ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រិត​នៃ​វិសមភាព​សេដ្ឋកិច្ច​ពិភពលោក​បាន​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ

6 ឆ្នាំ មុន

ទីក្រុង​មុម​បៃ ៖ កម្រិត​នៃ​វិសមភាព​សេដ្ឋកិច្ច​របស់​ពិភពលោក​បាន​កើនឡើង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ និង​ត្រូវ​បាន​កត់ត្រា​ដោយ​សេដ្ឋវិទូ​ល្បី​ៗ​រួម​មាន លោក Thomas Priketty, Francois Bourguignon, Branko…

ទីក្រុង​មុម​បៃ ៖ កម្រិត​នៃ​វិសមភាព​សេដ្ឋកិច្ច​របស់​ពិភពលោក​បាន​កើនឡើង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ និង​ត្រូវ​បាន​កត់ត្រា​ដោយ​សេដ្ឋវិទូ​ល្បី​ៗ​រួម​មាន លោក Thomas Priketty, Francois Bourguignon, Branko Milanovic និង Joseph E. Stiglitz រួម​នឹង​វិទ្យាស្ថាន​ធំ​ៗ​ដូច​ជា OXFAM និង​ធនាគារពិភពលោក (World Bank) ជាដើម ។

លើស​ពី​នេះ​ទៀត វា​កើត​មាន​ឡើង​យ៉ាង​ច្បាស់​ក្នុង​ទីក្រុង​ញូ​វ​យ៉​ក​, ញូ​វ​ដែ​លី​, ប៉េ​កាំ​ង​, និង​បែរ​ឡាំង ។

អ្នក​អភិរក្សនិយម​ប្រាកដជា​គិត​ថា វិសមភាព​គឺ​ជៀស​មិន​ផុត​ទេ ព្រោះ​ទ្រព្យសម្បត្តិ​ប្រៀប​​បានជា​រង្វាន់​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​របស់​មនុស្ស ខណៈ​ដែល​ភាព​ក្រីក្រ គឺជា​ការ​ដាក់​ទណ្ឌកម្ម​សម្រាប់​ភាព​ខ្ជិលច្រអូស ។ ប៉ុន្តែ​វា​មិន​ពិត​ឡើយ ព្រោះ​អ្នក​ក្រីក្រ​ភាគ​ច្រើន​ត្រូវ​ខិតខំ​យ៉ាង​ខ្លាំងក្លា ហើយ​ភាគច្រើន​ក្នុង​ស្ថានការណ៍​ដ៏​លំបាក​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​សម្រាប់​ចិញ្ចឹមជីវិត ។

លើស​ពី​នេះ​ទៀត អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ក៏​មិន​ប្រាកដ​ថា តែងតែ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ដែរ ។ ពេល​ខ្លះ គឺ​មក​ពី​ប្រវត្តិ​គ្រួសារ ឬ​ការ​រស់នៅ​របស់​ពួក​គេ​ផ្តល់​ឱកាស​ដល់​ពួក​គេ​ច្រើន​ជាង​អ្នក​ក្រីក្រ ។

យ៉ាងណា​ក្តី វិសមភាព​អាច​ត្រូវ​បាន​មើល​មក​ក្នុង​ន័យ​ខុស​គ្នា ដោយ​មនុស្ស​មួយ​ចំនួន​អាច​នឹង​មើលទៅ​លើ​វិសមភាព​រវាង​ទ្រព្យសម្បត្តិ ហើយ​វិសមភាព​ក៏​អាច​ជំរុញ​មនុស្ស​ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ធ្វើការ និង​បង្កើន​កាន់តែ​ខ្លាំង​ឡើង​ដែរ ដែល​អាច​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។

ប៉ុន្តែ​យើង​ត្រូវ​ទទួលស្គាល់​ថា វិសមភាព​អាច​ធ្ងន់ធ្ងរ​រហូត​ដល់​បង្ក​ជា​ផល​ប៉ះពាល់​ផ្សេងៗ​។ មនុស្ស​ជា​ច្រើន រួម​ទាំង​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​ពិភពលោក ក៏​ទទួលស្គាល់​ថា វិសមភាព​ជា​បញ្ហា​មិន​អាច​ទទួលយក​បាន​មួយ ។ យ៉ាងណា​ក៏​ដោយ ប្រសិនបើ​អ្នកមាន​ទ្រព្យសម្បត្តិ​និយាយ​ពី​វា ពួក​គេ​តែងតែ​ត្រូវ​បាន​លាប​ពណ៌​ថា និយាយ​បាតដៃ​ខ្នងដៃ ព្រោះ​មនុស្ស​គិត​ថា ការ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ចិត្ត​ស្មោះ ត្រូវការ​ឲ្យ​អ្នកមាន​ទ្រព្យសម្បត្តិ​លះបង់​ទ្រព្យ​របស់​ខ្លួន ។

យ៉ាងណា​ក្តី ជាក់ស្តែង អ្នកមាន​ទ្រព្យសម្បត្តិ​ជា​ច្រើន​ទទួលស្គាល់​ពី​ផល​ប៉ះពាល់​នៃ​វិសមភាព ហើយ​រិះគន់​ដល់​ប្រព័ន្ធ​ដែល​មិន​ផ្តល់​ឱកាស​ស្មើគ្នា​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ផង​ដែរ ។ ឧទាហរណ៍ ជនជាតិ​អា​មេ​រិ​ក​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​មួយ​ចំនួន​ប្រឆាំង​នឹង​ច្បាប់​រដ្ឋាករ ដែល​កំពុង​តែ​ត្រូវ​បាន​ជំរុញ​ដោយ​គណបក្ស​សាធារណរដ្ឋ និង​រដ្ឋា​ភិបាល​លោក​ត្រាំ ដែល​នឹង​កាត់​ពន្ធ​សម្រាប់​អ្នកមាន​ប្រាក់​ចំណូល​ខ្ពស់ ។

ការ​ទទួលស្គាល់​កំហុសឆ្គង​ក្នុង​ប្រព័ន្ធ​នា​ពេល​បច្ចុប្បន្ន គឺ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម​ដំបូង​ទេ​។ បញ្ហា​ធំ​ជាង​នេះ គឺ​ការ​បង្កើត​សង្គម​មួយ​ដែល​មាន​សមភាព ។ ក្នុង​ករណី​នេះ ការ​ផ្តោត​គំនិត​សំខាន់​គួរតែ​ស្ថិត​នៅ​លើ​ការ​ចែករំលែក​ប្រាក់​ចំណូល ដោយ​មិន​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច ។

ដំណាក់កាល​ដំបូង គឺ​ការ​ផ្តល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​មួយ​ចំណែក​នៃ​សេដ្ឋកិច្ច ។ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ពេល​បច្ចុប្បន្ន ព្រោះតែ​ប្រាក់បៀវត្សរ៍​ធ្លាក់​ចុះ ខណៈ​ដែល​តម្លៃ​ជួល​ផ្ទះ​កើនឡើង ។

មូលហេតុ​មួយ​ដែល​បង្ក​ឲ្យ​ការ​ចែករំលែក​ប្រាក់​ចំណូល​នេះ​មិន​ទទួល​បានការ​ចាប់​អារម្មណ៍​ច្រើន គឺ​ទាក់ទិន​នឹង​ឯកា​ទិ​ភាព និង​ការ​ប្រកួតប្រជែង ។ សហគ្រាស​ជា​ច្រើន​ប្រកួតប្រជែង​ផលិត​ផលិតផល​ដូច​គ្នា ប៉ុន្តែ​ពួក​គេ​គួរតែ​ផ្តោត​លើ​ការ​ផលិត​ផលិតផល​ណាមួយ​ឲ្យ​បាន​ច្បាស់លាស់​វិញ ។ ប៉ុន្តែ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា សហរដ្ឋអាមេរិក​បែរជា​មានច្បាប់​ហាមឃាត់​ឯកា​ទិ​ភាព​ទៅ​វិញ ហើយ​ឯកា​ទិ​ភាព​នៃ​ការ​ផលិត មិន​ប្រាកដ​ថា បង្ក​ឲ្យ​មាន​ឯកា​ទិ​ភាព​នៃ​ប្រាក់​ចំណូល​ឡើយ ឲ្យ​តែ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ដាក់​លក់ ។

ព្រោះតែ​ពិភពលោក​ជួប​ប្រទះ​នឹង​បញ្ហា​មួយ​ទៅ​បញ្ហា​មួយទៀត ពួក​យើង​គ្មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន​ទេ ហើយ​ប្រ​សិន​ពួក​យើង​មិន​ដោះ​ស្រាយ​បញ្ហា​វិសមភាព​ដោយ​ផ្ទាល់​ទេ សិនិទ្ធ​ពល​សង្គម (​ភាព​ស្និទ្ធស្នាល​) ក៏​ធ្លាក់​ក្រោម​ការ​គំរាមកំហែង​ដែរ ៕

ដកស្រង់​ចេញពី ៖ Project Syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ