ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​រឿ​ន ច័ន្ទ និង​មាស ច័ន្ទ​មាន ជួប​ជើង​ខ្លាំង​ថៃ​ដូច​គ្នា ថ្ងៃ​សុក្រ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍ MyTV នា​យប់​ថ្ងៃ​សុក្រ ទី​១៥ ធ្នូ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ចំនួន​២​រូប​គឺ​សា​រឿ​ន ច័ន្ទ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍ MyTV នា​យប់​ថ្ងៃ​សុក្រ ទី​១៥ ធ្នូ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ចំនួន​២​រូប​គឺ​សា​រឿ​ន ច័ន្ទ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​មាស ច័ន្ទ​មាន
មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​កម្មវិធី​ប្រដាល់​Ganzberg Uber Fighters​។

អ្នក​និយម​ទស្សនា​កីឡា​ប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​អាច​យកឈ្នះ​គូ​ប្រកួត​របស់​ខ្លួន​បាន​ដោយ​របៀប​ណា​ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នៅ​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​មិន​ធម្មតា​បែប​ហ្នឹង​នោះ​។

សា​រឿ​ន ច័ន្ទ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ឈ្មោះ​នូ​ប៉េ ឆ​ឆើត​ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ សា​រឿ​ន ច័ន្ទ ធ្លាប់​ប្រកួត​១០១​ដង ឈ្នះ​៧៤​ដង ចាញ់​២៤​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៨​ដង ក្នុង​ពេល​កីឡាករ​ថៃ​ជា​ដៃគូ​ធ្លាប់​ប្រកួត​៨៥​ដង ឈ្នះ​៦៧​ដង ចាញ់​១៦​ដង ស្មើ​២​ដង និង​ផ្ដូ​ល​គូប្រកួត​ឱ្យ​សន្លប់​៩​ដង ។ ទោះបី​សា​រឿ​ន ច័ន្ទ មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​មែន​ប៉ុន្តែ​មិន​ប្រាកដ​ថា​អាច​ផ្ដួល​គូ​ប្រកួត​ដែល​ជា​ជើង​ខ្លាំង​មក​ពី​ថៃ​បាន​ឬ​អត់​នោះ​ទេ ។

ចំណែក​មាស ច័ន្ទ​មាន ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ធី​ដេ​ត ឡូ​ងើ​ន ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ គូ​នេះ​សា​រឿ​ន ច័ន្ទ ធ្លាប់​ប្រកួត​១១៦​ដង ឈ្នះ​៨៦​ដង ចាញ់​២១​ដង ស្មើ​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២០​ដង ក្នុង​ពេល​កីឡាករ​ថៃ​វិញ​ធ្លាប់​ប្រកួត​៨៦​ដង ឈ្នះ​៦៩​ដង ចាញ់​១៤​ដង ស្មើ​៣​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១១​ដង ។

គូ​អន្តរជាតិ​ទាំង​២​គូ​នេះ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ ដូច្នេះ​មិន​អាច​វាយតម្លៃ​ទុក​មុន​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​បាន​ឡើយ​ទោះបី​កីឡាករ​កម្ពុជា​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​កីឡាករ​ថៃ​ក៏​ដោយ​ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​ប៉ុណ្ណោះ។

រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ ឈឿ​ត វាសនា មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ម៉ាត់ ពន្លក មក​ពី​ក្លិប​មរតក​គុន​ខ្មែរ និង​កីឡាករ លន បញ្ញា មក​ពី​សមា​គម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ