ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដាប់​សម្ដី​ប៉ុន្មាន​ម៉ាត់​របស់ សៅ វ​ណ្ណា អ្នកគាំទ្រ​ចង់​ស្រក់​ទឹកភ្នែក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ឡើង​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥​ទាំងអស់ ចាប់តាំងពី​ស្ថាប័ន​មួយ​នេះ​បើក​ប្រកួត​ជ្រើសរើស​ជើងឯក​ពី​៣២​នាក់​មក​សល់​ត្រឹម​៤​នាក់​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ គេ​បាន​ចាត់​ទុក​ថា មាន​តែ​កីឡាករ សៅ វ​ណ្ណា ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​បេក្ខជន​ដែល​បាន​ឡើង​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥​ទាំងអស់ ចាប់តាំងពី​ស្ថាប័ន​មួយ​នេះ​បើក​ប្រកួត​ជ្រើសរើស​ជើងឯក​ពី​៣២​នាក់​មក​សល់​ត្រឹម​៤​នាក់​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ គេ​បាន​ចាត់​ទុក​ថា មាន​តែ​កីឡាករ សៅ វ​ណ្ណា ប៉ុណ្ណោះ ដែល​បាន​ឈ្នះ​ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ ហើយ​លោក​បាន​បង្ហាញ​ពី​ស្ថានភាព​ពិត​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្ដាប់​ហើយ​ចង់​ស្រក់​ទឹកភ្នែក​ព្រោះតែ​ការ​ប្រឹងប្រែង​របស់​លោក ។

ក្រៅពី​អះអាង​ជា​កីឡាករ​ក្រីក្រ​មាន​លទ្ធភាព​ជួល​ផ្ទះ​រស់នៅ​ភ្នំពេញ​ត្រឹមតែ​មួយ​ខែ​១០​ម៉ឺន​រៀល លោក​ក៏​បាន​ប្រកាស​ថា ថ្ងៃ​ដែល​លោក​ឡើង​ប្រកួត​ជម្រុះ​៨​នាក់​យក​៤​នាក់​នោះ គឺជា​ថ្ងៃ​ដែល​កូនប្រុស​ដំបូង​របស់​លោក​ទើបនឹង​ប្រ​សូត្រ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ទើប​លោក​និយាយ​បណ្ដើរ​ចង់​ស្រក់​ទឹកភ្នែក​បណ្ដើរ បន្ទាប់​ពី​លោក​បាន​ឈ្នះ​ការ​ប្រកួត​ឡើង​ទៅ​កាន់​វគ្គ​១​ភាគ​៤​ក្នុង​ពេល​ដែល​លោក​បាន​សារភាព​ថា​លោក​បាន​ហ្វឹកហាត់​តែ​២​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ឡើង​ប្រកួត ។

អ្នក​ទៅ​ទស្សនា​ច្រើន​នាក់​ដែល​បាន​ស្ដាប់​សម្ដី​របស់​កីឡាករ សៅ វ​ណ្ណា ក្រោយ​ត្រូវ​បាន​ប្រកាស​ថា​ឈ្នះ​ការ​ប្រកួត​លើ​កីឡាករ  ពុ​យ វណ្ណៈ ក្នុង​វគ្គ​ជម្រុះ​៨​នាក់​យក​៤​នាក់ សុទ្ធ
តែ​បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល និង​អាណិត​អាសូរ​ដល់​កីឡាករ​រូប​នេះ ដោយសារ​តែ​លោក​បាន​បង្ហាញ​ពី​ស្ថានភាព​ពិត​ដែល​លោក​បាន​ជួប​ប្រទះ ក្នុង​ពេល​ដែល​លោក​ប្រកាស​​ថា​ មិន​សម​ឈ្នះ​នោះ​ទេ ក្នុង​ពេល​ដែល​លោក​មិន​មាន​ពេល​ហ្វឹកហាត់​ត្រៀម​ខ្លួន​ជាប់លាប់ ។

លោក​ថា ក្នុង​ចំណោម​ការ​ប្រកួត​ដែល​លោក​បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ជម្រុះ​​ជើងឯក​ចាញ់​ធ្លាក់​ៗ​នៅ​ប៉ុស្ដិ៍​លេខ​៥ គឺ​មាន​តែ​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ក្នុង​វគ្គ​ជម្រុះ​៨​នាក់​យក​៤​នាក់​នោះ​ប៉ុណ្ណោះ ដែល​លោក​បាន​ហ្វឹកហាត់​តែ​២​ថ្ងៃ​គត់​មុន​ពេល​ឡើង​រេញ ។ លោក​ថា ហេតុផល​ដែល​លោក​អត់​បាន​ហ្វឹកហាត់​ដិត​ដល់ គឺ​ដោយសារ​តែ​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ លោក​មានការ​រវល់​យ៉ាង​ខ្លាំង​ដោយសារ​តែ​ភរិយា​របស់​លោក​ទើបតែ​ឆ្លងទន្លេ​កូនប្រុស និង​កំពុង​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ លោក​ថា ដោយសារ​ភរិយា​មានធុរៈ​ប្រ​សូត្រ​កូនប្រុស​ដំបូង គឺ​លោក​អត់​មាន​ពេលវេលា និង​កម្លាំងចិត្ត​ក្នុង​ការ​ហ្វឹកហាត់​នោះ​ទេ ដោយ​ត្រូវ​រត់​ចុះ​រត់ឡើង​ទៅ​ពេទ្យ​កាល់​ម៉ែ​ត​ផង និងរ​ត់ទៅ​ហ្វឹកហាត់​ផង ហើយ​ព្រលឹង និង​បេះដូង​ក៏​មិនសូវ​មាន​ស៊ប់​នឹង​ការ​ហ្វឹកហាត់​ដូច​មុន ។

ទោះបី​យ៉ាងណា លោក​មាន​ឆន្ទៈ​ចង់​ឈ្នះ​ការ​ប្រកួត ដោយសារ​តែ​លោក​ត្រូវការ​ឱកាស​ឡើង​ប្រកួត​បន្ត​នៅ​ប៉ុស្ដិ៍​លេខ​៥ បន្ទាប់​ពី​លោក​ក៏​មានឈ្មោះ​បាន​ប្រកួត​ជម្រុះ​តាំងពី​ដំណាក់​កាល​៣២​នាក់​យក​១៦​នាក់ យក​៨​នាក់ និង​យក​៤​នាក់ ដែល​ជា​វគ្គ​សំខាន់​ឆ្ពោះ​ទៅ​ដណ្ដើម​ពាន​កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ដែល​ជា​ថ្ងៃ​កូនប្រុស​របស់​លោក​ទើបនឹង​សម្រាល ហើយ​ភរិយា​របស់​លោក​ស្ថិត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។ លោក​ថា មុន​ពេល​ឡើង​រេញ​លោក​បាន​និយាយ​ជាមួយ​កូនប្រុស​លោក​ថា បើ​កូនប្រុស​ពិតជា​ចង់ឱ្យ​ប៉ា​មាន​លុយ​យក​មក​មើលថែ​កូន និង​ចង់​ឱ្យ​ប៉ា​មានឱកាស​បាន​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥​បន្ត​ទៀត សូម​កូន​ជួយ​ឱ្យ​ប៉ា​ឈ្នះ​គូប្រកួត ព្រោះ​ប៉ា​អត់​បាន​ហ្វឹកហាត់​ទេ ។ ការ​ប្រកាស​របស់​លោក​ត្រូវ​បាន​អ្នក​ទស្សនា​ស្រែក និង​ទះដៃ​លាន់​ពេញ​សាល​ប្រដាល់​ប៉ុស្ដិ៍​លេខ​៥ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា សម្ដី​ប៉ុន្មាន​ម៉ាត់​របស់​លោក សៅ វ​ណ្ណា ក្រោយ​ទទួល​បាន​ជ័យជម្នះ សូ​ម្បី​តែ​លោក​ក៏​មានការ​អាណិត​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​គេ​និយាយ​ពី​រឿងរ៉ាវ​របស់​ខ្លួន​ឱ្យ​ដឹង​ជា​សាធារណៈ ។ លោក​ថា កម្រ​មាន​ណាស់​ដែល​កីឡាករ​មួយ​រូប​មាន​ឆន្ទៈ​ឡើង​ប្រកួត​បាន​ជោគជ័យ ក្នុង​ពេល​ដែល​គេ​ស្ថិត​ក្នុង​ស្ថានភាព​ប្រពន្ធ​ត្រូវ​កើតកូន​ផង រត់​ទៅ​មើល​ប្រពន្ធ​ផង និង​ឆ្លៀតពេល​មក​ប្រកួត​ផង​ដើម្បី​យក​លុយ ។

លោក​ថា អ្នកខ្លះ​សម្រេចចិត្ត​បោះបង់​ការ​ប្រកួត​បាត់​ហើយ ហើយ​បើ​ទោះជា​បាន​បង្ហាញខ្លួន​ក៏​ប្រកួត​ដើម្បី​ឱ្យ​តែ​បាន​លុយ​តម្លៃ​ខ្លួន​មួយ​ពេល​នោះ​ប៉ុណ្ណោះ ដោយ​មិន​អាច​ប្រឹងប្រែង​ប្រកួត​ទាល់តែ​បាន​ឈ្នះ ហើយ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ជក់ចិត្ត​នឹង​ថ្វីដៃ​របស់​គេ​ដល់​ម្លឹ​ង​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​នៅ​ពេល​ភរិយា ឬ​គ្រួសារ​ត្រូវការ​ការ​មើលថែ គឺ​កីឡាករ​មិន​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់​វាយ​អស់ពី​សមត្ថភាព​ទេ ដើម្បី​កុំឱ្យ​គ្រោះថ្នាក់ ហើយ​ប៉ះពាល់​សុខភាព​មិន​អាច​មើលថែ​ប្រពន្ធ​កូន​បាន ។

លោក​ចាត់​ទុក​ការ​ប្រឹងប្រែង​របស់​សៅ វ​ណ្ណា គឺជា​រឿង​កម្រ​មួយ​របស់​កីឡាករ ជា​ពិសេស​​នៅ​ពេល​ដែល​លោក​បានឮ​គេ​ប្រកាស​ថា បើ​ទោះជា​គេ​មានឱកាស​ហ្វឹកហាត់​បាន​តែ​២​ថ្ងៃ តែ​គេ​ត្រូវ​តែ​ឈ្នះ​ដើម្បី​បន្ត​ឱកាស​បាន​ប្រកួត​នៅ​ប៉ុស្ដិ៍​លេខ​៥​បន្ត​ទៀត ជា​ពិសេស​គឺ​បាន​ទៅ​ប្រកួត​យក​ប្រាក់​លាន​នៅ​វគ្គ​៤​នាក់​ចុង​ក្រោយ ដែល​ជា​វគ្គ​ដ៏​សំខាន់ និង​មាន​កិត្តិយស​នោះ ។

កីឡាករ សៅ វ​ណ្ណា បាន​បន្ត​ទៀត​ថា ជ័យជម្នះ​ដែល​ខ្លួន​ទទួល​បាន​មិនមែន​កើតឡើង​ដោយសារ​តែ​ការ​ប្រឹងប្រែង និង​ប្រថុយ​យក​ជីវិត​ទៅ​ប្ដូរ​តែ​ម្យ៉ាង​នោះ​ទេ គឺ​ដោយសារ​តែ​កម្លាំងចិត្ត​ប្រពន្ធ និង​កូនប្រុស ដោយសារ​តែ​លោក​ស្ថិត​ក្នុង​តម្រូវការ​លុយ​ច្រើន​នៅ​ក្នុង​ពេល​នេះ ដើម្បី​មើលថែ​ប្រពន្ធ​-​កូន ។ លោក​ថា បើ​លោក​ប្រកួត​ចាញ់ គឺ​ស្មើនឹង​បាត់បង់​ឱកាស​ឡើង​ប្រកួត​យក​ពាន ហើយ​ឱ្យ​តែ​លោក​បាន​ឡើង​គឺ​ទោះជា​ការ​ប្រកួត​ក្នុង​ពេល​ខាង​មុខ​ទទួល​បាន​លទ្ធផល​យ៉ាងណា​ក៏​ដោយ ក៏​អត់​ភ័យ​រឿង​ធ្លាក់​ហាលអាវ​ដូច​មុន​ទៀត​ដែរ គឺ​អន់​ណាស់​ក៏​បាន​លេខ​៤​ក្នុង​ចំណោម​៤​នាក់ ដែល​មាន​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ពីលើ​តម្លៃ​ខ្លួន ដែល​លោក​បាន​ហៅ​ឱកាស​ទទួល​បាន​ប្រាក់​កាស​នោះ​ថា នឹង​ជួយ​ឱ្យ​លោក​បាន​បំពេញតម្រូវការ ។

លោ​កថា​សប្បាយចិត្ត​ដែល​បាន​ប្រកួត​ឈ្នះ ហើយ​បាន​ឡើង​ទៅ​វគ្គ​៤​នាក់​ចុង​ក្រោយ ប៉ុន្តែ​បើ​គ្មាន​កម្លាំង​រឿង​ចង់បាន​លុយ​ជួយ​កូន និង​ភរិយា ដែល​ស្ថិត​នៅ​ពេទ្យ​សម្រាល​កូន គឺ​ប្រហែលជា​លោក​មិន​អាច​យកឈ្នះ​លើ​ពុ​យ វណ្ណៈ បាន​ទេ ។

លោក​បាន​ប្រកាស​ដាក់​ក្បាល​មេក្រូ​ថា ការ​រស់នៅ​ភ្នំពេញ លោក​មាន​លទ្ធភាព​ជួល​ផ្ទះ​រស់នៅ​ត្រឹមតែ​តម្លៃ​មួយ​ខែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយ​ស្ថានភាព​រស់នៅ​របស់​លោក​គឺ​មានការ​លំបាក​ខ្លាំង ទើប​លោក​ប្រកាស​ថា​ប្រកួត​ឈ្នះ​ហើយ​ឈាន​ទៅ​វគ្គ​១​ភាគ​៤​កាលពី​យប់​ថ្ងៃ​ទី​១៦​ធ្នូ គឺជា​ឱកាស​ដែល​ជួយ​ឱ្យ​លោក​បាន​លុយ​បន្ត​ទៀត​ពី​ប៉ុស្ដិ៍​លេខ​៥ ក្នុង​ពេល​ដែល​លោក​ប្រកាស​ថា បើ​ធ្លាក់​ការ​ប្រកួត​ក្នុង​វគ្គ​៤​នាក់​នា​ថ្ងៃ​នោះ​វិញ គឺ​មិនដឹង​ថា​រហូត​ដល់​ពេល​ណា​ទើប​មានការ​ផ្គូផ្គង​ឱ្យ​បាន​ប្រកួត​នោះ​ទេ ដោយសារ​តែ​លោក​គឺជា​កីឡាករ​ជាប់​កុងត្រា​ប្រកួត​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ ដែល​ហោច​ណាស់​ក៏​ឈាន​ដល់​១​ខែ​ទៅ​២​ខែ​ក្រោយ ទើប​មានការ​ប្រកួត​នោះ ។

លោក​ចាត់​ទុក​ជ័យជម្នះ​របស់​ខ្លួន កើតឡើង​ដោយសារ​តែ​កូនប្រុស​ទើបនឹង​កើត ដោយ​លោក​បញ្ជាក់​ថា បើ​មិនមែន​កម្លាំងចិត្ត​ជំរុញ​ឱ្យ​លោក​ចង់​ឈ្នះ​ឱ្យ​បាន​ដាច់ខាត ក៏​ប្រហែល​ជា​លោក​មិន​អាច​ប្រឹង​ប្រកួត​រហូត​បាន​ជោគជ័យ ក្នុង​ពេល​ដែល​លោក​ហ្វឹក​ហាត់​បាន​តែ​២​ថ្ងៃ​មិន​ជាប់លាប់​មុន​ឡើង​រេញ​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ