ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសយានដ្ឋាន​កម្ពុជា​ទាំង​3 រួមចំណែក​ដល់​ផលិតផល​ក្នុងស្រុក​2,7​ប៊ី​លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាន​អះអាង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​របស់​កម្ពុជា បាន​រួមចំណែក​ដល់​ផលិត​ផល​​ក្នុងស្រុក​សរុប​ប្រមាណ​១៧%​នៃ​ផលិតផល​សរុប គិត​ជា​ទឹកប្រាក់​ប្រមាណ​២,៧​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​ផ្ដល់​ការងារ​ទាំង​ផ្ទាល់ និង​ប្រយោល​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​​១,៧​លាន​នាក់ ឬ​ស្មើនឹង​២០%​នៃ​ពលរដ្ឋ​សរុប​ទូ​ទាំង​ប្រទេស…

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាន​អះអាង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​របស់​កម្ពុជា បាន​រួមចំណែក​ដល់​ផលិត​ផល​​ក្នុងស្រុក​សរុប​ប្រមាណ​១៧%​នៃ​ផលិតផល​សរុប គិត​ជា​ទឹកប្រាក់​ប្រមាណ​២,៧​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក និង​ផ្ដល់​ការងារ​ទាំង​ផ្ទាល់ និង​ប្រយោល​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ​​១,៧​លាន​នាក់ ឬ​ស្មើនឹង​២០%​នៃ​ពលរដ្ឋ​សរុប​ទូ​ទាំង​ប្រទេស ។

លោក នី​កូ​ឡា ណូ​តបា ប្រធាន​ក្រុមប្រឹក្សាភិបាល​រូប​នេះ​បាន​បន្ដ​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ កំណើន​អ្នកដំណើរ​តាម​អាកាស​បាន​កើន​ឡើងជា​បន្តបន្ទាប់ ។ ជាក់ស្ដែង កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ អ្នកដំណើរ​ឆ្លងកាត់​តាម​អាកាសយានដ្ឋាន​ទាំង​បី មាន​ចំនួន​៣,៤​លាន​នាក់ ។ នៅ​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧​នេះ អ្នកដំណើរ​ឆ្លងកាត់​អាកាស​យាន​ដ្ឋាន​​អន្តរជាតិ​កម្ពុជា បាន​កើនឡើង​ដល់​៤​លាន​នាក់ ហើយ​ចំនួន​អ្នកដំណើរ​ឆ្លងកាត់​នឹង​កើនឡើង​បន្ត​ទៅ​ទៀត នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ ។

លោក​បន្ត​ថា ដោយសារ​តែ​កំណើន​អ្នកដំណើរ​នេះ​ហើយ ទើប​អាកាសយានដ្ឋាន​កម្ពុជា ត្រូវ​ពង្រីក​បន្ថែម​ទៀត​ទាំង​ស្ថានីយ​មក​ដល់ និង​ស្ថានីយ​ចេញដំណើរ ។ ជាក់ស្ដែង អាកាស​យានដ្ឋាន​កម្ពុជា​បាន​ពង្រីក និង​ដាក់​ដំណើរការ​នូវ​ស្ថានីយ​ចេញដំណើរ​អន្តរ​ជាតិ​​មួយ​កន្លែង​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ហើយ​ថ្មី​ៗ​នេះ​ដែរ ក៏​បាន​ដាក់​ដំណើរការ​នូវ​ស្ថានីយ​រង់ចាំ​ចេញដំណើរ​ថ្មី​មួយទៀត​នៅ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ពោល​គឺ​កន្លែង​សម្រាប់​ភ្ញៀវ​រង់ចាំ​ឡើង​យន្តហោះ ។

លោក​ថា ៖« ប៉ុណ្ណេះ មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​កំណើន​ភ្ញៀវ​ឆ្លងកាត់​អាកាសយានដ្ឋាន​កម្ពុជា​ឡើយ ដោយនៅ​ថ្ងៃ​ខាង​មុខ​នេះ អាកាសយានដ្ឋាន​កម្ពុជា​នឹង​ពង្រីក​បន្ថែម​ទៀត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ ព្រោះ​ថ្មី​ៗ​នេះ អាកាសយានដ្ឋាន​មួយ​នេះ​ក៏​បាន​ទទួល​ជើង​ហោះហើរ​ថ្មី​ៗ​ពី​អន្តរជាតិ​ចុះ​ចត​នៅ​ទីនោះ ដោយសារ​តែ​ខេត្ត​ព្រះ​សីហ​នុ គឺជា​ខេត្ត​ទាក់ទាញ​ទេសចរណ៍ និង​វិនិយោគិន » ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​រូប​នេះ​បាន​បន្ថែម​ថា អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី ពិតជា​មាន​លទ្ធភាព​ឆ្លើយ​តប​យ៉ាង​ពេញទំហឹង​ក្នុង​ការ​ទទួលភ្ញៀវ​ចំនួន​៧​លាន​នាក់​ដែល​នឹង​មក​ដល់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២០ ឬ​ច្រើន​ជាង​នេះ​ទៅ​ទៀត ។ លោក​ថា ៖« ការ​សិក្សា​បាន​បង្ហាញ​ថា យើង​ពិតជា​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្កើន​សមត្ថភាព​ផ្លូវ​យន្ត​ហោះ និង​ស្ថានីយ អ្នកដំណើរ​នៃ​អាកាសយានដ្ឋាន​របស់​យើង ក្នុង​បរិវេណ​ដែល​មាន​ស្រាប់​នា​ពេល​បច្ចុប្បន្ន​នេះ​។ ការ​បណ្ដុះបណ្ដាល​ត្រូវ​បាន​ធ្វើ​ឡើង​ជាប់​ជា​ប្រចាំ​ទៅ​តាម​តម្រូវការ​ជាក់ស្ដែង​របស់​បុគ្គលិក ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ថ្មី​ៗ​កាន់តែ​ច្រើន​ថែម​ទៀត ។ ដូច្នេះ ប្រតិបត្តិការ​ទូទៅ​ក៏​កាន់តែ​មាន​ប្រសិទ្ធភាព ជា​ពិសេស​ការ​គ្រប់គ្រង​លំហូរ​អ្នកដំណើរ » ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក នី​កូ​ឡា ណូ​តបា នៅ​មុន​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​២០១៨ អាកាសយានដ្ឋាន​កម្ពុជា នឹង​ដាក់​ដំណើរការ​ស្ថានីយ​អ្នកដំណើរ​ថ្មី​មួយទៀត​សម្រាប់​អ្នកដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ ព្រម​ជាមួយ​ការ​ពង្រីក​ផ្លូវ​យន្តហោះ​ចុះ​ចត ដើម្បី​ឲ្យ​មាន​សមត្ថភាព​ទទួល​យន្តហោះ​កាន់តែ​ធំ​អាច​ចុះ​ចត​ញឹក​ញាប់​ថែម​ទៀត ។ រាល់​ការ​វិនិយោគ​ទាំងនេះ គឺ​សំដៅ​ឆ្លើយ​តប​ជា​ពិសេស​ដល់​បញ្ហា​សំខាន់​នៃ​តំណ​ភ្ជាប់​កម្ពុជា ជាមួយ​អាស៊ាន អាស៊ី និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក ។

គួរ​បញ្ជាក់​ថា តាម​ទិន្នន័យ​របស់​អាកាសយានដ្ឋាន​កម្ពុជា​បាន​បង្ហាញ​ថា អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ទទួល​បាន​អ្នកដំណើរ​ច្រើន​ជាងគេ ក្នុង​ចំណោម​អាកាស​យានដ្ឋាន​អន្តរជាតិ​កម្ពុជា​ទាំង​បី ខណៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទទួល​បាន​អ្នកដំណើរ​បន្ទាប់ ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ ក៏​ទទួល​បាន​កំណើន​​អ្នកដំណើរ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ បន្ទាប់​ពី​ជើងហោះហើរ​ថ្មី​ៗ​បាន​ពង្រីក​ទៅ​កាន់​ទីនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ