ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ប្រមូល​ផល​​របស់​កសិករ​ និង​បញ្ហា​ប្រឈម​មួយ​ចំនួន

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តព្រៃវែង ៖ ដោយសារ​អាកាសធាតុ​អំណោ​យ​ផល ធ្វើ​ឱ្យ​ប្រជា​កសិករ​នៅ​ទូ​ទាំង​ខេត្ត ព្រៃ​វែង សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា ព្រោះថា​ទិន្នផល​នៅ​ឆ្នាំនេះ​មានការ​កើនឡើង​ច្រើន​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ចំណែកឯ​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​ក៏​ល្អ​ប្រ​សើរ​មិន​ទាប​ដូច​ឆ្នាំ​មុន​ទេ​។ លើស​ពី​នេះ​ទៀត ក្រៅពី​ការ​ធ្វើស្រែ…

ខេត្តព្រៃវែង ៖ ដោយសារ​អាកាសធាតុ​អំណោ​យ​ផល ធ្វើ​ឱ្យ​ប្រជា​កសិករ​នៅ​ទូ​ទាំង​ខេត្ត
ព្រៃ​វែង សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រមូល​ផល​ស្រូវ​រដូវវស្សា ព្រោះថា​ទិន្នផល​នៅ​ឆ្នាំនេះ​មានការ​កើនឡើង​ច្រើន​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ចំណែកឯ​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​ក៏​ល្អ​ប្រ​សើរ​មិន​ទាប​ដូច​ឆ្នាំ​មុន​ទេ​។

លើស​ពី​នេះ​ទៀត ក្រៅពី​ការ​ធ្វើស្រែ កសិករ​នៅ​ខេត្តព្រៃវែង ក៏​នាំ​គ្នា​ចាប់​យក​ការ​ដាំ​បន្លែ និង​ចិញ្ចឹមសត្វ ធ្វើ​ជា​មុខរបរ​បន្ទាប់បន្សំ​ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ផង​ដែរ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត។

ប្រជា​កសិករ​នៅ​ស្រុក​ព្រះស្តេច​បាន​ប្រាប់​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ទិន្នផល​ស្រូវ​របស់​ពួក​គាត់​នៅ​ឆ្នាំ​នេះ​មានការ​កើនឡើង គឺ​ដោយសារ​តែ​រាជរដ្ឋាភិបាល​បាន​ជួយ​កសាង​ប្រឡាយ​ទឹកជា​ច្រើន​ខ្សែ នៅ​ក្នុងភូមិ​ឃុំ​របស់​ពួក​គាត់ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ស្រោចស្រព​ដីស្រែ ។ ជាមួយ​គ្នា​នេះ កត្តា​អាកាសធាតុ ក៏​អំណោយ​ផល​ដែរ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​អាចរ​ប្រមូល​ផល​បាន​លឿន​ជាង​ឆ្នាំ​មុន ហើយ​ក្នុង​នោះ​តម្លៃ​ស្រូវ​ក្នុង​មួយ​គីឡូក្រាម​មាន​តម្លៃ​ចាប់ពី​៨០០​រៀល​ទៅ​៨៥០​រៀល​។

លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា
ក្រៅពី​មុខរបរ​ធ្វើស្រែ ខាង​មន្ទីរ​បាន​ជំរុញ​ឱ្យ​កសិករ​ចាប់​យក​ការ​ដាំ​បន្លែ និង​ការ​ចិញ្ចឹម​សត្វ​ធ្វើ​ជា​មុខរបរ​ទី​២ ដើម្បី​បាន​ទទួល​ចំណូល​បន្ថែម​ពីលើ​មុខរបរ​ធ្វើស្រែ ធ្វើ​ឱ្យ​ជីវភាព​របស់​កសិករ​កាន់​មាន​ភាព​ប្រសើរ​ឡើង ។ សម្រាប់​បន្លែ ប​ច្ចុប្បន្ន​គ្រាន់តែ​កសិករ​នៅ​ស្រុក​ពាម​ជរ ពួក​គាត់​អាច​បញ្ជូន​ផលិតផល​ចូល​ទីផ្សារ​បាន​ប្រមាណ​ជាង​១​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ។

ឯ​សម្រាប់​ការ​ចិញ្ចឹមសត្វ កសិករ​នៅ​ក្នុង​ខេ​ត្ភ​ភាគច្រើន​ចូល​ចិត្ត​ចិញ្ចឹម​ទា ដែល​បច្ចុប្បន្ន​មាន​ទា​ជាង​២​លាន​៥​សែន​ក្បាល ដែល​កសិករ​កំពុង​ចិញ្ចឹម​ដើម្បី​យក​ទុក​លក់ ហើយ​សម្រាប់​ស៊ុតទា​ទាំងនេះ​ដែរ គឺ​មាន​ទីផ្សារ​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត ។ ភាគច្រើន ស៊ុតទា​ទាំងនេះ​ត្រូវ​បាន​បញ្ជូន​យក​ទៅ​លក់​នៅ​ខេត្ត​ភាគ​ឦសាន​មាន​ដូច​ជា ខេត្តក្រចេះ ស្ទឹង​ត្រែង រតនគិរី ជាដើម ។

ទោះជា​យ៉ាងណា​ក៏​ដោយ បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​ចុះ​ផ្ទាល់​ជាមួយ​កសិករ​នៅ​តាម​មូលដ្ឋាន មន្ទីរ​កសិកម្ម​ខេត្ត​បាន​រក​ឃើញ​ថា បញ្ហា​ប្រឈម​ដែល​កសិករ​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​មាន​ដូច​ជា បញ្ហា​កម្លាំង​ពលកម្ម​មិន​គ្រប់​គ្រាន់ ដោយ​ប្រជាជន​ដែល​មាន​កម្លាំង​គ្រប់គ្រាន់ ពោល​គឺ​កម្លាំង​ក្មេង​ៗ ពួក​គេ​នាំ​គ្នា​ចេញពី​ស្រុក​ទៅ​ធ្វើការ​ជា​កម្មករ​រោងចក្រ​ជាដើម និង​មួយ​ចំនួន​ទៀត​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ដែល​ធ្វើ​​ឱ្យ​​បាត់បង់​កម្លាំង​នៅ​ស្រែ​ចម្ការ ។

មួយ​វិញទៀត គឺ​ការ​ប្រើប្រាស់​ទុន​ហួស​ពី​ការ​ចាំបាច់ ដោយ​សារ​តែ​ទី​មួយ ពួក​គាត់​ខ្វះខាត​កម្លាំង​ពលកម្ម​ក្នុង​ការ​ធ្វើស្រែ​ចម្ការ ពួក​គាត់​បាន​នាំ​គ្នា​ងាក​មក​ប្រើ​ប្រាស់​គ្រឿងចក្រ​ជំនួស​មនុស្ស ដែល​ភាគច្រើន​គ្រឿងចក្រ​ទាំងនោះ​ពួក​គាត់​ជួល​បន្ត​ពី​គេ ដែល​ធ្វើ​ឱ្យ​មានការ​ចំណាយ​ដើមទុន​ខ្ពស់ ។

ម្យ៉ាងវិញទៀត បញ្ហា​ការ​ប្រើប្រាស់​ជី​ហួស​កម្រិត ទៅ​លើ​សំណាប សន្ទូង ក៏​ធ្វើ​ឱ្យ​កសិករ​ត្រូវ​ចំណាយ​ដើមទុន​ខ្ពស់​ដែរ ព្រោះ​ពួក​គាត់​យល់​ថា​ការ​ប្រើប្រាស់​ជី​ច្រើន ធ្វើ​ឱ្យ​ដំណាំ​របស់​ពួក​គាត់​ទទួល​បាន​ផល​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ។ ទាំងនេះ ក៏​ដោយសារ​តែ​ពួក​គាត់​ជឿ​ទៅ​លើ​ការ​ផ្សព្វផ្សាយ​របស់​អ្នកលក់ ដែល​ចង់បាន​ផល​ចំណេញ​ច្រើន ។

ចុង​ក្រោយ គឺ​ការ​ប្រើប្រាស់​ពូជ​មិន​សមាមាត្រ​នឹង​ទំហំ​ដីស្រែ ដែល​កត្តា​មួយ​នេះ បាន​បង្ក​ឱ្យ​ពួក​គាត់​បាត់បង់​ទាំង​ពូជ និង​ខាត​ទាំង​ថ្លៃ​ជី និង​ថ្នាំ ព្រោះថា នៅ​ពេល​ពួក​គាត់​បាច​ពូជ​ច្រើន វា​ងាយ​បង្ក​ជា​សម្បុក​របស់​សត្វ​ចង្រៃ និង​ស្រូវ​ងាយ​មាន​ជំងឺ ហើយ​ពួក​គាត់​ត្រូវ​បន្ថែម​ការ​ចំណាយ​បន្ថែម​ពីលើ​ថ្លៃដើម និង​អាច​ប្រឈម​មុខ​នឹង​ទិន្នផល​ធ្លាក់​ចុះ​ផង​ដែរ។ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ មន្ទីរ​កសិកម្ម​បាន​បង្កើត​វគ្គ​បណ្តុះ​បណ្តាល ផ្សព្វផ្សាយ​នូវ​បច្ចេកទេស​ជា​ច្រើន​ដល់​ប្រជា​កសិករ​នៅ​តាម​មូលដ្ឋាន ប៉ុន្តែ​ដោយ​បញ្ហា​ពេលវេលា ក្នុង​មួយ​ឆ្នាំ​មន្ទីរ​អាច​បណ្តុះបណ្តាល​កសិករ​បាន​ត្រឹម​ជាង​១​​ម៉ឺន​គ្រួសារ​ប៉ុណ្ណោះ ដែល​ទាំងនេះ​ត្រូវ​ទាមទារ​ទាំង​ធនធាន និង​ពេលវេលា​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ