ខេត្តប៉ៃលិន ៖ ពលរដ្ឋជាច្រើនគ្រួសាររស់នៅខេត្តប៉ៃលិន ដែលចាប់យករបរចិញ្ចឹមជ្រូកជាច្រើនឆ្នាំមកហើយ ពេលនេះ កំពុងតែរារែកចង់បោះបង់របរនេះចោល ដោយសារតែតម្លៃជ្រូករស់នៅលើទីផ្សារមិនប្រសើរឡើង ហើយកាន់តែដុនដាបទៅៗ ។
មិនតែប៉ុណ្ណោះ ថែមទាំងគ្មានឈ្មួញដើរទិញទៀត ធ្វើឲ្យពួកគាត់ត្រូវខាតបង់ដោយសារការឲ្យចំណីរាល់ថ្ងៃ ខណៈជ្រូកកាន់តែចាស់ កាន់តែស៊ីច្រើន ។
បើតាមការអះអាងពីលោក នី សែម រស់នៅភូមិថ្មី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន កាលពីរសៀលថ្ងៃទី១៤ ធ្នូ កន្លងមក បានឲ្យដឹងថា លោកចាប់យករបរចិញ្ចឹមជ្រូករាប់សិបឆ្នាំមកហើយ ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ មិនត្រឹមតែតម្លៃធ្លាក់ចុះទេ ថែមទាំងគ្មានទីផ្សារទៀត ។ បើនៅតែបែបនេះ លោកនឹងបោះបង់ការចិញ្ចឹម ហើយងាកទៅប្រកបរបរផ្សេងវិញ ។
លោក នី សែម រៀបរាប់ថា ៖« គ្រួសារខ្ញុំចិញ្ចឹមជ្រូកជាង២០ក្បាល ដោយបិតស្រាយកកាកសំណល់ឱ្យវាស៊ី ។ របរនេះ ខ្ញុំចិញ្ចឹមយូរឆ្នាំមកហើយ ដោយកាលពីមុន ជ្រូករស់លក់ឱ្យឈ្មួញបានតម្លៃ៦ពាន់ទៅ៧ពាន់រៀលក្នុង១គីឡូក្រាម ប៉ុន្តែបច្ចុប្បន្ននេះ លក់បានត្រឹមតែ១គីឡូក្រាម៥ពាន់ទៅ៥.៥០០រៀលប៉ុណ្ណោះ ហើយពេលខ្លះទៀតអត់ទាំងឃើញមានឈ្មួញដើរទិញទៀត ដែលជាហេតុនាំឱ្យពួកយើងមានការលំបាកយ៉ាងខ្លាំង»។
លោកបន្ដថា បើសិនជាតម្លៃទីផ្សារជ្រូករស់នៅតែធ្លាក់បែបនេះទៀត លោកនឹងបោះបង់ចោលការចិញ្ចឹមនេះ ហើយងាកទៅដាំបន្លែ ឬប្តូរមុខរបរផ្សេងវិញ ព្រោះការលក់ជ្រូកមានការខាត ហើយលំបាករកប្រាក់ទិញចំណីឱ្យជ្រូកស៊ី។ លោកថា ៖« រាល់ថ្ងៃនេះ បើអត់បិតស្រា អត់បាយស្រាដាក់ឱ្យវាស៊ីទេ ខ្ញុំបោះបង់ចោលតាំងពីយូរណាស់មកហើយ»។
កសិករម្នាក់ទៀតឈ្មោះ ឡុង ព្រឿង បានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ ការចិញ្ចឹមជ្រូកមិនចំណេញទេ ហើយបងប្អូននៅក្នុងភូមិដែលចិញ្ចឹមជ្រូកជាច្រើននាក់ ពេលនេះ បានបោះបង់ការចិញ្ចឹមមួយចំនួន ដោយខ្លះធ្វើចំណាកស្រុកទៅរកស៊ីធ្វើការងារនៅប្រទេសថៃ ខ្លះទៀតដាំបន្លែ និងផ្លែឈើបន្តិចបន្តួចសម្រាប់លក់ដោះស្រាយជីវភាពគ្រួសារ ។
លោកបញ្ជាក់ថា ៖« ប្រសិនបើគ្មានការរឹតបន្ដឹងបញ្ហានាំចូលជ្រូកពីប្រទេសជិតខាងទេ របរចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសាររបស់ពលរដ្ឋខ្មែរ ក៏ដូចជាកសិដ្ឋានចិញ្ចឹមជ្រូកឯទៀត នឹងត្រូវដួលរលំ » ។
លោកក៏បានកត់សម្គាល់ផងដែរ បើទោះបីជាតម្លៃជ្រូករស់ធ្លាក់ចុះក៏ដោយ ក៏សាច់ជ្រូកនៅលើទីផ្សារមិនធ្លាក់ចុះដែរ គឺក្នុងរង្វង់១៣.០០០ទៅ១៤.០០០រៀលក្នុង១គីឡូក្រាមដដែល ។
លោក ប៊ុន ហៀង សមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា ទីផ្សារជ្រូកកម្ពុជាបានជួបវិបត្តិ ដោយសារតែការនាំចូលលើសតម្រូវការពីប្រទេសជិតខាង ជាពិសេស ពីប្រទេសវៀតណាម ។ ការនាំចូលពីប្រទេសវៀតណាមនេះ ត្រូវបានមើលឃើញថាមានចំនួនច្រើនទាំងមានច្បាប់ និងអត់ច្បាប់ ជាពិសេសនាំចូលតាមច្រករបៀង ជាលក្ខណៈតាមម៉ូតូ ឬតាមរ៉ឺម៉កតកន្ទុយ ។
លោកបន្តថា ៖« បច្ចុប្បន្ន បើយើងសង្កេតមើលពីការចិញ្ចឹមក្នុងស្រុក យើងមិនអាចផ្គត់ផ្គង់ទីផ្សារបានទេ ដោយសារតែតម្លៃជ្រូកក្នុងស្រុកទាបពេក ធ្វើឲ្យកសិករ និងម្ចាស់កសិដ្ឋានគ្មានទឹកចិត្តក្នុងការចិញ្ចឹមបន្ត ដូចនេះហើយទុកឲ្យឈ្មួញបន្តនាំចូលមកផ្គត់ផ្គង់វិញ» ។
លោក ជេត ភីរម្យ អនុប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងផងដែរថា តាមការវាយតម្លៃដែលទទួលបានពីអ្នកចិញ្ចឹម ទាំងក្រុមហ៊ុន និងកសិករបានបង្ហាញថា ក្រុមហ៊ុនត្រូវចំណាយថ្លៃដើមប្រមាណ៧ពាន់រៀលក្នុង១គីឡូក្រាម ហើយកសិករវិញត្រូវចំណាយថ្លៃដើមប្រមាណ៨ពាន់រៀលក្នុង១គីឡូក្រាម ។ ប៉ុន្តែនៅពេលលក់ចេញវិញ ក្នុង១គីឡូក្រាម សម្រាប់ជ្រូកដែលចិញ្ចឹមពីក្រុមហ៊ុន បានតម្លៃជាង៦ពាន់រៀលក្នុង១គីឡូក្រាម ហើយជ្រូករបស់កសិករលក់បានតែប្រមាណ៥.៥០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ដូចនេះ សម្រាប់កសិករគឺខាតធ្ងន់ធ្ងរជាងក្រុមហ៊ុន ។
លោកនិយាយថា ៖« ក្នុងជ្រូក១ក្បាល ទាំងកសិករ និងម្ចាស់កសិដ្ឋានធំៗ ត្រូវខាតដើមជាមធ្យម១០ម៉ឺនរៀល តែត្រូវបង្ខំចិត្តលក់ជ្រូកនោះចេញ ព្រោះទុកយូរទៅ ជ្រូកត្រូវស៊ីចំណី ហើយជ្រូកដែលគ្រប់អាយុ វាស៊ីកាន់តែច្រើន តែមិនឡើងគីឡូទៀតទេ » ។
តាមគោលការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ឲ្យឈ្មួញនានានាំចូលជ្រូករស់ពីក្រៅប្រទេស ចំនួនតែ១.២៥០ក្បាលប៉ុណ្ណោះក្នុង១ថ្ងៃ ក៏ប៉ុន្តែធាតុពិត បរិមាណនេះតិចតួចនៅឡើយ បើធៀបនឹងការនាំចូលជាក់ស្តែងទាំងស្របច្បាប់ និងខុសច្បាប់ ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ ជ្រូកដែលនាំចូលពីប្រទេសជិតខាង មិនក្រោម៣ពាន់ក្បាលទេក្នុង១ថ្ងៃ ខណៈតម្រូវការក្នុងស្រុក មានប្រមាណ៨ពាន់ក្បាលក្នុង១ថ្ងៃ ។
ដោយឡែកលោកស្រីបណ្ឌិត អុក សាវិន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា តាមពិតបញ្ហាទីផ្សារជ្រូកនៅកម្ពុជា យើងក៏ចង់បិទទីផ្សារនាំចូលពីប្រទេសជិតខាងដែរ តែយើងមិនអាចធ្វើបានទេ ព្រោះកម្ពុជាជាទីផ្សារសេរី ដូចនេះការនាំចេញនាំចូលត្រូវតែមាន មិនដូចប្រទេសប្រកាន់ទីផ្សារកុម្មុយនីស្ដទេ។
លោកស្រីនិយាយថា ៖« កសិករ និងអ្នកចិញ្ចឹមជ្រូកក្នុងស្រុកសូមមានការអត់ធ្មត់បន្តិច នៅក្នុងកាលៈទេសៈនេះ ហើយរាជរដ្ឋាភិបាលមិននៅស្ងៀមទេ ពោលគឺទាំងក្រសួងកសិកម្ម និង ស្ថាប័នពាក់ព័ន្ធនានា បានខិតខំធ្វើយ៉ាងណាឲ្យថ្លៃដើមនៃការផលិតជ្រូកធ្លាក់មកនៅទាប ដើម្បីឲ្យកសិករអាចរកប្រាក់ចំណេញបាន » ។
លោកស្រីបណ្ឌិតបន្តថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់រាជរដ្ឋាភិបាលបញ្ចុះតម្លៃភ្លើងឲ្យនៅទាប ដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត ។
ម្យ៉ាងទៀតលោកស្រីបានផ្ដល់យោបល់ឲ្យកសិករចិញ្ចឹមជ្រូកឱ្យបានច្រើនបន្តិច ព្រោះបើចិញ្ចឹមជ្រូកកាន់តែច្រើនការខាតបង់កាន់តែតិច ហើយរំពឹងថា តាមរយៈសកម្មភាពនានារបស់ក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជន តម្លៃជ្រូកនឹងងើបឡើងវិញនៅពេលឆាប់ៗខាងមុខនេះ ។
លោកស្រីអគ្គនាយករងបាននិយាយថា ៖ « យើងបានស្នើទៅកាន់អគ្គនាយកកាំកុងត្រូល ដើម្បីត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការនាំចូលជ្រូកមិនស្របច្បាប់ពីប្រទេសជិតខាង ហើយក្រសួងកសិកម្មក៏នឹងរៀបចំឲ្យមានកន្លែងត្រួតពិនិត្យសុខភាពសត្វ មុនអនុញ្ញាតនាំចូលដែរដើម្បីបង្ការកុំឲ្យឆ្លងជំងឺដល់សត្វក្នុងស្រុក » ។
លោកជេត ភីរម្យ អនុប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានឱ្យដឹងដែរថា ក្នុងនាមជាវិស័យឯកជន និងអ្នកចិញ្ចឹមជ្រូកនៅកម្ពុជា សាទរចំពោះរៀបចំឱ្យមានកន្លែងត្រួតពិនិត្យសុខភាពសត្វ មុននាំចូល ។ ទាំងនេះ វាអាចទប់ស្កាត់ការនាំចូលសត្វដែលមានជំងឺមកក្នុងស្រុក ដែលបង្កបញ្ហាដល់ជ្រូករបស់កសិករ ហើយជាពិសេសអាចការពារការឆ្លងជំងឺនានាដល់អ្នកបរិភោគផងដែរ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ