ខេត្តបន្ទាយមានជ័យ ៖ កសិករដាំដំណាំត្រប់នៅខេត្តបន្ទាយមានជ័យបានត្អូញត្អែរពីផលវិបាកមួយចំនួន ដែលធ្វើឱ្យការប្រមូលផលដំណាំត្រប់សម្រាប់ផ្គត់ផ្គង់ទីផ្សារមានការធ្លាក់ចុះជាទម្ងន់ ដោយសារការយាយីពីសត្វល្អិត ។
លោក សាម សុវ៉ាន់ ម្ចាស់ចម្ការត្រប់មួយកន្លែងនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានត្អូញត្អែរពីផលដំណាំត្រប់របស់លោក ដែលកំពុងប្រមូលផលថា ទិន្នផលបានធ្លាក់ចុះយ៉ាងគំហុកក្នុងឆ្នាំនេះ ។
កសិកររូបនេះបានអះអាងថា ការប្រមូលផលផ្លែត្រប់ម្តងៗបានត្រឹមតែ៣០០គីឡូក្រាមប៉ុណ្ណោះ គឺធ្លាក់ចុះច្រើនបើធៀបនឹងពេលមុនៗ ដោយសារបច្ចុប្បន្ន មានសត្វល្អិតយ៉ាងច្រើនបាននិងកំពុងយីយាដល់ផលដំណាំរបស់លោក ទើបបណ្តាលឱ្យវាគ្មានផ្លែច្រើនបែបនេះ ។
លោកថា ៖« អ្វីដែលកាន់តែអាក្រក់នោះ គឺត្រប់ភាគច្រើនខូចដោយសារសត្វល្អិតចូលស៊ីលម្អងផ្កា ប៉ុន្តែពេលនេះ ខ្ញុំកំពុងថែបំប៉នដាក់ជី និងបាញ់ថ្នាំ ស្តារឡើងវិញក្រែងបានទទួលផលខ្លះ » ។
លោក សាម សុវ៉ាន់ បានចាប់យករបរដាំត្រប់នេះអស់រយៈពេល៣ឆ្នាំហើយ នៅលើផ្ទៃដីទំហំ៣.២០០ម៉ែត្រ ។ ការដាំដំណាំត្រប់នេះមានទាំងត្រប់វែង និងត្រប់ស្រួយ ហើយលោកមិនដែលជួបបញ្ហាទេ តែងតែទទួលបានផលល្អ ប៉ុន្តែទើបតែឆ្នាំនេះមានបញ្ហាសត្វល្អិតស៊ីលម្អងផ្កា ។
ម្ចាស់ចម្ការរូបនេះបន្ថែមថា ការធ្វើស្រែ និងដាំដំណាំមិនសូវខុសគ្នាទេ បើស្រូវលក់បានថ្លៃ គឺធ្វើបានតែម្តង ហើយបើស្រូវប្រាំងវិញ ដែលគេមានដី និងប្រភពទឹក គឺអាចធ្វើបានរហូតដល់ទៅ៣ដង ។ ចំណែកដំណាំបន្លែវិញ យើងធ្វើបានគ្រប់រដូវ ផុតពីដំណាំមួយចូលដំណាំមួយទៀត ។
បញ្ហាមានសត្វល្អិតបំផ្លាញដំណាំត្រប់នេះ កើតមានសឹងតែគ្រប់ចម្ការ ប៉ុន្តែមូលហេតុពិតប្រាកដ គ្មានម្ចាស់ចម្ការណាម្នាក់អាចដឹងពីការកកើតសត្វល្អិតនេះទេ ។
នៅថ្ងៃទី១៤ ធ្នូ កន្លងមក លោក សាម សុវ៉ាន់ បានអំពាវនាវដល់មន្ត្រីជំនាញកសិកម្មក្រុងឬខេត្ត សូមជួយផ្តល់មតិយោបល់គួរប្រើប្រាស់ថ្នាំបាញ់សត្វល្អិតប្រភេទណា ដែលអាចកម្ចាត់សត្វល្អិតកុំឱ្យចូលស៊ីលម្អងផ្កា ធ្វើឱ្យត្រប់មិនងាយចេញផ្លែ ព្រោះបណ្តាឆ្នាំមុនៗ ដំណាំរបស់លោកទទួលបានទិន្នផលខ្ពស់ណាស់ ៕
ចែករំលែកព័តមាននេះ