ហើយបើខែណាវាមានហើយ ទោះបាញ់ថ្នាំការពារទៀតក៏អត់បាត់ដែរ ហើយយើងក៏មិនអាចការពារវាបានដូចគ្នាដែរ ។
លោកបញ្ជាក់ថា ទោះបីរដូវខ្លះវាខូចខាតច្រើនមែន តែសម្រាប់លោកអាចថាបានគ្រាន់ថ្លៃដែរ ព្រោះបាននាំទៅលក់នៅវៀតណាមផ្ទាល់ ដោយក្នុង១គីឡូក្រាម បានតម្លៃ៣ពាន់រៀលដែរ ហើយក្នុង១ជើង គិតជាប្រាក់បានពី៨ទៅ១០លានរៀល ។
ទាក់ទងនឹងបញ្ហានេះដែរ ប្រធានសមាគមស្វាយប្រចាំខេត្តកំពង់ស្ពឺ លោក សុខ គ្រៀជ ប្រាប់ឲ្យដឹងថា ផ្លែស្វាយឥឡូវគឺមិនខ្វះទីផ្សារទេ ប៉ុន្តែអ្វីដែលសំខាន់កសិករភាគច្រើនមិនទាន់យល់ច្បាស់អំពីការផលិតឱ្យមានគុណភាពឆ្លើយតបទៅនឹងតម្រូវការនាំចេញ ។
លោកថា ៖« ទាក់ទងនឹងដង្កូវ សត្វល្អិតដែលស៊ីផ្កា ឬក្ដឹបស្វាយ គឺវាមិនមែនជាបញ្ហាចោទទេ នេះដោយសារប្រជាកសិករកន្លងទៅគាត់ប្រើប្រាស់ថ្នាំដដែលៗ ដោយមិនបានអនុវត្តតាមបច្ចេកទេសកសិកម្ម ដែលធ្វើឲ្យសត្វដង្កូវទាំងនោះវាស៊ាំទៅនឹងថ្នាំ » ។
លោកបានបញ្ជាក់ថា សម្រាប់សមាគម គឺកំពុងបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលកសិករអំពីបច្ចេកទេសកសិកម្ម សុវត្ថិភាពស្តង់ដាចំណីអាហារ រួមបញ្ចូលទាំងស្តង់ដានៃការប្រើប្រាស់ថ្នាំ/ជីកសិកម្ម ការរក្សាទុកដាក់ ការវេចខ្ចប់ និងការសម្លាប់មេរោគ មុននឹងយកទៅលក់នៅទីផ្សារ ។
គួររំឭកថា នៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក Kim Weon Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េខាងត្បូង ដែលផុតអាណត្តិ បានឲ្យដឹងថា នៅឆ្នាំ២០១៨ខាងមុខនេះ ផ្លែស្វាយកម្ពុជានឹងមានវត្តមាននៅលើទីផ្សារប្រទេសកូរ៉េខាងត្បូងហើយ ។ ការប្រកាសនេះ វាជារឿងល្អមួយសម្រាប់ទីផ្សារស្វាយរបស់កម្ពុជា ៕
ចែករំលែកព័តមាននេះ