ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​រាជបណ្ឌិត​សភា ​៖ កម្ពុជា​ត្រូវការ​មហាអំណាច ​និង​ត្រូវការ​ខ្សែពួរ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ថ្នាក់​ដឹក​នាំ​រាជបណ្ឌិត​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែធ្នូ​នេះ ​បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវការ​មហាអំណាច​ និង​ត្រូវការ​ខ្សែពួរ ព្រោះ​កម្ពុជា​ជា​ប្រទេស​តូច ដូច្នេះ​ត្រូវ​តែ​ចេះ​ទាញ​យក​ប្រយោជន៍​ពី​ប្រទេស​មហា​អំ​​ណា​ច​។…

​រាជធានី​ភ្នំពេញ ៖ ថ្នាក់​ដឹក​នាំ​រាជបណ្ឌិត​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែធ្នូ​នេះ ​បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវការ​មហាអំណាច​ និង​ត្រូវការ​ខ្សែពួរ ព្រោះ​កម្ពុជា​ជា​ប្រទេស​តូច ដូច្នេះ​ត្រូវ​តែ​ចេះ​ទាញ​យក​ប្រយោជន៍​ពី​ប្រទេស​មហា​អំ​​ណា​ច​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក សុំ ឈុំ​ប៊ុ​ន អនុប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​នៅ​ក្នុង​កម្មវិធី​តុមូល​មួយ​ស្តី​ពី «​តួនាទី​របស់​មហាអំណាច​ក្នុង​កិច្ចការ​តំបន់ និង​ពិភពលោក​» ។​

​ជាមួយ​គ្នា​នោះ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា​បាន​លើក​ឡើង​ថា ​មហាអំណាច​ខ្លះ​ដូច​ជា អា​មេ​រិ​កបាន​ប្រើ​គ្រាប់បែក​ទម្លាក់​នៅ​ជប៉ុន ដើម្បី​កុំ​ឲ្យ​ជប៉ុន​បែងចែក​ជា​ពីរ​ដូច​ប្រទេស​កូរ៉េ (​កូរ៉េ​ខាងជើង និង​កូរ៉េ​ខាងត្បូង​) ។

​លោក​ប្រធាន​បណ្ឌិតសភា​បាន​លើក​ឡើង​ទៀត​ថា ការ​ទម្លាក់​សម្តេច​នរោត្តម សីហ​នុ​បាន​នាំ​មក​អ្វីខ្លះ? ក្នុង​ពេល​នោះ​សម្តេច​នរោត្តម សីហ​នុ ត្រូវ​បាន​ឃុំឃាំង​។ លោក​ថា​ មិន​ចាំបាច់​យក​ឯកសារ​បរទេស​មក​ប្រៀបធៀប​នោះ​ទេ ​គឺ​លោក​បាន​រក​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ស្រាប់ វា​មហា​សែន​មហា​វេទនាណាស់​។ នៅ​ក្នុង​របប​ខ្មែរក្រហម​អា​មេ​រិ​ក​ និង​ចិន​បាន​គាំទ្រ​ខ្មែរក្រហម ហើយ​កៅអី​ខ្មែរក្រហម​នៅ​អង្គការសហប្រជាជាតិ នៅ​តែ​មាន​មហា​អំណាច​ទាំងនោះ​គាំទ្រ បើ​ទោះបី​ដឹង​ថា ​ខ្មែរក្រហម​សម្លាប់​មនុស្ស​ក៍ដោយ​។

​លោក ​សុខ ទូច បន្ត​ថា មហាអំណាច​មិន​គិត​ពី​ប្រទេស​តូចតាច ក្រៅ​តែ​ពី​ប្រយោជន៍​របស់​មហាអំណាច​ខ្លួន​គេ​ទេ​។ លោក​ថា​ អា​មេ​រិ​ក​មិន​ដែល​រំលាយ​អា​មេ​រិ​ក​ ដើម្បី​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ទេ ។ លោក​បន្ថែម​ថា​ អ្នកខ្លះ​គេ​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន ផ្តាច់​ការ ហើយ​កម្ពុជា​ប្រជាធិបតេយ្យ​ដើរ​ថយក្រោយ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​ ព្រោះ​​​កម្ពុជា​មិនមែន​ដឹកនាំ​ដោយ​បក្ស​មួយ​ដូច​នៅ​ប្រទេស​វៀតណាម និង​ឡាវ​នោះ​ទេ ។

​លោក​ប្រធាន​បណ្ឌិតសភា​កម្ពុជា​បាន​លើក​ឡើង​ថា ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បារាំង​ដាក់​អាណានិគម​នៅ​ប្រទេស​​កម្ពុជា ទើប​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​អាច​ជៀស​ផុត​ពី​ការ​បែង​ចែក​​ប្រទេស​ទៅ​ជា​ពីរ ។ លោក​ថា ប្រសិនបើ​មិន​មានបារាំង​មក​ដាក់​អាណានិគម​ទេ ម៉្លេះ កម្ពុជា​ចែក​ជា​ពីរ​មិន​ខាន ។ លោក​បន្ត​ទៀត​ថា អា​មេ​រិ​ក​ចាប់ដៃ​ជាមួយ​​​វៀត​ណាម​ និង​អឺរ៉ុប​សម្រាប់​ទប់ទល់ ​និង​ប្រទេស​ចិន ហើយ​នេះ​ជា​ប្រយោជន៍​របស់​អា​មេ​រិ​ក​តែ​មួយ​។

​លោក​បណ្ឌិត​សភាចា​រ្យ​ សុខ ទូច ​បាន​លើក​ឡើង​ថា ​ប្រទេស​ចិន​បានដឹង​កំហុស​ដែល​បាន​​ធ្វើ​មក​លើ​កម្ពុជា ពេល​នេះ​ចិន​បាន​សង​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​នូវ​ជំនួយ​ឥត​សំណង ។ ចំពោះ​ជប៉ុន​បាន​ប្រព្រឹត្ត​ខុស​ចំពោះ​កម្ពុជា​ដែល​ពេល​នោះ​ជប៉ុន​ថា​ សង​មក​កម្ពុជា​វិញ​ តែកម្ពុជា​មិន​ទទួល​ទេ​ ព្រោះ​ពេល​នោះ​ជប៉ុន​វេទនាណាស់​។ លោក​បាន​លើក​ឡើង​ថា បើ​ទោះបីជា​ជប៉ុន​ជា​ដៃស្តាំ​របស់​អា​មេ​រិ​ក​នៅ​អាស៊ី​តែ​បញ្ហា​កម្ពុជា គឺ​ជប៉ុន​រក្សា​ជំហរ​នៅ​​​កណ្តាល​។​

​លោក សុខ ទូច បន្ត​ថា​៖ «​ហាំ​ប៊ី​ហ្គើ​ឆ្ងាញ់​នៅ​អា​មេ​រិ​ក តែ​ប្រហុក​ឆ្ងាញ់​នៅ​កម្ពុជា​»​។ លោក​​បណ្ឌិត​សភាចា​រ្យ​បាន​លើក​ឡើង​ថា «​គ្មាន​បរទេស​ណា​ស្រឡាញ់​កម្ពុជា ដូច​ពលរ​ដ្ឋ​កម្ពុជា​នោះ​ទេ​»​។ លោក​បាន​បញ្ជាក់​ថា​ ពលរដ្ឋ​​កម្ពុជា​ត្រូវ​រៀនសូត្រ​ឲ្យ​បាន​ច្រើន កុំ​ចេះ​តែ​​ជឿ​តាម​អ្នកនយោបាយ​ខ្លះ ចេះ​តែ​បកស្រាយ​ខុស ហើយ​នៅ​ពេល​មាន​បញ្ហា​នាំ​គ្នា​រត់​ចោល​ប្រទេស​ជាតិ​ទៅ​បរទេស ៕

កែសម្រួលដោយ