ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​ពស់​ពភ្លាក់​ចឹក បណ្ដាលឲ្យរង​របួសធ្ងន់

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ជន​រង​គ្រោះ​ឈ្មោះ អុក សំ​អន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ជី​ឱ​ក ឃុំ​រមណីយ ស្រុក​រវាង…

ខេត្តកំពង់ធំ ៖ ជន​រង​គ្រោះ​ឈ្មោះ អុក សំ​អន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ជី​ឱ​ក ឃុំ​រមណីយ ស្រុក​រវាង ខេត្តព្រះវិហារ បាន​ប្រាប់​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ​ថា កាលពី​យប់​ថ្ងៃ​កើតហេតុ​ខ​លើ​រូប​គាត់ និង​ប្អូនប្រុស​គាត់​ម្នាក់​ទៀត​ឈ្មោះ ហិត រស់ អាយុ​៣៧​ឆ្នាំ បាន​ដើរ​តាម​ផ្លូវ​នៅ​ខាង​មុខ​ផ្ទះ ខណៈ​កំពុង​តែ​ដើរ​តាម​ផ្លូវ​ក៏​ត្រូវ​បាន​ពស់​ពភ្លាក់​ដំរី​ចឹក​ចំ​កែងជើង​ខាងស្តាំ​របស់​គាត់ ធ្វើ​ឲ្យ​រូប​គាត់​ភ្ញាក់​ព្រើត​រួច​ក៏​រលាស់ជើង​របូត​ពស់​ចេញ​ទៅ ហើយ​ពស់​ដដែល​នេះ​ក៏​បាន​ទៅ​ខាំ​ជើង​ប្អូនប្រុស​គាត់​ទៀត តែ​វា​ដឹងខ្លួន​ទាន់ ខាំ​ភ្លាម​ក៏​រលាស់ជើង​របូត​ពស់​ភ្លាម ហើយ​ក៏​មិន​ធ្វើ​ឲ្យ​វា​មាន​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​។ ចំណែក​រូប​គាត់​បន្ទាប់​ពី​ត្រូវ​ពស់​ខាំ​មក​មានការ​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង និង​មាន​ចេញ​ឈាម​តាម​រោម តាម​ធ្មេញ តាម​មាត់​ហូរ​ជោគ​ខ្លួន ត្រូវ​បាន​សាច់ញាតិ​នាំ​ទៅ​រក​គ្រូខ្មែរ​មើល​ទាំង​យប់ ដោយសារ​តែ​អាកា​រៈ​មិន​មាន​អន់​ថយ ឈាម​នៅ​តែ​ហូរ​មិន​ឈប់ រំលង​១​ថ្ងៃ​ក៏​ត្រូវ​បាន​ប្រពន្ធ​កូន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ធំ ពីព្រោះ​តែ​ពី​ផ្ទះ​គាត់​មក​ពេទ្យ​កំពង់ធំ​មាន​ចម្ងាយ​ជិត​ជាង​ទៅ​ពេទ្យ​នៅ​ឯ​ខេត្តព្រះវិហារ ហើយ​អាកា​រៈ​ជំងឺ​របស់​លោក​ក៏​បាន​ធូរ​បន្តិច បន្ទាប់​ពី​មានការ​ជួយ​សង្គ្រោះ និង​ដាក់​ថ្នាំបន្សាប​ពិសពស់​ពី​ក្រុម​គ្រូពេទ្យ​មួយ​រយៈពេល​មកនេះ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក​វេជ្ជបណ្ឌិត នួន វិ​ជិ​ត្រ អនុប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ផ្នែក​វះកាត់ នៃ​សាល​សង្គ្រោះ​បន្ទាន់ បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ថា ចំពោះ​អាកា​រៈ​អ្នកជំងឺ​ពស់​ខាំ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ​នេះ ដោយសារ​តែ​មូលហេតុ​ថា នៅ​ពេល​ដែល​ពស់​ខាំ​ភ្លាម​ៗ​សាច់​ញាត់​មិន​បាន​នាំ​ជន​រង​គ្រោះ​មក​ឲ្យ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​នោះ​ទេ រវល់​តែ​ទៅ​រក​គ្រូខ្មែរ ទំ​រាំ​តែ​មក​ដល់​ពេទ្យ​អ្នកជំងឺ មាន​សភាព​ធ្ងន់ធ្ងរ​ទៅ​ហើយ​។ តែ​ទោះជា​យ៉ាងណា​ក្តី​ក៏​លោក​កំពុង​តែ​តាមដាន​ជំងឺ​នេះ​យ៉ាង​យកចិត្តទុកដាក់​ជា​និច្ច​។ លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​បញ្ជាក់​ថា ចំពោះ​បញ្ហា​ពិសពស់​នេះ​វា​ចែក​ចេញ​ជា​២​ប្រភេទ​ដាច់​ពី​គ្នា ហើយ​នៅ​ក្នុង​ចង្កូម​របស់​ពស់​វា​អាច​បញ្ចេញ​ពិស​ឲ្យ​ជ្រាប​ចូល​ទៅ​ក្នុង​សាច់​របស់​មនុស្ស​យើង​បាន ប្រភេទ​ទី​១.​គឺ​នៅ​ពេល​ដែល​ពស់​ចឹក​ឬ​ខាំ​ទៅ​លើ​មនុស្ស​យើង ឬ​ក៏​សត្វ​នោះ វា​ធ្វើ​ឲ្យ​ឈាម​នៅ​ក្នុង​ខ្លួន​ឡើង​រាវ រួច​ហើយ​ហូរ​ចេញ​មក​ក្រៅ​គ្រប់កន្លែង និង​ធ្វើ​ឲ្យ​បុ​ខរ​បួស​មាន​សភាព​ឈឺចាប់​ខ្លាំង​។

ជាក់ស្តែង​ដូច​ជា​ករណី​បុរស​ឈ្មោះ អុក សំ​អន ខាងលើ​នេះ​ជាដើម ប្រ​សិន​ណា​ជា​ក្រុម​គ្រួសារ​មិន​បាន​យក​អ្នកជំងឺ​មក​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ ជន​រង​គ្រោះ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន និង​ប្រភេទ​ទី​២.​នៅ​ពេល​ដែល​ជន​រង​គ្រោះ​ត្រូវ​ពស់មានពិស​ចឹក​ឬ​ខាំ​នោះ គឺ​ពិស​របស់​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃរ​ប្រសាទ​អាច​បណ្តាល​ឲ្យ​អ្នកជំងឺ​គាំងបេះដូង​ស្លាប់​បាន​ដូច​គ្នា​។ ជាមួយ​គ្នា​នេះ​ផង​ដែរ លោក​វេជ្ជបណ្ឌិត​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ថា នៅ​ពេល​ដែល​បងប្អូន​ជួប​ប្រទះ​នូវ​សត្វ​មាន​ពិស​ទិច ឬ​ក៏​ខាំ ឬ​ក៏​វា​ចឹក​ក្តី សូម​មេត្តា​បញ្ជូន​ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​ឲ្យ​បាន​លឿន​បំផុត ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​អាយុជីវិត​បាន​ទាន់​ពេលវេលា ពីព្រោះ​ពេទ្យ​ឥឡូវនេះ​វិទ្យាសាស្ត្រ​ជឿនលឿន​ណាស់ និង​មាន​សេរ៉ូម និង​ថ្នាំ​សម្រាប់​បន្សាប​ជាតិ​ពិស​បាន​យ៉ាង​ពូកែ​ស័ក្តិ​សិទ្ធ​ណាស់​។ សូមកុំ​ពន្យា​ពេល​ទៅ​រក​គ្រូខ្មែរ​ឲ្យ​សោះ អាច​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​មាន​គ្រោះថ្នាក​ដល​ជីវិត​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ