ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង យឹ​ង យ​ន សម្ពោធ​អាល់​ប៊ុ​ម​ចម្រៀងលើក​ទី​១​របស់​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​យឹ​ង យ​ន ដែល​បាន​និពន្ធ និង​ច្រៀង​ទាក់ទង​សម្រស់​សហ​រដ្ឋ​អាមេរិក នឹង​សម្ពោធ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​របស់​ខ្លួន​មានឈ្មោះ​ថា «​ជាប់​ស្នេហ៍​នៅ​សហ​រដ្ឋអាមេរិក​» ។ ការ​រៀបចំ​កម្មវិធី​សម្ពោធ…

រាជធានី​ភ្នំពេញ ៖ លោក​យឹ​ង យ​ន ដែល​បាន​និពន្ធ និង​ច្រៀង​ទាក់ទង​សម្រស់​សហ​រដ្ឋ​អាមេរិក នឹង​សម្ពោធ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​របស់​ខ្លួន​មានឈ្មោះ​ថា «​ជាប់​ស្នេហ៍​នៅ​សហ​រដ្ឋអាមេរិក​» ។ ការ​រៀបចំ​កម្មវិធី​សម្ពោធ និង​ការ​ផលិត​អាល់​ប៊ុ​ម​ចម្រៀង​នេះ​ក្រោម​ការ​គាំទ្រ​ថវិកា​ពី​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។

កម្មវិធី​ប្រគំ​តន្ត្រី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៧​នា​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ CKCC ដោយ​មានការ​ចូលរួម​ពី​អគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​កម្ពុជា លោក William Heidt ។

ការ​សម្ពោធ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី (Original Song) របស់​លោក​យឹ​ង យ​ន ដែល​មានការ​គាំទ្រ​ដោយ​ក្រសួងការបរទេស​អា​មេ​រិ​ក ក្នុង​គោលបំណង​លើកកម្ពស់​ការ​តែង​និពន្ធ​បទ​ចម្រៀង​ថ្មី​សម្រាប់​បម្រើ​ទស្សនិកជន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏​ដូច​ជា​លើកទឹកចិត្ត​ផលិតករ​មិន​ឱ្យ​ចម្លង​ពី​បរទេស​ដែល​នាំ​ឱ្យ​បាត់បង់​តម្លៃ​របស់​សិល្បករ សិល្ប​ការិនី​ខ្មែរ។

អាល់​ប៊ុ​ម​បទ​ចម្រៀង​ថ្មី​នេះ​មាន​ចំនួន​១១​បទ ដោយនៅ​ក្នុង​អាល់​ប៊ុ​ម​នេះ​លោក​យឹ​ង យ​ន បាន​ច្រៀង​រៀបរាប់​អំពី​បទ​ពិសោធន៍​របស់​លោក ដែល​បាន​ទៅ​ទស្សនា​រដ្ឋ​ជា​ច្រើន​នៃ​សហរដ្ឋអាមេរិក និង​ពេលវេលា​របស់​លោក​នៅ​ក្នុង​រដ្ឋ​ហ្វ្ល​រី​ដា មី​នី​សូ​តា ញូ​វ​យ៉​ក ជាដើម ដោយ​រំលេច​សម្រស់​របស់​សហរដ្ឋអាមេរិក ធម្មជាតិ និង​បរិស្ថាន​នៅ​ទីនោះ ។

ក្រៅពី​នេះ​មាន​អ្នកចម្រៀង​ស្រី​បី​នាក់ បាន​ចូលរួម​ច្រៀង​ស្នាដៃ​តែង​និពន្ធ​របស់​លោក​យឹង យ​ន គឺ​អ៊ុ​ន ស្រី​លី​ស ,​គ្រីប ល​ក្ខិ​ណា និង​ចាន់ វ​ណ្ឌី ។

បទ​ចម្រៀង​ទាំង​១១​បទ មាន​«​អនុស្សាវរីយ៍​មី​នី​សូ​តា​» «​សម្រស់​ហ្វ្ល​រី​ដា​» «​លា​ហើយ​ឈី​ខា​ហ្គោ​» «​ហ្វ្ល​រី​ដា​ចាំ​ស្នេហ៍​» «​កុលាប​ឡូ​វែ​ល​» «​សម្រស់​ក្រុង​ញូ​វ​យ៉​ក​» «​អា​រី​ស្សូ​ណា​» «​ណោ​ស​ខា​រ៉ូ​ឡាញ​ណា​» «​ខ្ញុំ​ស្រលាញ់​ក្រុង​ឡុ​ង​ប៊ិ​ច​» «​វ៉ា​ស៊ី​ង​តោន​ឌី​ស៊ី​» និង​«​ឆ្នេរសមុទ្រ​ណោ​ស​ខា​រ៉ូ​ឡាញ​ណា​» ។

បទ​ចម្រៀង​ទាំង​១១​បទ បាន​ថត​ជា​ចម្រៀង​ខារ៉ាអូខេ​រួចរាល់​ហើយ ដោយ​ចំណាយ​ថវិកា​អស់​ប្រមាណ​១​ម៉ឺន​ដុល្លារ ជា​ថវិកា​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក ។

តារាចម្រៀង​យឹ​ង យ​ន បាន​ប្រាប់​កោះសន្តិភាព​ថា មុន​នឹង​លោក​ឈាន​ទៅ​ដល់​ការ​ផលិត​​អាល់​ប៊ុ​ម​បទ​ចម្រៀង​ជា​លើក​ដំបូង ហើយ​មានការ​គាំទ្រ​ពី​អា​មេ​រិ​ក​ទៀត​នោះ បន្ទាប់​​ពី​លោក​បាន​ទៅ​ចូលរួម​កម្មវិធី​មួយ​នៅ​សហរដ្ឋ ឈ្មោះ ONE BEAT​រយៈពេល​មួយ​ខែ កាលពី​ឆ្នាំ​២០១៣ ។ ក្រោយ​លោក​ត្រឡប់​មក​វិញ លោក​ក៏​បាន​និពន្ធ​ចម្រៀង​បង្ហោះ​នៅ​លើ​យូ​ធូប ក៏​មានការ​ចាប់អារម្មណ៍​ពី​ស្ថានទូត​អា​មេ​រិ​ក ។

លោក​យឹ​ង យ​ន បញ្ជាក់​ថា ៖«​ខាង​ស្ថានទូត​គាត់​ជួយ​ចែករំលែក​(Share) ជួយ​ផុស​លើ​ផេ​ក​ស្ថានទូត ហើយ​ដល់​ពេល​ប្រធាន​ការិយាល័យ​វប្បធម៌ កាលពី​លើក​មុន​គាត់​នៅ​ស្រុក​ខ្មែរ ឃើញ អ៊ីចឹង​គាត់​ក៏​លើកទឹកចិត្ត​ខ្ញុំ​ឱ្យ​សរសេរ​ឱ្យ​គ្រប់​១០​បទ ១១​បទ​ចេញ​ជា​អាល់​ប៊ុ​ម​តែ​ម្តង​ទៅ​កុំឱ្យ​ធ្វើ​ម្តង​មួយ​អ៊ីចឹង ។ អ៊ីចឹង​ខ្ញុំ​ក៏​សរសេរ​ឱ្យ​គ្រប់​១១​បទ​» ។

សម្រាប់​អាល់​ប៊ុ​ម​ថ្មី​នេះ លោក​យឹ​ង យ​ន ឱ្យ​ដឹង​ថា ស្ថានទូត​អា​មេ​រិ​កបាន​ផលិត​២០០០​ឌី​ស ។ ក្នុង​នោះ​៥០០​ឌី​សនឹង​ចែក​ជូន​អ្នកចូលរួម​ក្នុង​ថ្ងៃ​សម្ពោធ​ដោយ​ឥត​គិតថ្លៃ និង​១៥០០​​ឌី​សទៀត ស្ថា​ត​ទូត​បើក​សិទ្ធិ​ឱ្យ​លោក​ដាក់​លក់​នៅ​លើ​ទីផ្សារ ។

តារាចម្រៀង​យឹ​ង យ​ន និយាយ​ថា «​សម្រាប់ ខ្ញុំ​ៗ​គិត​ថា វា​នឹង​មានការ​គាំទ្រ​ច្រើន ព្រោះ​អាហ្នឹង​ដែល​ខ្ញុំ​ធ្វើ ពី​មុន​ៗ មក​បងប្អូន​គាត់​ចង់បាន​ច្រើន អ្នកខ្លះ​សុំ​កូ​ពី អ្នកខ្លះ​សុំ​ទិញ តែ​ខ្ញុំ​អត់​មាន​មាន​ឌី​ស នៅ​ពេល​ដែល​ខ្ញុំ​មាន​ឌី​ស​ខ្ញុំ​គិត​ថា​គាត់​នឹង​សប្បាយចិត្ត និង​ជួយ​គាំទ្រ​ខ្ញុំ​ច្រើន​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ