ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​រក​ឃើញ​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ប្រមាណ​70%​លក់​សាំង​មិន​គ្រប់​លី​ត្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដំណើរការ​រថយន្ត​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេង​ឥន្ធនៈ​រយៈពេល​ជិត​១​ឆ្នាំ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​រក​ឃើញ​ថា ស្ថានីយប្រេងឥន្ធនៈ​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​ពី​៦០​ទៅ​៧០% លក់​សាំង​មិន​គ្រប់​លី​ត្រ​ឲ្យ​អតិថិជន ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ដំណើរការ​រថយន្ត​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេង​ឥន្ធនៈ​រយៈពេល​ជិត​១​ឆ្នាំ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​រក​ឃើញ​ថា ស្ថានីយប្រេងឥន្ធនៈ​នៅ​ទូ​ទាំង​ប្រទេស​ប្រមាណ​ពី​៦០​ទៅ​៧០% លក់​សាំង​មិន​គ្រប់​លី​ត្រ​ឲ្យ​អតិថិជន ។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ។

លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​រូប​នេះ​បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​១៨ ធ្នូ ថា ក្រោយ​ពី​រក​ឃើញ​បែប​នេះ ក្រសួង​បាន​ដាក់​វិធានការ​៣​ដំណាក់កាល​ដូច​ជា ៖ ១-​ចំពោះ​ស្ថានីយ​ដែល​បាន​រក​ឃើញ​ថា​លក់​ប្រេង​មិន​គ្រប់​ចំណុះ ក្រសួង​បានឱ្យ​ធ្វើ​លិខិត​ជា​លាយ​លក្ខណ៍​អក្សរ​ហើយ​សន្យា​ថា ថ្ងៃក្រោយ​លក់​ឱ្យ​គ្រប់​លី​ត្រ ដោយ​ទុក​រយៈពេល​១​ខែ ក្រសួង​​នឹង​ចុះ​ពិនិត្យ​មើល​ម្តងទៀត ។ ប្រសិនបើ​ក្រសួង​នៅ​តែ​ពិនិត្យ​ឃើញ​ថា ស្ថានីយ​លក់​ប្រេងឥន្ធនៈ​នោះ​នៅ​តែ​ប្រព្រឹត្ត​ខុស​ទៀត ក្រសួង​នឹង​ព្រមាន​តាម​ដំណាក់កាល​។ ២-​បង្ហាញ​ឈ្មោះ​ម្ចាស់​ស្ថានីយ​នៅ​តាម​កាសែត ទូរទស្សន៍ និង​បណ្តាញ​សង្គម និង​៣-​ប្រសិន​បើ​នៅ​តែ​មិន​រាងចាល ក្រសួង​នឹង​បិទ​អាជ្ញាប័ណ្ណ​មិន​ឱ្យធ្វើ​អាជីវកម្ម​តែ​ម្ដង ។

លោក​បញ្ជាក់​ថា ៖« វិធានការ​ដែល​យើង​ធ្វើ គឺ​ទើបតែ​ចាប់ផ្តើម​ទេ ពី​មុន​យើង​ចុះ​ទៅ​ឃើញ​​វា​តិចតួច ប៉ុន្តែ​ឥឡូវនេះ យើង​ឃើញ​ច្រើន ។ យើង​ចាប់ផ្តើម​ដាក់​វិធានការ​៣​ហ្នឹង ហើយ​កំពុង​អនុវត្ត​វិធានការ​ទី​១ ប្រហែលជា​កន្លះ​ខែ​ទៀត​ចូល​ដល់​ដំណាក់កាល​ទី​២​ហើយ » ។

កាលពីដើម​ឆ្នាំ​២០១៧ ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ដំណើរការ​រថយន្ត​ត្រួតពិនិត្យ​គុណ​ភាព​និង​បរិមាណ​ប្រេងឥន្ធនៈ ដើម្បី​បញ្ឈប់​ការ​ឆ្លៀតឱកាស​កេង​ចំណេញ និង​បន្លំ​ពី​ម្ចាស់​​ស្ថានីយប្រេងឥន្ធនៈ ។ រថយន្ត​ដែល​មាន​ឧបករណ៍​ត្រួតពិនិត្យ​នេះ បាន​ធ្វើ​ដំណើរ​ឆ្មក់​ចូល​ស្ថានីយ និង​ផ្ទះ​លក់​សាំង​ក្នុង​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស ដើម្បី​ពិនិត្យ​គុណភាព បរិមាណ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ដែល​អាជីវករ​កំពុង​ដាក់​លក់ ។

រហូត​មក​ដល់​នេះ បើ​ទោះបីជា​រថយន្ត​នេះ បាន​ដាក់​ដំណើរការ​ជិត​១​ឆ្នាំ​ហើយ​ក៏​ដោយ ក្រសួង​នៅ​តែ​រក​ឃើញ​ស្ថានីយប្រេងឥន្ធនៈ​មួយ​ចំនួន​កេង​បន្លំ​ពី​អតិថិជន ដោយ​ការ​ចាក់​ប្រេង​មិន​គ្រប់​លី​ត្រ ឬ​បន្លំ​យក​សាំង​ធម្មតា​មក​ចាក់​ប្រភេទ​សាំង​ស៊ុប​ពែរ ។

លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនី​ភាព​សង្គម​កម្ពុជា​យល់​ថា មូល​ហេតុ​​ដែល​នាំ​ឲ្យ​មានការ​កេង​បន្លំ​ចំពោះ​ការ​លក់​សាំង​នៅ​កម្ពុជា​នេះ អាច​បណ្តាល​មក​ពី​ទំនាស់​ផលប្រយោជន៍​ក្នុង​អាជីវកម្ម​លក់​សាំង និង​ភាព​មិន​ស្មើគ្នា​ក្នុង​ការ​បង់ពន្ធ ដែល​កន្លែង​ខ្លះ​អាច​ទម្លាក់​តម្លៃ​សាំង​បាន​តាម​ចិត្ត នាំ​ឱ្យ​លក់​សាំង​មិន​គ្រប់​លី​ត្រ និង​បន្លំ​គុណ​ភាព ។

លោក សន ជ័យ គូសបញ្ជាក់​បន្ថែម​ថា ៖«​កម្ពុជា រឿង​ស្តង់ដា​តម្លៃ​សាំង​មួយ​ហ្នឹង គឺជា​រឿង​​ឈឺក្បាល​ណាស់​ទៅ​ហើយ ដោយសារ​តែ​មាន​សាំង​ខ្លះ​តម្លៃ​សូ​ម្បី​តែ​នៅ​ស្ថានីយ និង​ដេប៉ូ​វា​ខុស​គ្នា ហើយ​សាំង​នៅ​តំបន់​ខ្លះ​មាន​តម្លៃ​ទាប​ជាង​កន្លែង​ផ្សេង អីចឹង យើង​សង្ស័យ​ថា តម្លៃ​ដែល​គេ​អាច​ទម្លាក់​បាន​តាម​ចិត្ត ទី​១-​វា​អាច​មិន​គ្រប់​លី​ត្រ និង​ទី​២-​វា​អាច​ថា ពួក​គេ​លក់​សាំង​គេចពន្ធ​ផង​ដែរ ។ ភាព​មិន​ស្មើគ្នា​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ ក៏​ជា​មូលហេតុ​នាំ​ឱ្យ​មានការ​លក់​សាំង​ប្រកួតប្រជែង​គ្នា នាំ​ឱ្យ​សាំង​ខ្លះ​លក់​ក្នុង​តម្លៃ​ទាប ដោយ​មិន​គ្រប់​លី​ត្រ ហើយ​រឿង​នេះ​បណ្តាល​មក​ពី​ការ​ត្រួតពិនិត្យ​មិន​បាន​ដិត​ដល់ ពិសេស​នៅ​តាម​ផ្លូវជាតិ តម្លៃ​ខុស​គ្នា​គួរ​ឱ្យ​ចាប់អារម្មណ៍ » ។

លោក សន ជ័យ មាន​ប្រសាសន៍​ថា ក្រសួង​គួរតែ​មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​ស្ថានីយ​លក់​​សាំង​ទាំងឡាយ​ណា​ដែល​មានការ​បន្លំ ។ បើ​ការ​កេង​បន្លំ​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ គួរ​ធ្វើការ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ ហើយ​បើ​អាច គួរតែ​ឈាន​ទៅ​ដល់​ការ​ព្យួរ​អាជ្ញាប័ណ្ណ​អាជីវកម្ម ដើម្បី​ជា​ការ​ព្រមាន​កុំឱ្យ​អ្នកលក់​ទាំងនោះ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុង​អាជីវកម្ម​របស់​ខ្លួន ។

ការ​ចរាចរ​លក់​ប្រេងឥន្ធនៈ​ក្នុង​ប្រទេស​កម្ពុជា​ហាក់​មាន​សេរីភាព​ជ្រុល ។ ការ​លក់​សាំង រាប់​ចាប់តាំងពី​ស្ថានីយ​ខ្នាត​ធំ​ៗ ដេប៉ូ​ចែកចាយ រហូត​ដល់​សាំង​ដប​តាម​ដងផ្លូវ ដែល​អាជីវ​ករ​ខិលខូច​មួយ​ចំនួន​បាន​លក់​សាំង​មិន​គ្រប់​បរិមាណ ឬ​សាំង​គេចពន្ធ​ពី​បរទេស​ជាដើម ។

លោក សន ជ័យ យល់​ថា នៅ​ពេល​ដែល​អាជីវករ​លក់​សាំង​ទាំងនោះ​នៅ​ប្រព្រឹត្ត​ទុច្ចរិត​បែប​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​កម្ពុជា ដែល​គ្មាន​ការ​ត្រួតពិនិត្យ​ការ​ធ្វើ​អាជីវកម្ម​សាំង​ឱ្យ​បាន​ត្រឹមត្រូវ​បណ្តោយ​ឱ្យ​មានការ​កេង​បន្លំ ។ ជាមួយ​គ្នា​នេះ វា​ក៏​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​អ្នក​ប្រើប្រាស់​ដោយ​មិនដឹង​ខ្លួន​ផង​ដែរ ។ លោក សន ជ័យ ថ្លែង​បែប​នេះ​ថា ៖« បាន​ន័យ​ថា គាត់​បង់លុយ​ពេញ​ថ្លៃ ប៉ុន្តែ​គាត់​បាន​ផលប្រយោជន៍​មក​វិញ ឬ​ការ​តបស្នង​មិន​គ្រប់ » ។

យល់​ស្រប​នឹង​ការ​លើក​ឡើង​នេះ លោក ស៊ា​ង ថៃ បាន​អះអាង​ថា ក្រសួង​នឹង​ចាត់​វិធាន​ការ​ឱ្យ​បាន​តឹងរ៉ឹង​ចំពោះ​ករណី​លក់​សាំង​មិន​គ្រប់​លី​ត្រ​នេះ ដោយសារ​តែ​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ខាត​ប្រយោជន៍ និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ។

លោក ស៊ា​ង ថៃ បាន​បន្ថែម​ថា ៖« វា​ពិបាក​ដែរ អ្នក​រកស៊ី​គាត់​មានគំនិត​មិន​ស្មោះត្រង់ ដោយសារ​តែ​អា​បូម​ហ្នឹង វា​បូម​មក​យើង​មើល​មិនឃើញ វា​ចាក់​ចូល​ទៅ​ក្នុង​រថយន្ដ​បាត់ ប្រសិនបើ​ដាក់​ចូល​ក្នុង​ដប ចេះ​តែ​មើលឃើញ​ហើយ ។ បើ​យើង​បណ្ដោយ​ឱ្យ​គាត់​ធ្វើ​អីចឹង គឺ​កោរ​គេ​ទាំង​រស់ ហើយ​ប្រជាពលរដ្ឋ​យើង​មិន​បានដឹង​ខ្លួន ចេះ​តែ​ចាញ់បោក​គេ​អីចឹង​ទៅ ហើយ​បើ​ថ្ងៃក្រោយ​ទៅ កម្ពុជា​នឹង​ស្អុយឈ្មោះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ